ភ្នំពេញៈ ការចាក់​សាក់​យ័ន្ត រូប​សត្វ​មាន​អំណាច​ដូចជា​សត្វ​ពស់ ខ្លា នាគ​ជាដើម ដែល​សម័យ​មុន​មាន​បញ្ចុះ​មន្ត​អាគម​សម្រាប់​អ្នក​ចម្បាំង​ធ្វើ​ឲ្យ​ស្បែក​ស្វិត តែ​សម័យ​បច្ចុប្បន្ន​វិញ ការ​ចាក់​សាក់​ប្រែ​ក្លាយ​សិល្បៈ​លម្អ​រាង​កាយ។

មិន​ថា​ប្រទេស​មានការ​រីកចម្រើន​ប៉ុនណា​ទេ ចំពោះ​សិល្បៈ​ចាក់​សាក់​នៅតែ​បន្ត​មាន​ការ​រើស​អើង​តិច ឬ​ច្រើន និង​មាន​ការ​មិន​ពេញ​ចិត្ត​ពី​មនុស្ស​នៅ​ក្នុង​សង្គម ដោយសារ​ស្នាម​សាក់​ច្រើន​មាន​នៅ​ដង​ខ្លួន​មនុស្ស ដែល​មិន​មាន​ការងារ​ពិត​ប្រាកដ ជា​ជន​ពិភព​ងងឹត​មិន​ទទួល​បាន​ការ​ផ្ដល់​តម្លៃ។

ប៉ុន្តែ​នៅ​ហាង​ចាក់​សាក់​មួយកន្លែង​ស្ថិតនៅ​ក្រោយ​រោងកុន​គិរី​រម្យ​ចាស់ លោក មាច សុជាតា ជា​ម្ចាស់​ហាង​ដែល​មាន​យីហោ Karu Tattoo បាន​អះអាង​ថា អតិថិជន​របស់​លោក​ភាគ​ច្រើន​ដែល​ប្រាថ្នា​រូប​សាក់ គឺ​សុទ្ធ​សឹង​តែ​ជា​អ្នក​មាន​ការងារ​សមរម្យ​ថ្លៃថ្នូរ។

នៅ​ហាង​ដែលមាន​សមាជិក៤នាក់​រួមទាំង​លោក សុជាតា ផ្ទាល់​សុទ្ធតែ​ជា​អ្នក​ជំនាញ​មាន​បទ​ពិសោធ​ជាង ១ ទសវត្សរ៍​មក​ហើយ។ ទឹក​ថ្នាំ​ល្អៗ​នាំចូល​មក​ពី​សហរដ្ឋ​អាមេរិក ត្រូវ​បាន​លាយ​បញ្ចូល​គ្នា​យ៉ាង​ផ្ចិតផ្ចង់ បូករួម​ទាំង​ការ​ប្រើ​ម៉ាស៊ីន​ទំនើបៗ​មិន​ឮ​សំឡេង​ខ្លាំង​ធ្វើ​ឲ្យ​រំខាន ឬ​មាន​អារម្មណ៍​ធុញ​រួម​ជាមួយ​គ្រូ​សាក់​មាន​បទ​ពិសោធ​ជាង ១០ ឆ្នាំ ព្រម​ទាំង​មាន​អនាម័យ​ខ្ពស់ ចៀស​វាង​ការ​ឆ្លង​ជំងឺ​នានា។

លោក មា​ច សុជាតា មាន​វ័យ ២៨ ឆ្នាំ ជា​ម្ចាស់​ហាង​សាក់​ទំនើប​មួយ​នេះ​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ផ្ទាល់​ពី​មូល​ហេតុ ដែល​ធ្វើ​ឲ្យ​ខ្លួន​បើក​កន្លែង​ចាក់​សាក់​ប្រជែង​ការ​រើស​អើង​ក្នុង​សង្គម​ថា៖ «ពី​ដំបូង​ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​ចូល​ចិត្ត​ស្ដាប់​ចម្រៀង និង​ចូលចិត្ត​មើល​អ្នក​ចម្រៀង​ច្រៀង​ហើយ​ក៏​សង្កេត​ឃើញ​ថា ពួកគាត់​មាន​សាក់​នៅ​លើ​ខ្លួន ក៏​គិត​ថា​ប្រហែល​ជា​គាត់​ចង់​បង្ហាញ​អ្វី​មួយ​ពី​ខ្លួន​គាត់​ទើប​គាត់​ចាក់​បែប​ហ្នឹង នៅ​ពេល​ដែល​បាន​ស្វែង​យល់​ហើយ​ក៏​ស្រឡាញ់ និង​ចាប់​ផ្តើម​ធ្វើ​វា»។

ភ្ញៀវ​​ Karu Tattoo ច្រើន​ជា​អ្នក​សិល្បៈ ​ប៉ូលិស និង​អ្នក​មាន​ការងារ​ល្អៗ។ ហេង ជីវ័ន

គ្រូ​សាក់​ជំនាញ​មាន​ដើមកំណើត​មកពី​ខេត្តបន្ទាយមានជ័យ​បាន​បរិយាយ​ពី​ខ្លួន​ឯង​ថា មិន​បាន​រៀន​ចប់​វិទ្យាល័យ​ទេ​ដោយសារ​ជីវភាព ចំពោះ​វិជ្ជាជីវៈ​ខាង​សាក់​នេះ​មក​ពី​មាន​ដុង ប៉ុន្តែ​ក៏បាន​រៀន​ជំនាញ​នេះ​យ៉ាង​ច្បាស់​លាស់​ពី​គ្រូ​សាក់​ជន​ជាតិ​អង់គ្លេស​ម្នាក់ និង​បាន​រើ​ទីតាំង​មក​បើក​នៅ​រាជធានី​ភ្នំពេញ​នេះ​រយៈពេល ៦ ឆ្នាំ​ហើយ​ដែរ។

ចំពោះ​តម្លៃ​ដែល​ទាប​ជាងគេ​ចាប់ពី២០ដុល្លារ និង​ថ្លៃ​បំផុត​ដល់ ២ ពាន់​ដុល្លារ​សម្រាប់​ចាក់​នៅ​ខ្នង​កុម្ម៉ង់​បាន​គ្រប់​រូប ប៉ុន្តែ​បើ​ភ្ញៀវ​ជា​ជន​បរទេស​តម្លៃ​អាច​លើស​ហ្នឹង។

លោក មា​ច សុជាតា ក៏បាន​បរិយាយ​បន្ថែម​ដូច្នេះ​ថា៖ «ចំពោះ​អ្នក​ដែល​មក​សាក់​នៅ​កន្លែង​ខ្ញុំ​ភាគ​ច្រើន​ជា​អ្នក​ដែល​គាត់​មាន​ការងារ​ធ្វើ​ល្អៗ មាន​ទាំង​ប៉ូលិស តារា​សិល្បៈ​ជាច្រើន​នាក់​ដែរ ហើយ​ក៏​មិន​សូវ​មាន​អ្នក​គ្មាន​ការងារ​ធ្វើ ឬ​ដើរ​លេង​អត់​ប្រយោជន៍​នោះ​ទេ ព្រោះ​តម្លៃ​ក្នុងការ​សាក់​វា​គួរសម លុះ​ត្រា​តែ​អ្នក​ដែល​គាត់​មាន​លុយ​ទើប​គាត់​ហ៊ាន​ចំណាយ​មក​លើ​រឿង​នេះ គ្រាន់​តែ​មួយ​កំណាត់​ដៃ​ចុះ​ក្រោម​ចំណាយ​អស់ ៤០០ ទៅ ៥០០ ដុល្លារ​ទៅ​ហើយ»។

អ្នក​តន្ត្រីករ​លោក Nicky Bazz ជា​ភ្ញៀវ​កំពុងតែ​សម្លឹង​មើលរូប​ព្រះ​ដែល​នឹង​ដិត​ដាម​ជាប់​ដៃ​លោក​មួយ​ជីវិត​នោះ លោក​បាន​និយាយ​ថា៖ «សម្រាប់​ខ្ញុំ​គឺ​ចង់​ចាក់​រូប​ដែល​ខ្ញុំ​ស្រឡាញ់​នៅ​ជាប់​ខ្លួន​ខ្ញុំ និង​ចង់​បង្ហាញ​ពី​អ្វី​ដែល​ខ្ញុំ​ចូល​ចិត្ត និង​ពេញ​ចិត្ត​ប៉ុណ្ណោះ»៕