ភ្នំពេញ៖​ តារា​ចម្រៀង​ស្រី​​សំឡេង​ស្រាល​ស្រទន់​ អតីត​ជា​ម្ចាស់​ជយលាភី Rock Star នៅ​​​ទូរទស្សន៍ ​CTN ឆ្នាំ ​២០០៥​ និង​​​​អតីត​ជា​តារា​ចម្រៀង​​ទ្រនំ​ចាស់​​ហង្សមាស​​ កញ្ញា ឈិត សុវណ្ណ​បញ្ញា​ ទោះបី​ជា​​​ដូរ​មក​ទ្រនំ​ថ្មី​ថោន មាន​រយៈ​ពេល​ ​៣ ​ឆ្នាំ​ ក្តី ក៏​សង្កេត​ឃើញ​ថា ទីផ្សារ​ដើរ​លើ​វិថី​សិល្បៈ​ចម្រៀង​របស់​នាង​ហាក់​នៅ​តែ​ទ្រឹង ​ឬ​​ស្ងាត់​ជ្រងំ​ដដែល​។​

មើល​ទៅ​ក្តី​រំពឹង​ថា នឹង​​លេច​ធ្លោ​​ពេល​ដូរ​មក​កាន់​ទ្រនំ​ថ្មី​របស់​តារា​ចម្រៀង​ស្រី​សាច់​សខ្ចី​​កញ្ញា​​ ឈិត សុវណ្ណ​បញ្ញា នៅ​​ទ្រឹង​តែ​ម្តង ​ដែល​ធ្វើ​​ឲ្យ​នាង​មិន​អាច​ប្រជែង​ជាមួយ​កញ្ញា មាស​ សុខសោភា ទើប​តែ​បាន​ប្រកាស​​ដើរ​ចេញ​ពី​​ថោន​ថ្មីៗ​ ក្រោយ​​ជ្រក​​កោន​ជាង​ ៩​ ឆ្នាំ​​ និង​កញ្ញា រ៉ាប៊ី ដែល​ជា​តារា​ចម្រៀង​​រលក​ក្រោយ​​កំពុង​តែ​មាន​​រាសី​​ស្ទុះ​ឡើង​​ខ្លាំង​​​ពី​សំណាក់​អ្នក​គាំ​ទ្រ​បែប​​យុវវ័យ​​នោះ​។​

មហាជន​ដែល​​​ធ្លាប់​តែ​​គាំទ្រ​កញ្ញា ឈិត សុវណ្ណបញ្ញា នា​អំឡុង​ពេល​​នៅ​ជ្រក​ទ្រនំ​​ចាស់​ហង្សមាស​នោះ ក៏​ចាប់​​ផ្តើម​​​​​ជជែក​គ្នា​ជុំវិញ​រឿង​ទីផ្សារ​​សិល្បៈ​របស់ Idol ខ្លួន​ ដែរ​ថា កាល​​​នៅ​​ផលិតកម្ម​ហង្សមាស​ ទោះបី​មិន​អាច​​​ប្រជែង​​​តំណែង​ពី​​កំពូល​តារា​ចម្រៀង​ ​ឱក សុគន្ធ កញ្ញា និង ពេជ្រ សោភា បាន​មែន​ក្តី​ ប៉ុន្តែ​សង្កេត​ឃើញ​ថា​បទ​ចម្រៀង​​​របស់​នាង​មួយ​ចំនួន ​គឺ​នៅ​តែ​ល្បី​ហើយ​​​​​​​បទ​ទាំង​នោះ ​ក៏​​ត្រូវ​បាន​គេ​យក​​ទៅ​ច្រៀង​​​តាម​ឆាក​តន្ត្រី​ និង​បៀរ​ហ្គា​ដិន ជារឿយៗ​​ដូច​ជា​បទ ​«ចំណែក​លើស​» ជា​ដើម​​។​

តែ​តាំង​ពី​មក​ជ្រកកោន​នៅ​ទ្រនំ​ថ្មី​ថោន​​មក Idol ឈិត​ សុវណ្ណបញ្ញា ​ហាក់​ចុះ​ខ្សោយ​ជាង​កាល​​នៅ​ឯ​ទ្រនំ​ចាស់​ហង្សមាស​បើ​ទោះ​មាន​សមត្ថភាព​យ៉ាង​ណា​ក្តី នៅ​តែ​មិន​អាច​ប្រជែង​រក​ទីផ្សារ​ចម្រៀង​ជាមួយ​នឹង​កញ្ញា មាស សុខសោភា​ និង​សិស្ស​​ប្អូន​កញ្ញា​ រ៉ាប៊ី ​បាន​នោះ​ឡើយ។​ យ៉ាង​ណា​​​តារា​​ចម្រៀង​​ស្រី​កញ្ញា ឈិត សុវណ្ណបញ្ញា ក៏​​មិន​អាច​សុំ​ការ​បក​​ស្រាយ​ចម្ងល់​​ប្រាប់​​ភ្នំពេញ​ប៉ុស្តិ៍ ​ឲ្យ​ដឹង​ពី​ដើម​ទង​នៃ​ការ​ធ្លាក់​​ចុះ​ ឬ​ភាព​នៅ​ទ្រឹង​លើ​វិថី​នៃ​សិល្បៈ​​ចម្រៀង​​របស់​នាង​នៅ​​ទ្រនំ​ថោន ដូចជា​​មហាជន​​លើក​ឡើង​នោះ​ទេ ដោយសារ​ប្រព័ន្ធ​ទូរស័ព្ទ​​​មិន​អាច​ទាក់ទង​បាន​។

ក្រោយ​ដើរ​ចេញ​ពី​​​​ទ្រនំ​ហង្សមាស​​​បាន​​​​ជាង ២​ ឆ្នាំ​ ទោះបី​​ទីផ្សារ​សិល្បៈ​​ចម្រៀង​តារា​​ស្រី​សំឡេង​ស្រាល​ស្រទន់ ​មាន​មុខ​មាត់​កូន​កាត់​ចិន​ កញ្ញា ឈិត សុវណ្ណបញ្ញា ហាក់​មិន​សូវ​ជា​កាក់​កប​មែន​ក្តី តែ​គេ​ក៏​ឃើញ​នាង​​​ស្រវា​បើក​ហាង​អាហារដ្ឋាន​មួយ​​ឈ្មោះ «​បឹងហ្គាឡូ​» នៅ​​​ផ្លូវ ៣១០ ​ផ្អើល​មហាជន​ផង​ដែរ៕