ខេត្តសៀមរាប៖ ដោយសារ​មើល​ឃើញ​ពី​ស្ថានភាព​​កុមារ​​​នៅ​តាម​​ភូមិឋាន​នៃ​ទី​ជនបទ​ មិន​​​មាន​ឱកាស​អាច​ទទួល​បាន​​​ការ​សិក្សា​​​តាម​អនឡាញ​​ដូច​​​ជា​កុមារ​​នៅ​ទីក្រុង​ នា​ពេល​សាលា​​​ផ្អាក​​​ក្នុង​គ្រា​មាន​​វិបត្តិ​កូវីដ​នេះ ស្រ្តី​វ័យ ​២០ ឆ្នាំ​ប្លាយ​​ម្នាក់​​នឹក​ឃើញ​ស្ម័គ្រ​​​ចិត្ត​បង្កើត​បណ្តាល័យ​ភូមិ​ ដើម្បី​ជួយ​ដល់​​កុមារា​​-កុមារី​​​ នៅ​ក្នុង​សហគមន៍​អាច​ចូល​អាន​​សៀវភៅ​ក្រេប​ចំណេះ​ដឹង បំពេញ​​ពន្លឺ​វិជ្ជា​​។​

ចំពោះ​បណ្ណាល័យ​ភូមិ​​នោះ ក៏​​បាន​បង្កើត​​ភាព​ភ្ញាក់​ផ្អើល​ពេញ​​បណ្តាញ​សង្គម​ ខណៈ​គេ​ឃើញ​​លេច​ចេញ​គណនី​ហ្វេសប៊ុក​​ឈ្មោះ Soth Bopha ឬ​ម្ចាស់​គណនី​ឈ្មោះ​កញ្ញា សុទ្ធ បុប្ផា ដែល​ជា​អ្នក​​​​ផ្តើម​គំនិត​បង្កើត «​បណ្ណាល័យ​ភូមិ​អារក្ស​ស្វាយ» នោះ ខណៈ​​ពេល​នេះ​​មាន​​សៀវភៅ​សរុប​ជាង ៣០០ ក្បាល ​ទៅ​ដាក់​ទុក​ឲ្យ​កុមារ និង​បង​​ប្អូន​ខ្មែរ​​​ក្នុង​សហគមន៍​នៃ​ភូមិ​​​​អារក្ស​ស្វាយ សង្កាត់​នគរ​ធំ ក្រុង​​​សៀមរាប នៅ​តំបន់​ព្រៃ​អង្គរ​ ក្បែរ​ស្រះស្រង់​បាន​ចូល​អាន​ជា​បណ្តើរៗ​មក​ហើយ​​។​​

បងស្រី​ដា ជួយ​លាបពណ៌​ពេល​បង្កើតបណ្ណាល័យ​ភូមិអារក្សស្វាយ នៅខេត្ត​​សៀមរាប​​​​។ រូបថត សហ​ការី

កញ្ញា សុទ្ធ បុប្ផា ជា​អ្នក​​ផ្តួច​ផ្តើម​បង្កើត​បណ្ណាល័យ​ភូមិ​អារក្ស​​ស្វាយ ដែល​បាន​ស្នើសុំ​ផ្ទះ​អ្នក​ភូមិ​​ឈ្មោះ ដា ខណៈ​អ្នក​ទាំង ​២ ​​ស្គាល់​គ្នា​ និង​រាប់​អាន​គ្នា​ជិត​ ​៣ ឆ្នាំ​ហើយ។ ​កញ្ញា បុប្ផា​ បាន​បញ្ជាក់​ពី​គោល​​បំណង​​ដែរ​ថា៖ «​ព្រោះ​តែ​នាង​ខ្ញុំ​សង្កេត​ឃើញ​​ថា​ ក្រុម​ក្មេងៗ​​​ក្នុង​​ភូមិ​នេះ ក្រៅ​ពី​​​មិន​បាន​ទៅ​រៀន​​​ដោយសារ​តែ​​សាលា​បិទ​នា​អំឡុង​ពេល​មាន​​វិបត្តិ​ដោយ​​ជំងឺ​​កូវីដ ​១៩ ​ក៏​អត់​មាន​ឱកាស​រៀន​​សូត្រ​​តាម​​​ទូរទស្សន៍ ឬ​អ៊ីនធឺណិត (រៀន​អនឡាញ) ទៀត​នោះ អាណិត​ពួក​គាត់​ ទើប​នឹក​គិត​បង្កើត​បណ្ណាល័យ​ភូមិ​អារក្ស​ស្វាយ​​នេះ​​​​​​​ឡើង​ ក្រែង​​អាច​ជួយ​ឲ្យ​ពួក​​គាត់​បាន​​រៀន​​សូត្រ​យក​ចំណេះ​វិជ្ជា​ខ្លះ​ ​ក្នុង​​គ្រា​មាន​វិបត្តិ​​នេះ​។​ ឥឡូវ​ ខ្ញុំ​​ទទួល​បាន​សៀវភៅ​​​ពី​ការ​បរិច្ចាគ និង​ទិញ​ខ្លះ​​​ចំនួន​ជាង ៣០០ ក្បាល​ហើយ។ ខណៈ​​​សៀវភៅ​មាន​​លក្ខណៈ​​ចម្រុះ​ មិន​​មែន​​​​​មាន​តែ​​សៀវភៅ​​​កុមារ​​​នោះ​ឡើយ​​​​​​​ ​គឺ​​មាន​​ទាំង​​​​មនុស្ស​ចាស់​ដែរ អាច​ចូល​អាន​បាន»។​

កុមារា-កុមារីចូល​អានសៀវភៅនៅ​បណ្ណាល័យអារក្សស្វាយ។ សហ​ការី

កញ្ញា សុទ្ធ បុប្ផា ​​បន្ត​ថា​៖ «​នេះ​​ជា​ការ​សាកល្បង​សម្រាប់​គំនិត​​ជា​គម្រោង​ធំ​មួយ​​របស់​នាង​​​ខ្ញុំ​ដែរ ប្រសិន​បើ​ការ​បើក​បណ្ណាល័យ​​​ភូមិ​អារក្ស​នេះ​ អាច​ដំណើរការ​ទៅ​បាន​ល្អ ដោយ​មាន​​កុមារ​ទាំងឡាយ​ក្នុង​សហគមន៍​​ចូល​អាន​សៀវភៅ​ក្រេប​ចំណេះ​ដឹង​​បាន​ច្រើន ហើយ​មាន​អ្នក​ជួយ​ឧបត្ថម្ភ​ បន្ត​បន្ទាប់​នោះ​ គឺ​នាង​ខ្ញុំ​នឹង​បន្ត​ធ្វើ​កិច្ច​ការ​ស្ម័គ្រ​ចិត្ត​ផង​ដែរ»។​

ប្រសិន​បើ ​​បងប្អូន​មាន​ទឹក​ចិត្ត​សប្បុរស​​ចង់​ឧបត្ថម្ភ​សម្ភារ​សិក្សា ឬ​បរិច្ចាគ​ថវិកា សម្រាប់​ទិញ​​សៀវភៅ​ សូម​ទំនាក់ទំនង​​​កញ្ញា សុទ្ធ បុប្ផា ​តាម​លេខ​ទូរស័ព្ទ 077 64 64 19 ឬ​​ហ្វេសប៊ុក​ Soth Bopha៕