ក្រុង​តូរ៉ុនតូ: ស្ដ្រីកាណាដា​ម្នាក់​បាន​នឹក​ឃើញ​វិធី​ដ៏​ប៉ិន​ប្រសប់​មួយ​ដើម្បី​ឱប​ម្ដាយ​​ប្រកប​ដោយ​​សុវត្ថិភាព​ ទោះ​ស្ថិត​ក្នុង​អំឡុង​ពេល​រីក​រាល​ដាល​នៃ​ជំងឺ​រាត​ត្បាត​សកល​។ ភាព​ច្នៃ​ប្រឌិត​នោះ គឺ​ «​ស្រោម​ដៃ​ឱប​​គ្នា​» ជា​ថង់​ប្លាស្ទីក​កាត់​រាង​ដៃ​មនុស្ស​ចំនួន ៤ ចង​ព្យួរ​តាម​ខ្សែ​ហាល​ខោ​អាវ​។

ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ទីក្រុង​ហ្គែល នៃ​ខេត្ដ​អុនតារីយ៉ូ អ្នកស្រី ខារ៉ូលីន អេលីស​ និង​ស្វាមី​ អាទ្រូ បាន​ច្នៃ​បង្កើត​នូវ​អ្វីដែល​បាន​ហៅ​ថា «​ស្រោម​ដៃ​ឱបគ្នា​» នៅ​មុន​ទិវា​អ្នក​ម្ដាយ​មួយ​ថ្ងៃ ដែល​ឆ្នាំ​នេះ​ត្រូវបាន​ប្រារឰ​ឡើង​នៅថ្ងៃទី ១០ ខែ​ឧសភា​ នៅ​អាមេរិក​ខាង​ជើង​។

អ្នកស្រី ខារ៉ូលីន បាន​ប្រាប់ AFP ថា​៖ «​វា​កើត​ឡើង​នៅពេល​គាត់​មិនអាច​​ឱប​យើង​បាន​ ហើយ​យើង​ពិត​ជា​ត្រូវ​ការ​ភាព​កក់​ក្ដៅ​នេះ​។ ខ្ញុំ​ចង់​ឲ្យ​ផ្ដល់​ឱកាស​ឱប​នេះ​ដល់​គាត់​សម្រាប់​ទិវា​ម្ដាយ​»។

ពួកគេ​បាន​យក​ដៃ​អាវ​ប្លាស្ទីក​ទៅភ្ជាប់​ជាមួយ​តង់​ប្លាស្ទីក​ ដែល​អាច​ឲ្យ​មនុស្ស​ ២ នាក់​ឱប​គ្នា​ដោយ​មិន​ចាំ​បាច់​ប៉ះ​សាច់​ផ្ទាល់​។ អ្នកស្រី ខារ៉ូលីន បាន​បញ្ជាក់​ថា​៖ «​យើង​ត្រូវ​ការ​ពេល​ច្រើន​ លើ​ការ​ស្វែង​យល់​ពី​ទំហំ និង​កម្ពស់​នៃ​ប្រឡោះ​ទាំង​នោះ​។ យើង​ធ្វើ​ការងារ​រហូត​ដល់​យប់​ថ្ងៃ​សៅរ៍ រួច​យើង​រៀបចំ​អ្វី​ៗ​គ្រប់​យ៉ាង​សម្រាប់​ទិវា​អ្នក​ម្ដាយ​នៅ​ថ្ងៃ​អាទិត្យ​។ វា​ជា​កាដូ​ដ៏​អស្ចារ្យ​»។

វីដេអូ​ឃ្លីប​ដែល​ពួកគេ​ថត​នា​ឱកាស​ឱប​ក្រសោប​គ្នា​ត្រូវបាន​ចែក​រំលែក​តាម​បណ្ដាញ​សង្គម​ និង​មាន​ការ​ល្បី​ភ្លាម​ៗ​។ ប៉ុន្ដែ​អ្នក​ស្រី អេលលីស បាន​ឲ្យ​ដឹង​ថា អ្នកស្រី​មាន​ការ​ភ្ញាក់​ផ្អើល​ថា វា​ល្បី​លឿន​យ៉ាង​នេះ​។

អ្នកស្រី លើក​ឡើង​ថា​៖ «​ខ្ញុំ​គ្រាន់តែ​ឱប​ម៉ាក់​។ យើង​មាន​ការ​ភ្ញាក់​ផ្អើល​ពេល​ឃើញ​ព័ត៌មាន​ត្រូវបាន​ចែក​រំលែក​ច្រើន​ តែ​ក៏​​ពេញ​ចិត្ដ​ដែរ នៅពេល​ឃើញ​ថា អ្នក​ដទៃ​កំពុងទទួល​​ប្រយោជន៍​ការ​ឱប​របស់​យើង​។ យើង​ពិ​តជា​ចូលចិត្ដ​»។

ទោះ​ការ​ឱប​ដោយ​ប្រើ​របាំង​ប្លាស្ទីក​មិន​ស្និទ្ធ​ដូច​ឱប​គ្នា​ផ្ទាល់ វា​នៅតែ​ផ្ដល់​ភាព​កក់​ក្ដៅ​ ក្រោយ​ពី​ការ​បិទ​ប្រទេស​ជា​ច្រើន​សប្ដាហ៍​ និង​វិធានការ​រក្សា​គម្លាត​សុវត្ថិភាព​សង្គម​ ដែល​អាច​ផ្ដល់​ឱកាស​ឲ្យ​ម្ដាយ​មក​ឱប​កូន​បាន​។

អ្នកស្រី អេលីស បាន​បន្ដថា​៖ «​នេះ​ជា​សញ្ញា​វិល​ត្រឡប់​ទៅកាន់​ប្រក្រតី​បណ្ដើរ​ៗ​។ វា​ពិត​ជា​ផ្ដល់​សេចក្ដី​សង្ឃឹម​ដែល​មិន​អាច​បំភ្លេច​បាន​។ អារម្មណ៍​នៃភាព​កក់​ក្ដៅ​កើត​ឡើង​ការ​ឱប​រវាង​ម្ដាយ និង​កូន​ តើ​អ្នក​ដឹង​ទេ វា​ពិ​តជា​ល្អ​ណាស់​»៕ AFP/HR