ភ្នំពេញ: ក្រោយ​ផ្ទុះ​ព័ត៌មាន​តារា​សម្ដែង ហ្វី​ហ្វី ជា​នារី​រងគ្រោះ​ម្នាក់ ស្ថិត​ក្នុង​ចំណោម​ស្ត្រី ២ នាក់ ដែល​ត្រូវ​បុរស​ជន​ជាតិ​ចិន ២ នាក់​ជា​ថៅកែ​ខារ៉ាអូខេ នៅ​ម្ដុំ​ផ្សារ​បឹងត្របែក​ផ្លាហ្សា បាន​ប្រើ​ហិង្សា​វាយដំ​លើ​រាង​កាយ​ពួក​នាង នា​វេលា​ជិត​កណ្ដាល​អាធ្រាត្រ ថ្ងៃ​ទី ២៣ ខែ​មេសា តារា​ស្រី​រូប​នេះ ម្សិលមិញ​បាន​ធ្វើការ​បង្ហោះ​វីដេអូ​ផ្សាយ​ផ្ទាល់ រៀប​រាប់​នូវ​ហេតុការណ៍​អកុសល​កើត​ឡើង​លើ​រូប​នាង។

ក្នុង​វីដេអូ​ផ្សាយ​ផ្ទាល់​ដែលមាន​រយៈពេល​ជាង ១ ម៉ោង​នោះ តារា​សម្ដែង ហ្វី​ហ្វី បាន​រៀបរាប់​ដំណើរ​រឿង​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​មិន​មែន​ជា​អ្នក​ធ្វើការ​នៅ​កន្លែង​ហ្នឹង​ទេ ខ្ញុំ​គ្រាន់​តែ​ទៅ​លេង​កម្សាន្ត​ជាមួយ​មិត្តភក្ដិ​ខ្ញុំ។ ខ្ញុំ​អត់​ដែល​ទៅ​កន្លែង​ហ្នឹង​ទេ។ ហើយ​ដោយ​ឡែក កន្លែង​ហ្នឹង ប្អូន​ប្រុស​ខ្ញុំ​គាត់​ធ្វើការ​ផ្នែក​ដូចជា​សេវាកម្ម ខាង​ផ្នែក​ដូចជា​បកប្រែ​បក​អ៊ី​ចឹងៗ ខ្ញុំ​អត់​ដឹង​ទេ។ ចាស យប់​មិញ​ហ្នឹង គឺ​មិត្តភក្ដិ​ខ្ញុំ​ហៅ​ខ្ញុំ​ទៅ​លេង តាម​ពិត​ខ្ញុំ​អត់​ត្រូវ​ទៅ​ហ្នឹង​ទេ ខ្ញុំ​ត្រូវ​ទៅ​ចិន តែ​ដោយ​សារ​ភ្លាមៗ​យក​វីសា អត់​បាន គេ​តម្រូវការ​ច្រើន​ពេក វា​ស៊យ​ប៉ះចំ​មិត្តភក្ដិ​ខ្ញុំ​ហៅ​ទៅ​លេង ផង​ក៏​មាន​រឿង​អ៊ីចឹង​តែ​ម្តង​ទៅ»។

ក្រៅពី​បញ្ជាក់ដដែលៗថា នាង​មិនមែនជា​នារី​បម្រើការ​នៅ​ខារ៉ាអូខេ​របស់​ថៅកែ​ចិន​ទេនោះ តារា​សម្ដែង ហ្វីហ្វី បាន​បន្ត​ឲ្យ​ដឹង​ពី​ហេតុការណ៍​មុន​នាំ​ឲ្យ​ផ្ទុះ​ហិង្សា​ថា៖ «ហើយ​ដោយ​ឡែក ខ្ញុំ​ឡើង​ទៅ​ដល់​ភ្លាម ខ្ញុំ​អត់​ដឹង​ថា គាត់​ហ្នឹង​នរណា​គេ​ទេ មាឌ​រាង​ធំ​ខ្ពស់ គេ​ប្រាប់​ខ្ញុំ​ថា គាត់​ហ្នឹង​ជា​ថៅកែ គាត់​មក​ហៅ​ខ្ញុំ​ឲ្យ​ទៅ​អង្គុយ​លេង​ជាមួយ​ភ្ញៀវ​របស់​គាត់​នៅ​ក្នុង​បន្ទប់​ខារ៉ាអូខេ​របស់​គាត់ តែ​ខ្ញុំ​ចាំ​ថា កន្លែង​ហ្នឹង​ខ្ញុំ​បាន​មើល​ផ្លាក​ឃើញ​ថា​វីអាយភី ១ ខ្ញុំ​អើត​មើល​ទៅ​ឃើញ​វា​រញ៉េរញ៉ៃ​ពេក ទើប​ខ្ញុំ​អត់​ព្រម​អង្គុយ​កន្លែង​ទទួល​ភ្ញៀវ​របស់​គាត់​ហ្នឹង ខ្ញុំ​ក៏​ដើរ​គេច​ចេញ​មក​ក្រៅ»។

តារា​សម្ដែង​ដែល​កាលពី​ឆ្នាំ ២០១៥ ធ្លាប់ធ្វើ​ឲ្យ​មហា-ជន​ស្លុត​ចិត្តនឹង​ដំណឹង​គ្រោះថ្នាក់​ចរាចរណ៍​របស់​នាង​នោះ នាង​ក៏បាន​រៀបរាប់​បន្ត​អំពី​សកម្មភាព​របស់​ជន​ជាតិ​ចិន​ទាំង​នោះ​ឲ្យ​ដឹង​ទៀត​ថា៖ «ពេល​ដើរ​គេច​ចេញ​មក​ក្រៅ​ទៅ គាត់​ដើរ​តាម​ខ្ញុំ​មក​ក្រៅ មករ​ក​រឿង​ខ្ញុំ​នៅ​ក្រៅ​ទៀត ខ្ញុំ​អត់​ព្រម​អង្គុយ និយាយ​ទៅ គឺ​ខ្ញុំ​អត់​ទទួល​ការងារ​ដែល​គាត់​ឲ្យ​ខ្ញុំ​ធ្វើ​ហ្នឹង​ទេ ព្រោះ​ខ្ញុំ​អត់​ចង់​មាន​បញ្ហា​ច្រើន ព្រោះ​ខ្ញុំ​អត់​ចេះ​ចិន​ផង។ គាត់​ដើរ​មក​ក្រៅ ស្មាន​ថា​ខ្ញុំ​ជា​បុគ្គលិក​នារី​បម្រើការ​នៅ​ហ្នឹង គាត់​ក៏​ដើរ​មក​ចង្អុល​មុខ​ខ្ញុំ​ឡែតៗ ហើយ​ខ្ញុំ​ស្ដាប់​អត់​បាន ហើយ​ពួក​ម៉ាក​គ្នា​គាត់​ហ្នឹង​ក៏បាន​ច្រាន​ខ្ញុំ​ឲ្យ​ដួល រួច​ក៏​ធាក់​ខ្ញុំ​មួយ​ជើង ប៉ុន្តែ​វា​លក្ខណៈ​ហៅថា ខ្ញុំ​គេច​ទាន់​ដែរ ម៉ា​ជើង​គាត់​ហ្នឹង ប្រសិន​បើ​ត្រូវ​ខ្លាំង ខ្ញុំ​អាច​សន្លប់​បាន​ដែរ»។

បទពិសោធ​រង​អំពើហិង្សា​ពី​ជន​ជាតិចិន​នេះ​បានធ្វើ​ឲ្យ​កញ្ញា ហ្វី​ហ្វី បាន​លាន់មាត់​ទាំង​ហួសចិត្ត​ថា៖ «គាត់​ជា​ជន​ជាតិ​ចិន គាត់​មក​បើក​រក​ស៊ី​នៅ​ស្រុក​ខ្មែរ ហើយ​គាត់​ខ្លាំង​ណាស់ គាត់​ហ៊ាន​ធ្វើបាប​បុគ្គលិក​ខ្មែរ​យើង ២-៣ ដង​ហើយ គេ​ខ្លាច​គាត់ គេ​អត់​ហ៊ាន​តតាំង​ជាមួយ​គាត់​ទេ។ ប៉ុន្តែ​គាត់​ធ្វើ​ប៉ះចំ​ខ្ញុំ ខ្ញុំ​មិន​មែន​កូន​អ្នក​មាន​ខ្នង ខ្ញុំ​គ្រាន់​តែ​ជា​អ្នក​ធ្លាប់​ចូល​សិល្បៈ​តិច​តួច អ៊ីចឹង​ខ្ញុំ​គិត​ថា​អ្វី​ដែល​ខ្ញុំ​និយាយ​អាច​ផ្សព្វផ្សាយ​ដល់​អ្នក​សារ​ព័ត៌មាន និង​ស្នើ​សុំ​ដល់​ថ្នាក់​លើ​បាន​ខ្លះៗ​ដែរ»។

ដោយ​ប្រកាន់​ជំហរ​មិន​ទទួល​សំណង​ជា​ទឹកប្រាក់​ពី​ជន​ជាតិចិន​នោះ តារា​សម្ដែង ហ្វី​ហ្វី បាន​លើក​ហេតុផល​ថា៖ «ចំណុច​ហ្នឹង​ហើយ​ដែល​ខ្ញុំ​អត់​ព្រម​យក​សំណង​ពី​គាត់ បើ​ខ្ញុំ​ព្រម​យក​សំណង​ពី​វា ៥០០ ដុល្លារ​យប់​មិញ។ យប់​មិញ ឆ្លៀត​ឲ្យ​គេ​មក​តថ្លៃ​ប្រុង​ឲ្យ​ខ្ញុំ ១០០០ បញ្ចប់​ទៀត មក​ដល់​កន្លែង​ប្ដឹង សាលា​ខណ្ឌ​ចំការមន នេះ​ហ៊ាន​ឲ្យ​គេ​មក​សួរ​ខ្ញុំ​ថា បើ​សិន​ជា​ឲ្យ ១០០០ ព្រម​បញ្ចប់​រឿង​ទេ? ខ្ញុំ​ថា ខ្ញុំ​អត់​យក​ទេ ខ្ញុំ​ចង់​ឲ្យ​ច្បាប់​ចាត់ការ​ទៅ»។

ក្នុង​វីដេអូ​ផ្សាយ​ផ្ទាល់​នោះ តារា​សម្ដែង ហ្វី​ហ្វី ក៏បាន​បញ្ជាក់ថា នាង​បាន​ហៅ​ថៅកែ​ជនជាតិ​ចិន​នោះ​មក​ធ្វើការ​ដោះ​ស្រាយ​នៅ​សាលា​ខណ្ឌ​ម៉ោង ២ រសៀល​ថ្ងៃទី ២៤ ខែ​មេសា​ម្សិលមិញ។ កញ្ញា ហ្វីហ្វី ក៏បាន​អះអាង​ផង​ដែរ​ថា នាង​មាន​រូបភាព​ភ័ស្ដុតាង ហើយ​សកម្មភាព​ហិង្សា​នោះ​ក៏​អាច​ត្រូវ​បាន​ថត​ជាប់​ដោយ​វីដេអូ​ពី​កាមេរ៉ា​សុវត្ថិភាព​នៅ​ខារ៉ាអូខេ​ផង​ដែរ។

ក្នុង​ដំណើរ​ស្វែងរក​យុត្តិធម៌​នេះ តារា​សម្ដែង​កញ្ញា ហ្វី​ហ្វី ក៏បាន​បញ្ជាក់​ផងដែរ​ថា៖ «បើ​សមត្ថកិច្ច​អត់​គិតគូរ ខ្ញុំ​មាន​តែ​ស្នើ​ដល់​ថ្នាក់​លើ ខ្ញុំ​សូម​លើក​ម្រាមដៃ​ដប់​ស្នើ​ដល់​សម្ដេច​តេជោ​តែ​ម្ដង»៕