ភ្នំពេញ៖ ខណៈគូស្វាមីភរិយាជាតារាសម្តែង និងចម្រៀង ១ គូ កំពុងតែត្រៀមចិត្តត្រៀមកាយ ក្លាយជាឪពុកម្តាយគេនៃសម្ព័ន្ធស្នេហ៍អាពាហ៍ពិពាហ៍ជិត ១ ឆ្នាំ នោះស្រាប់តែលោក ថូមមី ជាស្វាមីតារាចម្រៀងស្រីទ្រនំហង្សមាស បង្ហោះសារ និងរូបរថយន្តថ្មី ១ គ្រឿង មើលទៅហាក់ដូចជាការត្រៀមស្វាគមន៍កំណើតកូនស្រីដំបូងពួកគេ បង្កើតភាពភ្ញាក់ផ្អើលដល់មហាជន។
បើតាមគម្រោងនោះតារាសម្តែងថ្ពាល់ខួចលោក ថូមមី ដែលជាស្វាមីអ្នកនាង សួស វីសា នឹងនាំភរិយាទៅសម្រាលបុត្រីនៅមន្ទីរពេទ្យមួយនៅប្រទេសថៃ តែឥឡូវនេះ បានផ្លាស់ប្ដូរចិត្តមកសម្រាលនៅមន្ទីរពេទ្យក្នុងស្រុកវិញ ព្រោះតែជំងឺកូវីដ ១៩ មិនទាន់ស្ងាត់ ដោយត្រូវសម្រាលនៅថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០២០ ខាងមុខនេះ បន្ទាប់ពីបានរៀបមង្គលការកាលពីថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩ កន្លងមក។
យ៉ាងណាពេលភរិយាពពោះជិត ៩ ខែ តែមិនទាន់សម្រាលផងនោះ ប្តីប្រពន្ធតារាសម្តែង និងចម្រៀងលោក ប៊ុនថុល ប៊ុនថង ហៅ ថូមមី និងអ្នកនាង សួស វីសា ក៏បានដាក់ឈ្មោះកូនស្រីរបស់ខ្លួនរួចទៅហើយដែរ គឺមានឈ្មោះថា «Jenny» ខណៈតារាចម្រៀងស្រីដែលតែងតែសរសើរស្វាមីខ្លួនថា ជាបុរសពូកែថ្នាក់ថ្នមចិន្ដានាងគ្រប់ពេលទាំងអស់ទើបនាងចាត់ទុកខ្លួនឯងថា គឺជានារីដែលមានសំណាងម្នាក់ប្រៀបដូចជាម្ចាស់ក្សត្រីអីចឹង ជាពិសេសពេលដែលពោះធំ ត្រូវប្ដីថ្នមចិត្តគ្រប់យ៉ាង។
ចំពោះរឿងការចំណាយប្រាក់ទិញរថយន្តទំនើបនោះ បើតាមក្រុមអ្នកប្រមាញ់ពីជីវិតឯកជនរបស់ប្តីប្រពន្ធជាតារា ១ គូនេះ ក៏លាន់មាត់លើកឡើងថា៖ «អ៊ីយ៉ា! សួស វីសា ពិតជាសំណាង និងមានគ្រួសារអស្ចារ្យមែន! ចាប់តាំងពីដឹកដៃតារាសម្ដែងប្រុសលោក ប៊ុនថុល ប៊ុនថង ហៅលោក ថូមមី រៀបការកាលពីថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩ មក ឃើញថា គូស្នេហ៍តារា ១ គូនេះ គឺមានជីវភាពកាន់តែធូរធារខ្លាំង ដូចជាពេលនេះ ពួកគេរស់នៅផ្ទះវីឡាស្កឹមស្កៃ តម្លៃជាង ២០ ម៉ឺនដុល្លារ នៅបុរីជីបម៉ុងលែន (ផ្លូវ ជា សុផារ៉ា) និងធ្លាប់ឃើញជិះរថយន្ដទំនើបៗរួមមានឡានម៉ាក Lexus LX570 Kuro2020 ម៉ាក Lexus Nx200t ម៉ាក Lexus LS600 ម៉ាក Mazda ជាដើម និងថ្មីៗនេះស្រាប់តែប្តីរបស់នាងបង្ហោះរូបរថយន្តថ្មី ១ ទៀត គឺឡានម៉ាក Tundra »។
ចេញពីគណនីហ្វេសប៊ុក លោក ថូមមី គេឃើញសារអមនឹងរូបរថយន្តថ្មីបង្ហើរថា៖ «ស្វាគមន៍សមាជិកថ្មីបន្ថែម អរគុណសន្តិភាព អរគុណការខំប្រឹងប្រែងតស៊ូ អរគុណប្រពន្ធដែលតែងតែឲ្យកម្លាំងចិត្តប្តី សូមឲ្យហេងហេង និងចម្រើនទៅមុខ»៕