ភ្នំពេញ៖ ដោយសារ​តែ​​​ការ​ចូល​មើល​​ខ្សែ​វីដេអូ​ឃ្លីប​ខ្លីៗ​នៃ​ប៉ុស្តិ៍​​យូធូប​មាន​​​ឈ្មោះ​​ថា Yong Ye Channel ពី​​សំណាក់​កូន​តូច​របស់​ខ្លួន ហើយ​ក៏​ជះ​ឥទ្ធិពល​មិន​ល្អ តាម​​​ការ​ចម្លង​​ពាក្យ​សម្តី​​​មិន​សមរម្យ​នានា​មក​​ប្រតិបត្តិ​ជាមួយ​បង​ខ្លួន​​នោះ ទើប​​អ្នកនាង ស្វែង​ សុជាតា​ ​ទ្រាំ​លែង​បាន​​​ក៏​ចេញ​​​​សារ​​បង្ហាញ​ពី​​​ការ​មិន​ពេញ​​​ចិត្ត​​​តែ​ម្តង​។​

បើ​​ពិនិត្យ​តាម​ធម្មតា​នោះ​ ​​​តារា​សម្តែង​ស្រី​​សម្បូរ​ទេពកោសល្យ ស្វែង សុជាតា ​​រូប​នេះ ​មិន​សូវ​ជា​​មាន​ការ​រអ៊ូ​នឹង​​​អ្វី​ទាក់ទង​នឹង​បញ្ហា​សង្គម​នោះ​​ទេ តែ​លើក​នេះ ​ហាក់​ដូចជា​សម្តែង​ការ​ព្រួយ​​​​បារម្ភ​ពី​ឥទ្ធិពល​នៃ​ពាក្យ​សម្តី​​​នេះ​​ខ្លាំង​ណាស់​ ​ដែល​កំពុង​តែ​សាប​​ព្រោះ​​គ្រាប់​ពូជ​យ៉ាង​លឿន​​ផង​​ដែរ ជា​ពិសេស​​ពី​សំណាក់​កុមារា​-​កុមារី​​​ ជាមួយ​​​ខ្សែ​វីដេអូ​មួយ​​ចំនួន ដែល​​មាន​ការ​សម្តែង​ដោយ​​​​ក្រុម​​​កុមារា​កុមារី និង​មនុស្ស​ធំ​ដែរ​ ​ពី​ប៉ុស្តិ៍​​ Yong Ye Channel នោះ​។​

ជា​​​ការ​កត់​សម្គាល់​ ឃើញ​​​ចំនួន​ចូល​​មើល​ច្រើន​​​រហូត​ដល់​ទៅ​​រាប់​សិប​លាន​​នាក់​ (Viewers ) តួ​​យ៉ាង​​ដូច​​ជា ​ខ្សែ​វីដេអូ​មួយ មាន​ចំណង​ជើង​​ថា​​ «ជី​ធម្មជាតិ UPLML Nano​» មាន​អ្នក​មើល​​​​ ​៣៣ លាន​នាក់​​ ឬ​ 33 M​ Viwers។ ​​

ដូច្នេះ​ហើយ ទើប​បាន​ជា​តារា​​សម្តែង​​ស្រី​អ្នកនាង ស្វែង សុជាតា សរសេរ​បង្ហោះ​​អម​​នឹង​រូបភាព​មាន​ក្រុម​​ខាង​​​លើ​ថា៖ «នាង​ខ្ញុំ​ក៏​មិន​សប្បាយ​ចិត្ត​ទេ​ ​ពេល​ឮ​​កូន​តូច​របស់​ខ្ញុំ​ និយាយ​តាម​​នូវ​ពាក្យ​មិន​គួរ​គប្បី​មួយ​ចំនួន​​​របស់​ក្រុម​ក្មេងៗ​​នេះ​ មាន​ពាក្យ​ខ្លះ​​ សូម្បី​​តែ​បង​ប្រុស​របស់​គេ ​មាន​អាយុ ​17 ឆ្នាំ ​មិន​​ដែល​ហ៊ាន​និយាយ​ ​តែ​បែរ​ជា​គេ​អាយុ 4 ឆ្នាំ ហ៊ាន​និយាយ​​នូវ​ពាក្យ​​អសុរោះ​នេះ​​ រហូត​​ត្រូវ​ បង​ប្រុស​របស់​គេ​កំពុង​តែ​​ស្អប់​បំផុត រាល់​​ពេល​ឮ​សំឡេង​ក្មេងៗ​​​អស់​នេះ ​ចេញ​ពី​វីដេអូ ​ដែល​​ប្អូន​គេ​កំពុង​​មើល។ ​បើ​អាច​បិទ​ចោល​​ ដូច​ជា​គំនូរ​ជីវចល​​​ជីងចាំង​ក៏​ល្អ​ដែរ​ ការពារ​​​ទំពាំង​​​ត្រូវ​​គេ​យក​ទៅ​ធ្វើ​ជ្រក់​អស់!»។​​​

ពាក់ព័ន្ធ​នឹង​ក្តី​បារម្ភ​នៃ​ឥទ្ធិពល​​ពាក្យ​​សម្តី​មិន​ល្អ​នានា​​ចេញ​​​ពី​ប្រភព​វីដេអូ​ឃ្លីប​ខ្លីៗ​ ប៉ុស្តិ៍​​ Yong Ye Channel ​អ្នកនាង ស្វែង​ សុជា​តា ក៏​មិន​បញ្ជាក់​បន្ថែម​ដែរ ​ខណៈ​ភ្នំពេញ​ ប៉ុស្តិ៍​ បាន​​​​ទាក់ទង​តាម​លេខ​​ទូរស័ព្ទ​ទាំង ​២ ​ប្រព័ន្ធ​ចូល តែ​គ្មាន​អ្នក​លើក​​ ដោយ​សារ​តែ​ជាប់​រវល់​​​​​ថត​កុន​ នេះ​បើ​តាម​ការ​បង្ហើប​​ពី​ស្វាមី​របស់​គាត់ ​តាម​ទូរស័ព្ទ​មួយ​​ខ្សែ​ផ្សេង​ទៀត​​ នា​ពេល​​រសៀល​​​ថ្ងៃ​ម្សិលមិញ​​ដូច​គ្នា​នោះ​​។

ក្រៅ​ពី​សារ​ចូល Comments យល់​ស្រប​​មតិ​របស់​​​អ្នកនាង ស្វែង​ សុជាតា ​ចំពោះ​ឥទ្ធិពល​មិន​ល្អ​តាម​រយៈ​ពាក្យ​សម្តី​នៃ​វីដេអូ​​នោះ ក៏​មាន​អ្នក​ជំទាស់​ផង​ដែរ​​។

ដូចជា​​​មាន​ម្នាក់​​សរសេរ​ថា​៖​ «ខ្ញុំ​គាំទ្រ​អ្នក​មីង ​តាំងតែ​ពី​​ខ្ញុំ​នៅ​​តូច​ តាំងតែ​ពី​ខ្ញុំ​ស្គាល់​អ្វី​​ហៅ​ថា​ ការ​សម្តែង​ គ្រប់​ការ​សម្តែង​​របស់​អ្នក​មីង​គឺ​ធ្វើ​ឲ្យ​​​ខ្ញុំ​មាន​អារម្មណ៍​ថា​ សិល្បៈ​​ខ្មែរ​អស្ចារ្យ។​ តែ​ខ្ញុំ​អន់​​​ចិត្ត​នឹង​អ្វី​ដែល​​អ្នក​មីង ​និយាយ​​ទៅ​លើ​ក្រុម​ក្មេងៗ​ទាំង​​​​​នេះ។​​ ធម្មតា​ពាក្យ​ថា ​សិល្បៈ​​នៃ​ការ​សម្តែង ​គឺ​វា​​គ្មាន​​​ព្រំដែន​ទេ ​​ហេតុ​អី​អ្នក​មីង​ចិត្ត​ចង្អៀត ​នឹង​​ការ​​សម្តែង​​ពួក​គាត់​​។ ​​​ទទួល​ស្គាល់​ថា​ ពាក្យ​​ខ្លះ​​មិន​សមរម្យ តែ​ក្នុង​ Video របស់​ពួក​គាត់​ភាគ​ច្រើន គឺ​អប់រំ...»៕​