ភ្នំពេញ៖ នាពេល​ថ្មីៗ​នេះ ស្រាប់​តែ​លេច​ព័ត៌មាន​ថា តារា​សម្តែង​ស្រី​ជើងចាស់ ដែល​មហាជន​ប្រសិទ្ធ​នាម​ថា តារា​ទឹក​ភ្នែក​អ្នកនាង ស្វែង សុជាតា បាន​ប្រកាស​លក់​ផ្ទះ ១ ល្វែង ជា​បន្ទាន់ ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ ដោយសារ​តែ​ជួប​វិបត្តិ​កូវីដ ១៩ នៅ​បន្ត​រាតត្បាត​មិន​ទាន់​ធូរស្បើយ​នោះ។

បើ​តាម​សារ​បង្ហោះ​នៅ​ក្នុង​ហ្វេសប៊ុក​បាន​បង្ហើរ​ថា៖ «នាង​ខ្ញុំ ត្រូវ​ការ​លក់​ផ្ទះ​ជា​បន្ទាន់​ក្នុង​តម្លៃ​ថោក​បំផុត​ក្នុង​ករណី​កូវីដ​នេះ តម្លៃ ៦០ ០០០$ ទីតាំង​បុរី​លឹម​ឈាងហាក់ អូដឹម ផ្លូវ​ចូល​ក្បែរ​របង​រោងចក្រ​សាន់នី ទំនាក់ទំនង​លេខ​ទូរស័ព្ទ​នាង​ខ្ញុំ​ផ្ទាល់ ០៨៨ ៨១១១១ ៣៦។ បញ្ជាក់ ប្លង់រឹង បង់​បុរី​ដាច់​ហើយ»។

តារា​សម្តែង​ស្រី​ជើង​ចាស់​អុ្នកនាង ស្វែង សុជាតា ដែល​មាន​ស្វាមី​ជា​គ្រូ​ផ្សំ​ថ្នាំ​ឱសថ​បុរាណ​ខ្មែរ និង​ទើបតែ​បាន​ប្រកាស​បើក​អាជីវកម្ម​ផ្ទាល់​ខ្លួន​ក្រៅ​សិល្បៈ​កាល​ពី​ឆ្នាំ​មុន បាន​បញ្ជាក់​ពី​មូលហេតុ​នាំ​ឱ្យ​ខ្លួន​សម្រេច​ចិត្ត​ប្រកាស​លក់​ផ្ទះ ១ ល្វែង​នោះ​ថា៖ «ដោយសារ​តែ​ស្ថានភាព​សេដ្ឋកិច្ច​គ្រួសារ កើត​ឡើង​នៅ​អំឡុង​ពេល​មាន​វិបត្តិ​កូវីដ ១៩ នេះឯង ទើប​ខ្ញុំ​ត្រូវ​សម្រេច​លក់​ផ្ទះ ១ ល្វែង ដែល​ជា​ផ្ទះ ១ ផ្សេង​ទៀត​ក្រៅ​ពី​ផ្ទះ​នាង​ខ្ញុំ​កំពុង​រស់នៅ ដើម្បី​យក​ប្រាក់​មក​ដោះស្រាយ​បញ្ហា​កំពុង​ជាប់​គាំង​ក្នុង​ការ​ប្រកប​របរ អាជីវកម្ម​នាង​ខ្ញុំ ជា​ពិសេស​ដើម្បី​ដោះស្រាយ​បញ្ហា​ជាមួយ​នឹង​ធនាគារ។ ផ្ទះ​ដែល​នាង​ខ្ញុំ​លក់​នោះ​ស្ថិតនៅ​ក្នុង​បុរី​លឹម​ឈាងហាក់ នៅ​តំបន់​អូដឹម​នៃ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​មាន​ទំហំ ក្បាល ៤ ម៉ែត្រ និង​បណ្តោយ ១៦ ម៉ែត្រ និង​សល់​នៅ​ក្រោយ និង​មុខ​ផ្ទះ​ជាង ១ ម៉ែត្រ​ទៀត​ផង។ ចំពោះ​តម្លៃ​ខ្ញុំ​លក់ ៦ ម៉ឺន​ដុល្លារ ដែល​ជា​តម្លៃ​លក់​បន្ទាន់ ហើយ​អាច​ចុះ​តិច​តួច​ទៀត​ដែរ»។

សម្រាប់​ទីផ្សារ​សិល្បៈ​របស់​តារា​សម្តែង​ស្រី​សម្បូរ​នូវ​ទេពកោសល្យ​រូបនេះ កាល​ពី​មិន​ទាន់​មាន​វិបត្តិ​កូវីដ ១៩ គេ​សង្កេត​ឃើញ​ថា អុ្នកនាង ស្វែង សុជាតា ចាប់​បាន​សុទ្ធតែ​ទីផ្សារ​ថត​កុន​លំដាប់​អន្តរជាតិ ដូចជា​បាន​ថត​រឿង​ជាមួយ​តារា​សម្តែង​ប្រុស​ជើងចាស់ និង​ផលិតករ​ចិន​ហុងកុង​ដ៏​ល្បី​លោក អេរីក តាំង (Eric Tsang) នៅ​ស្រុក​ខ្មែរ និង​ធ្លាប់​ថតកុន​ជាមួយ​នឹង​ការ​ដឹកនាំ​សម្តែង​តារា​សម្តែង​ស្រី លំដាប់​ហូលីវូដ អ្នកនាង អេនជេលីណា ជោលី ទៀត​ផង។ តែ​ពេល​បច្ចុប្បន្ននេះ ដោយសារ​តែ​ស្ថានភាព​ជំងឺ​កូវីដ ១៩ មិន​ទាន់​ស្រាកស្រាន្ត​នោះ ទើប​រាល់​ការ​ថត​កុន​នានា ក៏​ត្រូវ​លុប​ចោល​អស់។ អ្នកនាង ស្វែង សុជាតា បង្ហើប​ថា៖ «ពេល​នេះ រាល់​ការ​ហៅ​ថតកុន​ជា​ច្រើន​នោះ ត្រូវ​លុប​ចោល​ទាំង​អស់ ព្រោះ​បញ្ហា​កូវីដ ដូច្នេះ​ហើយ​បាន​នាង​ខ្ញុំ ត្រូវ​សម្រេច​ចិត្ត​លក់​ផ្ទះ ១ ល្វែង​នោះ ដើម្បី​ដោះស្រាយ​ជីវភាព»៕