ក្រុងស៊ីដនី: ស្វា​អូ​រ៉ង់​អូតង់ ស៊ូ​ម៉ា​ត្រា ចាស់​បំផុត​ក្នុង​លោក ដែល​មាន​កូន ១១ ក្បាល និង​ចៅ ៥៤ ក្បាល ពង្រាយ​នៅ​ទូទាំង​ពិភពលោក បាន​ងាប់​នៅ​អាយុ ៦២ ឆ្នាំ។ នេះ​បើ​យោង​តាម​ក្រុម​មន្ដ្រី​សួន​សត្វ​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ។

ពួន ជា​ឈ្មោះ​ឥណ្ឌូនេស៊ី​សម្រាប់​ប្រើ​ជាមួយ​ស្ដ្រី បាន​ងាប់​កាលពី​ថ្ងៃ​ចន្ទ នៅ​សួន​សត្វ​ក្រុង​ភើត ជាទី​ដែល​មេ​ស្វា​ធំ​នេះ​រស់​នៅ ក្រោយ​ក្លាយជា​កាដូ​ពី​ម៉ាឡេស៊ី​កាល​ពី​ឆ្នាំ ១៩៦៨។

អ្នកគ្រប់គ្រង​សួន លោក ហូល​លី ថម​សុន បាន​និយាយថា៖ «វា​មាន​អនុស្សាវរីយ៍​ជាច្រើន​នៅ​សួន​សត្វ​ភើត​នេះ​បាន​បង្កើត​កូនចៅ​យ៉ាង​ច្រើន​ថែម​ទៀត។ ក្រៅ​ពី​ជា​សមាជិក​ដ៏​ចាស់​បំផុត វា​ក៏​ជា​សមាជិក​ស្ថាបនិក​នៃ​កម្មវិធី​បង្កាត់​ពូជ​ដ៏​ល្បីល្បាញ​ទូទាំង​ពិភពលោក​យើង​ផង​ដែរ។ សែ​ស្រឡាយ​របស់​អូរ៉ង់​អូតង់ ស៊ូម៉ាត្រា នេះ​មាន​មិន​ដល់ ១០ ភាគរយ​នៃ​ចំនួន​សត្វ​សាស្ដ្រ​សរុប​ទូទាំង​ពិភពលោក»។

ពួន មានកូន​ចំនួន ១១ ក្បាល និង​សែស្រឡាយ​សរុប ៥៤ ក្បាល​នៅ​សហរដ្ឋអាមេរិក អឺរ៉ុប ទ្វីប​អូស្ដ្រាលី និង​ព្រៃ​ស៊ូម៉ាត្រា។ ចៅទួត​របស់​វា​ឈ្មោះ នីយ៉ារុ ជា​សែ​ស្រឡាយ​ចុង​ក្រោយ​បំផុត​របស់​វា​ត្រូវ​បាន​លែង​ចូល​ទៅ​ក្នុង​ព្រៃ។

កើត​ក្នុង​ឆ្នាំ ១៩៥៦ វា​ត្រូវបាន​ឯតទគ្គ​កម្មហ្គីនណេស​ពិភពលោក​ចុះបញ្ជី​ជា​ស្វា​អូ​រ៉ង់​អូតង់ ស៊ូម៉ាត្រា ចាស់​បំផុត​ក្នុង​លោក ដោយ​ជាទូទៅ សត្វ​ធំ​អូរ៉ង់​អូតង់​ញី​កម្រ​រស់​លើស​ពី​អាយុ ៥០ ឆ្នាំ​ណាស់។

លោក ថម​សុន ឲ្យ​ដឹងថា វា​បាន​ចាកចោល​កូនញី ២ ក្បាល​នៅ​សួនសត្វ រួម​ជាមួយ​ចៅ ៤ ក្បាល និង​ចៅទួត​ឈ្មោល ១ ក្បាល​ផងដែរ៕