ភ្នំពេញៈ ថ្មីៗ​នេះ​ស្រាប់តែ​លេច​វត្តមាន​តារាសម្តែង​ស្រី​ជើងចាស់​អុ្នកនាង ស្វែង សុជាតា ថតរូប​ជាមួយ​នឹង​តារាសម្តែង​ប្រុស​ជើងចាស់ និង​ជា​ផលិតករ​ចិន​ហុងកុង​ដ៏ល្បី​លោក អេរីក តាំង (Eric Tsang) នៅ​ស្រុក​ខ្មែរ ហើយ​ក៏​លេចដំណឹង​បន្ទរ​បែប​ឆ្ងល់​ថា តារា​ស្រី​រូបនេះ​កាក់កប​តែ​ថត​ឲ្យ​ផលិតកម្ម​អន្តរជាតិ ខណៈ​ផលិតកម្ម​ក្នុង​ស្រុក​ដូចជា​ស្ងាត់ឈឹង និង​មិន​មាន​ឃើញ​ក្នុង​កុន​ខ្មែរ​ថ្មី​សោះ​។

តែ​ការងឿងឆ្ងល់​យ៉ាង​ខ្លាំង​ក្នុងពេល​ថ្មីៗ​នេះ​ក៏​ស្រាប់តែ​តារាសម្តែង​ស្រី​ដែល​សម្បូរ​ទេពកោសល្យ​អ្នកនាង ស្វែង សុជាតា បង្ហើប​ឲ្យ​ដឹង​ពី​ដំណឹង​ភ្លាមៗ​ថា​៖ «​អត់​ទេ​!​តាមពិត​ទៅ​រឿង​ថតកុន​នោះ នាង​ខ្ញុំ​ថត​ឲ្យ​ទាំង​ផលិតកម្ម​ក្នុង និង​ក្រៅ​ស្រុក មិន​បាន​ប្រកាន់​ថា ទាល់តែ​ផលិតកម្ម​អន្តរជាតិ ទើប​ទទួល​ថត​នោះ​ទេ​។ ផលិតកម្ម​ក្នុង​ស្រុក នាង​ខ្ញុំ​បាន​ថត​ឲ្យ​ផលិតកម្ម​ទូរទស្សន៍​នានា​ដូចជា​ប៉ុស្តិ៍​លេខ​ ៥ ប៉ុស្តិ៍​ PNN និង​ប៉ុស្តិ៍ CTN ជាដើម​គឺ​សឹងតែ​គ្មាន​ពេល​ទំនេរ​ឡើយ​»​។

ខណៈ​ពេល​បច្ចុប្បន្ន​នេះ​គេ​តែងតែ​ឃើញ​ស្វាមី និង​អ្នកនាង ស្វែង សុជាតា បាន Lives វីដេអូ តាម​ហ្វេសប៊ុក​ប្រកាស​ផ្សាយ​ពី​ដំណឹង​បន្ត​លក់​ថ្នាំ​ឱសថ​បុរាណ​ដូច​កាលពី​មុន គ្រាន់តែ​ជា​ការប្រកបរបរ​កំប៉ិកកំប៉ុក​បែប​លក្ខណៈ​គ្រួសារ​តែ​ប៉ុណ្ណោះ ហើយ​តារា​ស្រី​រូបនេះ​ក៏​មិន​ទាន់​បាន​ប្រកាស​ថា​បោះបង់​ចោល​ការងារ​សិល្បៈ​ថតកុន​ដែរ​នោះ​បាន​បន្ត​ថា​៖ «​ចំពោះ​កុន​ដុំ ដែល​នាង​ខ្ញុំ នឹង​សម្តែង​ឲ្យ​ផលិតកម្ម​អន្តរជាតិ​មួយ​គឺជា​ការសហការ​គ្នា​រវាង​ផលិតកម្ម​របស់​តារាសម្តែង​ប្រុស​ជើងចាស់ និង​ផលិតករ​ចិន​លោក Eric Tsang និង​ផលិតករ​លោក Jimmy Henderson»​។

ចំពោះ​កុន​ដុំ​ដែល​មាន​ចំណងជើង​ថា «​ទេវតា​ការពារ​» នោះ បើ​តាម​ការប្រកាស​ឲ្យ​ដឹង​ពី​ផលិតកម្ម​ដូចជា​ត្រូវ​ចំណាយ​ប្រាក់​អស់ ១ លាន​ដុល្លារ​។ សម្រាប់​នាង​ខ្ញុំ​នៅក្នុង​រឿងនេះ​គ្រាន់​តែ​បាន​សម្តែង​ជា​តួ​បន្ទាប់បន្សំ​តែ​ប៉ុណ្ណោះ​»​។

តាមធម្មតា​នាពេល​កន្លង​មក​គឺ​ថា​តារាសម្តែង​ស្រី​សម្បូរ​ទេពកោសល្យ​រូបនេះ មិន​សូវ​ជា​មាន​ការរអ៊ូរទាំ​ពី​រឿង​មាន​ការលំបាក​នៅក្នុង​ការថតសម្តែង​កុន​ឡើយ​ទាំង​ផលិតកម្ម​ក្នុងស្រុក និង​ក្រៅ​ស្រុក ជាពិសេស​នោះ​សូម្បី​តែ​ការថត​ឲ្យ​តារាស្រី និង​អ្នកដឹកនាំ​រឿង​ល្បី​របស់​ហូលីវូដ អ្នកស្រី អេនជេលីណា ជោលី ជាដើម​។ តែ​លើក​នេះ​អ្នកនាង ស្វែង សុជាតា ក៏​ស្រាប់​តែ​និយាយ​ថា​៖ « ប្រសិន​បើ​កុន​ជា​ភាសា​អង់គ្លេស​នោះ​គឺ​នាង​ខ្ញុំ​អត់​មាន​បញ្ហា​ឡើយ តែ​កុន​នេះ​មាន​ប៉ារ៉ូល​ជា​អក្សរ​ភាសា​ចិន ដូចជា​មាន​ការលំបាក​ខ្លះ​ដែរ​សម្រាប់​នាង​ខ្ញុំ​ក្នុង​ការបន្លឺ​សូរសំឡេង​ឲ្យ​ត្រូវ បើ​ទោះបី​ត្រូវ​កត់​សូរ​ជា​ភាសា​ខ្មែរ​យក​មក​មើល​ក៏ដោយ​»៕