The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ហាង​កាហ្វេ​កញ្ឆា​ដំបូង​​បង្អស់ ​បើក​សម្ពោធ​នៅ​សហរដ្ឋ​អាមេរិក​

ហាង​កាហ្វេ​កញ្ឆា​ដំបូង​​បង្អស់ ​បើក​សម្ពោធ​នៅ​សហរដ្ឋ​អាមេរិក​

Content image - Phnom Penh Post
អតិថិជន​ទទួលទានអាហារ​​ Fast Food និង​ជក់កញ្ឆា​ក្នុង​បំណង​កម្សាន្ត​​​។ រូបថត AFP

ហាង​កាហ្វេ​កញ្ឆា​ដំបូង​​បង្អស់ ​បើក​សម្ពោធ​នៅ​សហរដ្ឋ​អាមេរិក​

ក្រុង​ឡូសអេនជឺលេស៖ ភោជនីយដ្ឋាន​កញ្ឆា​ដំបូង​នៅ​អាមេរិក​បាន​បើក​ទ្វារ​ក្នុង​ក្រុង ​West Hollywood ដោយ​បម្រើ​​មុខ​ម្ហូប​ផ្សំ​ពី​ផលិតផល​រុក្ខជាតិ​ច្រើន​ប្រភេទ​ និង​រំពឹង​ថា ​នឹង​អាច​ប្រកួត​ប្រជែង​ជាមួយ​ហាង​កាហ្វេ​ល្បី​នៅ​ហូឡង់​ផង​ដែរ​។

ឈ្មោះ​ Lowell Farms: A Cannabis Cafe ភោជនីយដ្ឋាន​មាន​ ២៤០ កៅអី​ បើក​ទទួល​ភ្ញៀវ​​ចាប់​ពី ២១ នាក់​ឡើង​ ដែល​អាច​កុម្ម៉ង់​ពី​តារាង​​កញ្ឆា​ ដូច​អ្វី​ដែល​ពួក​គេ​កុម្ម៉ង់​ស្រា​ទំពាំង​បាយ​ជូរ​អ៊ីចឹង​។

«Flower Hosts» ឬ​បុគ្គលិក​ផ្នែក​កញ្ឆា​វេជ្ជសាស្ដ្រ​ ជួយ​ផ្ដល់​ការ​ណែនាំ​ដល់​ភ្ញៀវ​​ជ្រើសរើស​លើ​តារាង​​ដែល​ស័ក្ដិសម​នឹង​កញ្ឆា​​នីមួយៗ​ ព្រម​ទាំង​អានុភាព និង​រសជាតិ​ផលិតផល​ខុស​ៗ​គ្នា​។

នៅ​លើ​តារាង​នោះ មាន​កញ្ឆា​រមូរ ​១ ​ដុំ ​តម្លៃ ១៨ ដុល្លារ​ ផ្ដោត​លើ​ភាព​ខ្លាំង​ ដែល​ខ្លះ​អាច​ទទួល​ទាន​បាន ព្រម​ទាំង​​ភ្ជាប់​មក​ជាមួយ​នូវ​ខ្សៀ​បំពង់​ និង​ឧបករណ៍​ជក់​។

នាយិកា​ប្រតិបត្ដិ​ Andrea Drummer បាន​និយាយ​ខណៈ​​អ្នកស្រី​ស្ទង់​មតិ​ភ្ញៀវ​ពេល​​បើក​សម្ពោធ​បណ្ដោះ​អាសន្ន​កាល​ពី​ថ្ងៃ​ចន្ទ​ថា​៖ «ពិត​ជា​អស្ចារ្យ​ដែល​យើង​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ប្រវត្ដិសាស្ដ្រ​។ វា​ពិត​ជា​សំខាន់​ដែល​យើង​ត្រូវ​មាន​ទីកន្លែង​ជក់​កញ្ឆា​ដែល​ពី​មុន​ទាល់​តែ​ទៅ​ក្រុង​អាំស្ទែរដាំ ប្រទេស ​ហូឡង់​»។

Content image - Phnom Penh Post
ហាង​កាហ្វេមានបុគ្គលិក​​ជំនាញ​រង់ចាំ​សួរ​នាំ​ភ្ញៀវ​​ពីកម្រិត​​នៃ​ការប្រើប្រាស់​កញ្ឆា​​​របស់ពួកគេ។ រូបថត AFP

អ្នកស្រី​និយាយ​ថា អតិថិជន​ខំ​ហោះ​មក​តាំង​ពី​គ្រប់​ទិស​ទី​នៃ​ប្រទេស​ និង​ប្ដី​ប្រពន្ធ ​១ ​គូ ​ថែម​ទាំង​បាន​ធ្វើ​ដំណើរ​មក​តាំង​ពី​ចក្រភព​អង់គ្លេស​។

ការ​បើក​សម្ពោធ​ហាង​កាហ្វ​កញ្ឆា​កាល​ពី​សប្ដាហ៍​មុន​នេះ​បាន​កើត​ឡើង ​ខណៈ​ពេល​រដ្ឋ​ជា​ច្រើន​របស់​សហរដ្ឋ​អាមេរិក​បាន​អនុម័ត​សិទ្ធិ​ស្រប​ច្បាប់​ចំពោះ​​ការ​ប្រើប្រាស់​កញ្ឆា​នា​ពេល​ថ្មីៗ​​ ទាំង​បំណង​វេជ្ជសាស្ដ្រ និង​ការ​កម្សាន្ដ​។ យ៉ាង​ណា​មិញ ឱសថ​នេះ​នៅ​តែ​ខុស​ច្បាប់​​ក្នុង​កម្រិត​សហព័ន្ធ​។

Drummer បាន​និយាយ​ថា បុគ្គលិក​ផ្នែក​កញ្ឆា​វេជ្ជសាស្ដ្រ ៤០ នាក់ ​ប្រចាំ​ភោជនីយដ្ឋាន​ ត្រូវ​បាន​បណ្ដុះ​បណ្ដាល​ឲ្យ​តាម​ដាន​សកម្មភាព​ភ្ញៀវ​ ដើម្បី​ធានា​ថា ពួក​គេ​អាច​ទទួល​យក​នូវ​អានុភាព​កញ្ឆា​ដែល​ពួក​គេ​កុម្ម៉ង់​ និង​មិន​វង្វេង​វង្វាន់​។

អ្នកស្រី​បាន​ឲ្យ​ដឹង​ថា​៖ «បុគ្គលិក​របស់​យើង​ពិត​ជា​មាន​​ជំនាញ និង​បទពិសោធ​ក្នុង​ការ​សាកសួរ​ភ្ញៀវ​ថា តើ​អានុភាព​កញ្ឆា​ជ្រួតជ្រាប​ដល់​កម្រិត​ណា​»។

ចំពោះ Matt Kirschner ភោជនីយដ្ឋាន​ថ្មី ​គឺ​ជា​តម្រូវ​ការ​របស់​ប្រជាជន​តាំង​ពី​យូរ។

យុវសិស្ស​ផ្នែក​​ច្បាប់​វ័យ ២២ ឆ្នាំ បាន​និយាយ​ខណៈ​លោក​បាន​ជក់​បង្ហុយ​កញ្ឆា​អម​​ដោយ​នំ​​ឈីស និង​សាំងវិច​សាច់​មាន់​ជាមួយ​មិត្ដភក្ដិ ​Lowell's ថា​៖ «​នេះ ​គឺ​ជា​ឱកាស​ដ៏​អស្ចារ្យ ដែល​​សហរដ្ឋ​អាមេរិក​​អនុវត្ដ​វប្បធម៌​នេះ​ក្នុង​សករាជ​ថ្មី​​»។

យុវជនរូប​នេះ​​បន្ដថា​៖ «យើង​​បាន​ទទួល​បទ​ពិសោធ​រសជាតិ​កញ្ឆា​ហើយ​ជាតិ​នេះ​ពិត​ជា​មាន​​សំណាង​មែន»៕ AFP/HR

អត្ថបទគួរចាប់អារម្មណ៍