ភ្នំពេញៈ ថ្មីៗ​នេះ​ស្រាប់តែ​ឃើញ​ស្រី​ស្រស់​តារាសម្តែង អតីត​ជា​បវរកញ្ញា Miss Grand Cambodia 2016 កញ្ញា ហេង ចន្ថា លេច​វត្តមាន​នៅឯ​ផ្ទះ​ក្នុង​ព្រៃ​របស់​គ្រួសារ​ជនបរទេស​ដែល​ស្រឡាញ់ និង​អភិរក្ស​បរិស្ថាន​កម្ពុជា​ឈ្មោះ​លោក Ben Davis តាមរយៈ​សកម្មភាព​សប្បុរសធម៌ ការប្រគំ​តន្ត្រី​បៃតង​នៅឯ​ខេត្ត​ព្រះវិហារ​។

តារាសម្តែង​ស្រី និង​អតីត​បវរកញ្ញាឯក​ឆ្នាំ​ ២០១៦ កញ្ញា ហេង ចន្ថា​។ផា លីណា

ប្រិយមិត្ត​ភាគច្រើន​បាន​ស្គាល់​ហើយ​ថា​លោក Ben Davis ព្រម​ទាំង​ក្រុមគ្រួសារ​ជា​ជនជាតិ​អាមេរិក​ដែល​បាន​មក​ថែរក្សា​ព្រៃ​ខ្មែរ​ជាង ២០ ​ឆ្នាំ​ហើយ​រហូត​បាន​បង្កើត​ជា​តំបន់​អភិរក្ស​សត្វ និង​ព្រៃឈើ​នៅ​ភ្នំត្នោត​ដែល​ស្ថិត​នៅ​ភូមិ​តាបស ឃុំ​ស្តៅ ស្រុក​សង្គមថ្មី ខេត្ត​ព្រះវិហារ​។ ខណៈ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ​គ្រួសារ​លោក Ben កំពុង​តែ​មាន​កង្វះខាត​ហិរញ្ញវត្ថុ ដោយសារ​មួយ​ឆ្នាំៗ​លោក​ត្រូវ​ចំណាយ​រហូត​ដល់​ទៅ ៣ ម៉ឺន​ដុល្លារ​ដើម្បី​ផ្គត់ផ្គង់​រាល់​ការចំណាយ​ផ្សេងៗ​នៅ​ក្នុង​តំបន់​អភិរក្ស​សត្វ និង​ព្រៃឈើ​នៅ​ភ្នំត្នោត​។

ក្រោយពី​បាន​ទៅ​ដល់​លំនៅឋាន​ផ្ទាល់​របស់​គ្រួសារ​លោក Ben Davis កាលពី​ថ្មីៗ​នេះ​តាមរយៈ​ក្រុម​ការងារ​សិល្បៈ​ដែល​មាន​ប្រធាន​ក្រុម​គឺ​លោក តាន់ គីមសួរ នោះ​កញ្ញា ហេង ចន្ថា បាន​ប្រាប់​ឲ្យ​ដឹង​ពី​ចំណាប់​អារម្មណ៍​អាណិត​អាសូរ និង​សំណូមពរ​នានា​ដល់​មហាជន​ខ្មែរ​ផង​ដែរ​ឲ្យ​ចូលរួម​ជួយ​ឧបត្ថម្ភ​ដល់​គ្រួសារ​បរទេស​ដែល​ស្រឡាញ់​បរិស្ថាន​ស្រុក​ខ្មែរ​មួយ​នេះ​។ កញ្ញា ហេង ចន្ថា បាន​បង្ហើប​ថា​៖ «​សម្រាប់​រូបនាង​ខ្ញុំ ពេល​ទៅ​ឃើញ​ផ្ទាល់​ពី​ស្ថានភាព​ជាក់ស្ដែង​នោះ​គឺ​អាណិត និង​កោតសរសើរ​គាត់ និង​គ្រួសារ​ដែល​បាន​ឃ្លាតឆ្ងាយ​ពី​ទឹកដី​កំណើត​ក៏​ដូចជា​លះបង់​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​មក​រស់នៅ​ក្នុង​ព្រៃ​របស់​ប្រទេស​កម្ពុជា ព្រោះ​តែ​លោក​កើត​មាន​ក្តី​ស្រឡាញ់​បរិស្ថាន និង​ចង់​អភិរក្ស​ព្រៃឈើ និង​សត្វព្រៃ​នានា​ឲ្យ​បាន​គង់វង្ស​»​។

កញ្ញា ហេង ចន្ថា បាន​បន្ត​ថា​៖ «​ក្នុង​នាម​អ្នកសិល្បៈ​ម្នាក់​ក៏ដូចជា​ក្រុម​អ្នកសិល្បៈ​ទាំងអស់​ដែល​បាន​ចូលរួម​កម្មវិធី​ប្រគំ​តន្ត្រី​បៃតង​កាលពី​ថ្ងៃទី​ ៦ ខែ​មករា ឆ្នាំ​ ២០១៩ កន្លង​មក​ចង់​សំណូមពរ និង​អំពាវនាវ​ដល់​មហាជន​គ្រប់​ស្រទាប់​វណ្ណៈ​ចូលរួម​ធ្វើ​ការងារ​សប្បុរស​តាម​កម្លាំង​សទា្ធជ្រះថ្លា ឬ​តាម​លទ្ធភាព​របស់​ខ្លួន​ដើម្បី​ជួយ​សម្រួល​ការលំបាក​របស់​គ្រួសារ​លោក​ បេន ព្រោះ​ឮ​ថា ថ្មីៗ​នេះ​គាត់ និង​គ្រួសារ​ក៏​បាន​លក់​ទ្រព្យសម្បត្តិ ផ្ទះសំបែង​អស់​យក​មក​ផ្គត់ផ្គង់​ការរស់នៅ​របស់​ពួកគាត់​នៅក្នុង​ព្រៃ​នោះ​ផង​ដែរ​។ ហើយ​ពេល​នេះ​កំពុង​តែ​ជួប​ការលំបាក​ទាំង​ផ្នែក​លុយកាក់ និង​គ្រឿង​បរិភោគ​»​។

គួរ​បញ្ជាក់​ថា​ការប្រគំ​តន្ត្រី​បៃតង​នៅ​សហគមន៍​ភ្នំ​ត្នោត​ដែល​ជា​ទីលំនៅឋាន​របស់​លោក Ben Davis កន្លង​មក​នេះ​នៅ​ខេត្ត​ព្រះវិហារ​នោះ​មាន​អ្នកសិល្បៈ​ជាច្រើន​ចូលរួម​មាន​ការ​ដឹកនាំ​ដោយ​លោក តាន់ គីមសួរ ដើម្បី​នាំ​យក​កញ្ចប់​ថវិកា​ខ្លះ និង​គ្រឿង​ឧបភោគ បរិភោគ​មួយ​ចំនួន​ដើម្បី​ជួយ​សម្រួល​ដល់​ការខ្វះខាត​របស់​គ្រួសារ​លោក​ បេន និង​ជា​ការ​បញ្ជ្រាប​ការយល់ដឹង​ពី​បរិស្ថាន​ដល់​ប្រជាសហគមន៍​ផងដែរ​។ នេះ​បើ​តាម​ការអះអាង​បញ្ជាក់​ពី​តារា​សម្តែងស្រី និង​អតីត​ជា​បវរកញ្ញា Miss Grand Cambodia 2016 កញ្ញា ហេង ចន្ថា​៕