ក្រុង​ការ៉ាជី៖ ហាង​សម្អាង​កាយ​របស់​​ Bebo​ Haider រំលេច​ពណ៌​ស្រស់​ មាន​ទំហំ​តូច និង​តាំង​រូបថត​ធំៗ ៣ សន្លឹក​ ម៉ូដែល​កែ​ភេទ​ដែល​ជា​អតិថិជន​ពិសេស​របស់​ហាង​សាឡន​ក្រុង​ការ៉ាជី​នេះ គឺ​ជា​ហាង​ដ៏​កម្រ​មួយ​នៅ​ទឹក​ដី​​ប៉ាគីស្ថាន​ ដែល​បំពេញ​តម្រូវការ​ជូន​ពួក​គេ​ដោយ​គ្មាន​រើស​អើង​។

តារ៉ាវ៉ា (Tarawah) ​ស្ថិត​ក្នុង​​ទីក្រុង​​កំពង់ផែ​ភាគ​ខាង​ត្បូង​ ជា​ហាង​របស់​ Haider ​ជា​បុគ្គល​កែ​ភេទ​ម្នាក់​ ដែល​មក​កាន់​ក្រុង​ការ៉ាជី​ក្នុង​ឆ្នាំ ​២០១៣ ពី​ទីប្រជុំ​ជន​តូច​មួយ​ក្នុង​ខេត្ដ​ភាគ​ខាង​ត្បូង Sindh ជាមួយ​ក្ដី​សុបិន​ចង់​ក្លាយ​ជា​អ្នក​សម្អាង​កាយ​។ តែ​វា​មិន​ងាយ​ស្រួល​ឡើយ​។

សូម្បី​តែ​​​ម្ចាស់​សាឡន​​ម្នាក់​នៅ​ទីក្រុង​ការ៉ាជី​ ក៏​មិន​គិត​ថា នាង​ទទួល​ជោគជ័យ​ ភ្ញៀវ​ក៏​មិន​មក​បៀត​ ឬ​ផ្ដល់​ការ​គោរព​ចំពោះ​នាង​ឡើយ​។

Haider បន្ដ​ថា វា​ត្រូវ​ការ​ពេល ២ ឆ្នាំ មុន​ពេល​ហាង​សាឡន​នេះ​ដំណើរការ​ប្រក្រតី​ យ៉ាង​ហោច​ណាស់​ភ្ញៀវ​មក​អើត​ឈ្ងោក​ហាង​នាង​ខ្លះ​ៗ​ដែរ។

ដើមឡើយ ​ម្ចាស់សាឡន​មិនរំពឹង​ថា ​មាន​​អ្នក​មក​គាំទ្រ​ជា​ភ្ញៀវ​ឡើយ​។ រូបថត AFP

ស្ដ្រី​កែ​ភេទ Haider បាន​និយាយ​អំឡុង​អង្គុយ​លើ​កៅអី​សម្អាង​កាយ​របស់​ខ្លួន​ថា​៖ «​ក្រោយ​ពី​វេលា​ដ៏​តានតឹង​​មក ភ្ញៀវ​​របស់​ខ្ញុំ​មិន​អនុញ្ញាត​ឲ្យ​នរណា​ផ្សេង​ធ្វើ​សក់ និង​ផាត់​មុខ​ឲ្យ​ពួក​គេ​ឡើយ​។ ​ចរិត​ល្អ​ ឈ្នះ​ការ​រើសអើង​ក្នុង​ពិភព​លោក​»។

Haider និង​អតិថិជន​បាន​ប្រាប់​ថា ស្ដ្រី​កែ​ភេទ​រមែង​ត្រូវ​បាន​វាយ​តម្លៃ​ បំពាន​ ដែល​ជា​ហេតុ​នាំ​ឲ្យ​ពួក​គេ​​មិន​ចង់​​ចូល​ហាង​ផ្សេង​ក្រៅ​ពី​គ្នា​ឯង​​។

ម៉ាហ៊ីដុល ជា​អតិថិជន​ Tarawah បាន​និយាយ​ថា​៖ «​ពេល​យើង​អង្គុយ​ក្បែរ​នារីៗ​នៅ​ហាង​សម្អាង​កាយ​នេះ ​ពួក​គេ​មាន​អារម្មណ៍​ភ័យ​ខ្លាច​ មិន​ចុះ​សម្រុង និង​ខ្លាច​​រអា​ចំពោះ​យើង​។ ប៉ុន្ដែ​យើង​ក៏​ជា​មនុស្ស​ដែរ​»។

ភ្ញៀវ​សាឡន​ Haider បាន​និយាយ​ទៀត​ថា​៖ «​នេះ​ជា​និមិត្ត​រូប​នៃ​តម្លៃ​អ្នក​​កែ​ភេទ​»៕ AFP/HR