The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អក​អំបុក​ ពិធី​​ទទួល​ទាន​អំបុក​ងើយ​គន់​មើល​​ព្រះចន្ទ​ និមិត្តរូប​នៃ​អំពើ​ល្អ​

អក​អំបុក​ ពិធី​​ទទួល​ទាន​អំបុក​ងើយ​គន់​មើល​​ព្រះចន្ទ​ និមិត្តរូប​នៃ​អំពើ​ល្អ​

Content image - Phnom Penh Post
ប្រជាជន​រៀប​ដង្វាយផ្លែឈើ ដូង​ខ្ចី និង​អំបុក ត្រៀម​ពិធី​បុណ្យ​អកអំបុក សំពះព្រះខែ​ តាម​ទំនៀមទម្លាប់ខ្មែរ​​។ ហេង ជីវ័ន

អក​អំបុក​ ពិធី​​ទទួល​ទាន​អំបុក​ងើយ​គន់​មើល​​ព្រះចន្ទ​ និមិត្តរូប​នៃ​អំពើ​ល្អ​

កំពង់ធំ៖ ​​កត្តិក ជា​ខែ​ចាប់​ផ្ដើម​ធ្លាក់​ខ្យល់​ពី​ទិស​ខាង​ជើង ក៏​ដូចជា​វេលា​ស្រូវ​ស្រែ​ទុំ និង​ឱកាស​នៃ​ការ​​ប្រមូល​ផល​ស្រូវ​​របស់​ប្រជាពលរដ្ឋ​ខ្មែរ។

នៅ​តាម​​ដង​វិថី​ផ្លូវ​​​ជាតិ​លេខ ៦ អ្នក​ដំណើរ​ឆ្លង​កាត់​ខេត្ដ​កំពង់ធំ ជា​ពិសេស​ភ្ញៀវ​ទេសចរ​ទាំង​ជាតិ និង​អន្ដរជាតិ​នឹង​ប្រទះ​ភ្នែក​​ឃើញ​ពលរដ្ឋ​ក្នុង​ឃុំ​សានគរ​ ស្រុក​កំពង់​ស្វាយ​ នាំ​គ្នា​ផលិត​អំបុក​ជា​លក្ខណៈ​​ប្រពៃណី​ និង​ដាក់​លក់​ជា​ហូរហែ​ដល់​អ្នក​ដំណើរ​។

បុរស​ស្លៀក​តែ​ខោខ្លី​ត្រឹម​ជង្គង់​បន្ដ​ផ្លាស់​ប្ដូរ​ជើង​ម្ខាង​ធាក់​អុក​ត្បាល់​កំពុង​បុក​ស្រូវ​ និង​ដៃ​ម្ខាង​មមាញឹក​ក្នុង​ការ​កូរ​លីង​ស្រូវ​ក្នុង​ខ្ទះ​ដុត​ភ្លើង​រឹម​ៗ​​ ដោយ​​ប្រើ​សរសៃ​ឈើ​តូច​វែង​ ខណៈ​ស្ដ្រី​វ័យ​ជាង ៣០ ឆ្នាំ លីង​ស្រូវ​ក្នុង​ខ្ទះ​មួយ​ផ្សេង​ទៀត​បណ្ដើរ និង​ឆ្កឹះ​ស្រូវ​លីង​រួច​ដាក់​ក្នុង​ត្បាល់​។

លោក ម៉ូត ម៉ី អាយុ ៣៤ ឆ្នាំ​ ដែល​កំពុង​ញាប់​ដៃ​ញាប់​ជើង​ដោយ​បុក​ផង និង​កូរ​ផង​ បាន​ប្រាប់​ថា​ លោក​ និង​ក្រុម​គ្រួសារ​លោក​ ចាប់​ផ្ដើម​ដាល់​អំបុក​លក់​រយៈពេល ៤ ឆ្នាំ​ហើយ​ ក្រៅ​ពី​កិច្ចការ​ធ្វើ​ស្រែ​ចម្ការ​​។

ឪពុក​កូន ៣ នាក់​រូប​នេះ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ ថា​៖ «​យើង​ប្រើ​ប្រភេទ​ស្រូវ​​រំដួល ស្រូវ​សែន​ក្រអូប ឬ​ស្រូវ​ដំណើប​ ដែល​ទើប​ច្រូត​កាត់​រួច​ ពី​ព្រោះ​ការ​ដាល់​អំបុក​ត្រូវ​ធ្វើ​ឡើង​អំឡុង​ពេល​​ស្រូវ​នៅ​​សើម​ និង​ទន់ ហើយ​បើ​ដាល់​ស្រូវ​ចាស់ ដែល​មាន​សភាព​ស្ងួត វា​ប្រាកដ​ជា​បាក់​អស់​ហើយ»​។

លោក ម៉ី បាន​បន្ដ​ថា​៖ «ដំបូង យើង​យក​ស្រូវ​ថ្មី​​មក​លាង​ទឹក​ឲ្យ​ស្អាត​ រួច​លីង​ក្នុង​ខ្ទះ​ដែល​ប្រើ​ភ្លើង​ល្មមៗ​ក្នុង​បរិមាណ ​១ ​កំប៉ុង​ពេញ​។ ពេល​គ្រាប់​ស្រូវ​ឡើង​ក្រហម​ព្រឹងៗ និង​ស្ងួត​បែក​គ្រាប់​ផ្ទុះ​​​ខ្លះ​ៗ យើង​យក​វា​ដាក់​ក្នុង​ត្បាល់​បុក​ឲ្យ​បែក​សំប៉ែត​ល្អ​ ទើប​យើង​រែង​កម្ទេច​ចេញ​ជា​ការ​ស្រេច​​។ កម្ទេច​ល្អិតៗ ដែល​ត្រូវ​បាន​រែង​ចេញ​ យើង​​ប្រើ​សម្រាប់​ដាក់​លាយ​ជា​ចំណី​ជ្រូក គោ មាន់​ និង​សត្វ​ផ្សេងៗ​ក៏​បាន​ដែរ»។

រដូវ​ដាល់​​​អំបុក​ចាប់​ផ្ដើម​ពី​​ខែ ​៧ រហូត​ដល់​ខែ​ ១២​ ក៏​ជា​វេលា​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​ប្រារឰ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​ផង​ដែរ​។

Content image - Phnom Penh Post
សកម្មភាព​លីង​ស្រូវ​ដាល់​អំបុក នៅ​តាម​ផ្លូវ​ជាតិ​លេខ ៦ ស្រុក​កំពង់​ស្វាយ​​។ ហុង មិនា

ចំពោះ​ការ​ប្រកប​របរ​ដាល់​អំបុក​ពី​សំណាក់​ពលរដ្ឋ​ខេត្ដ​កំពង់ធំ បរិវេណ​​នៅ​តាម​ដង​​ផ្លូវ​ជាតិ​លេខ ៦ ជា​ទីកន្លែង​ដាល់​អំបុក​ដ៏​មាន​ប្រជាប្រិយភាព ​និង​ទ្រង់ទ្រាយ​​ធំ​ដុំ​ជាង​គេ​។​

លោក សុខ​ លូ អភិបាល​ខេត្ដ​កំពង់ធំ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ ថា​៖ «​ក្រៅ​ពី​ស្រុក​កំពង់ស្វាយ នៅ​មាន​ស្រុក​បារាយណ៍ ដែល​បង​ប្អូន​ប្រជាពលរដ្ឋ​ប្រកប​របរ​ដាល់​អំបុក​ តែ​មិន​មាន​ទ្រង់ទ្រាយ​ធំ​ដូច​នៅ​ឃុំ​សានគរ ស្រុក​កំពង់ស្វាយ​។ ពួក​គាត់​​ដាល់​អំបុក​លក់​នៅ​តាម​ដង​ផ្លូវ​ជាតិ​លេខ ៦ តាំង​ពី​បរម​បុរាណ​»។

ប្រវត្ដិ​បុណ្យ​អក​អំបុក​

ពិធី​អក​អំបុក​ ដែល​ជា​សកម្មភាព​ទទួល​ទាន​អំបុក​ និង​ងើយ​មើល​​ព្រះ​ចន្ទ ដើម្បី​រំឭក​គុណ​ដល់​ការ​ធ្វើ​ទាន​របស់​សសបណ្ឌិត​បាន​ត្រាស់​ដឹង​​ជា​ព្រះ​ពោធិ​​សត្វ​ ​ត្រូវ​បាន​រៀបចំ​ឡើង​អំឡុង​ពេល​ថ្ងៃ​បុណ្យ​អុំទុក​ ដែល​ឆ្នាំ​នេះ នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ ​១៤​-១៥ កើត​ និង​ថ្ងៃ ១ រោច​ ខែ​កត្ដិក ត្រូវ​នឹង​ថ្ងៃទី ១១ ដល់​ថ្ងៃទី ១៣ ខែ​វិច្ឆិកា​ខាង​មុខ​នេះ​។

លោក វ៉ាយ វិបុល មន្ដ្រី​ស្រាវជ្រាវ​ហោរាសាស្ដ្រ និង​ទំនៀម​ទម្លាប់ នៃ​ក្រសួង​ធម្មការ និង​សាសនា​ បាន​​ឲ្យ​​ដឹង​​​ថា​៖ «​​បើ​និយាយ​ពី​ការ​អក​អំបុក វា​ទាក់ទង​​នឹង​បុណ្យ​អុំទូក​ ដែល​មាន​កម្មវិធី​អុំទូក បណ្ដែត​ប្រទីប សំពះ​ព្រះខែ និង​អក​អំបុក។ អក​អំបុក ​គឺ​ជា​ពិធី​ចុង​ក្រោយ​នៃ​កម្មវិធី​បុណ្យ​ទាំង ៣ ថ្ងៃ​​»​។

មិន​ខុស​ពី​​ព្រះ​រាជ​​ពិធី​បណ្ដែត​ប្រទីប ពិធី​បុណ្យ​​អុំទូក ជា​ការ​​រំឭក​ទៅ​​ដល់​ព្រះ​​​ចង្កូម​​កែវ [ព្រះ​ទន្ត​ស្រួច​នៃ​ព្រះ​សក្យ​​​មុនី​សព្វញ្ញុពុទ្ធ]​ គឺ​ជា​ការ​សំយោគ​​បញ្ចូល​គ្នា​រវាង​សាសនា​ព្រាហ្ម និង​ព្រះពុទ្ធ​សាសនា ព្រមទាំង​ឱកាស​នៃ​ការ​អបអរ​សាទរ​ក្រោយ​ពី​អតីត​រាជា​ណាចក្រ​ច្បាំង​ឈ្នះ​សត្រូវ​លើ​សមរភូមិ​​ជើង​ទឹក​។

លោក វិបុល បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ ថា​៖ «​ចំពោះ​សាសនា​ព្រាហ្ម​ យើង​រំឭក​គុណ​ដល់​ព្រះធរណី និង​ព្រះ​គង្គារ មាន​ស្ដេច​ក្រុង​ពាលី គង្ហីង​ព្រះ​​ធរណី ស្ដេច​នាគវន្ត ដែល​គ្រប់គ្រង​ទឹក​ដី។ ដល់​ពេល​ទឹក​ហូរ​បញ្ច្រាស​វិញ វា​ជា​ការ​ជូន​ដំណើរ​ដល់​ពពួក​នាគ​ត្រឡប់​ទៅ​វិញ​ ហើយ​មុន​នឹង​អញ្ជើញ​ទៅ យើង​សុំ​ពរ​ជ័យ​ពី​លោក​។ បើ​និយាយ​ពី​ព្រះពុទ្ធ​សាសនា វា​ជា​ការ​រំឭក​ដល់​ព្រះ​​ចង្កូម​កែវ​ទាំង ៤​ ដោយ​ព្រះពុទ្ធ​ជា​ម្ចាស់​ដែល​​ស្ថិត​ក្នុង​ឋាន​​ព្រះភុជង្គនាគ​ផង​ដែរ»​។

លោក​បន្ដថា៖ «វា​ជា​ឱកាស​ប្រារឰ​ពិធី​​បែប​សាសនា​ទាំង ២ ផង​ បូក​នឹង​ប្រទេស​ជាតិ​ទទួល​ជោគជ័យ​ទៅ​លើ​ខ្មាំង​សត្រូវ​ចំពោះ​ទ័ព​ជើង​ទឹក​នា​សម័យ​​ដើម​។ ដើម្បី​ទទួល​ជ័យ​ជម្នះ យើង​មាន​​អ្នក​អុំ មាន​ច្រវា មាន​អ្នក​រាំ​ក្បាល​ទូក​ជា​ពិសេស មាន​ទូក និង​មាន​ទឹក ជា​តំណាង​និមិត្តរូប​ឲ្យ​នាវា​។ ភាព​សាមគ្គី​រវាង​អ្នក​រាំ​ក្បាល​ទូក និង​អ្នក​អុំ​ស្រប​តាម​កម្លាំង ធ្វើ​ឲ្យ​ទូក​ស្ទុះ​លឿន។ នេះ​ជា​និមិត្តរូប​នៃ​សាមគ្គីភាព​ក្នុង​សង្គម ដែល​អ្នក​រាំ​ក្បាល​ទូក​ជា​អ្នក​ដឹកនាំ ក៏​ដូចជា​ព្រះ​រាជា​ពី​សម័យ​ដើម​​​»។

Content image - Phnom Penh Post

មន្ដ្រី​ស្រាវជ្រាវ​ហោរាសាស្ដ្រ និង​ទំនៀម​ទម្លាប់​រូប​នោះ​បាន​បន្ថែម​ថា​៖ «វា​ជា​ការ​ប្រណាំង​ប្រជែង ​ដើម្បី​ជា​គំរូ​និមិត្តរូប​របស់​ចៅហ្វាយ​ខេត្ដ របស់​ស្រុក​ និង​របស់​ឃុំ​នីមួយៗ​ ខិតខំ​ដឹកនាំ​នាវា​​មូលដ្ឋាន​របស់​ខ្លួន​រីក​ចម្រើន»។

ហេតុ​អ្វី ​ត្រូវ​អក​អំបុក?

ទាក់ទង​នឹង​ព្រះរាជ​ពិធី​អក​អំបុក វា​ជា​កិច្ច​រំឭក​ដល់​ការ​អបអរ​លទ្ធផល​ស្រូវ​ដែល​​ប្រមូល​បាន​​រៀងរាល់​ឆ្នាំ​។ ចំពោះ​សកម្មភាព​អក​អំបុក​គន់​មើល​ព្រះ​ចន្ទ​ វា​បាន​រំឭក​ដល់​សស​បណ្ឌិត​ ដែល​ព្រះ​​ពោធិសត្វ លោក​យុន​យោគ​កំណើត​កើត​ជា​សស​បណ្ឌិត [សត្វ​ទន្សាយ​]។

មន្ដ្រី​​បម្រើការ​នៅ​ក្រសួង​ធម្មការ និង​​សាសនា លោក វ៉ាយ​ វិបុល បាន​ប្រាប់​ថា​៖ «នៅ​ក្នុង​ថ្ងៃ​ពេញ​បូណ៌មី លោក​​មាន​សទ្ធា​ជ្រះ​ថ្លា​ចង់​បរិច្ចាគ​នូវ​​ជីវិត​ដើម្បី​បំពេញ​ទាន​។ បើ​មាន​នរណា​មក​សុំ​ជីវិត​អញ ស្បែក​អញ សាច់​អញ ខ្លួន​​អញ​ ព្រះ​អង្គ​​នឹង​ប្រគល់​ទាន​នេះ ​ដើម្បី​ឲ្យ​បាន​ត្រាស់​ដឹង»​។

លោក​បន្ដថា​៖ «ពេល​នោះ ព្រះឥន្ទ្រ​​និម្មិត​ជា​តា​ព្រាហ្ម​​​សុំ​សាច់​ទន្សាយ​ជា​អាហារ​។ ទន្សាយ​ឲ្យ​តា​ព្រាហ្ម​ដុត​ភ្លើង​ ហើយ​ក៏​រលាស់​ខ្លួន​ដើម្បី​ឲ្យ​អស់​នូវ​សត្វ​ល្អិត​ជាប់​ក្នុង​រោម​ កុំ​ឲ្យ​បាប​រួច​លោត​​ចូល​ភ្លើង​។ ដោយ​ភាព​អស្ចារ្យ​នៃ​បរិត្ត​បារមី ភ្លើង​ក៏​រលត់​។ តា​ព្រាហ្ម​បាន​ដឹង​ច្បាស់​ថា ​ព្រះ​ពោធិសត្វ​បាន​បំពេញ​ទាន​នេះ​ហើយ​ ក៏​បាន​ប្រែ​ក្លាយ​​ជា​ព្រះ​ឥន្ទ​វិញ​ ដោយ​យក​ថ្ម​មណ្ឌល​សិលា​ទៅ​គូស​ឆ្លាក់​នៅ​ក្នុង​វង់​ព្រះ​ចន្ទ ជា​រូប​ទន្សាយ»​។

ដោយសារ​ពិធី​អក​អំបុក​ត្រូវ​បាន​ប្រារឰ​ជា​ផ្លូវ​ការ​ជាមួយ​ពិធី​បុណ្យ​អុំទូក​គេ​ជឿ​ថា​ វា​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​សតវត្សរ៍​ទី ១២ អំឡុង​ការ​គ្រងរាជ្យ​របស់​ព្រះបាទ​ជ័យ​វរ័ន្ម​ទី ៧ ឆ្នាំ ​១១៨១ រហូត​ដល់​បច្ចុប្បន្ន ដើម្បី​រំឭក​ដល់​វីរភាព​ដ៏​ក្លាហាន​របស់​កងទ័ព​ជើង​ទឹក​កម្ពុជា​ដែល​បាន​ច្បាំង​ឈ្នះ​កង​ទ័ព​ចាម្ប៉ា។

រឿង​រ៉ាវ​នាំ​ឲ្យ​មាន​របរ​លក់​អំបុក​

ទោះ​វា​ជា​រឿង​ពិត ឬ​រឿង​ប្រឌិត ដំណើរ​រឿង​ព្រះ​​ពោធិសត្វ ​គឺ​ជា​ការ​បង្រៀន​ពុទ្ធសាសនិក​ប្រព្រឹត្ដ​អំពើ​ល្អ​ និង​ដើរ​តាម​គំរូ​ដ៏​ល្អ​របស់​ព្រះ​សម្មាសម្ពុទ្ធ​ បរម​គ្រូ​នៃ​យើង​។

លោក​បាន​អះអាង​ថា​៖ «​ហេតុ​នេះ​ហើយ​បាន​​ជា​ខ្មែរ​យើង​ប្រកាន់​ខ្ជាប់​នូវ​អំពើ​ល្អ​ ទោះ​បី​ជា​ពិត​ក្ដី ឬ​មិន​ពិត​ក្ដី ក៏​ជា​រឿង​មួយ​ស្ដីពី​តថភាព​ ជា​ការ​ពិត​ដែល​នាំ​មក​នូវ​សេចក្ដី​​​ល្អ​​។ ដូច្នេះ​ ការ​អក​អំបុក​ដោយ​ងើយ​មើល​​ព្រះចន្ទ ​គឺ​ជា​ការ​គោរព​ដល់​ព្រះពោធិសត្វ​»។

ក្នុង​ចំណោម​ភូមិ​ក្បិល ភូមិ​ក្រសាំង​ក ភូមិ​ក្រសាំង​ខ និង​ភូមិ​សានគរ នៃ​ឃុំ​សានគរ ស្រុក​កំពង់ស្វាយ​ ខេត្ដ​កំពង់ធំ ប្រជាពលរដ្ឋ​ប្រកប​របរ​ដាល់​អំបុក​លក់​​បាន​អភិវឌ្ឍ​ពី​ការ​ប្រើ​កម្លាំង​ជាន់​ត្បាល់​​ជើង​បុក​មក​ជា​ការ​ប្រើ​កម្លាំង​ម៉ាស៊ីន​គោយន្ដ​ ដោយ​ច្នៃ​បន្ថែម​ឧបករណ៍​​កូរ​លីង​ស្រូវ​ស្វ័យ​ប្រវត្ដិ​។

លោក យន់ ឆៃអៀង ជា​អធិការ​រង​ស្រុក​កំពង់ស្វាយ ​បាន​និយាយ​ថា​ ប្រជាជន​រាប់​រយ​គ្រួសារ​ក្នុង​ឃុំ​សានគរ​​ប្រកប​អាជីវកម្ម​ផលិត​អំបុក​​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។

លោក​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ ថា​៖ «​ជិះ​មក​​ពី​​សៀមរាប បង​បាន​ឃើញ​ហើយ​នៅ​តាម​ចិញ្ចើម​ថ្នល់​អម​សង​ខាង​រហូត​។ ពួក​គេ​ភាគ​ច្រើន​ប្រកប​របរ​តាំង​ពី​យូរយារ​មក​ហើយ។​ ​​ខ្ញុំ​មក​កាន់​អធិការ​រង​ស្រុក​កំពង់ស្វាយ​នេះ​ជាង ១០ ឆ្នាំ​ហើយ ខ្ញុំ​បាន​ឃើញ​ពួក​គាត់​ប្រកប​អាជីវកម្ម​នេះ​ទៅ​ហើយ​ គ្រាន់​តែ​ពេល​មុន​មិន​ទាន់​មាន​ច្រើន​ដូច​ឥឡូវ​នោះ​ទេ»។

Content image - Phnom Penh Post
ការ​ប្រារព្ធ​ពិធីដាល់អំបុក​ នៅ​រមណីយដ្ឋាន​​វត្តភ្នំ កាលពី​ប៉ុន្មានឆ្នាំមុន​​​។ ហេង ជីវ័ន

សកម្មភាព​បុក​ស្រូវ ឬ​ដាល់​អំបុក​របស់​​​លោក ម៉ូត ម៉ី ទំនង​ជា​ប្រពៃណី​ទំនៀម​ទម្លាប់​សេសសល់​​តិច​តួច​បំផុត ខណៈ​អ្នក​ដាល់​អំបុក​ភាគ​ច្រើន​បាន​ប្រើ​​កម្លាំង​ម៉ាស៊ីន​បែប​ពាក់​កណ្ដាល​ស្វ័យ​ប្រវត្ដិ​។

លោក ម៉ូត ម៉ី បាន​​និយាយ​ទាំង​អស់​សំណើច​ថា ខ្លួន​នឹង​មាន​ឱកាស​បាន​ប្រើ​ម៉ាស៊ីន​ដាល់​អំបុក​​នៅ​ឆ្នាំ ​២០២៣ ឬ២០២៤ ពេល​មាន​លទ្ធភាព​។ លោក​​បាន​ប្រាប់​ថា​៖ «អា​ធូរ​ថ្លៃ​ វា​មាន​តម្លៃ​ចាប់​ពី ៥០០ ដុល្លារ​ឡើង​»។

តាម​ធម្មតា ក្នុង ​១ ថ្ងៃ​ លោក​អាច​លក់​អំបុក​ប្រមាណ ​១ បាវ ទម្ងន់ ៣០ គីឡូក្រាម​ ដែល ​១ ​​​ថង់​ចំណុះ ៣ កំប៉ុង​កន្លះ លក់​ក្នុង​តម្លៃ ៥ ០០០ រៀល។

ជា​អ្នក​ដាល់​អំបុក​ដោយ​ប្រើ​កម្លាំង​ម៉ាស៊ីន​ជំនួយ​ការ​បុក​ និង​រែង​កន្ទក់ អ្នក​ស្រី សិត​ ម៉ិះ​ អាយុ ៣២ ឆ្នាំ ទើប​តែ​ចាប់​ផ្ដើម​អាជីព​ដាល់​អំបុក ​១ ​ឆ្នាំ​នេះ​ បាន​​និយាយ​ថា ការ​​ផលិត​អំបុក​​ដោយ​បុក​ជើង ឬ​ម៉ាស៊ីន​ វា​មិន​ខុស​​ប្លែក​​គ្នា​នោះ​ទេ ពី​ព្រោះ​អ្នកស្រី​មិន​អាច​ផលិត​ច្រើន​លើស​បរិមាណ​នៃ​ការ​លក់​ប្រចាំ​ថ្ងៃ​ឡើយ​។

អ្នកស្រី​និយាយ​ថា៖ «បើ​តាម​កម្លាំង​​ម៉ាស៊ីន​បុក​ស្រូវ ​ខ្ញុំ​អាច​ផលិត​អំបុក​បាន​ច្រើន​ជាង​នេះ តែ​វា​អាស្រ័យ​ទៅ​លើ​ការ​លក់​ ដោយសារ​តែ​យើង​មិន​អាច​ផលិត​អំបុក​ទុក​ឆ្លង​ថ្ងៃ​នោះ​ទេ​។ វា​អាច​មាន​សភាព​ទន់​ មិន​ស្រួយ​ឆ្ងាញ់​ ហើយ​ភ្ញៀវ​ក៏​សាញ​ដែរ​។ ​អត់​ទៀង​​ទេ​​។ ១ ​ថ្ងៃ​ យើង​អាច​​លក់​បាន​ប្រហែល ៣ ធុង​ស្ប៉េត្រូ [ធុង​ថ្នាំ​លាប​ជញ្ជាំង​ចំណុះ​ ២០ លីត្រ​]។ បើ​តាម​សមត្ថភាព​​ម៉ាស៊ីន​ដាល់​អំបុក វា​អាច​ផលិត​អំបុក​បាន​រហូត​ដល់​ ៤ ​ធុងស្ប៉េត្រូ»​។

អង្គុយ​ផ្ទាល់​ដី ដៃ​កូរ​លីង​ស្រូវ​បណ្ដើរ អ្នកស្រី ម៉ិះ បាន​ឲ្យ​ដឹង​ថា​៖ «​ថ្ងៃ​ធម្មតា យើង​លក់​មិន​សូវ​ដាច់​ទេ ដោយ​មាន​តែ​ភ្ញៀវ​ធ្វើ​ដំណើរ​​ឆ្លង​កាត់​​រវាង​​សៀមរាប​ និង​ភ្នំពេញ​ ដែល​ពួក​គេ​ឆ្លៀត​​ចូល​ទិញ​យក​ទៅ​ហូប​ជាមួយ​ទឹក​ដូង និង​​ចេក​ណាំវ៉ា​​ប៉ុណ្ណោះ​។ ណា​មួយ​នៅ​តាម​ភូមិ​ យើង​មាន​អ្នក​ដាល់​អំបុក​ច្រើន​ផង​។ ​ការ​លក់​បាន​គ្រាន់​បើ ​គឺ​នៅ​អំឡុង​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ និង​បុណ្យ​អុំទូក​​»​។

អក​អំបុក​រក្សា​ជាតិ​ សាសនា និង​ព្រះ​មហាក្សត្រ​

ស្រប​តាម​ការ​អំពាវនាវ​របស់​លោក​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន សែន ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំង​អស់​រៀបចំ​ពិធី​ទទួល​ទាន​អំបុក​​នៅ​ថ្ងៃ​ទី ៩ ខែ​វិច្ឆិកា​ ចំ​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​លើកទី ៦៤ នូវ​អ្វី​ដែល​លោក​បាន​ហៅ​ថា «​ការ​ទទួល​ទាន​អំបុក​​រក្សា​ជាតិ សាសនា ព្រះមហាក្សត្រ​​» គ្រាន់​តែ​ដែន​ដី​រាជធានី​ភ្នំពេញ អាជ្ញាធរ​នឹង​មាន​ការ​រៀបចំ​កម្មវិធី​នេះ​រហូត​ដល់ ៩០០ ទីផ្សារ ដែល​នឹង​មាន​មនុស្ស​ចូលរួម​យ៉ាង​តិច ១០ ម៉ឺន​នាក់​។ នេះ​បើ​យោងតាម​គេហទំព័រ​គណបក្ស​ប្រជាជន​កម្ពុជា​។

លោក យន់ ឆៃអៀង ជា​អធិការ​រង​ស្រុក​​កំពង់ស្វាយ​បាន​ប្រាប់​​ភ្នំពេញ​ ប៉ុស្ដិ៍​​ ថា ខាង​អាជ្ញាធរ​នឹង​មាន​ត្រៀម​អំបុក​​សម្រាប់​បង​ប្អូន​ប្រជាពលរដ្ឋ​​អក​ជុំ​គ្នា​ក្នុង​ការ​អំពាវនាវ​របស់​លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ផង​ដែរ។

លោក​បាន​អះអាង​ថា​៖ «តាម​ការ​ក្ដាប់​ព័ត៌មាន​​បាន ចំពោះ​អ្នក​ដាល់​អំបុក​លក់​ បើ​មាន​នរណា​សុំ​​កក់​ឥឡូវ គឺ​ស្ទើរ​តែ​ចង្អៀត​អស់​ហើយ​ គឺ​អត់​មាន​​ទៀត​ទេ ពីព្រោះ​មាន​គេ​កក់​ទិញ​អស់​ហើយ​»​។

Content image - Phnom Penh Post
សកម្មភាព​អ្នក​ភូមិធ្វើអំបុក ដៃ​ម្ខាង​កូរលីង​ស្រូវ ដៃ​ម្ខាង​ឆ្កឹះអំបុក​កំពុងបុក​​​។ ហុង មិនា

លោក សុខ​ លូ អភិបាល​ខេត្ដ​កំពង់ធំ បាន​ឲ្យ​ដឹង​ថា​ ថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ ​២០១៩ នេះ បង​ប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ដ​កំពង់ធំ រួម​មាន​វត្ដ​អារាម និង​ទី​ប្រជុំជន​នានា ពួក​គាត់​នាំ​គ្នា​រៀបចំ​ហូប​អំបុក​សាមគ្គី អំបុក​ខ្មែរ ថែរក្សា​ជាតិ​ សាសនា ព្រះមហាក្សត្រ​។ រដ្ឋបាល​​ខេត្ដ​បាន​តៀម​អំបុក​ជិត ២ តោន​ បន្ថែម​ពី​លើ​អាជ្ញាធរ​ស្រុក​ដែល​ម្ចាស់​ការ​រៀងៗ​ខ្លួន»។

លោក​បន្ដ​ថា៖ «​ចំណែក​ឯ​រដ្ឋបាល​ខេត្ដ​​ក៏​មាន​រៀបចំ​កម្មវិធី​ហូប​អំបុក​សាមគ្គី​នៅ​តាម​សួន​ស្ទឹងសែន ហើយ​ក្នុង​ឱកាស​នោះ ក៏​មាន​ការ​ចែក​អំបុក​ (អំបុក​ខេត្ដ​កំពង់ធំ) ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​ដោយ​ឥត​គិត​ថ្លៃ»​។

លោក​បន្ថែម​ថា៖ «​នៅ​ថ្ងៃ​ទី ១១ ខែ ​វិច្ឆិកា ឆ្នាំ ​២០១៩ ជា​ថ្ងៃ​ព្រះ​រាជ​ពិធី​អក​អំបុក សំពះ​ព្រះខែ គឺ​រដ្ឋបាល​ខេត្ដ​ក៏​រៀបចំ​ពិធី​ដាល់​​អំបុក​ អក​អំបុក​ជា​ផ្លូវ​ការ​ផង​ដែរ​​»។​

ដោយ​ថ្លែង​សំដៅ​លើ​អំពើ​ល្អ​របស់​សស​បណ្ឌិត​​សុខ​ចិត្ដ​បូជា​សាច់​ស្រស់​ឈាម​​ស្រស់​ជា​ទាន​សង្គ្រោះ​​ជីវិត​អ្នក​ស្រេក​ឃ្លាន​ដែល​​បាន​ត្រាស់​ដឹង​ជា​ព្រះ​​ពោធិសត្វ​ ជា​អ្វី​ដែល​ប្រជាជន​ខ្មែរ​រៀបចំ​ព្រះ​រាជពិធី​អក​អំបុក​។ មន្ដ្រី​ស្រាវជ្រាវ​​ហោរាសាស្ដ្រ និង​ទំនៀម​ទម្លាប់ លោក វ៉ាយ​ វិបុល សុំ​ឲ្យ​​​ការ​ទទួល​ទាន​អំបុក​រួម​គ្នា​ជា​ឱកាស​សាមគ្គី​គ្នា​។

លោក​បាន​និយាយ​ថា​៖ «ខ្ញុំ​ចង់​ឲ្យ​​តែ​​សុខ ដោយសារ​ជាតិ​យើង​ធ្លាប់​រងគ្រោះ​ច្រើន​មក​ហើយ។ ខ្ញុំ​ចង់​ឲ្យ​ថ្ងៃទី ៩ ខែ​វិច្ឆិកា ជា​ថ្ងៃ​ទទួល​ទាន​អំបុក​រំឭក​ដល់​អំពើ​ល្អ​សម្រាប់​និន្នាការ​នយោបាយ​​ទាំង​អស់ ហើយ​ទាំង​ក្នុង និង​ក្រៅ​ កុំ​ឲ្យ​ប្រកែ​ប្រកាន់​គ្នា​ រួបរួម​គ្នា​​ដើម្បី​​ឆ្ពោះ​ទៅ​រក​ឯកភាព​ជាតិ​»៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍