ក្រុង​សាក្រែប៖ ធ្លាប់​ត្រូវ​បាន​ប្រើ​ជា​ការ​បិទ​បាំង​ផ្នែក​សំខាន់​របស់​បុរស​អំឡុង​ពេល​រដូវ​រងា​នៅ​​ទីប្រជុំជន​​ប្រទេស​ក្រូអាស៊ី​ ស្រោម​អំបោះ​​ចាក់​សម្រាប់​ស្រោប​ប្រដាប់​ភេទ​បុរស ឬ «ណាគូមចាក​» បាន​វិល​មក​ជា​ថ្មី​ក្នុង​នាម​ជា​វត្ថុ​អនុស្សាវរីយ៍​ ​​ជា​ស្នាដៃ​របស់​ស្ដ្រី​ចំណាស់ ​១ ​ក្រុម ​ដែល​ព្យាយាម​អភិរក្ស​ប្រពៃណី​​សម្លៀកបំពាក់​ចាក់​ពី​ការ​បាត់បង់​។

អ្នកស្រី សុនចា ឡេកា អាយុ ៥៥ ​ឆ្នាំ ដែល​បើក​សមាគម​សម្លៀកបំពាក់​ចាក់​​អភិរក្ស​សិល្បៈ​ហ្វាសសិន​បុរាណ​នៅ​ភាគ​កណ្ដាល​តំបន់​លីកា បាន​និយាយ​ថា​៖ «ណាគុមចាក ធ្វើ​ឱ្យ​មហាជន​សើច​​ក្នុង​ន័យ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​។ ទេសចរ​ជា​ច្រើន​ទិញ​វា​​ជា​វត្ថុ​អនុស្សាវរីយ៍​​ក្នុង​ថ្ងៃ​បុណ្យ​គ្រិស្តស្មាស់​»។

ក្នុង​តំបន់​អឺរ៉ុប​នា​សម័យ​ទសវត្សរ៍ទី១៥ និង​ទី​១៦ ការ​បិទ​បាំង​បរិវេណ​ប្រឡោះ​ភ្លៅ ដែល​ត្រូវ​បាន​ស្គាល់​ជា​អាវ​រងា​អាច្រមក់​ត្រូវ​បាន​គ្រង​ដោយ​​​​ស្ដេច​ជា​ច្រើន​អង្គ​ដូចជា ហេនរី ទី៨ នៃ​ចក្រភព​អង់គ្លេស​។

នៅ​តំបន់​លីកា​ភាគ​កណ្ដាល ​ប្រទេស​ក្រូអាស៊ី ស្រោម​អំបោះ​ជួយ​​គ្រង​បំបាត់​អាការ​​ចាញ់​រងា ​ជា​វត្ថុ​ដ៏​ចាំ​បាច់​ដែល​ចាក់​ពី​រោម​ចៀម​​ដោយ​ស្នាដៃ​ស្ដ្រី​។

អ្នកស្រី ឡេកា បាន​និយាយ​ថា​៖ «​ខោ​ប្រពៃណី​បុរាណ​របស់​បុរស​មាន​ភាព​ធំ​រលុង​ដោយ​គ្មាន​វត្ថុ​របាំង​ការពារ ដែល​ពួក​គេ​ត្រូវ​ជិះ​សេះ និង​ដើរ​ឆ្លង​កាត់​ព្រៃ​ភ្នំ​ ដើម្បី​ប្រមែ​ប្រមូល​អុស​ដុត។ ដូច្នេះ​ពួក​គេ​ពិត​​ជា​ត្រូវ​ការ​អាវ​រងា​ពាក់​ការពារ​អាច្រមក់​នេះ​ណាស់​»។

ក្នុង​ភូមិ​លីកកូផេ ត្រូវូ សេឡូ ដែល​មាន​ប្រជាជន​ប្រមាណ ១០០ ​នាក់ អ្នកស្រី ឡេកា បាន​បង្កើត​សមាគម​តារា​ជាទី​ដែល​ស្ដ្រី​បាន​ប្រមូល​ផ្ដុំ​គ្នា​ ដើម្បី​ចាក់​ និង​ត្បាញ​ស្រោម​ជើង​ កាបូប​ដៃ កន្សែង​ប្រពៃណី ក៏​ដូចជា​អាវ​រងា​អាច្រមក់​ផង​ដែរ​។

ស្រោម​អំបោះញាត់​់វ៉ាល់ណាត់ ២​ គ្រាប់​ ជា​វត្ថុអនុស្សាវរីយ៍​។ រូបថត AFP

អ្នកស្រី ឡេកា ដែល​ជា​មគ្គុទេ្ទសក៍​ទេសចរ​ម្នាក់​ផង​នោះ​បាន​និយាយ​ថា វា​បាន​ក្លាយ​ជា​វត្ថុ​ពេញ​និយម​សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​មក​កម្សាន្ដ​ឧទ្យានជាតិ​ប្រជុំ​បឹងបួ​​ក្បែរ​ខាង Plitvice ជា​តំបន់​បេតិកភណ្ឌ​ពិភព​លោក​​​។

ឆ្នាំ​មុន​ទេសចរ​អាមេរិក​ភាគ​ច្រើន​ក្នុង​ចំណោម​​ ៦០០ ​នាក់​ បាន​មក​ទស្សនា​ក្រុម​សមាគម​​ស្ដ្រី​ ដែល​ទទួល​បាន​ការ​បរិច្ចាគ​ពី​ស្ថានទូត​នានា​ និង​អាជ្ញាធរ​ក្រុង​ផង​ដែរ​។

ស្ដ្រី​ទាំង​នោះ​លក់​ ឬ​ផ្ដល់​កាដូ​​អាវ​រងា​តូចៗ​ប្រមាណ ១ ៥០០ ​ឈុត​ ដោយ​មាន​ការ​វេច​ខ្ចប់​ក្នុង​ប្រអប់​ក្រដាស​​​ភ្ជាប់​ជាមួយ​ប្រវត្ដិ​រឿង​រ៉ាវ​ និង​គ្រាប់​វ៉ាល់ណាត់ ២ ​គ្រាប់ «​តំណាង​ឱ្យ​សុខុមាលភាព​រឹងមាំ​»។

អ្នក​ចាក់​រោម​ចៀម​វ័យ​ជ្រេ​​​ទាំង​នោះ​បាន​ឱ្យ​ដឹង​ថា ស្រោម ​ណាគុមចាក ធ្លាប់​ជា​វត្ថុ​សំខាន់​មួយ​ចំពោះ​ចំណង​ដៃ​របស់​ស្ដ្រី​ ខណៈ​កូន​ក្រមុំ​បាន​រៀបចំ​ចាក់​ត្បាញ​អាវ​រងា​តូច​សម្រាប់​អនាគត​ស្វាមី​របស់​ខ្លួន​។

អ្នកស្រី ឡេកា និយាយ​ទាំង​អស់​សំណើច​ថា​ បើ​ខាង​ស្រី​មិន​ទាន់​អាច​ប៉ាន់​ស្មាន​ពី​ទំហំ​​​អាថ៌កំបាំង​របស់​អនាគត​​ស្វាមី​នាង​​ត្រូវ​សាកសួរ​ទំហំ​ខ្នាត​ពី​សាច់​ញាតិ​ខាង​ប្រុស​។

អាវ​រងា​តូច​មាន​ទំហំ ​XL, XXL និង​ខ្នាត​ពិសេស​​សម្រាប់ «​បុរស​នៅ​តំបន់​លីកា​»។

បុរស​​​នៅ​តំបន់​នោះ​ឈប់​ប្រើប្រាស់​ស្រោម​អំបោះ​​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ ​១៩៥០ ពេល​មាន​ខោ​ទ្រនាប់​សាច់​កាតុង​។

អ្នកស្រី ឡេកា បាន​ពោល​ថា៖ «​សោកស្ដាយ​ណាស់​ដែល​មិន​អាច​បន្ដ​ប្រពៃណី​នេះ​ដល់​ក្មេង​ជំនាន់​ក្រោយ​បាន​។ វា​នឹង​បញ្ចប់​ត្រឹម​ជំនាន់​យើង​នេះ​ហើយ​»៕ AFP/HR