
បន្ទប់កាត់សក់ពណ៌ស្រស់ឆើត រីឯកៅអីអង្គុយជាប្រភេទរថយន្តក្មេងលេង ផ្គាប់ចិត្តអតិថិជនតូចៗមកកាត់សក់។ សហការី
ភ្នំពេញ: ឪពុកម្តាយភាគច្រើន ដែលចង់យកកូនៗ ទៅកាត់សក់ តែងតែនាំកូនទៅកាត់សក់នៅហាងមនុស្សធំ ជាហេតុធ្វើឲ្យកុមារជួនកាលមិនសប្បាយចិត្ត ឬស្រែកយំ ព្រោះតែមិនមានរបស់លេងជួយឲ្យក្មេងនៅស្ងៀម ឬព្រមឲ្យជាងកាត់សក់ដោយរីករាយ។ ហេតុនេះហើយទើបអ្នកនាង ម៉ី រចនា សម្រេចចិត្តបើកហាងកាត់សក់កូនក្មេង បំពាក់សុទ្ធតែរបស់លេងដ៏ទាក់ទាញ ពណ៌ស្រស់ឆើត និងផាសុកភាពតែម្តង។
ស្ថិតនៅផ្សារទំនើបអ៊ីអន សែនសុខ ហាងកាត់សក់ក្មេងៗ Happy Kid Salon ដែលទើបដំណើរការថ្មីថ្មោង បានចាប់ផ្តើមទទួលការចាប់អារម្មណ៍ខ្លាំងពីសំណាក់ឪពុកម្តាយ។
អ្នកនាង ម៉ី រចនា ជាម្ចាស់ហាងបាននិយាយថា៖ «បានជាខ្ញុំសម្រេចបើកជាហាងកាត់សក់ក្មេងនេះឡើង គឺដោយសារតែនៅស្រុកខ្មែរយើងគឺមិនទាន់មានអ្នកណាបើកនោះទេ ភាគច្រើនគឺគេបើកតែសាឡនមនុស្សធំ។ អ៊ីចឹងហើយបានជាខ្ញុំបើកហាងនេះឡើង ដើម្បីឲ្យងាយស្រួលដល់ឪពុកម្តាយភាគច្រើនគាត់ពិបាករកកន្លែងកាត់សក់ឲ្យកូនៗរបស់គាត់»។
ហាង Happy Kid Salon មានការតុបតែងខុសប្លែកពីសាឡននានា ដោយប្រកាន់ខ្ជាប់នូវរចនាប័ទ្មតម្រូវក្មេងក្រោម ១៨ ឆ្នាំ។ ហាងសាឡនដ៏គួរឲ្យស្រឡាញ់នេះ មានកៅអីអង្គុយធ្វើអំពីកូនឡានជ័រពណ៌ឆើត។ រីឯនៅតាមជញ្ចាំង មានបិទរូបតុក្កតាស្អាតៗ និងរបស់ក្មេងលេងជាច្រើន ដើម្បីធានាឲ្យអតិថិជនតូចៗរីករាយក្នុងការទទួលសេវាកម្ម។
អ្នកនាង ម៉ី រចនា បានរៀបរាប់ទៀតថា៖ «ហាងកាត់សក់ក្មេងរបស់ខ្ញុំគឺមានជាងជំនាញសម្រាប់កាត់សក់ក្មេង និងមានអ្នកលួងកូនក្មេងពេលដែលកំពុងកាត់សក់។ ជាពិសេសយើងមានកៅអីអង្គុយកាត់សក់របស់យើងអាចបញ្ឆេះ និងស្តាប់ចម្រៀងបាន។ ពេលខ្លះទៀតយើងឲ្យ iPad គាត់លេងមុននឹងកាត់សក់ក៏មាន»។

ការកាត់ និងតុបតែងសក់ក្មេងប្រុសស្រី មានតម្លៃសមរម្យ។ សហការី
ក្រៅពីអះអាងថា ក្មេងៗដែលមកកាត់សក់នៅហាងរបស់អ្នកនាងមានភាពរីករាយ ម្ចាស់ហាងរូបនេះក៏បានបញ្ជាក់ទៀតថា សេវាកម្មក្នុងហាងរាប់តាំងពីការកាត់ម៉ូដ កក់ លាបក្រចកកូនក្មេង លាបសក់ និងការរចនាម៉ូដផ្សេងៗសម្រាប់ក្មេងស្រី និងប្រុសនោះ តម្លៃក៏សមរម្យដូចហាងកាត់សក់ទូទៅដែរ។
អ្នកនាង ម៉ី រចនា បានឲ្យដឹងទៀតថា៖ «ហាង Happy Kid Salon បើយើងមើលពីខាងក្រៅទៅប្រាកដជាគិតថា ថ្លៃជាមិនខាន តែតាមពិតទៅខ្ញុំមិនយកថ្លៃអីទេ។ យើងគិតទៅតាមម៉ូដ ចាប់ផ្តើមពី ២ ទៅ ៣ ដុល្លារអីហ្នឹង។ តែបើធ្វើច្រើនជាងនេះដូចជាការលេងម៉ូដផ្សេងៗគឺយើងគិត ៥ ដុល្លារ ឡើងទៅគឺគិតទៅតាមវ័យ»។
ឪពុកម្ដាយ ដែលចង់នាំកូនទៅកាត់ ឬលេងម៉ូដសក់ អាចសាកល្បងហាង Happy Kid Salon នៅផ្សារទំនើបអ៊ីអន សែនសុខ។ ទាក់ទងទូរស័ព្ទលេខ ០៦៩ ៨០៨ ៨៨៨៕