ក្រុងសេអ៊ូល៖ ហ្វូង​គោ​ជា​ច្រើន​ក្បាល​​បាន​មក​ជាប់​ទើរ​នៅ​លើ​ដំបូល​​ផ្ទះ រោង​កសិកម្ម​នានា​​​ដោយសារ​តែ​​ទឹក​ជំនន់​នៅ​កូរ៉េ​ខាង​ត្បូង​ដែល​ធ្វើ​ឲ្យ​​ក្រុម​អ្នក​ជួយ​សង្គ្រោះ​កំពុង​ប្រឈម​​​នឹង​បញ្ហា​ទម្លាក់​សត្វ​ដែល​មាន​​​ទម្ងន់​ខ្លួន​​ធ្ងន់​ទាំង​នោះ​​។

សត្វ​​គោ​ជា​​ច្រើន​ក្បាល​បាន​​រសាត់​អណ្តែត​តាម​ខ្សែ​ទឹក​ជំនន់​ជន់​លិច​នៅ​ចុង​សប្តាហ៍​នៅ​ Gurye ​​ជា​ទី​ប្រជុំជន​កសិកម្ម​មួយ ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ និង​​បែក​ខ្ញែក​រក​ទី​សុវត្ថិភាព​រៀងៗ​ខ្លួន ​ដោយ​ខ្លះ​ជាប់​ទើរ​លើ​ដំបូល​ផ្ទះ​​ និង​អគារ​ផ្សេង​ទៀត​។

នៅ​ពេល​​ដែល​ទឹក​ជំនន់​បាន​ស្រក​ចុះ​ សត្វ​ទាំង​នោះ​បែរ​ជា​​​​ជាប់​នៅ​លើ​ទី​ខ្ពស់​ និង​ស្ថិត​ក្នុង​សភាព​ត្រដាបត្រដួស ដែល​មិន​អាច​ស្វែង​រក​កន្លែង​ចុះ​មក​ដី​វិញ​បាន​។ ​

នៅ​ក្នុង​រូបភាព​បាន​បង្ហាញ​​ពី​សត្វ​គោ​​ប្រមាណ​ ៩ ​ក្បាល ឈរ​​លើ​ដំបូល​បាក់​បែក ​១ ​ផ្ទាំង​។

អ្នក​ស្រុក​ម្នាក់​បាន​ប្រាប់​បណ្តាញ​ទូរទស្សន៍​ JTBC​ ថា៖ «សត្វ​គោ​ទាំង​នោះ​​ហែល​ទឹក​​ពេល​កម្ពស់​ទឹក​​ជំនន់​ហក់​ឡើង​ខ្លាំង រួច​ស្រវេ​ស្រវា​​ឡើង​លើ​​ដំបូល​ផ្ទះ​ ​ហើយ​នៅ​ទីនោះ ទោះ​​ទឹក​ជំនន់​បាន​ស្រក​​ក៏​ដោយ»។​

ក្រុម​​សង្គ្រោះ​បាន​យក​រថយន្ត​ស្ទូច ​ទម្លាក់​គោ​នីមួយៗ​ពី​លើ​ដំបូល​ដោយ​លើក​ពួក​វា​​ដាក់​លើ​ក្ដារ​រអិល​។

ប៉ុន្តែ​​​នៅ​ពេល​​​ដែល​សត្វ​គោ​ត្រឡប់​ទៅ​​​កសិដ្ឋាន​រៀងៗ​ខ្លួន​វិញ​ គោ​ជា​ច្រើន​​ចេញ​រោគ​សញ្ញា​ជំងឺ​រលាក​សួត​។ នេះ​បើ​យោង​តាម​​ពេទ្យ​សត្វ​ស្ម័គ្រ​ចិត្ត ​១ ​រូប​ជាមួយ​នឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​ផ្តល់​ជំនួយ​សង្គ្រោះ​​។

គួរ​បញ្ជាក់​ថា ប្រទេស​កូរ៉េ​ខាង​ត្បូង​​​បាន​រង​នូវ​ឥទ្ធិពល​នៃ​ជំនន់​​ជន់​លិច​ដោយសារ​តែ​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​ច្រើន​សប្តាហ៍​ជាប់ៗ​គ្នា​ដែល​ជា​ហេតុ​បាន​បង្ក​ឲ្យ​​មាន​ទឹក​ជំនន់​ ​និង​មាន​របាយការណ៍​​ថា ​មនុស្ស​ចំនួន​ ៣១ ​​នាក់​បាន​ស្លាប់​ ចាប់​តាំង​ពី​ដើម​ខែ​​កន្លង​មក​នេះ៕ AFP/RS