ភ្នំពេញៈ ក្រោយពីអស់នូវឱកាសលើកពានដោយសារមិនអាចប្រជែងនឹងកញ្ញា ឈិន ម៉ានិច្ច នៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ២ មកទល់ពេលនេះតារាចម្រៀងស្រីវ័យក្មេងសំឡេងពិរោះរណ្តំកញ្ញា ហ៊ិន លីដា ហាក់មិនទាន់មានផលិតកម្មជ្រកនៅឡើយទេ ហើយបង្ហើបឲ្យដឹងពីរឿងខ្លួនមិនចង់ចូលទ្រនំហង្សមាសទៀតផង។
បច្ចុប្បន្ននេះគេឃើញតារាចម្រៀងស្រីអតីតជាបេក្ខភាពប្រឡងកម្មវិធី Cambodian Idol រដូវកាលទី ២ ដែលមានស្រុកកំណើតនៅកំពង់ឆ្នាំងសម្បុរស្រអែម កញ្ញា ហ៊ិន លីដា កំពុងតែច្រៀងជាប្រចាំនៅភោជនីយដ្ឋានវីហ្វ្រេនជាមួយនឹងតារាចម្រៀងប្រុសស្រីផ្សេងៗទៀតមានដូចជាកញ្ញា ពេជ្រ ច័ន្ទធីតា លោក ឃ្លាំង តារា កញ្ញា ជាតិ សុច្ចការ ជាដើម ខណៈសំឡេងរបស់នាងនៅតែមានទឹកដមសំនៀងក្រអួនក្រអៅមិនធម្មតាដូចកាលពីពេលទៅប្រឡងប្រជែងនោះដដែល។
បើទោះបីជាមានទឹកដមសំនៀងក្រអួនក្រអៅមិនធម្មតាមែន ប៉ុន្តែបានត្រឹមជាតារាចម្រៀងប្រចាំនៅភោជនីយដ្ឋានតែប៉ុណ្ណោះហាក់ធ្វើឲ្យកញ្ញា លីដា ពិបាកប្រជែងទីផ្សារចម្រៀងជាមួយនឹងតារាចម្រៀងល្បីៗ នាពេលបច្ចុប្បន្នផងដែរ។ កញ្ញា ហ៊ិន លីដា ក៏បង្ហើបឲ្យដឹងថា តាមពិតហង្សមាសធ្លាប់ផ្តល់ឱកាសឲ្យនាងបានចូលច្រៀងនៅផលិតកម្មដែរ ប៉ុន្តែចិត្តនាងនៅមិនចង់ចូលផលិតកម្ម ព្រោះខ្ញុំមើលឃើញថាផលិតកម្មហង្សមាសមានក្រុមតារាច្រើនណាស់ទើបនាងសុខចិត្តច្រៀងនៅខាងក្រៅផលិតកម្មរហូតមកដល់ពេលនេះវិញ។
កញ្ញា ហ៊ិន លីដា ឲ្យដឹងថា៖ «មិនមែនខ្ញុំអន់ចិត្តហង្សមាសមិនឲ្យជាប់ពានទើបខ្ញុំមិនចូលច្រៀងនៅផលិតកម្មទេ គឺខ្ញុំមើលឃើញថានៅទីនោះមានតារាច្រើនណាស់ ហើយតាមពិតខាងហង្សមាសក៏ធ្លាប់ហៅខ្ញុំចូលដែរ តែនាងខ្ញុំមិនទាន់ចង់ចូល ដោយសារតែចង់ច្រៀងនៅខាងក្រៅសិន និងធ្វើបទចម្រៀងខ្លួនឯងវិញ។ ប៉ុន្តែខ្ញុំធ្វើទៅតាមពេលវេលា ហើយប្រសិនបើនៅថ្ងៃក្រោយទៅ យើងត្រូវចូលផលិតកម្មណាមួយដែលមើលទៅឃើញថាអាចចូលទៅបាន ក៏ខ្ញុំនឹងចូលផងដែរ»។
ដោយឡែកការច្រៀងនៅប្រចាំភោជនីយដ្ឋានវីហ្វ្រេននោះកញ្ញា ហ៊ិន លីដា ដែលមានចិត្តរារែកមិនចង់ចូលផលិតកម្មហង្សមាសនោះ ក៏ព្រលយសរសើរថៅកែហាងដែរថា បានផ្តល់តម្លៃឲ្យនាងតាំងពីឈានជើងចូលទៅច្រៀងដំបូងមក។ កញ្ញា ហ៊ិន លីដា តារាចម្រៀងស្រីវ័យ ២០ ឆ្នាំរូបនេះបញ្ជាក់ថា៖ «តាំងពីខ្ញុំនៅជំទង់ម្ល៉េះ ហើយចូលច្រៀងដំបូងថៅកែគាត់ពេញចិត្តឲ្យតម្លៃស្មើគេច្រៀងដូចនៅផលិតកម្មដែរ។ ឥឡូវនេះមានរយៈពេលជាង ៥ ឆ្នាំមកហើយ។ ខ្ញុំក៏មានគេទាក់ទងឲ្យចេញច្រៀងសម្តែងនៅក្រៅស្រុកផងដែរ តែចរចាគ្នាមិនទាន់ត្រូវ អ៊ីចឹងហើយទើបមិនទាន់ច្បាស់»៕