ភ្នំពេញ៖ ស្រីស្រស់​អតីត​ជា​ម្ចាស់​មកុដ​បវរកញ្ញា​​ Miss Grand Cambodia ​ឆ្នាំ ២០១៦ កញ្ញា ហេង ចន្ថា ស្រាប់​តែ​បង្ហាញ​មុខ​គូស្នេហ៍​ដែល​ជា​​ម្ចាស់​បេះដូង​ ដែល​ទើប​​បាន​ភ្ជាប់​ពាក្យ​ថ្មីៗ ​ក្នុង​សភាព​បែប​មិន​សូវ​បើក​ចំហ​ ខណៈ​ពិធី​​ភ្ជាប់​ចំណង​ស្នេហ៍​នោះ មិន​សូវ​មាន​ភាព​​អ៊ូអរ​ដោយ​ក្រុម​​មិត្ត​អ្នក​សិល្បៈ​​​ ដែល​បាន​រំលង​ទៅ​នា​​ប៉ុន្មាន​ថ្ងៃ​នេះ​។​

ឆ្លើយ​សារ​ភាព​ការ​ពិត​ ទាំង​ស្នាម​ញញឹម​ចំពោះ​​ដំណឹង​សួរ​រឿង​បាន​​ភ្ជាប់​ពាក្យ​កាល​ពី​ថ្ងៃទី ​១៧ ខែ ​ឧសភា ឆ្នាំ ​២០២០ ​នេះ ដែល​​មហាជន​​សង្ស័យ​ថា ទំនង​អាច​ជា​ការ​ថត​កុន​នោះ កញ្ញា ហេង ចន្ថា ​ក៏​បញ្ជាក់​ត្រឹម​តែ​ការ​ទទួល​ស្គាល់​​ថា​៖ ​«ជា​ការ​ពិត​មែន​បង! ​នាង​ខ្ញុំ​បាន​ធ្វើ​ពិធី​ភ្ជាប់​ពាក្យ​​កាល​ពី​ថ្ងៃទី ​១៧ ខែ​នេះ​​ មិន​មែន​ជា​ការ​​ថត​កុន​នោះ​​ទេ!»។

ទោះ​បី​ជា​​បាន​​ភ្ជាប់​ពាក្យ​ភ្ជាប់​សម្តី​តាម​​គន្លង​​ប្រពៃណី​ខ្មែរ​ ដែល​​មាន​​​សាច់​ញាតិ​ដឹង​ឮ​ទាំង​សង​ខាង​ពី​ចំណង​ស្នេហ៍​ខ្លួន​មែន​ក្តី តែ​​ហាក់​ដូចជា​​​មិន​​ទាន់​ដឹង​​ប្រវត្តិ​គូស្នេហ៍​នាង​ជា​នរណា និង​ពេល​​វេលា​កំណត់​ចូល​រោង​ជ័យ​នៅ​ឡើយ​ទេ​ ដោយ​​​​​ Miss Grand Cambodia ​​​ឆ្នាំ​ ២០១៦ ​មាន​សម្រស់​ផូរផង់​ ស័កិ្តសម​ជា​ម្ចាស់​មកុដ​សម្រស់​កញ្ញា ហេង ចន្ថា បាន​​បន្ត​​ទៀត​ថា​៖ «​ចំពោះ​​រឿង​ចង់​ដឹង​​ប្រវត្តិ​រូប​គូដណ្តឹង​នាង​​ខ្ញុំ​ជា​នរណា​នោះ​ សូម​ចិត្ត​បង​​ប្អូន​លាក់​សិន​។ ចំណែក​ពេល​វេលា​​រៀប​ការ​វិញ ក៏​នៅ​មិន​​ទាន់​គិត​គូរ​ឆាប់​ឡើយ គឺ​អាច​មាន​រយៈពេល​ប្រមាណ​ ៣-៤ ឆ្នាំ ទៅ​មុខ​ទៀត​អី​ ទើប​បាន​សម្រេច​រឿង​រក​ពេល​ដើម្បី​រៀបការ​»។​​

ចំពោះ​ការងារ​សិល្បៈ​វិញ​ ក្រោយ​ពី​​​មាន​វត្តមាន​​សម្តែង​នៅ​ក្នុង​​ភាពយន្ត​​​រឿង ​«​បន្តោង​​ឆ្នាំង​ដី​» កាល​ពី​​​ឆ្នាំ ​២០១៨ មក​​​ ម្ចាស់​​​​មកុដ​រាជិនី​សម្រស់​រូប​នេះ​ ក៏​បាន​បាត់​មុខ​ពី​ការ​សម្តែង​កុន​ ដោយ​គ្រាន់​តែ​មាន​វត្តមាន​ត្រឹម​ជា​ភ្ញៀវ​ចូលរួម​​​ក្នុង​កម្មវិធី​សិល្បៈ និង​ការ​សម្ពោធ​ភាពយន្ត​​តែ​ប៉ុណ្ណោះ ប៉ុន្តែ​នាង​​នៅ​​តែ​ទទួល​បាន​​ការ​គាំទ្រ​ពី​មហាជន​តាមរយៈ​​ការ​សម្តែង​ MV ​ឲ្យ​​ផលិតកម្ម​ហង្សមាស​ជា​បន្តបន្ទាប់​។​

ការ​ដែល​មិន​សូវ​​ជា​បង្ហាញ​មុខ​នៅ​លើ​ទីផ្សារ​សម្តែង​កុន​មួយ​រយៈ​ចុង​ក្រោយ​នេះ​​ ស្រី​ស្អាត​ញញឹម​ស្រស់​កញ្ញា ហេង​ ចន្ថា​ ក៏​បាន​ប្រាប់​ភ្នំពេញ​​ប៉ុស្តិ៍​​ថា​៖​ «​ដោយសារ​ចង់​សម្រាក​មក​រៀបចំ​ការ​រក​ស៊ី​ផ្ទាល់​ខ្លួន​សិន​ហើយ​​ម្យ៉ាង​ទៀត​កុន​ដែល​​ថត​ចប់​មិន​ទាន់​ចាក់​បញ្ចាំង​ដែរ​នោះ ទើប​​នាង​ខ្ញុំ​មិន​ទាន់​ទទួល​ថត​កុន​ផ្សេងៗ​​ឡើយ​ ទោះបី​ជា​មាន​គេ​ហៅ​ថត​​ជា​រឿយៗ​ច្រើន​ក្តី​​»។

លើស​ពី​នេះ ស្រីស្រស់​ ហេង ចន្ថា ក៏​បាន​បង្ហើប​ពី​អាជីវកម្ម​ ដែល​​​បើក​​នៅ​ក្នុង​ឆ្នាំ ២០២០​ ផង​ដែរ​ថា៖ «​តាម​ពិត​​ទៅ ​នេះ​​គឺ​ជា​របរ​រក​ស៊ី​របស់​ខ្ញុំ​យូរ​ហើយ ​ប៉ុន្តែ​ពី​មុន​ខ្ញុំ​​បើក​លក់​នៅ​ផ្សារ​ធម្មតា​ មិន​មែន​ជា​ហាង​អ្វី​ធំ​ដុំ​ទេ ប៉ុន្តែ​​តាំង​ពី​ដើម​ឆ្នាំ​ ២០២០​ នេះ​មក​ ខ្ញុំ​ក៏​មាន​គម្រោង​បើក​​ជា​ហាង​​​ត្រឹមត្រូវ​ គឺ​លក់​សម្លៀក​បំពាក់ ដែល​ពេល​នេះ​ ក៏​មិន​ទាន់​ដាក់​ឈ្មោះ​ហាង​ជា​ផ្លូវ​ការ​ដូច​គ្នា​ទៀត​ផង​ដែរ​»៕​