ក្រុង​សេអ៊ូល : តារា​ចម្រៀង​កូរ៉េ​ខាង​ត្បូង ហារ៉ា បាន​លាត​ត្រដាង​ពី​បញ្ហា​រំលោភ​បំពាន​រាង​កាយ ដែល​នាង​បាន​អះអាង​ថា​ នាង​រង​នូវ​របួស​ស្នាម​ក្រោម​ស្នាដៃ​សង្សារ​របស់​នាង​។

នៅ​ក្នុង​រូប​ភាព​ជា​ច្រើន​ចុះ​ផ្សាយ​ក្នុង​ទំព័រ Dispatch អតីត​សមាជិក​ក្រុម​ចម្រៀង​ kpop Kara ត្រូវបាន​មើល​ឃើញ​រង​របួស​ជាំ​ពេញ​ទាំង​ខ្លួន​។ ហារ៉ា អាយុ ២៧ ឆ្នាំ ក៏​បាន​ចែក​រំលែក​រោគ​វិនិច្ឆ័យ​វេជ្ជ​សាស្ដ្រ​ពី​គ្រូ​ពេទ្យ​សម្ភព និង​អ្នក​ឯកទេស​ខាង​ជំងឺ​ឆ្អឹង​។

យោងតាម​ពេទ្យ​សម្ភព បាន​បង្ហាញ​ថា នាង​បាន​ចេញ​​ឈាម​តាម​រន្ធ​នោម និង​ប្រដាប់​ភេទ ក្រោយ​រង​នូវ​អំពើ​រំលោភ​បំពាន​រាងកាយ​ ដែល​ត្រូវ​ការ​ពេល​សម្រាក​ព្យាបាល​រាប់​សប្ដាហ៍​។

ស្រប​ពេល​នេះ គ្រូ​ពេទ្យ​ផ្នែក​ឆ្អឹង បាន​និយាយ​ថា ហារ៉ា រង​របួស​ជា​ច្រើន​កន្លែង​លើ​រាងកាយ​ រួម​ទាំង បញ្ហា​គ្រេច​ក ជាំ​មុខ​មាត់​ ជាំ​កំភួន​ជើង​ ព្រមទាំង ជាំ​ដើម​ដៃ​ខាង​ស្ដាំ​ផង​ដែរ។

សង្សារ​របស់​ ហារ៉ា ជា​ជាង​ម៉ូដ​សក់ បាន​អះអាង​ថា នាង​បាន​វាយ​រូប​លោក​កាល​ពី ថ្ងៃ​ទី ១៣ ខែ​កញ្ញា ពាក់​កណ្ដាល​អា​ធ្រាត្រ។ ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ផ្ញើ​ឲ្យ​ប៉ូលិស លោក​បាន​ឲ្យ​ដឹង​ថា ហារ៉ា ក្លាយ​ជា​មនុស្ស​កម្រោល​ចូល​ពេល​លោក​ព្យាយាម​ចែក​ផ្លូវ​ពី​នាង​។

Soompi  បាន​ដក​ស្រង់​សម្ដី​ពី​យុវជន​អាយុ ២៧ ឆ្នាំនោះ ដោយ​បាន​និយាយ​ថា​៖ «​ខ្ញុំ​ជា​អ្នក​ដែល​ចង់​ចែក​ផ្លូវ​គ្នា​ ដោយសារ​តែ​យើង​មាន​បុគ្គលិក​លក្ខណៈ​ខុស​គ្នា​។ ការ​អះអាង​របស់​គាត់​ វា​កាន់តែ​បំពាន​ទ្វេ​ដង​ថែម​ទៀត​»។

ហារ៉ា ដែល​បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​កាល​ពី​ដើម​ខែ​ចំពោះ​បញ្ហា​រំលាយ​អាហារ និង​ដំណេក នៅ​តែ​អះអាង​ថា ជម្លោះ​វាយ​តប់​គ្នា​បង្ក​ឡើង​ទាំង​សង​ខាង​»។

មេធាវី​ភាគី​ទាំងពីរ បាន​ជួប​គ្នា​កាល​ពី​ចុង​សប្ដាហ៍​ដើម្បី​ជជែក​ពី​ករណី​នេះ​។ ពួកគេ​នៅ​មិន​ទាន់​បាន​ដាក់​ពាក្យ​ឲ្យ​បើក​ការ​ស៊ើប​អង្កេត​នៅ​ឡើយ​ទេ​។ នេះ​បើ​យោងតាម Allkpop៕ HR