ភ្នំពេញៈ ថ្មីៗ​នេះ​ស្រាប់តែ​លេចចេញ​នូវ​ដំណឹង​ភ្ញាក់ផ្អើល​ម្តង​ទៀត​ល្បី​ថា តារាកំប្លែង​ស្រី​អ្នកនាង អ៊ីត ដែល​មាន​រូបឆោម​សម្ផស្ស​កាន់តែ​ស្រស់​ឆើតឆាយ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ទាំង​ជីវភាព​ក៏​ធូរធារ​ក្លាយ​ជា​ថៅកែ​តន្ត្រីសម័យ និង​ថៅកែ​ពុះ​ដីឡូត៍​លក់​ទៀត​នោះ កំពុង​តែ​មាន​គូកន​ថ្មី​មក​ស្អំ​បេះដូង​គឺជា​តារាសម្តែង​ប្រុស​រលក​ក្រោយ​វ័យក្មេង និង​ហ៊ាន​បណ្តើរ​គ្នា​បើកចំហ​ទៀត​ផង​នៅក្នុង​កម្មវិធី​សិល្បៈ​នានា​។

តែ​ពាក្យ​ចចាមអារ៉ាម​ថា​តារាកំប្លែង​ស្រី​កើន​ទ្រព្យធន​មាន​ឈ្មោះ​ពិត​ថា សេន ចិន្តា ហៅ​នាង អ៊ីត ហាក់​ដូច​បាន​សម្តែង​អារម្មណ៍​មិន​សប្បាយ​ចិត្ត​ទៅវិញ ព្រោះ​តែ​ដំណឹង​នេះ​ត្រូវ​នាង​ច្រានចោល​ថា​គឺជា​ការលើក​យក​រឿង​ចាស់​ដដែល​មក​និយាយ​ចង់​ធ្វើឲ្យ​នាង​ត្រូវ​ទទួល​រង​ពាក្យ​គេ​និន្ទា​ថា​នាង​ជា​ស្ត្រី​មេម៉ាយ​ត្រូវ​ចំណាយ​មាត់​ញាតិ​សាជាថ្មី​ម្តង​ទៀត​។

កាលពី​លើក​មុន​នោះ​នាង​ក៏​ធ្លាប់​បាន​បដិសេធ​ជំនួប​ស្នេហ៍​បុរស​ចំណាស់​រស់​នៅឯ​ក្រៅ​ប្រទេស និង​ក្រោយ​មក​លេច​ឮថា តារាកំប្លែង​ស្រី​មេម៉ាយ​កូន​មួយ ដែល​ចាយ​សម្ផស្ស​អ្នកនាង អ៊ីត កំពុង​តែ​មាន​ទំនាក់ទំនង​ស្នេហា​ស៊ីជម្រៅ​ជាមួយ​នឹង​តារាសម្ដែង​ប្រុស​វ័យក្មេង​គឺ​លោក អ៊ុក ដារ័ត្ន ខណៈ​ដំណឹង​នេះ​ក៏​ត្រូវ​បាន​អ្នក​ទាំង​ ២ ​ក៏​ចេញ​មុខ​ច្រានចោល​ភ្លាមៗ​រួច​ម្តង​មក​ហើយ​ផងដែរ​។

ខណៈ​ថ្មីៗ​នេះ​ក៏​ស្រាប់តែ​លេច​ដំណឹង​ចចាមអារ៉ាម​សាជាថ្មី​ពី​រឿង​ស្នេហា​រវាង​តារាកំប្លែង​ស្រី​សាច់​សខ្ចី អ្នកនាង អ៊ីត ដែល​ជា​ប្អូនស្រី​តារាកំប្លែង​ប្រុស​ល្បី​នាយ ក្រូច និង​ជា​មីង​របស់​អតីត​តារាកំប្លែង​ប្រុស​វ័យក្មេង និង​បច្ចុប្បន្ន​ជា​តារាចម្រៀង​កំពុង​ឡើង​កូដ​លើ​ទ្រនំ​ផលិតកម្ម​សាន់ដេ នាយ ចឺម ជាមួយ​នឹង​តារាប្រុស​កំលោះ​រូបសង្ហា​លោក អ៊ុក ដារ័ត្ន ម្តង​ទៀត​ដែល​ធ្វើឲ្យ​មជ្ឈដ្ឋាន​នៃ​មហាជន​ភ្ញាក់ផ្អើល​។

អ្នកនាង អ៊ីត ក៏​បាន​បញ្ជាក់​ម្តងទៀត​ដោយ​ការលើក​ជា​សំណូមពរ​ដល់​មហាជន និង​បណ្តាសារ​ព័ត៌មាន​ដែល​បាន​លើក​យក​រឿង​ចាស់​របស់​នាង​មក​ផ្សាយ​ឡើងវិញ​នោះ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​នេះ​ជា​រឿង​ចាស់​ដែល​ខ្ញុំ និង​លោក ដារ័ត្ន ធ្លាប់​បាន​បញ្ជាក់​ការពិត​រួច​មក​ហើយ​ដែរ​។

ខណៈ​ពេលនេះ​ខ្ញុំ​មិន​ចង់​បកស្រាយ​អ្វី​ទៀត​ដែរ​ព្រោះ​ថា​គ្មាន​អ្វី​ជា​រឿង​ថ្មី​ផង​! តែ​ក៏​សំណូមពរ​ផង​ដែរ​ដល់​បងៗ​សារព័ត៌មាន​នានា​ថា មុន​នឹង​ចុះផ្សាយ​អ្វី​នោះ សូម​មេត្តា​សួរនាំ​ខ្ញុំ​ផង ព្រោះ​ការយក​រឿង​ចាស់​មក​ផ្សាយ​ឡើងវិញ​នេះ​ក៏​បាន​ជះ​រឿង​មិន​ល្អ​ដល់​រូបនាង​ខ្ញុំ​ម្តង​ទៀត​ជា​ស្ត្រី​ម្នាក់​ធ្លាប់​មាន​ការលែងលះ​ប្តី និង​ត្រូវ​គេ​វាយតម្លៃ​មិន​ល្អ​ដល់​អ្នកសិល្បៈ​ទៀត​ផង​»​។

យ៉ាងណា​តារាកំប្លែង​ស្រី​កំពុង​តែ​សំងំ និង​ចាប់​ក្តោប​ឱកាស​រកប្រាក់​ទាំង​ការងារ​សិល្បៈ និង​មុខរបរ​ក្រៅ​សិល្បៈ​នាង អ៊ីត ក៏​ព្រលយ​ថា​៖ «​រឿង​គូកន​នេះ ខ្ញុំ​ក៏​គ្មាន​ចេតនា​លាក់​នោះ​ទេ បើ​មាន​មែន​នឹង​ប្រកាស​ប្រាប់​បងប្អូន​សារព័ត៌មាន​ឲ្យ​ដឹង​មិន​ខាន​។ និយាយ​ឲ្យ​ត្រង់​ទៅ នាង​ខ្ញុំ​ក៏​កំពុង​មើល​ចិត្ត និង​និស្ស័យ​ល្អ​ពី​បុរស​ដែល​កំពុង​តែ​តាម​ស្រឡាញ់​មាន​ច្រើន​នាក់​ដែរ​»៕