ភ្នំពេញ៖ អតីត​ម្ចាស់​ជយលាភី​បវរកញ្ញា​​ Miss Grand Cambodia ឆ្នាំ ២០១៦ កញ្ញា ហេង ចន្ថា ក្រោយ​ពី​មាន​វត្តមាន​​សម្តែង​នៅ​ក្នុង​ភាពយន្ត​​​ ​«បន្តោង​​ឆ្នាំង​ដី​» កាល​ពី​​​ឆ្នាំ ​២០១៨ មក​ ម្ចាស់​មកុដ​​រាជិនី​សម្រស់ បាន​បាត់​មុខ​ពី​ការ​សម្តែង​កុន​ ដោយ​មាន​វត្តមាន​ត្រឹម​ជា​ភ្ញៀវ​ចូលរួម​​កម្មវិធី​សិល្បៈ និង​ការ​សម្ពោធ​ភាពយន្ត​។

កញ្ញា​ឯក​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១៦ ដែល​មាន​សម្រស់​ផូរផង់​ស័កិ្តសម​ជា​ម្ចាស់​ជយលាភី​រូប​នេះ ទោះបី​ជា​មិន​សូវ​បង្ហាញ​មុខ​នៅ​លើ​ទីផ្សារ​សម្តែង​ក៏​ដោយ​ ប៉ុន្តែ​នាង​នៅ​តែ​ទទួល​បាន​ការ​គាំទ្រ​ពី​មហាជន​តាមរយៈ​ការ​សម្តែង​ MV ឲ្យ​​ហង្សមាស​ជា​បន្តបន្ទាប់ ដោយសារ​ភាព​ស្រស់​ស្អាត​របស់​តារា​ស្រី​រូប​នេះ​ផង​ដែរ​។

ស្រី​ស្អាត​ញញឹម​ស្រស់​កញ្ញា ហេង​ ចន្ថា​ បាន​ប្រាប់​មក​ ភ្នំពេញ​ ប៉ុស្តិ៍​ ថា​៖​ «​ខ្ញុំ​ទើប​តែ​សម្រាក​ពី​ការ​សម្តែង​មួយ​រយៈ​នេះ​ទេ ដោយសារ​ចង់​សម្រាក​មក​រៀបចំ​ការ​រក​ស៊ី​ផ្ទាល់​ខ្លួន​តែ​ប៉ុណ្ណោះ ទម្រាំ​តែ​ដល់​ពាក់​កណ្តាល​ឆ្នាំ ២០២០​ ទើប​ខ្ញុំ​ទទួល​សម្តែង​ជា​ធម្មតា​វិញ​»។

គួរ​បញ្ជាក់​ដែរ​ថា​ មុន​ពេល​ផ្អាក​ពី​​ការ​សម្តែង​មក​សម្ងំ​ធ្វើ​អាជីវកម្ម​តារា​សម្តែង​ស្រី​រូប​នេះ​ក៏​បាន​បញ្ចប់​នូវ​ខ្សែ​ភាពយន្ត​ភាគ​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស​ ដែល​សម្តែង​ជា​តួឯក​ស្រី​ គ្រោង​នឹង​ចាក់​បញ្ចាំង​ក្នុង​ឆ្នាំ ​២០២០​ ខាង​មុខ​នេះ​ផង​ដែរ​។

ស្រីស្រស់​ ហេង ចន្ថា ក៏​បង្ហើប​ពី​អាជីវកម្ម​ដែល​គ្រោង​បើក​​នៅ​ក្នុង​ឆ្នាំ ២០២០​ ខាង​មុខ​នេះ​ដែរ​ថា៖ «​តាម​ពិត​ទៅ​នេះ​ជា​របរ​រក​ស៊ី​របស់​ខ្ញុំ​យូរ​ហើយ ប៉ុន្តែ​ពី​មុន​ខ្ញុំ​បើក​លក់​នៅ​ផ្សារ​ធម្មតា​ មិន​មែន​ជា​ហាង​អ្វី​ធំ​ដុំ​ទេ ប៉ុន្តែ​នៅ​ដើម​ឆ្នាំ​ ២០២០​ នេះ​ ខ្ញុំ​ក៏​មាន​គម្រោង​បើក​ជា​ហាង​ត្រឹមត្រូវ​ គឺ​លក់​សម្លៀក​បំពាក់ ដែល​ពេល​នេះ​ក៏​មិន​ទាន់​ដាក់​ឈ្មោះ​ហាង​ជា​ផ្លូវ​ការ​ដូច​គ្នា​។ ក្រៅ​ពី​ការ​បើក​ហាង​លក់​សម្លៀក​បំពាក់​ខ្ញុំ​ក៏​មាន​លក់​ជា​ប្រភេទ​ខូស្មេទិច​បន្តិច​បន្តួច​ផង​ដែរ​»។

ដោយសារ​តែ​សម្រស់​ដ៏​ស្រស់​សោភា​ តារា​ស្រី​រូប​នេះ​ក៏​ល្បី​ថា​ មាន​កន្លង់​តាម​សុំ​ស្នេហ៍​ជា​ហូរ​ហែ​ដែរ ទាំង​ក្នុង​រង្វង់​សិល្បៈ និង​ក្រៅ​សិល្បៈ​ ដោយ​កញ្ញា ហេង ចន្ថា បាន​បង្ហើប​ថា​ មាន​អ្នក​តាម​ស្រឡាញ់​ច្រើន​ដូច​គ្នា ប៉ុន្តែ​នាង​កំពុង​ទាក់ទង​ជាមួយ​កូន​ប្រុស​អ្នក​ជំនួញ​ធំ​ម្នាក់​នៅ​ក្នុង​ភ្នំពេញ​ម្នាក់​។

ទន្ទឹម​នឹង​នេះ ​កញ្ញា ហេង ចន្ថា ក៏​បាន​បង្ហើប​ប្រាប់​ពី​ទំនាក់ទំនង​មើល​ចិត្ត​គ្នា​ជាមួយ​បុរស​ជា​កូន​អ្នក​ជំនួញ​ដូច្នេះ​ដែរ​ថា៖​ «​ដោយសារ​គេ​បាន​ស្រឡាញ់​ហើយ អ៊ីចឹង​ក៏​សាក​មើល​ចិត្ត​គ្នា​សិន​ទៅ​ ប៉ុន្តែ​ក៏​មិន​ទាន់​ក្លាយ​ជា​គូស្នេហ៍​នឹង​គ្នា​ដែរ។ ហើយ​សម្រាប់​គាត់​អាច​ថា ​ជា​អ្នក​សិល្បៈ​ក៏​បាន​ មិន​មែន​ក៏​បាន​ដោយសារ​តែ​គាត់​ធ្លាប់​ចូលរួម​ក្នុង​ការ​ប្រឡង​កម្មវិធី​មួយ​ដែរ ប៉ុន្តែ​គាត់​មិន​ទទួល​ការ​​សម្តែង​អី​នោះ​ទេ ដោយសារ​​តែ​គ្រួសារ​​គាត់​ជា​អ្នក​ជំនួញ​ធំ​ដែរ​ អ៊ីចឹង​ហើយ​ទើប​​គាត់​ធ្វើ​ជំនួញ​មិន​ចូល​សម្តែង​​ទេ»៕