ក្រុង​អា​ឡេ: ទីក្រុង​ឆ្នេរ​ហូ​ឡង់ ដែល​ត្រូវបាន​គ្រប់គ្រង​ដោយ​ទ័ព​ក្ដាន់ កំពុង​រៀបចំ​ផែនការ​ពង្រាយ​ក្លិន​លាមក​តោ ដើម្បី​បន្លាច​ពួកវា​ឲ្យ​លែង​ហ៊ាន​មក​ក្បែរ ដោយ​បញ្ឈប់​ពួកវា​មិន​ឲ្យ​មក​លុក​លុយ​ដង​វិថី និង​សួនច្បារ​នានា។

ស្ថិតនៅលើ​ខ្នង​ទំនប់​សមុទ្រ​ខាងជើង​ប៉ែក​ខាងលិច​ក្រុង​អាំ​ស្ទែរ​ដាំ ក្រុង Zandvoort កាល​ពី​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​ត្រូវ​បាន​ឈ្លាន​ពាន​ដោយ​ហ្វូង​ក្ដាន់​រាប់​ពាន់​ក្បាល រត់​ប្រសាច​តាម​ដង​វិថី និង​សួនផ្កា ផ្ទះ​សំបែង​ពលរដ្ឋ។

ថ្វីដ្បិតតែ​ទ័ព​ក្ដាន់​នៅ​បន្ដ​លុកលុយ​ក្រុង​ដោយសារ​ទំនប់​ខ្សាច់​ស្ថិតនៅ​ក្បែរ​តំបន់​អភិរក្ស​សត្វព្រៃ ពួកវា​ប៉ង​មក​ស៊ី​រុក្ខជាតិ​បៃតង​ស្រស់​ក្នុង​ក្រុង ខណៈ​របង​ផ្ទះ​ខ្ពស់​ហាក់​គ្មាន​ឥទ្ធិពល​រារាំង​សត្វ​ទាំង​នេះ។

ប៉ុន្ដែ​ពេលនេះ ក្រុង Zandvoort ប្រើ​យុទ្ធសាស្ដ្រ​ថ្មី​តាមរយៈ​ឧបករណ៍​បំ​ភាយ​ក្លិន ស្រដៀង​អាចម៍​តោ ដើម្បី​បំភ័យ​ហ្វូង​ក្ដាន់​កុំ​ឲ្យ​មក​ក្បែរ។

លោក Patrick Stijger ដែល​ក្រុមហ៊ុន​របស់លោក​ផលិត​ក្លិន​បណ្ដេញ​ក្ដាន់​នេះ បាន​ប្រាប់ AFP ថា៖ «ពលរដ្ឋ​ចង់​ឲ្យ​ហ្វូង​ក្ដាន់​នៅ​តែ​ក្នុង​បរិវេណ​វាល​ខ្សាច់ ពួកគេ​មិន​ចង់​ឲ្យ​វា​មក​រញ៉េ​រញ៉ៃ​ក្នុង​ក្រុង​ឡើយ»។

លោក Stijger បាន​ប្រាប់​កាសែត​ប្រចាំថ្ងៃ Het Parool ថា ជំនួស​ដោយ​ការប្រើ​អាចម៍​តោ​ពិត ក្រុមហ៊ុន​បាន​ផលិត​ក្លិន​លា​មក​ពី​ប្រេង​ច្រើន​មុខ រុក្ខជាតិ ១៧ ប្រភេទ និង​សារធាតុ​ផ្សំ​ជាច្រើន​ទៀត។

លោក​និយាយ​អំពី​ធាតុ​ផ្សំ ដែល​ត្រូវបាន​អភិវឌ្ឍ​ដោយ​អ្នកវិទ្យាសាស្ដ្រ​អាល្លឺម៉ង់​ដើម្បី​ដេញ​ក្ដាន់​ចេញពី​ព្រៃគ្រីស​ស្មាក់​ថា៖ «វា​ធ្វើ​ឲ្យ​ក្ដាន់​ជ្រួល​ច្របល់​ខ្លះ​ដែរ»៕