ភ្នំពេញ៖ ក្រោយ​ពី​​មក​រស់នៅ និង​ធ្វើ​ការ​​​នៅ​​ទីក្រុង​​ភ្នំពេញ​​អស់​​ពេល​ប្រមាណ​​ ៩ ​ឆ្នាំ មក​តាម​ស្វាមី​ជា​ជនជាតិ​ហូឡង់ ដែល​​បម្រើ​​ការងារ​ក្នុង​ក្របខណ្ឌ​​​មន្រ្តី​​​អង្គការ​សហប្រជាជាតិ​​ គឺ​ធ្វើ​ការងារ​នៅ​សាលា​ក្តី​ខ្មែរ​​​ក្រហម​ជិត ​១០​ ឆ្នាំ​មក​នោះ​​​ ស្រ្តី​ជប៉ុន​ម្នាក់​​​បាន​បង្កើត​ក្រុម​តន្រ្តី​​ក្លាស៊ីក​​ឈ្មោះ​ Musica Felice Choir នៅ​​​ឆ្នាំ ​២០១៧​​ ហើយ​​ចាប់​ផ្តើម​ដំណើរការ​ប្រគំ​តន្រ្តី​សប្បុរសធម៌​លើក​ដំបូង ​ដើម្បី​​​ជួយ​​សហគមន៍​ក្រីក្រ​ខ្មែរ​ចាប់​ពី​ពេល​នោះ​មក។

ដោយ​ក្តី​អាណិត​អាសូរ និង​​មាន​ចំណូល​ចិត្ត​ទៅ​លើ​វិស័យ​សិល្បៈ​​ក្លាស៊ីក​ ទើប​​ជំរុញ​ចិត្ត​ឲ្យ​ស្រ្តី​​ជប៉ុន​​ម្នាក់ ​គឺ​លោកស្រី មីវ៉ាកូ ហ៊្វូជិវ៉ារ៉ា (​Miwako Fujiwara) បង្កើត​ការ​​ប្រគំ​តន្រ្តី​បែប​ក្លា​ស៊ីក​មួយ​​​ឈ្មោះ​ថា​ ​«Musica Felice Charity Concert» ដែល​មាន​​គោលបំណង​ចង់​​លើក​ស្ទួយ​​វិស័យ​សិល្បៈ​​តន្រ្តី​​ក្លាស៊ីក ជា​​ពិសេស​គឺ​សម្រាប់​​ក្រុម​សិល្បករ​-​ការិនី​ខ្មែរ ដែល​មាន​ជំនាញ ឬ​មាន​ចំណូល​ចិត្ត​លើ​​វិស័យ​សិល្បៈ​នេះ​​ ដែល​មិន​សូវ​មាន​​លទ្ធភាព​​​​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ខ្លួន​តាម​ជំនាញ​​សិល្បៈ​នេះ​​​តែ​ម្តង​។​

លោកស្រី មីវ៉ាកូ ហ៊្វូជិវ៉ារ៉ា បាន​​ឲ្យ​ដឹង​ថា៖ «​តាម​ពិត​ទៅ​ គម្រោង​​បង្កើត​ការ​ប្រគំ​តន្រ្តី​សប្បុរសធម៌​នេះ យើង​​មាន​ការ​ផ្តួចផ្តើម​តាំង​ពី​ឆ្នាំ ​២០១៦ ​មក ខណៈ​ការ​ចាប់​ផ្តើម​ប្រគំ​តន្រ្តី​សប្បុរសធម៌​លើក​ដំបូង​របស់​យើង ​គឺ​បាន​ចាប់​ដំណើរការ​នៅ​ខែ ​​កញ្ញា ឆ្នាំ ​២០១៧ ដែល​ធ្វើ​​​នៅ​ក្នុង​សណ្ឋាគារ​សូហ្វីតែលភូគីត្រា​ ខណៈ​កម្មវិធី​នេះ​យើង​​បាន​​ប្រារព្ធ​ចំនួន ​២ ​ដង ​ក្នុង ​១ ​ឆ្នាំ​​។​

លោកស្រី​ មីវ៉ាកូ ហ៊្វូជិវ៉ារ៉ា​​។ រូបថត Mr. Sylvain Aulagner

ក្រុម​សិល្បករ​-ការិនី ​​របស់​​យើង​មាន​ទាំង​អ្នក​មាន​ជំនាញ​ និង​​គ្មាន​​​ជំនាញ​ មក​ពី​បណ្តា​ប្រទេស​នានា​នៅ​លើ​សកល​​​លោក​ ហើយ​បើ​ទោះ​បី​​​ពួក​យើង​មាន​ជំនាញ និង​ប្រវត្តិរូប​​ខុស​គ្នា​មែន​ក្តី តែ​ពួក​យើង​មាន​​ចំណុច​រួម​មួយ​ដូច​គ្នា ​គឺ​ចំណូល​តន្រ្តី​ក្លាស៊ីក​​តែ​ម្តង​»។

លោកស្រី មីវ៉ាកូ ហ៊្វូជិវ៉ារ៉ា ជា​តន្រ្តី​ករ​ផ្នែក​ព្យ៉ាណូ និង​ជា​អ្នក​និពន្ធ​​ចម្រៀង​ប្រពៃណី​​បែប​​សហសម័យ​​ ជា​ពិសេស​ចាប់​អារម្មណ៍​សម្រាប់​ឧបករណ៍​​​​តន្រ្តី​​ប្រពៃណី​​ខ្មែរ​តែ​ម្តង​។

ចំពោះ​​ប្រាក់​ដែល​បាន​ពី​ការ​លក់​សំបុត្រ​នៃ​ការ​ប្រគំ​តន្រ្តី​សប្បុរសធម៌​ទាំង​អស់ ត្រូវ​បាន​យក​​​ទៅ​ផ្គត់ផ្គង់​​ផ្នែក​នានា​នៅ​ក្នុង​​​សហគមន៍​ក្រីក្រ​របស់​ខ្មែរ ដោយ​​​​ក្នុង​​នោះ​ មាន​ក្រុម​អ្នក​សិល្បៈ​​បុរាណ​​វ័យ​ក្មេង និង​តន្រ្តី​​ករ​មាន​ទេពកោសល្យ​ ដែល​​​​មាន​ចិត្ត​ស្រឡាញ់​​ជំនាញ​​នេះ​ តែ​ខ្វះ​លទ្ធភាព​បង់​ថ្លៃ​សិក្សា និង​ជួយ​ផ្គត់ផ្គង់​ដល់​សាលា ឬ​អង្គការ​ដែល​បង្រៀន​ផ្នែក​​​សិល្បៈ​​ដល់​កុមារ​ក្រីក្រ​ ដើម្បី​ជា​ទុន​សម្រាប់​ការ​បង្កើត​មុខ​​​របរ​ចិញ្ចឹម​ជីវិត​។​​

ក្រុមតន​្រ្តី​​ក្លាស៊ីក​ Musica Felice Choir របស់លោកស្រី មីវ៉ាកូ ហ៊្វូជិវ៉ារ៉ា។ រូប Sylvain Aulagner

លោក​ស្រី មីវ៉ាកូ ហ៊្វូជិវ៉ារ៉ា គឺ​ជា​​​​ស្រ្តី​​ជាតិ​ជប៉ុន​ មាន​ស្វាមី​​​ជនជាតិ​ហូឡង់ និង​មាន​កូន​​ ​២ ​នាក់ (ស្រី ១ និង​ប្រុស ​១​)​ ដែល​​​បាន​​មក​រស់នៅ​ស្រុក​ខ្មែរ​ បាន​​បន្ត​ថា៖ «ចាប់​តាំង​​ពី​បាន​បង្កើត​​កម្មវិធី​ប្រគំ​តន្រ្តី​សប្បុរសធម៌​​ កាល​ពី​ឆ្នាំ ​២០១៧ មក​នោះ យើង​បាន​រៀបចំ​​ចំនួន​ ៥ ដង​​រួច​មក​ហើយ ខណៈ​នៅ​ល្ងាច​​ថ្ងៃ​សៅរ៍​ទី ​៣០ ខែ វិច្ឆិកា ឆ្នាំ ​​២០១៩ ខាង​មុខ​នេះ​ គឺ​ជា​ការ​​ប្រារព្ធ​ធ្វើ​លើក​ទី ​៦ របស់​​​ក្រុម​តន្រ្តីករ​​ Musica Felice Choir។​

យើង​ក៏​មាន​ក្តី​រំពឹង​ថា នឹង​​មាន​អ្នក​ចូលរួម​ទស្សនា​ចំនួន ១ ០០០ នាក់ ​មក​ចូល​រួម​​​នៅ​ឯ​សណ្ឋាគារ​សូហ្វីតែលភូគីត្រា​​ក្នុង​រាជធានី​ភ្នំពេញ​។ ម្យ៉ាង​វិញ​ទៀត សម្រាប់​ការ​ប្រគំ​តន្រ្តី​លើក​ទី ​៦ នេះ​ផង​ដែរ យើង​ក៏​មាន​គោលដៅ​សម្រាប់​នាំ​យក​​ថវិកា​បាន​ពី​ការ​លក់​សំបុត្រ​ ដើម្បី​ទៅ​ជួយ​ដល់​សហគមន៍​​ខ្មែរ​​ ២ ​កន្លែង​ គឺ​មជ្ឈមណ្ឌ​​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចាន់​ដារា​រីករាយ​( HappyChandara Vocational Training Center)​ និង​​សាលា​តន្រ្តី​ភូមិ​ភ្លេង (​Phum Pleng music school)​​»។​

ចំពោះ​តម្លៃ​សំបុត្រ​ចូល​ទស្សនា​​ការ​ប្រគំ​តន្រ្តី​សប្បុរសធម៌​​របស់​លោកស្រី​ មីវ៉ាកូ ហ៊្វូជិវ៉ារ៉ា តាមរយៈ​ក្រុម Musica Felice Choir​​ ក៏​នឹង​ចាប់​ផ្តើម​លក់​សំបុត្រ​នៅ​​​ក្នុង​ខែ ​វិច្ឆិកា ចុង​ឆ្នាំ ​២០១៩​ ផង​ដែរ​​ ដោយ​អាច​រក​ជាវ​បាន​នៅ​​សណ្ឋាគារ​សូហ្វីតែល​ភូគីត្រា និង​ហាង​កាហ្វេ ​(Socials coffee​) ​ដែល​​ស្ថិត​នៅ​​លើ​ដង​មហាវិថី​ព្រះនរោត្តម។

សំបុត្រ​ទស្សនា​​ ១ តម្លៃ ១០ ដុល្លារ សម្រាប់​មនុស្ស​ពេញវ័យ ១ សន្លឹក សម្រាប់​ក្មេង​មាន​វ័យ​ចន្លោះ​​ពី​​ ៥ ឆ្នាំ ទៅ​ដល់ ១៥ ឆ្នាំ ខណៈ​ ​១ សន្លឹក តម្លៃ ៣ ដុល្លារ សម្រាប់​និស្សិត​ខ្មែរ និង​ទស្សនា​ឥត​​គិត​ថ្លៃ​សម្រាប់​ក្មេង​ដែល​​​​មាន​វ័យ​នៅ​ក្រោម ​៥ ​ឆ្នាំ​តែ​ប៉ុណ្ណោះ៕​