ភ្នំពេញៈ ភាពបន្តស្ងាត់ជ្រងំនៃទីផ្សារថតកុនរបស់តារាសម្តែងស្រីកូនកាត់ ៣ សាសន៍ និងចូលចិត្តសម្ញែងដើមទ្រូងដ៏សិចស៊ីទាក់ទាញក្រសែភ្នែកប្រុសៗឲ្យលួចលេបទឹកមាត់ស្ងាត់ៗ កញ្ញា ព្រីម លីហ្សា នោះក៏បង្កើតឲ្យមានការងឿងឆ្ងល់ពីមហាជនសាជាថ្មីទៀតដោយសារមិនអស់ចិត្តនឹងភាពហ៊ឺហារបស់នាង។
ចាប់តាំងពីចុងឆ្នាំ ២០១៧ មកម្ល៉េះ ទីផ្សារសិល្បៈរបស់តារាសម្តែងស្រី ដែលឧស្សាហ៍សម្ញែងចេញដើមទ្រូងដ៏សិចស៊ីឲ្យប្រុសៗមើលភ្លឹក កញ្ញា ព្រីម លីហ្សា ហាក់ដូចជាមានភាពស្ងាត់ជ្រងំបន្តិច តែបែរជាមកផុសផុលខ្លាំងនឹងការចូលរួមពិធីសម្ពោធផលិតផលម៉ាកល្បីៗ ពិធីសម្ពោធរឿង និងឧស្សាហ៍មានទីផ្សារចេញទៅកើបយកលុយដុល្លារនៅឯក្រៅស្រុកញឹកញាប់ ព្រមទាំងការងារសប្បុរសធម៌ផងដែរ។
កាន់តែពិសេសទៀតនោះ នាងបានចំណាយប្រាក់យ៉ាងច្រើននឹងដំណើរហោះហើរដើរលេងនៅក្រៅប្រទេសនៃតំបន់អឺរ៉ុបយ៉ាងផុសផុល នាពេលថ្មីៗនេះ ក៏បានបន្ថែមនូវមន្ទិលសង្ស័យកាន់តែខ្លាំងដែរ ពីភាពមានបាន ហ៊ឺហា និងប្រភព ប្រាក់ចាយវាយ លើដំណើរកម្សាន្តទាំងនោះ ខណៈរូបនាងក៏ដូចជាមិនមានប្រភពរកប្រាក់បានពីវិស័យសិល្បៈនោះទេ។ តែទោះយ៉ាងណាក្តីការចំណាយប្រាក់ដើរអស់ប៉ុន្មានបានពីណា? តារាសម្តែងស្រីសិចស៊ី ល្បីសម្បូរប្រាក់ទិញសម្ភារទំនើបៗ និងសម្លៀកបំពាក់សុទ្ធតែជាម៉ាកល្បី និងថ្លៃៗ កញ្ញា ព្រីម លីហ្សា មិនបង្ហើបប្រាប់ឲ្យដឹងនោះឡើយ។ ភ្នំពេញប៉ុស្តិ៍មិនបានទទួលការបកស្រាយលម្អិតពីកញ្ញា ព្រីម លីហ្សា ផ្ទាល់នោះទេ ខណៈទូរស័ព្ទរបស់នាងត្រូវបានប្អូនស្រីបង្កើតឈ្មោះកញ្ញា អាពីង លើកជំនួស និងឆ្លើយក្នុងនាមជាអ្នកនាំពាក្យបងស្រីទៅលើភាពស្ងាត់ជ្រងំនៃសិល្បៈថា៖ «តាមពិតទៅ ភាពស្ងាត់របស់គាត់នាមួយរយៈចុងក្រោយនេះមកពីកត្តា ២ យ៉ាងគឺ ហេតុផលទី ១ មកពីគាត់ និងបណ្តាផលិតកម្ម ឬក្រុមហ៊ុនថតកុន ចរចាតម្លៃមិនត្រូវគ្នា ទើបបងស្រីខ្ញុំគាត់មិនព្រមទទួលថត។
ចំណែកឯហេតុផល ១ ទៀតគឺមកពីគាត់ចង់ប្រើពេលវេលាឲ្យបានច្រើន សម្រាប់គ្រួសារ ជាពិសេស ជាមួយនឹងអ្នកម៉ាក់យើងតែម្តងខណៈកន្លងមកពេលបងស្រីប្រឡូកសិល្បៈនោះគឺម៉ាក់តែងតែទៅតាមគាត់ជានិច្ច ហើយឥឡូវនេះ ម៉ាក់គាត់ចាស់ ហើយក៏ដល់ពេលដែលត្រូវបងស្រីប្រើពេលរីករាយជូនម៉ាក់កម្សាន្តនៅក្រៅប្រទេសនានា ដែលម៉ាក់មិនទាន់ស្គាល់ ដូចជាថ្មីៗនេះ គាត់បាននាំម៉ាក់ទៅលេងប្រទេស ៤ នៅទ្វីបអឺរ៉ុប ហើយនៅថ្ងៃខួបកំណើតបងស្រីនា ថ្ងៃទី ២៥ ខែធ្នូ ខាងមុខដែរនេះ បងស្រីក៏មានគម្រោងនាំម៉ាក់ទៅកម្សាន្តនៅប្រទេសសិង្ហបុរី ផងដែរ ដោយគាត់នឹងធ្វើខួបកំណើតនៅទីនោះតែម្តង»។
កញ្ញា អាពីង ក៏បង្ហើបឲ្យដឹងពីភាពស្ងាត់ទីផ្សារថតកុនតាំងពីចុងឆ្នាំ ២០១៧ ផងដែររបស់កញ្ញា ព្រីម លីហ្សា ដែលជាចម្ងល់មហាជននោះថា៖ «តាមពិតទៅមិនមែន លីហ្សា គ្មានទីផ្សារថតកុន ឬគ្មានផលិតកម្មហៅថតកុននោះទេ គ្រាន់តែនាពេលមួយរយៈនេះ គាត់ជាប់រវល់ថតស្ប៉តពាណិជ្ជកម្ម និងស្ប៉តអប់រំខ្លីៗច្រើន ហើយមិនមានពេលវេលាគ្រប់គ្រាន់ត្រូវទទួលយកការថតកុនប៉ុណ្ណោះ ហើយពេលនេះគាត់ក៏ឆ្លៀតដកពេលទំនេរមកជួបជុំគ្រួសារនៅចុងឆ្នាំវិញសិន ខណៈដល់ទៅដើមឆ្នាំក្រោយ នោះទើបបានគាត់សម្រុកលើការងារសិល្បៈគាត់ឲ្យបានខ្លាំងវិញ»។
គួរបញ្ជាក់ថា តារាម៉ូដែល និងសម្តែងស្រីស្រស់ ព្រីមលីហ្សា ក៏មានឱកាសទៅចូលរួមក្នុងកម្មវិធីបង្ហាញម៉ូដដ៏ល្បីមួយនៅឯប្រទេសបារាំង ដែលមានឈ្មោះ Paris Fashion Week 2017 ចំនួន ៣-៤ ថ្ងៃ នៅក្នុងនាមជាតារាកិត្តិយស ចូលរួមទស្សនាការបង្ហាញម៉ូដដែលប្រជុំដោយតារាម៉ូដែលល្បីប្រចាំតំបន់អឺរ៉ុប និងបានវិលត្រឡប់មកស្រុកខ្មែរវិញ ដែលលេចមុខនៅក្នុងកម្មវិធី Pedro Spring Summer Collection 2017 នៅរាជធានីភ្នំពេញភ្លាមៗទៀតផង៕