ក្រុង​ឡុងដ៍៖ រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​កាល​​ពី​ថ្ងៃ​អង្គារ​បាន​ការ​ពារ​ចំពោះ​ការ​កែ​សម្រួល​​​​ចំណាត់​ការ​​រឹត​បន្តឹង​លើ​បញ្ហា​វីរុស​កូរ៉ូណា ក្រោយ​ពី​អះអាង​ថា បម្រាម​អត់​ចេញ​ក្រៅ​ឆ្លង​ផ្ទះ​ពេល​រាត្រី​​នឹង​ដាក់​ទោស​​ឧក្រិដ្ឋ​លើ​ការ​រួម​​​ភេទ​។

គោល​ការណ៍​ណែនាំ​ថ្មី​បាន​ដាក់​ឲ្យ​អនុវត្ដ​កាល​ពី​ថ្ងៃ​ចន្ទ ដោយ​ការ​បន្ធូរ​បន្ថយ​ការ​រឹត​បន្តឹង​លើ​ការ​ជួប​ជុំ​សង្គម​នៅ​ទី​បើក​ចំហ ​តែ​ដាក់​​បម្រាម​មនុស្ស ​២ នាក់ ​មក​ពី​ផ្ទះ​ផ្សេងៗ​គ្នា​ជួប​គ្នា​ជា​លក្ខណៈ​ឯកជន​នៅ​ទី​បិទ​ជិត​។

បណ្ដាញ​ផ្សព្វផ្សាយ​មួយ​ចំនួន​បាន​ហៅ​វា​ថា​ជា​ជម្រើស​ «បម្រាម​សិច» ដ៏​មាន​ប្រសិទ្ធភាព​ ហើយ​ #sexban ចាប់​ផ្ដើម​ល្បី​​លើ​បណ្ដាញ​សង្គម​ Twitter នៅ​ចក្រភព​អង់គ្លេស​ដោយ​ខ្លះ​​បាន​គូស​បញ្ជាក់​ថា ការ​ជួប​ជុំ​នៅ​បរិវេណ​ខាង​ក្រៅ​ទំនង​ជា​ត្រូវ​បាន​អនុញ្ញាត​ តែ​មិន​អាច​នៅ​ក្នុង​បន្ទប់ ឬ​អគារ​ឡើយ​។

យ៉ាងណា​មិញ លោក​​រដ្ឋមន្ដ្រី​​ ស៊ីម៉ុន ក្លាក បាន​ប្រាប់​វិទ្យុ LBC ថា វា​មិនមែន​ជា​អត្ដចរិត​ត្រឹមត្រូវ​ឡើយ ហើយ​គោល​បំណង​ទូទៅ​នៃ​វិធានការ​នេះ ​គឺ​ដើម្បី​ការពារ​សុខភាព​សាធារណៈ​ និង​កាត់​បន្ថយ​អត្រា​ឆ្លង។

លោក​បាន​និយាយ​ថា​៖ «វា​ពិត​ជា​សំខាន់​ច្បាស់​ណាស់ ដែល​ពលរដ្ឋ​ត្រូវ​​នៅ​ផ្ទះ​ ហើយ​យើង​មិន​ប្រឈម​ការ​ឆ្លង​មេរោគ​ថែម​ទៀត​ក្នុង​សង្គម​។ ប្រាកដ​ណាស់ នេះ​គឺ​ជា​ជំហាន​គន្លឹះ​ក្នុង​ការ​ថែរក្សា​និរន្ដរភាព​»។

សួរ​ថា ប្រសិន​បើ​ហាម​​មនុស្ស ​២ ​នាក់​​ជួប​គ្នា​នៅ​ក្នុង​ផ្ទះ ​តើ​សិច​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រព្រឹត្ដ​នៅ​ក្រៅ​ផ្ទះ ដែល​ស្រប​តាម​ច្បាប់​សីលធម៌​សាធារណៈ ដែរ​ឬទេ? ​លោក ក្លាក បាន​បដិសេធ​ចំពោះ​អត្ថន័យ​បែប​នោះ​។

បម្រាម​ការ​​​ជួបជុំគ្នា​នៅ​ទី​វាល ត្រូវបាន​បន្ធូរបន្ថយ។ រូបថត AFP

លោក​បាន​លើក​ឡើង​ថា​៖ «​យើង​ត្រូវ​និយាយ​ថា ហានិភ័យ​ជំងឺ​ឆ្លង​នៅ​បរិស្ថាន​ខាង​ក្រៅ​មាន​កម្រិត​ទាប​ជាង​នៅ​បរិវេណ​ក្នុង​អគារ​។ ច្បាស់​ណាស់ យើង​មិន​លើក​ទឹក​ចិត្ដ​ឲ្យ​ពលរដ្ឋ​យើង​ប្រព្រឹត្ដ​រឿង​អ្វី​ផ្សេង​មិន​សមរម្យ​នៅ​ក្រៅ​បន្ទប់​ឡើយ​»។

គោល​ការណ៍​ណែនាំ​ថ្មី​បាន​អនុញ្ញាត​​ឲ្យ​មនុស្ស​ជា​ក្រុម​រហូត​ដល់ ៦ នាក់​​ជួប​ជុំ​គ្នា​នៅ​ខាង​ក្រៅ​សម្រាប់​រៀបចំ​​សកម្មភាព​ផ្សេង​ៗ ដូចជា ការ​ហាត់​ប្រាណ និង​ជប់​លៀង​ជាដើម​។

ប៉ុន្ដែ​ពួក​គេ​បាន​លើក​ឡើង​ថា​៖ «ប្រហែល​​ជា​គ្មាន​នរណា​ម្នាក់​ចូលរួម​ក្នុង​ការ​ជួប​ជុំ​ ដែល​រៀបចំ​ឡើង​នៅ​ទីសាធារណៈ ឬ​កន្លែង​ឯកជន​ក្នុង​អគារ​ ក៏​ដូចជា​មាន​មនុស្ស​ចាប់​ពី ២ នាក់​ឡើយ​»។

នរណា​ម្នាក់​ដែល​ប្រព្រឹត្ដ​ល្មើស​នឹង​ប្រឈម​​ការ​ផាក​ពិន័យ​ ១០០​ ផោន (៥០ ម៉ឺន​រៀល​) ទោះបី​ជា​រដ្ឋាភិបាល​អះអាង​ថា ប៉ូលិស​គ្មាន​អំណាច​ចូល​ផ្ទះ​ពលរដ្ឋ​ឡើយ លុះត្រា​តែ​ «​សកម្មភាព​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​» ត្រូ​វបាន​សង្ស័យ​៕ AFP/HR