ភ្នំពេញ៖ កាល​ដើម​ឆ្នាំ ​២០១៩ អតីត​​ស្រី​ស្អាត​ឆ្នាំ ​២០១០ ស្រី​ស្រស់​ឈ្មោះ​​ពិត​ ថៃ នារីសុជាតា ហៅ​​ ហ្វីយ៉ាតា​​ បង្ហើរ​សារ និង​រូបភាព​រំឭក​​​កាល​គ្រា​​ផ្តើម​ស្នេហ៍​ជាមួយ​​កំណាន់​ចិត្ត​ថ្មី​រាង​​សង្ហា​ មើល​ទៅ​មាន​ត្រេ​មុខ​ដូចជា​កូន​កាត់ បង្កើត​​ការ​ចាប់​អារម្មណ៍​​ពី​មហាជន​សា​ជា​ថ្មី​​។

ជាមួយ​​រូប​ឈរ​កៀក​កិត​ ​ទឹក​មុខ​ស្រស់​​ស្រាយ​ក្បែរ​ម្ចាស់​ចិត្ត​នោះ​ ហ្វីយ៉ាតា ក៏​បង្ហើរសារ​វែង​អន្លាយ​​មួយ​ជា​ភាសា​អង់គ្លេស​ ដែល​ប្រែ​សម្រួល​ថា៖ «តោះ​! មក​មើល​បណ្តុំ​រូបភាព​​នៅ​ទីកន្លែង​​ផ្តើម​​​ស្នេហ៍​ដំបូង​របស់​ពួក​យើង! ពួក​យើង​បាន​វិល​​​មក​​ទី​នេះ ដើម្បី​ធ្វើ​ខួប​អនុស្សាវរីយ៍​នៃ​ការ​បង្កើត​​ភាព​ផ្អែម​ល្ហែម​​ដំបូង នៅ​កន្លែង​ដដែល​។​ សូម​​​​រង់ចាំ​​មើល​​វីដេអូ​ខួប​ ​១​ ឆ្នាំ​ នៃ​ការ​ផ្តើម​​ស្នេហ៍​​​​ពួក​យើង​​ផង នឹង​ចេញ​ឆាប់ៗ ហើយ​ជួយ​​ជាវ​​​តាម​ប៉ុស្តិ៍​យូធូប​ផ្ទាល់​ខ្លួន​ឈ្មោះ ​«Yata Fi» ផង! ​កុំ​ភ្លេច​ណា!»។​

មិន​តែ​ប៉ុណ្ណោះ​ ​អតីត​ជា​​ស្រី​ស្អាត​ឆ្នាំ ២០១០ កញ្ញា ថៃ នារីសុជាតា ហៅ ​ហ្វីយ៉ាតា ​ដែល​​មហាជន​ផ្ទុះ​ការ​ចាប់​អារម្មណ៍​នឹង​វត្តមាន​នាង​​ពេល​​ឈាន​​ជើង​ចូល​ដល់​ផ្សារ​ទំនើប​អ៊ីអនម៉ល ក៏​លេច​វត្តមាន​នាង​នៅ​ក្នុង​​កញ្ចក់​ទូរទស្សន៍​ផ្សព្វផ្សាយ​​ផលិតផល​​ស្ទើរ​តែ​នៅ​គ្រប់​ច្រក​​ល្ហក​​នា​ពេល​កន្លង​មក​​នោះ​ ​​បន្ត​សារ​ទៀត​​​ថា៖ «បន្ទាប់​ពី​យើង​មាន​​​​ទំនាក់​ទំនង​គ្នា ​១ ឆ្នាំ​មក រូប​រាង​អូន​​​​នៅ​តែ​​ស្អាត​ ចំណែក​ឯ​បង​​វិញ​ហាក់​ឡើង​គីឡូ​ជាង​​មុន ហើយ​​សក់​​វែង​ជាង​មុន​ផង​​ដែរ!»។​

ជាង​នេះ​ទៅ​ទៀត​​​ គេ​ក៏​ឃើញ​សារ​​​ដ៏​ផ្អែម​ល្ហែម​​​របស់​​​កញ្ញា ហ្វីយ៉ាតា ​នា​​ឱកាស​បុណ្យ​​ចូល​​ឆ្នាំ​កន្លង​មក​​ថា​៖ «​អូន​ស្រឡាញ់​បង! ​គ្រប់​ពេល​ដែល​​ពួក​យើង​បាន​ឆ្លង​ជាមួយ​​​គ្នា ខ្ញុំ​ជឿ​ថា ចំណង​ស្នេហ៍​​កាន់​តែ​​​​រឹង​មាំ​! ​យើង​មិន​ដែល​​​បញ្ឈប់​​ ហើយ​តែងតែ​រក​វិធី​ណា​​ដែល​​​​មាន​ភាព​​ល្អ​ប្រសើរ សម្រាប់​ឱកាស​ពួក​យើង​មាន​វត្តមាន​​​ជាមួយ​គ្នា​។ អូន​ ស្រឡាញ់​រាល់​អ្វី ដែល​​បង​មាន​ជា​​របស់​ខ្លួន​​ឯង​!»។​

ចំណែក​ឯ​​​មហាជន​ក៏​ធ្លាប់​លាន់​មាត់​​បែប​ភ្ញាក់​ផ្អើល​ផង​​ដែរ​ចំពោះ​​​​វត្តមាន​របស់​កញ្ញា ថៃ នារីសុជាតា កាល​​ពី​ថ្មីៗ​ក្នុង​ការ​ថត​​ស្ប៉ត​​នានា​​ថា៖ «ស្រី​ស្អាត កូនស្រី​អតីត​​​រដ្ឋលេខាធិការ​​​​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​​រូប​នេះ ដូចជា​បាន​​បាត់​​​វត្តមាន​​​ពី​ឆាក​សិល្បៈ​​​ច្រើន​​​ឆ្នាំ​​មក​ហើយ​នោះ​ ​ឥឡូវ​នេះ​ ស្រាប់​តែ​លេច​មុខ​វិញ​!​» ។

តារា​ស្រី​ស្រស់​កញ្ញា ថៃ នារីសុជាតា ​​ក៏​​បាន​ប្រាប់​​​អារម្មណ៍​​​​សប្បាយ​​​​​ចិត្ត​ថា៖ «​​ការងារ​​​នាង​ខ្ញុំ​​ទទួល​មិន​អស់​ទេ ពេល​នេះ​ច្រើន​ណាស់។ ឆ្លង​​ឆ្នាំ ២០១៩ ភ្លាម​​នាង​ខ្ញុំ​តាំង​ចិត្ត​ថា នឹង​ក្តាប់​ការងារ​សិល្បៈ​ភ្លាមៗ​នេះ​ក៏​មាន​គេ​ហៅ​ថត ទាំង​ភាពយន្ត ថត MV ថត Show ផ្សេងៗ​ច្រើន​​មែន​ទែន។ តែ​ការងារ​ថត​ភាពយន្ត​ខ្ញុំ​ក៏​កំពុង​​តែ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​​ពិចារណា ព្រោះការ​​ថត​កុន​ប្រើ​ពេល​យូរ​ខ្ញុំ​មិន​មាន​ពេល​ថត​ឲ្យ​ខ្លាច​ប៉ះពាល់​ពេល​វេលា​ឲ្យ​​ផលិតករ»៕​