ភ្នំពេញ: គ្រប់​កាយវិការ គ្រប់​ឥរិយាបថ និង​គ្រប់​សកម្មភាព​របស់ ហ៊ាប៊យ ជា​រហស្សនាម​កុមារា​សាច់​ទ្រលុកទ្រលន់​គួរ​ឲ្យ​ក្នាញ់​នៅលើ​ហ្វេសប៊ុក​សុទ្ធតែ​ទទួល​បាន​នូវ​រូបភាព​បេះដូង រូប​សំណើច​អេម៉ូជី និង​សំណេរ​បង្ហាញ​ពី​ភាពរីករាយ​របស់​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម ព្រមទាំង​មិន​ភ្លេច​ក្នុង​ការចុច Like និង Share ជាច្រើន​ពាន់​ដង​។

ក្មេងប្រុស រ័ត្ន វិសាល ឬ​ហៅ ហ៊ាប៊យ វ័យ​ទើប​តែ ២ ​ឆ្នាំ ៥ ​ខែ​បាន​បង្ហាញ​អាកប្បកិរិយា​បែប «​អូន​ម៉ាប់ អូន​ឃ្យូត​» ពី​ធម្មជាតិ​តាមរយៈ​ការចូលចិត្ត​មើល​ទូរទស្សន៍ ប្រឡែង​លេង​ជាមួយ​បងស្រី ឬ​ឪពុកម្តាយ និង​សូម្បី​តែ​នៅ​ពេល​យំ​ក៏​ធ្វើឲ្យ​អ្នកប្រើប្រាស់​ហ្វេសប៊ុក​រសាត់​ទុក្ខ​កង្វល់​មួយគ្រា​។

លោក សី ចាន់រ័ត្ន វ័យ ៣៣ ​ឆ្នាំ​ជា​ឪពុក​កុមារ​ម៉ាប់ៗ​ដែល​កំពុង​តែ​ទទួល​បាន​ប្រជាប្រិយភាព​ពី​មហាជន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​ដំបូង ខ្ញុំ​គ្រាន់តែ​ថត​លេង​ទេ ទុក​គ្រាន់​តែ​ជា​ឯកសារ​ឲ្យ​ពួកគាត់​មើល​នៅពេល​ដែល​ពួកគាត់​ធំៗ និង​សម្រាប់​ពេល​ដែល​ខ្ញុំ និង​គ្រួសារ​ទៅ​ណា​មក​ណា មិន​បាច់​កាន់​អាល់ប៊ុម​រូបថត​ទៅ​តាម​ខ្លួន ដោយ​កាន់​តែ​ទូរស័ព្ទ​មើល​បាន​ហើយ​។ ខ្ញុំ​បាន​ថត​វីដេអូ និង​រូបថត​នេះ​តាំងពី​កូន​ទី​ ១ ហៅ ចេចេ សាសា រហូត​មក​ដល់​មាន​កូន​ទី​​ ២ ហៅ ហ៊ាប៊យ បន្ដ​បង្ហោះ​ដូច​គ្នា​។ ប៉ុន្តែ​ដោយសារ​មិត្ដភក្ដិ​លើ​ហ្វេសប៊ុក​ពេញចិត្ត​ទើប​ខ្ញុំ​បង្កើត Page ឈ្មោះ «Hea Boy ហ៊ាប៊យ​» តែ​ម្តង​។ មិន​នឹក​ស្មាន​ថា​មាន​អ្នក Like Page ច្រើន​ដល់​ថ្នាក់​នេះ​ទេ​»​។

កុមារា រ័ត្ន វិសាល ហៅ ហ៊ាប៊យ អាយុ ២ ​ឆ្នាំ ៥ ​ខែ ចូលចិត្ដ​គេង​អង្រឹង​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

អ្វី​ដែល​ធ្វើឲ្យ​អ្នកលេង​ហ្វេសប៊ុក​កាន់តែ​ចាប់​អារម្មណ៍ គ្រួសារ​លោក សី ចាន់រ័ត្ន ជា​បុគ្គលិក​ផ្នែក​បច្ចេកទេស​នៅ​អង្គភាព​ព័ត៌មាន​មួយ​ដែរ​នោះ​សុទ្ធ​តែ​មាន​សាច់​ទ្រលុកទ្រលន់​ទាំងអស់​។ លោក ចាន់រ័ត្ន ផ្ទាល់​មាន​ទម្ងន់ ១២០ ​គីឡូ ភរិយា​ឈ្មោះ ឡេង លាភី វ័យ ៣៣ ​ឆ្នាំ​មាន​ទម្ងន់ ១០០ គីឡូ កូនស្រី​ច្បង​ឈ្មោះ រ័ត្ន រក្សា វ័យ ៦ ​ឆ្នាំ មាន​ទម្ងន់ ៣១ ​គីឡូ និង​កូនពៅ ហៅ ហ៊ាប៊យ ដែល​ទទួល​បាន​ការចាប់​អារម្មណ៍​ជាង​គេ​ឈ្មោះ រ័ត្ន វិសាល មាន​ទម្ងន់​ដល់ ២០ ​គីឡូ​។

លោក សី ចាន់រ័ត្ន បាន​បរិយាយ​ពី​ការថែទាំ​កូន​ថា​៖ «​ខ្ញុំ និង​ប្រពន្ធ​ចិញ្ចឹម​កូន​ដូច​គេ​ដូច​ឯង​ដែរ គ្មាន​អី​ធំដុំ​នោះ​ទេ ឲ្យ​អាហារ​ ៣ ​ពេល​ដូចគ្នា​។ ប៉ុន្តែ​ថ្ងៃ​ខ្លះ​ក៏​បាន​ជូន​ទៅ​ញ៉ាំ​បាយ ឬ​គុយទាវ​ខាង​ក្រៅ​។ ឯ​កូនប្រុស​វិញ​ឲ្យ​ញ៉ាំ​ទឹកដោះគោ​ពន្លូត​កម្ពស់​បន្ថែម​ដោយសារ​គាត់​មិន​ទាន់​ផ្តាច់ដោះ​បាន​។ ប៉ុន្តែ​ក៏​មិន​បណ្តោយ​ឲ្យ​ញ៉ាំ​តាម​ចំណង់​របស់​គាត់​នោះ​ទេ ព្រោះ​គេ​មាន​មាឌធំ​បែប​នេះ គួរ​ឲ្យ​ស្រឡាញ់​តែ​ពេល​នៅ​តូច​ប៉ុណ្ណោះ​។ ចំពោះ​ការទទួលទាន​ចំណី​វិញ គ្រួសារ​ខ្ញុំ​មិន​សូវ​ឲ្យ​កូនៗ​ញ៉ាំ​នំ​កញ្ចប់​ទេ តែ​ក្មេង​ឃើញ​មិន​បាន​ទេ ជួន​ទិញ​ឲ្យ ជួន​ក៏​អត់ ឬ​ឲ្យ​តិច​បំផុត ព្យាយាម​ឲ្យ​ញ៉ាំ​ផ្លែឈើ​ជំនួស​វិញ​»​។

ឪពុក​របស់​ក្មេងប្រុស​ដែល​មាន​ភាពក្រមិចក្រមើម​ធ្វើឲ្យ​អ្នកគាំទ្រ​រំពឹង​ថា​បាន​ជួប​ផ្ទាល់​នេះ​ក៏​បាន​បន្ត​ទៀត​ថា​៖ «​អ្នក​គ្រប់​គ្នា​ប្រហែល​ជា​គិតថា កូន​ខ្ញុំ​គួរ​ឲ្យ​ស្រឡាញ់ និង​ស្រួល​និយាយ​ឆាប់​ស្តាប់​គ្នា​ហើយ​។ ប៉ុន្តែ​ផ្ទុយស្រឡះ​ពួកគេ​កាច​តាំងពី​ក្មេង ម្នាក់ៗ​ឲ្យ​តែ​ភ្ញាក់ពី​គេង​ដឹង​តែ​យំ​ហើយ តែ​លួង​ឆាប់​បាត់​វិញ​»​។

លោក​បន្ថែម​ថា​តាំងពី​តូច កូន​របស់​លោក​មិន​គេង​នៅ​ខាង​ក្រោម​ទេ ចូលចិត្ត​គេង​នៅ​លើ​អង្រឹង ហើយ​កូនស្រី​ច្បង​ប្រើ​អស់​អង្រឹង​ ៣ និង​មុង​ ១ ហើយ​ហ៊ាប៊យ ប្រើ​អង្រឹង​អស់​ ៧ និង​មុង​ ៣ ទើប​តែ​ចុះ​មក​គេង​ខាង​ក្រោម​បាន​កន្លះ​ឆ្នាំ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ពួកគេ​ក៏​មាន​ចំណុច​ពិសេស​រួម​គឺ​មាឌ​កាម៉ាប់​គួរ​ឲ្យ​ស្រឡាញ់​តាំងពី​តូច និង​ចូលចិត្ដ​ភាពក្រមិចក្រមើម​។

ហ្វេសប៊ុក Hea Boy ហ៊ាប៊យ ដែល​មាន​អ្នកគាំទ្រ​រហូត​ដល់​ជាង 81k ទើប​តែ​បង្កើត​បាន​ជាង ៤ ​ខែ​លោក ចាន់រ័ត្ន បាន​បញ្ជាក់​ថា​មាន​ការកើន​ចំនួន​អ្នក Like Page ជា​រៀងរាល់​ថ្ងៃ​បន្ថែម​ទៀត ហើយ​កិច្ចការ​មួយ​ក្រៅ​ពី​ការងារ​នៅ​អង្គភាព​ព័ត៌មាន​នោះ​គឺ​ការ​ចាំ​តបឆាត​របស់​អ្នកគាំទ្រ​កូនប្រុស​របស់​លោក​នៅពេល​យប់​។ មាន​អ្នក​ខ្លះ​ផ្ញើ​របស់​ឲ្យ​លេង អ្នកខ្លះ​សុំ​ជួប​មុខ​ផ្ទាល់ ហើយ​អ្នក​ខ្លះ​ទៀត​ចង់​អញ្ជើញ​ទៅ​ទទួលទាន​អាហារ​នៅក្នុង​ភោជនីយដ្ឋាន​ក៏​មាន​។

លោក សី ចាន់រ័ត្ន មាន​ទីលំនៅ​នៅ​សង្កាត់​ចាក់អង្រែលើ​បាន​លើក​ឡើង​ថា​៖ «​ធ្លាប់​មាន​គេ​ទាក់ទង​មក​ខ្ញុំ ដើម្បី​ចង់​បាន​កូនប្រុស​ខ្ញុំ (​ហ៊ាប៊យ​) ទៅ​ថត​កម្មវិធី​វីដេអូ​អប់រំ​។ ប៉ុន្តែ​ក៏​ត្រូវ​បាន​បដិសេធ ព្រោះ​កូន​ខ្ញុំ​គេ​នៅ​ខ្ចី​ពេក ធ្វើ​ការងារ​នេះ​មិន​ទាន់​កើត​នោះ​ទេ​។ ពេលខ្លះ​ត្រូវ​យំ​ក៏​យំ អ៊ីចឹង​វា​អាច​ធ្វើឲ្យ​ខូច​កម្មវិធី​គេ និង​ខាត​ពេលវេលា​របស់​គេ​។ ខ្ញុំ​ផ្ទាល់​ក៏​មិន​ទាន់​អាច​គ្រប់គ្រង​គេ​បាន​ដូច​គ្នា​។ បើសិន​ជា​គេ​ធំ​ជាង​នេះ ខ្ញុំ​ក៏​អាច​ឲ្យ​គេ​ថត​បាន​ហើយ​។ ចំពោះ​សាលា Win International School ដែល​ជា​សាលា​កូនស្រី​ច្បង​ខ្ញុំ​បាន​រៀន​ក៏​បាន​ហៅ ហ៊ាប៊យ ឲ្យ​ចូល​រៀន​ដោយ​មិន​មាន​បង់ប្រាក់​។ ប៉ុន្តែ​ក៏​មិន​អាច​ឲ្យ​គេ​ចូលរៀន​បាន ព្រោះ​គេ​នៅ​មិន​ទាន់​សូវ​ចេះ​និយាយ និង​មិន​ទាន់​អាច​ស្តាប់​គ្នា​បាន​នោះ​ទេ​»​។

លោក ចាន់រ័ត្ន ក៏​បង្ហាញ​ពី​គោលបំណង​ក្នុង​ថ្ងៃ​អនាគត​ថា​៖ «​សម្រាប់​គោលដៅ​ក្នុង​ជីវិត​របស់​កូនៗ​ខ្ញុំ​ក៏​មិន​ដឹង​ដូចគ្នា​ថា​ពួកគេ​ចង់​ធ្វើ​អ្វី​។ ប៉ុន្តែ​ខ្ញុំ​ផ្ទាល់​តែងតែ​សង្ឃឹម​ថា ឲ្យ​ពួកគេ​រៀន​ចប់​បរិញ្ញា អាច​រក​ការងារ​ល្អ​ធ្វើ កុំ​ឲ្យ​ដូច​ខ្ញុំ ព្រោះ​ខ្ញុំ​រៀន​ត្រឹម​តែ​ថ្នាក់​ទី​ ១២ ​ប៉ុណ្ណោះ​។ អ៊ីចឹង​ខ្ញុំ​ត្រូវ​ធ្វើការ​ច្រើន​ម៉ោង​ក្នុង​ ១ ​ថ្ងៃ ទើប​អាច​ទប់​ការចំណាយ​ក្នុង​គ្រួសារ​រួច​»៕

វីដេអូ៖