ភ្នំពេញ: អ្នកនាង ស្វែង សុជាតា ងារ​ជា​កំពូល​តារា​ពូកែ​សម្តែង​ចរិត​កាច​ឆ្នាស ដែល​ពេល​នេះ​កំពុង​សំងំ​សោយ​សុខ​លើ​បង្គង​ជីវិត​គូស្នេហ៍​ក្រៅ​ខាន់​ស្លា​នឹង​ស្វាមី​វ័យ​ក្មេង​ខ្ចី​ជាង​ខ្លួន​ដែល​ជា​អតីត​សង្ឃ​សុំ​សីល​នៅ​ភ្នំ​គូលែន​នោះ តារា​ស្រី​រូប​នេះ​ក៏​ប្រឹង​យ៉ាង​ខ្លាំង​លើ​ការងារ​សិល្បៈ ហើយ​ក៏​ប្រកាស​ពី​ជំហរ​កាច់​រាង​ឲ្យ​ទាក់​ទាញ​លើ​វិថី​អាជីព​នេះ​ផង​ដែរ។

ថ្មីៗនេះ​តារា​សម្តែង​កាច​ឆ្នាសឆ្នើម​អ្នកនាង ស្វែង សុជាតា ត្រូវបាន​គេ​ប្រទះ​ឃើញ​រូប​ថត​ជាច្រើន​សន្លឹក ដែល​នាង​បង្ហោះ​ក្នុង​គណនី​ហ្វេសប៊ុក ដែល​ហ៊ុមព័ទ្ធ​ដោយ​ស្លៀក​សម្លៀក​បំពាក់​បែប​ស៊ីវិល័យ​សម័យ​ថ្មី​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​កោត​សរសើរ​ពី​សម្រស់​របស់​នាង។

ភ្ជាប់​នឹង​រូបភាព​ដែល​គ្របដណ្តប់​ដោយ​រ៉ូប​វែង ក្នុង​ពណ៌​ចម្រុះ​ប្រៀប​នឹង​រោម​ខ្លា​នោះ អ្នក​នាង​ក៏​បង្ហាញ​ថា៖ «រូបថត​ទាំង​អស់​នេះ គឺ​ថត​ទុកជា​អនុស្សាវរីយ៍ និង​ចង់​ប្រៀប​ធៀប​រូប​សម្រស់​ពេល ១០ ឆ្នាំ​ក្រោយ​ប្រែ​ជា​យ៉ាង​ណា?»។

ដោយសារតែ​កន្លងមក គេ​ច្រើនតែ​ឃើញ​តារា​ក្មេងៗ​ដែល​ជា​សិល្បៈ​ពន្លក​ថ្មី នាំគ្នា​បង្អួត​សម្រស់​ជាមួយ​ស្ទីល​ថត រូប កាច់​រាង​ប្លែកៗ តាម បែប​ផែន​រៀងៗ​ខ្លួន​បង្អួត​គ្នា​ពេញ​ហ្វេសប៊ុក ប៉ុន្ដែ​លើក​នេះ ស្រាប់​តែ​តារា​ស្រី​ជើង​ចាស់ ស្វែង សុជាតា បញ្ចេញ​ភាព​សិចស៊ី​ជាមួយ​ស្ទីល​គួរ ឲ្យ​ទាក់​ទាញ​មិន​ចាញ់ សិល្បករ​ពន្លក​ក្រោយ​វិញ​ម្ដង ជាមួយ​ការ​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ផ្ទឹម រូប​សម្ផស្ស​កាល​ពី​ដប់​ឆ្នាំ​មុន។

ឆ្លើយតប​នឹង​ការប្រៀបធៀប​រូប​សម្រស់​នាបច្ចុប្បន្ន​ទៅ​នឹង​អតីតកាល​កន្លង ១ ទសវត្សរ៍​នេះដែរ តារា​ស្រី​រូប​នេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាម​បណ្តាញ​សង្គម​ថា៖ «មិន​និយាយ​លេង​ទេ ទោះ​យ៉ាង​ណា យើង​ជា​ស្ត្រី ហើយ​ក៏​ជា​តារា​ទៀត អា​រឿង​ថែរក្សា​សម្រស់​នេះ ចាំ​បាច់​ត្រូវ​គិត​គូរ​ឲ្យ​ខ្លាំង»។

បន្ថែម​ពី​ហេតុផល​ខ្លាច​ប្រឈម​ការ​ថយ​ចុះ​ទីផ្សារ​សិល្បៈ ដោយសារ​ការ​ធ្វេស​ប្រហែស​រឿង​រូប​សម្រស់​នេះ​ដែរ អ្នក​នាង​ថា៖ «មិន​បាន​ទេ ការ​លេង​កុន បើ​យើង​មាន​តែ​សមត្ថភាព​សម្តែង តែ​បើ​រូប​សម្រស់​យើង​ចេះ​តែ​ធ្លាក់​ចុះ​តាម​វ័យ​នោះ ទីផ្សារ​សម្តែង​ខ្លាំង​យ៉ាង​ណា ក៏​ទប់​មិន​ជាប់​ដែរ អ៊ីចឹង​ហើយ​ចាំបាច់​ត្រូវ​គិតពី​រឿង​នេះ​ដែរ»។

ក្រោយពី​ជោគជ័យ​សម្តែង​ភាពយន្ត​កម្រិត​ហូលីវូដ ឲ្យ​កំពូល​តារា​ហូលីវូដ អេនជេលីណា ជោលី រឿង «មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​ខ្ញុំ» ឃើញ​ថា ជីវិត​អ្នកនាង ស្វែង សុជាតា ក៏មាន​ភាព​ស្រស់​ថ្លា​ជាង​មុន​ទាំង​ជីវភាព​ក៏​ធូរធារ​ដែរ។

តារា​ស្រី កំណើត​ពី​ខេត្ត​ព្រៃវែង រូបនេះ​និយាយ​ថា៖ «ទីផ្សារ​សម្តែង​សិល្បៈ​ដ្បិត​មុន​នេះ យើង​មាន​ឈ្មោះ​ហើយ តែ​ក្រោយ​ពី​សម្តែង​រឿង​កម្រិត​ហូលីវូដ ទីផ្សារ​កេរ្តិ៍​ឈ្មោះ​កាន់​តែ​ទទួល​ការ​ចាប់​អារម្មណ៍ មាន​រឿង​សម្តែង​ច្រើន រីឯ​របរ​លក់​ថ្នាំខ្មែរ​ផ្សំ​ពី​គ្រូ​ក្មេង​នោះ​ក៏មាន​ការ​ចាប់​អារម្មណ៍​ច្រើន​ដែរ។ តែ​យ៉ាង​ណា ខ្ញុំ​ក៏​ប្រឹង​ពង្រឹង​ការងារ​សិល្បៈ​ដែរ ព្រោះ​នេះ​ជា​ឆ្នាំង​បាយ​ធំ ហើយ​ក៏​ជា​ការ​ងារ​ដែល​យើង​ស្រឡាញ់ អ៊ីចឹង​ហើយ​ការថែ​សម្រស់​ក៏​ប្រឹង​តាម​ហ្នឹង​ដែរ»៕