ភ្នំពេញៈ ក្រោយពី​បាន​អភិវឌ្ឍ​ខ្លួន​ពី​អ្នកបង្កើត​គម្រោង​ជួយ​សហគមន៍​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​មកជា​ក្រុមហ៊ុន អេធិចឡ​ជីវឧស្ម័ន ដែល​នាំយក​បច្ចេកទេស​បង្កើត​ឡ​ជីវឧស្ម័ន សម្រាប់​ជួយ​សម្រួល​ពលរដ្ឋ​ខ្មែរ ដែល​ជា​ប្រជាកសិករ​ពិបាក​ក្នុង​ការរក​ថាមពល​ចម្អិន​ម្ហូបអាហារ ជាពិសេស​ជួយ​កិច្ចការ​ចង្ក្រាន​ដល់​ស្ត្រី​មេផ្ទះ​។

ក្រុមហ៊ុន​អេធិចឡ​ជីវឧស្ម័ន​បាន​បង្កើត​ឡើង​ជា​ផ្លូវការ​នៅ​ចុង​ឆ្នាំ​ ២០១៦ ខណៈ​ដើមឡើយ​ក្រុមហ៊ុន​ដើរតួនាទី​ជា​អ្នកបង្កើត​គម្រោង​ជួយ​សហគមន៍​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​តាំងពី​ឆ្នាំ​ ២០០៩ ​មក​។

លោក យ៉ង់ យឿង ជា​ប្រធាន​គ្រប់គ្រង​ទំនាក់ទំនង​ព័ត៌មាន​ផ្នែក​ទីផ្សារ និង​បណ្តុះបណ្តាល​តំបន់​នៃ​ក្រុមហ៊ុន (​អេធិចឡ​ជីវឧស្ម័ន​-ATEC Biodigesters) បាន​រៀបរាប់​ពី​អត្ថប្រយោជន៍​នៃ​ការបង្កើត​ឡ​ជីវឧស្ម័ន​នេះ​ថា​៖ «​ជាមួយ​នឹង​ការបង្កើត​ឡ​ជីវឧស្ម័ន​នេះ បងប្អូន​គ្រាន់តែ​ចំណាយ​ប្រាក់​ប្រមាណ ៧០០ ​ដុល្លារ​តែម្តង​ប៉ុណ្ណោះ​នឹង​អាច​មាន​ថាមពល​ប្រើ​រហូត ២៥ ​ឆ្នាំ​។ ទឹកប្រាក់​ដែល​បងប្អូន​ចំណាយ​ធ្វើ​ឡ​នេះ​នឹង​ទទួលបាន​ឡ ១ ចង្ក្រានហ្គាស​ភ្លោះ​ ១ ឆ្នាំង​ដាំបាយ ១ ទុយោ​ភ្ជាប់​បណ្តាញ​ឡ​ជីវ​ឧស្ម័ន​ ១ ​កំប្លេ ឧបករណ៍​ផ្ទុក​ហ្គាស ១ បណ្ណ​ធានា​នៃ​សេវាកម្ម​ដំឡើង និង​ថែទាំ​របស់​ក្រុមហ៊ុន​រយៈពេល ២ ​ឆ្នាំ​។ ពិតជា​ពិសេស​សម្រាប់​ជួយ​សម្រួល​ផ្នែក​ថាមពល ចម្អិនម្ហូប​អាហារ​របស់​បង​ប្អូន​លក្ខណៈ​គ្រួសារ​តែ​ម្តង ប្រសិន​បើ​មាន​ឡ​នេះ​ ១»​។

នេះ​ជា​បច្ចេកទេស​បង្កើត​ឡ​ជីវឧស្ម័ន​ដែល​បាន​នាំចូល​មកពី​ប្រទេស​អូស្ត្រាលី​។ ឡ​នេះ​មាន​តែមួយ​ខ្នាត​ប៉ុណ្ណោះ​ដែល​អាច​មាន​សុពលភាព​សម្រាប់​ការប្រើប្រាស់​រហូត​ដល់ ២៥ ឆ្នាំ និង​អាច​មាន​លទ្ធភាព​បង្កើត​នូវ​ជីសរីរាង្គ​ចំនួន ២០ ​តោន​ក្នុង​មួយ​ឆ្នាំ​ដែល​ប្រជាកសិករ​អាច​យក​ទៅ​ប្រើ​នៅ​ស្រែចម្ការ​បាន​ទៀតផង​។

ក្នុង​មួយថ្ងៃ វា​ត្រូវការ​ចាក់​លាមក​សត្វ ២០ ​គីឡូក្រាម​លាយ​ជាមួយ​ទឹក ១ ​ធុង ២០ ​លីត្រ​។ រូបថត សហការី

លោក យ៉ង់ យឿង បន្ត​ឲ្យ​ដឹង​ពីខ្នាត​ឡ​ជីវឧស្ម័ន​ដែរ​ថា​៖ «​យើង​មាន​តែមួយ​ទំហំ ឬមួយ​ខ្នាត​ទេ​សម្រាប់​ឡ​ជីវឧស្ម័ន​។ ចំពោះ​សណ្ឋាន​នៃ​ឡ​នោះ​គឺមាន​កម្ពស់ ២,១ ម៉ែត្រ និង​មុខកាត់​ឡ​ប្រវែង ១,៥ ម៉ែត្រ​។ ប្រភព​ដែល​អាច​យក​មក​ផ្គត់ផ្គង់​ឡ​ជីវឧស្ម័ន នោះ​មាន​លាមក​សត្វពាហនៈ​ដូចជា​សត្វ​គោ ក្របី សេះ ពពែ ជ្រូក សូម្បីតែ​លាមក​មនុស្ស ក៏​គេ​អាច​បង្ហូរ​ចេញ​ពី​បង្គន់​ចូល​ក្នុង​ឡ​ជីវឧស្ម័ន​»​។

លោក​បញ្ជាក់​ដែរ​ថា​៖ «​ចំពោះ​ថាមពល​ដែល​ទាញ​បាន​ពី​ឡ​ជីវឧស្ម័ន​នេះ​គឺ​ប្រើប្រាស់​ជា​លក្ខណៈ​គ្រួសារ​អាច​ទាញ​យក​ថាមពល​ប្រើ​បាន​ប្រមាណ ៣ ​ម៉ោង​ក្នុង​មួយថ្ងៃ​។ នាពេល​បង្កើត​ឡ​ជីវឧស្ម័ន​ដំបូង​ត្រូវ​មាន​បរិមាណ​លាមក​សត្វ​ចំនួន​ ៦០​ ធុងប៉េត្រូ (១ ​ធុង​ទម្ងន់​ ២០ ​គីឡូក្រាម​) បូក​នឹង​ទឹក​ចំណុះ ៦០ ​ធុង​ប៉េត្រូ​»​។

ចំពោះ​ការទទួល​បាន​នូវ​ថាមពល​ឧស្ម័ន​ហ្គាស ដើម្បី​យក​មក​ប្រើប្រាស់​ប្រចាំថ្ងៃ ក្រោយពី​បាន​បង្កើត​ឡ​ជីវឧស្ម័ន​ដែល​អាច​ទាញ​យក​ថាមពល​មកប្រើប្រាស់​នោះ​គឺ​មាន​ភាពខុសគ្នា​ទៅ​តាម​គុណភាព​នៃ​លាមក​សត្វ​ផងដែរ​គឺ​មាន​រយៈពេល​ចន្លោះ​ពី ៥ ​ថ្ងៃ​ទៅ​ដល់ ១ ​ខែ​។

លោក ចេង សុជាតិ ប្រធាន​គ្រប់គ្រង​ទូទៅ​ប្រចាំ​កម្ពុជា​នៃ​ក្រុមហ៊ុន​អេធិចឡ​ជីវឧស្ម័ន​-ATEC Biodigesters បាន​ឲ្យ​ដឹងផង​ដែរ​ថា​៖ «​ជាទូទៅ​ការបង្កើត​ឡ​ជីវឧស្ម័ន​នេះ គឺ​វា​អាស្រ័យ​ទៅតាម​ប្រភេទ​នៃ​ការប្រើ​ធនធាន​លាមក​សត្វ ដែល​ត្រូវ​យក​ទៅ​ដាក់​ក្នុង​ឡ​ឧស្ម័ន​ផងដែរ​។ មាន​ឡ​ខ្លះ​គឺអាច​នឹង​ទទួលបាន​ថាមពល​ឧស្ម័ន​ហ្គាស​ប្រើ​បាន ក្រោយពី​បង្កើតបាន​ចំនួន ៥ ថ្ងៃ ឬ មួយ​អាទិត្យ សម្រាប់​ឡ ប្រើ​លាមក​សត្វ​មាន​គុណភាព​ល្អ​គឺ​លាមក​សត្វ​ដែល​សត្វ​នោះ​ស៊ី​អាហារ​ដោយ​ធម្មជាតិ​។ តែមាន​ឡ​ខ្លះ​ត្រូវ​ចំណាយពេល​រហូតដល់ ៣-៤ សប្តាហ៍​ឯណោះ ទើប​អាច​ទាញ​យក​ថាមពល​ហ្គាស​មក​ប្រើ​បាន ដោយសារ​ប្រើ​លាមក​សត្វ​ដែល​ចិញ្ចឹម​ដោយ​ចំណី​»​។

ឡ​ជីវឧស្ម័ន​បាន​ផលិត​ជីធម្មជាតិ​សម្រាប់​ស្រោចស្រព​ដំណាំ​។ រូបថត សហការី

ដោយឡែក​ក្រោយពី​បាន​ដំណើរ​ប្រើប្រាស់​ឡ​ជីវឧស្ម័ន​នេះ​ហើយ ម្ចាស់​ឡ​នីមួយៗ​ក៏​ទាមទារ​ឲ្យ​មាន​ការចាក់​បំពេញ​បន្ថែម​លាមក​សត្វ និង​ទឹក​ជា​ប្រចាំ​ថ្ងៃ​ផងដែរ ដើម្បី​បន្ត​នូវ​ចរន្ត​ថាមពល​ក្នុង​ឡ​ឧស្ម័ន​គឺ​មួយ​ថ្ងៃ​ត្រូវ​ចាក់​ថែម​លាមក​សត្វ ២០ ​គីឡូក្រាម និង​ទឹក​ចំណុះ ២០ ​លីត្រ​។

លោក​បញ្ជាក់​ថា​៖ «​យើង​ទាមទារ​ឲ្យ​បងប្អូន​ជា​ម្ចាស់​ឡ ធ្វើការ​ចាក់​បន្ថែម​លាមក​សត្វ ២០ គីឡូ និង​ទឹក ២០ ​លីត្រ​ជា​រៀងរាល់​ថ្ងៃ​ទើប​អាច​រក្សា​នូវ​សក្តានុពល​នៃ​ការផលិត​ថាមពល​ហ្គាស​បានយូរ ឬ​គ្រប់គ្រាន់​តាម​តម្រូវការ​ប្រើប្រាស់​ប្រចាំថ្ងៃ​។ ការតម្រូវ​បែបនេះ​ប្រៀប​ដូចជា​សកម្មភាព​ដែល​យើង​ជិះឡាន ឬ​ម៉ូតូ​ត្រូវ​ចាក់​សាំង​ពេល​អស់​សាំង​អ៊ីចឹង​ដែរ​»​។

ចាប់តាំងពី​កកើត​មក​នោះ ក្រុមហ៊ុន​បាន​ដំឡើង​ឡ​ឲ្យ​អ្នកប្រើប្រាស់​បាន​ចំនួន ១ ៣០០ ​ឡ ហើយ​នៅ​ទូទាំង​ប្រទេស​គឺ​នៅ​សល់​តែ​ខេត្ត​ចំនួន​ ៣ ​គឺ​មណ្ឌលគិរី រតនគិរី និង​កោះកុង​ប៉ុណ្ណោះ​ដែល​ក្រុមហ៊ុន​ពុំទាន់​បាន​ចែកចាយ​ទៅ​ដល់​។

ក្រោយពី​បង្កើត​ឡ​ប្រើ​ហើយ​នោះ​គ្រួសារ​ដែល​ប្រើ​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​ឡ​នេះ​ដែរ​ដូចជា​កាត់បន្ថយ​ការចំណាយ​ទៅ​ការប្រើប្រាស់​ចរន្តអគ្គិសនី ឬ​តម្លៃ​ហ្គាស​។

សម្រាប់​សេវាកម្ម​ដំឡើង​នៅ​តំបន់​ក្រុង​រាជធានី​ភ្នំពេញ ខាង​ក្រុមហ៊ុន​មិន​គិត​តម្លៃ​សេវា​ដឹកជញ្ជូន​គ្រឿង​សម្ភារ​ដំឡើង​ឡ​ជីវឧស្ម័ន​នេះ​ឡើយ តែ​សម្រាប់​ខេត្ត​ដែល​នៅ​ចម្ងាយ​ក្រោម ៤០០ គីឡូម៉ែត្រ​ក្រុមហ៊ុន​គិត​បន្ថែម​តម្លៃ​ដឹកជញ្ជូន ៥០ ​ដុល្លារ​ពី​លើ​តម្លៃ​គ្រឿង​ដំឡើង​ឡ ៧០០ ដុល្លារ ហើយ​ប្រសិនបើ​នៅ​ខេត្ត​លើស ៤០០ គីឡូម៉ែត្រ​នឹង​ត្រូវ​បូក​បន្ថែម​តម្លៃ​ដឹកជញ្ជូន ៨០ ​ដុល្លារ​៕