ភ្នំពេញ៖ បង្កើតភាពភ្ញាក់ផ្អើលដល់មហាជន និងមិត្តរួមអាជីពសិល្បៈ ខណៈគេកម្រឃើញតារាសម្តែងស្រីសម្បូរទេពកោសល្យ អ្នកនាង ស្វែង សុជាតា ទម្លាយសារតាមបណ្តាញសង្គម បរិយាយពីរឿងរ៉ាវផ្ទុះកំហឹងនឹងផលិតកម្មភាពយន្តណាមួយខ្លាំងណាស់ តាំងពីបានប្រឡូកនៅក្នុងវិស័យសិល្បៈសម្តែងភាពយន្តនេះមក។
ទោះជាយ៉ាងណាតារាសម្តែងស្រីជើងចាស់អុ្នកនាង ស្វែង សុជាតា ហាក់នៅមានទឹកចិត្តល្អនៅឡើយ ដោយបានទុកឱកាសរយៈពេល ៤៨ ម៉ោង ដើម្បីទុកឱ្យភាគីតំណាងផលិតកម្មកុនល្បីឈ្មោះ ១ ដែលបង្កបញ្ហារកាំរកូស ជាមួយភាពមិនគោរពពាក្យសន្យាចំពោះការហៅអ្នកនាងទៅថតកុន ហើយក៏បានប្រែក្រឡាស់ថា មិនបានថតវិញ ដែលត្រូវខាតបង់ប្រាក់ជាច្រើនរយដុល្លារ សម្រាប់រយៈពេល ៣ ថ្ងៃ ដោយការជំនួសជាប្រាក់សុំទោសត្រឹម ៥០ ដុល្លារ។
ខណៈបើតាមអ្នកនាង ស្វែង សុជាតា ដែលទើបបានថតកុនជាមួយនឹងតារាសម្តែងប្រុសជើងចាស់ និងជាផលិតករចិនហុងកុងដ៏ល្បីលោក អេរីក តាំង (Eric Tsang) នៅស្រុកខ្មែរ គឺថតកុនដុំមានចំណងជើងថា «ទេវតាការពារ» កាលពីចុងឆ្នាំ ២០១៩ ចំណាយប្រាក់អស់ ១ លានដុល្លារនោះ បានបង្ហើបប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «តាំងពីថ្ងៃម្សិលមិញ [ថ្ងៃទី ៣ ខែ វិច្ឆិកា ឆ្នាំ ២០២០] ដែលនាងខ្ញុំបានបង្ហោះសារតាមហ្វេសប៊ុករហូតដល់រសៀលថ្ងៃទី ៤ ខែ វិច្ឆិកា ឆ្នាំ ២០២០] អ្នកដែលបានទាក់ទងហៅខ្ញុំថតកុននោះ នៅមិនទាន់បានមកដោះស្រាយបញ្ហាជាមួយខ្ញុំនៅឡើយទេ។ ហើយរឿងនេះ ខ្ញុំនឹងធ្វើតាមអ្វីដែលខ្ញុំនិយាយជាមិនខានទេ គឺថ្ងៃស្អែក [ថ្ងៃទី ៥ ខែ វិច្ឆិកា ឆ្នាំ ២០២០] ខ្ញុំនឹង LIVE វីដេអូនិយាយទារប្រាក់ខកខានក្នុងការថតកុននោះមកវិញ និងបង្ហើបប្រាប់ឈ្មោះផលិតកម្មល្បីឈ្មោះមួយ ដែលធ្លាប់ទទួលស្គាល់ពីវិស័យកុនហូលីវូដទៀតផងនោះ ជូនមហាជន និងអ្នកសិល្បៈគ្រប់រូបបានដឹងពីមុខមាត់ពិតរបស់ផលិតកម្មកុន ដែលមិនបានផ្តល់តម្លៃឱ្យអ្នកសិល្បៈខ្មែរខ្លួនឯងតែម្តង»។
តារាសម្តែងស្រីខ្មែរ ដែលមានទេពកោសល្យខ្ពស់អាចសម្តែងបត់បែនតាមតម្រូវការផលិតករ និងធ្លាប់ថតកុនឱ្យអ្នកស្រី អេនជេលីណា ចូលី អ្នកនាង ស្វែង សុជាតា បានបន្តឱ្យដឹងថា៖ «សម្រាប់រូបនាងខ្ញុំ រឿងនេះគឺជាលើកទី១ ហើយ ក្នុងបទពិសោធប្រឡូកអាជីពសម្តែងកុនរបស់ខ្ញុំ ដែលបានប៉ះចំផលិតកម្មល្បីឈ្មោះ តែបែរជាធ្វើការងារ បែបមិនមានភាពប្រាកដប្រជា ហើយមិនផ្តល់តម្លៃអ្នកសិល្បៈជាតិខ្លួនឯង។ បើតាមពិតទៅចំនួនប្រាក់នោះវាក៏មិនមានចំនួនច្រើនណាស់ណានោះឡើយ តែអ្វីដែលនាងខ្ញុំទទួលយកមិនបាននោះ គឺការមិនផ្តល់តម្លៃឱ្យអ្នកសិល្បៈជាខ្មែរដូចគ្នា ហើយនឹងរបៀបអ្នកធ្វើការងាររបស់ផលិតកម្មមួយនេះ ហាក់ខ្វះការទទួលខុសត្រូវលើកិច្ចការងារខ្លួនទៀតផង»៕