ភ្នំពេញៈ ថ្មីៗ​នេះ​មាន​ការភ្ញាក់ផ្អើល​ពី​ប្រិយមិត្ត​គាំទ្រ ខណៈ​ស្ងាត់ៗ​ស្រាប់តែ តារាសម្តែង​ស្រី និង​ពិធីការិនី​ប្រចាំ​ទូរទស្សន៍​បាយ័ន កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ដែល​មិន​ត្រឹម​តែ​មាន​សម្រស់​ស្រស់ស្អាត​មិន​ចាញ់​តារា​ជំនាន់​ក្រោយ​នោះ បង្ហើរ​សារ​មួយ​ហាក់​ដូច​មាន​កំហឹង​ខ្លាំង បើ​តាម​មើល​ទៅ​ពាក់ព័ន្ធ​រឿង​លុយកាក់​។

សារ​បែប​ដូចជា​ខឹងសម្បា​នឹង​អ្នកណា​ម្នាក់​ដោយ​ឃើញ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បាន​បង្ហោះ​សារ​ថា​៖ «​នឹង​គេ​ហៅថា​ថោកទាប​ហើយ ដើម្បី​លុយ​និយាយ​ទៅ​មុខ​លុយ​» តាម​ហ្វេសប៊ុក​ខ្លួន​ក៏​ធ្វើឲ្យ​មហាជន​ជា​អ្នកគាំទ្រ និង​មិត្តភក្តិ​ចូល​ទៅ Comment ដើម្បី​សួរនាំ​យ៉ាង​ក្តៅគគុក គ្រាន់តែ​ឃើញ​សារ​នោះ​ភ្លាម​ក៏​មាន​អ្នក​ចូល​ទៅ​សួរ​ចង់​ដឹង​ផង មាន​អ្នក​រុញ​ទូក​បណ្តោយ​ទឹក​ផង និង​មាន​អ្នក​ឃាត់​កុំ​ឲ្យ​មាន​អារម្មណ៍​ខឹង​បន្ត​ផង​ដែរ​។

អ្នក​ខ្លះ​សួរ​ថា​៖ «​ខឹង​ណា​គេ​ហ្នឹង​!​ប្រាប់​ខ្ញុំ​មក ខ្ញុំ​ទៅ​ហែក​ម្នាក់​នោះ​ដល់​កន្លែង​ហ្មង​!» និង​អ្នកខ្លះ​បង្ហើរ​សារ​បែប​ឃាត់​កុំ​ឲ្យ​ខឹង​បន្ត​ថា​៖ «​កុំ​ខឹង​អី​អាយដល ប្រយ័ត្ន​ខូច​សម្រស់​។ ទប់​អារម្មណ៍​ចែ​» ខណៈ​មតិ​ខ្លះ​ទៀត​ថា​៖ «​មនុស្ស​មួយ​ចំនួន​បែប​ហ្នឹង​។ មនុស្ស​ប្រភេទ​ហ្នឹង​តិចទៀត​បាត់បង់​មិត្តភាព​អស់​ហើយ កុំ​ទៅ​ខ្វល់​ជាមួយ​មនុស្ស​ប្រភេទ​ហ្នឹង​អី​បង​! មនុស្ស​ខ្លះ​ក៏​បែប​ហ្នឹង​ហើយ​បងស្រី មិន​គិត​ពី​អ្វី​ទេ សំខាន់​បាន​លុយ​»​។

ទោះបី​ការជជែក​ដ៏ក្តៅគគុក​យ៉ាងណា​ក្តី គេ​នៅ​តែ​មិន​អាច​ដឹង​ច្បាស់​ថា ដើមចម​ដែល​នាំ​ឲ្យ​តារាស្រី​រូប​ស្រស់ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ដែល​ធ្លាប់​ល្បី​ពី​មជ្ឈដ្ឋាន​ផលិតកម្ម​ថតកុន​បាន​ព្រលយ​រឿង​ថា កំណត់​តម្លៃ​ខ្លួន​ថតកុន​មួយ​រឿង​តម្លៃ ៥ ពាន់​ដុល្លារ បើ​មិន​បាន​ពុំព្រម​ថត មក​នោះ​ដដែល ខណៈ​ភ្នំពេញ​ប៉ុស្តិ៍​ក៏​មិន​អាច​សុំ​ការបកស្រាយ​លម្អិត​អំពី​កញ្ញា​ដែរ​។

តារាសម្តែង​ស្រី និង​ពិធីការិនី​កាន់តែ​មាន​សម្រស់​ស្រស់ស្អាត​កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បាន​លើក​ទូរស័ព្ទ ហើយ​និយាយ​បែប​ដាក់​កំហិត​ហាម​ចុះ​ផ្សាយ​រឿង​នេះ​ដោយសារ​សំអាង​លេស​ថា គឺជា​រឿង​ផ្ទាល់​របស់​នាង តែ​នាង​បាន​បង្ហោះ​តាម​បណ្តាញ​ហ្វេសប៊ុក​នោះ​។

កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បាន​ឆ្លើយ​យ៉ាង​ខ្លី​ថា​៖ «​នេះ​គ្រាន់​តែ​ជា រឿង​ផ្ទាល់​របស់​ខ្ញុំ​ទេ​!​តិច​យក​ទៅ​ចុះផ្សាយ​អេណាអេណី​ចុះ​? ​មិន​បាច់​ចុះ​ទេ​!» ហើយ​ក៏​បាន​បិទ​ទូរស័ព្ទ​ទៅ​។

កាល​មុន​នេះ​បន្តិច​ដោយសារ​តារាសម្តែង​ស្រី និង​ពិធីការិនី​មាន​សម្រស់​ស្រស់ស្អាត​កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ដែល​មិន​សូវ​មាន​វត្តមាន​សម្តែង​កុន​ទាំង​ខ្នាត​តូចធំ​នោះ​ក៏​មាន​ការលើកឡើង​ពី​មហាជន​ថា គូស្នេហ៍​មិន​ឲ្យ​សម្តែង ព្រោះ​ខ្លាច​មាន​ការប៉ះពាល់​នឹង​រាងកាយ​ស្រី​ស្រស់ ប៉ុន្តែ​ថ្មីៗ​នេះ​នាង​បាន​បង្ហាញ​វីដេអូ​ឃ្លីប​ខ្លី​ប្រាប់​ថា បាន​សម្តែង​រឿង​ថ្មី​ឲ្យ​ទូរទស្សន៍​បាយ័ន​គឺ​រឿង «​ទាសករ​បេះដូង​» ដែល​ធ្វើឲ្យ​មាន​ការភ្ញាក់ផ្អើល​ដែរ​៕