ភ្នំពេញ៖ បណ្តុំ​ស្នាដៃ​គំនូរ​​ថ្មី​សន្លាង​ ១២ ផ្ទាំង និង​ចាស់​ ៦ ផ្ទាំង​ របស់​វិចិត្រករ​ ហួរ សីហា ​វ័យ ​៣១ ឆ្នាំ ដែល​ធ្លាប់​​​កើត​​​​​នៅ​​​​ជំរំ​​សាយ​ប៊ី ​​នៃ​តំបន់​ព្រំដែន​​ខ្មែរ-ថៃ បាន​​ត្រឹម​​​វ័យ ៦ ​ខែ​ ហើយ​ក៏​ត្រូវ​បាន​ឪពុក​​ម្តាយ​​​យក​​​មក​រស់នៅ​ជាមួយ​វិញ​ក្នុង​​​តំបន់​​​បន្ទាយ​​ទាហាន​ដោយសារ​​​ឪពុក​​ប្រចាំ​​ការ​រហូត​​​​​​​ខ្លួន​​ពេញ​​វ័យ​ ​បាន​បើក​ការ​តាំង​​ពិព័រណ៍​​ទោល​ក្រោម​ប្រធានបទ ​«ស្ទើរ​តែ​អរូបិយ​»។

ពិព័រណ៍​នេះ ចាប់​ផ្តើម​នៅ​ថ្ងៃទី ​១៣ ខែ ​មករា ឆ្នាំ ​២០២១ និង​​​​បន្ត​​រហូត​​ដល់​ថ្ងៃ​ទី ​១៤ ខែ ​កុម្ភៈ ឆ្នាំ ​២០២១ នៅ​វិចិត្រសាល ​Pi-Pet-Pi Gallery282​ ដែល​​មាន​អាសយដ្ឋាន​នៅ​ផ្ទះ​លេខ ​២៣ ផ្លូវ ​២៨២ សង្កាត់​បឹងកេងកង​ទី​១ ខណ្ឌ​បឹងកេងកង​ រាជធានី​ភ្នំពេញ។

ហួរ សីហា និង​​ម្ចាស់វិចិត្រសាលអ្នកស្រី​ Liz Heeley។ រូបថត សហ​ការី

វិចិត្រករ​ដែល​មាន​ប្រវត្តិ​​កម្សត់ បែក​​ចេញ​ពី​ឪពុក​​ម្តាយ​នៅ​ឆ្នាំ ​២០០៥ និង​​មក​​រៀន​​ជំនាញ​​​សិល្បៈ​​នៅ​​​​ឆ្នាំ ​២០០៦ ហើយ​​បញ្ចប់​​នៅ​ឆ្នាំ ២០១៣ ​ជំនាញ​​សិល្បៈ​សូន​រូប​ នៅ​​​សាលា​​​ហ្វារពន្លឺ​​សិល្បៈ ខេត្ត​បាត់ដំបង​ ធ្លាប់​​តាំង​ពិព័រណ៍​ស្នាដៃ​​ខ្លួន ​ជា​រឿយ​នៅ​​វិចិត្រសាល​ជនបទ​ (Romcheik5 Art Space)​ នៅ​​​​ខេត្ត​បាត់ដំបង ខណៈ​ស្នាដៃ​​គំនូរ​ភាគ​ច្រើន​ ជា​សារ​​ចែក​រំលែក​​នូវ​​​ចំណេះ​ដឹង​ពី​ធម្មជាតិ និង​​វិទ្យាសាស្រ្ត​។​

អ្នកស្រី​ Liz Heeley ជា​ម្ចាស់​វិចិត្រសាល​ Pi-Pet-Pi ​Gallery282​​ ​បង្ហើប​ឱ្យ​ដឹង​ពី​ការ​​បើក​តាំង​ពិព័រណ៍​របស់​​​ ហួរ ​សីហា ដែរ​ថា៖ «ពិព័រណ៍​នេះ សីហា មាន​ស្នាដៃ​​ថ្មី ១២ ផ្ទាំង និង​​​ស្នាដៃ​​ចាស់​ចំនួន​ ៦ ​ផ្ទាំង​ ដែល​​​ត្រូវ​​ដាក់​តាំង​ចាប់​ពី​ថ្ងៃទី ​១៣ ខែ​មករា និង​បន្ត​ដល់​​ថ្ងៃទី ​១៤ ខែ​កុម្ភៈ ឆ្នាំ ​២០២១។ សីហា ធ្លាប់​បាន​តាំង​​ពិព័រណ៍​ស្នាដៃ​សិល្បៈ​របស់​​​គាត់​នៅ​ឯ​វិចិត្រសាល​ Kampot Art Gallery នៅ​ខេត្ត​កំពត​ម្តង​ ខណៈ​នៅ​វិចិត្រសាល​ Pi-Pet-Pi ​Gallery282​​ ​ក្នុង​​រាជធានី​ភ្នំពេញ​​នេះ​វិញ​ គឺ​ជា​លើក​ទី​២ របស់​គាត់​»។​

ដោយសារ​​ភាព​ដិតដាម​ និង​ឆ្លង​កាត់​ជីវិត​រស់នៅ​ក្នុង​​តំបន់​​ព្រៃ​តាំង​ពី​ក្មេង​ ខណៈ​ខ្លួន​​​មាន​ឪពុក​ធ្វើ​ជា​ទាហាន​​ជួរ​មុខ​​នៃ​​តំបន់​​ព្រំដែន​​នោះ វិចិត្រករ​​មាន​ទំនោរ​​ធម្មជាតិ​និយម​ និង​វិទ្យាសាស្រ្ត​និយម​ ហួរ សីហា តែងតែ​ប្រើ​​​នូវ​អារម្មណ៍​នឹក​ស្រមៃ​សញ្ជឹង​​​​គិត ​​ដើម្បី​​បង្កើត​​ស្នាដៃ​គំនូរ​​សហសម័យ​​ មាន​ន័យ​​​​ឆ្លុះ​បញ្ចាំង​​ពី​​ធម្មជាតិ ជីវភាព​រស់នៅ​​​ក្នុង​ស្រុក​ខ្មែរ និង​នៅ​​លើ​​សកល​លោក​។​

ជា​ទូទៅ​ស្នាដៃ​គំនូរ​​សហសម័យ​​​វិចិត្រករ​​ ហួរ សីហា ភាគ​ច្រើន​មាន​លក្ខណៈ​គួរ​ឱ្យ​កត់​​សម្គាល់​​ និង​​លេច​ធ្លោ​​ខ្លាំង​នៅ​​ត្រង់​ចំណុច​នៃ​ការ​​បង្ហាញ​អំពី​​ធម្មជាតិ​​​នៃ​តំបន់​ព្រៃ​ឈើ​ ​​​ដុះ​​ច្រូងច្រាង​ ដែល​​​​​គ្មាន​ស្លឹក និង​​​ការ​រំលេច​ភ្ជាប់​ជាមួយ​លំនៅឋាន ​មាន​ជីវភាព​ក្រីក្រ​​របស់​ប្រជាជន​នៅ​តាម​​តំបន់​ព្រៃ​​​នោះ ដោយ​មាន​ន័យ​ខ្លឹមសារ​ ចង់​​ឆ្លុះ​​បញ្ចាំង​អំពី​បញ្ហា​គ្រោះ​ធម្មជាតិ និង​បញ្ហា​ជីវភាព​រស់នៅ​របស់​មនុស្ស​​​នៅ​ក្នុង​​តំបន់​​សហគមន៍​ព្រៃឈើ​ទាំងឡាយ​ទាំង​ពួង​​៕​