ភ្នំពេញ: ព្រឹក​ព្រលឹម​ស្រាងៗ បុរស​ម្នាក់​អង្គុយ​លាយ​អាហារ​សត្វ​នៅ​ក្បែរ​ពាងទឹក រួច​ច្រក​ដាក់​ថង់​ប្លាស្ទិក ដើរ​សំដៅ​ទៅ​ប្រភពទឹក​ដោយ​ដៃ​ម្ខាង​កាន់​កាំបិតផ្គាក់ និង​ចង​ប៊ីដុង​ទឹក​ដែល​មាន​ទឹក​កន្លះ​ប៊ីដុង​។ ទៅ​ដល់​មាត់ទឹក បុរស​រូបនោះ​បាន​រោយ​ចំណី​បណ្ដើរ ក្រសែ​ភ្នែក​ក្រឡេក​ក្រឡាប់​មើល​ពី​ស្ថានភាព​ជុំវិញ និង​ដោត​តម្រុយ​ចំណាំ រួច​អង្គុយ​ក្រោម​ម្លប់ឈើ​រង់ចាំ​ដោយ​ចិត្ដ​អន្ទះសា​។ មិន​យូរ​ប៉ុន្មាន​បុរស​វ័យ​ខ្ទង់ ៥០ ​ឆ្នាំ​រូប​នេះ​ត្រឡប់​មកផ្ទះ​វិញ​ជាមួយ​សត្វ​ស្លាប​បោចរោម​រួច​ជាច្រើន​ក្បាល​សម្រាប់​ឲ្យ​ប្រពន្ធ​ចម្អិន​ធ្វើ​ម្ហូប​។

ទោះបី​ជា​សកម្មភាព​ក្នុង​ខ្សែ​វីដេអូ​នេះ​ត្រូវ​បាន​ប្រឌិត​ឡើង​បំណង​អប់រំ​ពី​បញ្ហា​បំពុល​សត្វ​ស្លាប​ក៏​អ្នក​ផលិត​វីដេអូ​ឃ្លីប​នេះ​មាន​បំណង​បង្ហាញ​ពី​ហានិភ័យ​ខ្ពស់​លើស​ពី​ការសម្លាប់​សត្វ​ស្លាប​ដើម្បី​ធ្វើ​ម្ហូប​នោះ​ទៅទៀត​។

លោក ប៊ួ វរសក្ស នាយក​កម្មវិធី​របស់​អង្គការ​ជីវិត​សត្វ​ស្លាប​អន្ដរជាតិ​ប្រចាំ​នៅ​កម្ពុជា​និយាយ​ថា​៖ «​ឥឡូវ​នេះ​បំពុល​គឺជា​កត្ដា​ដ៏គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត​។ វា​មិន​ងាប់​តែ​លើ​សត្វ​ដែល​ពួកគេ​ប៉ុនប៉ង​ទេ ត្មាត​គឺជា​សត្វ​រងគ្រោះ​មួយ​ដ៏ធ្ងន់​ពី​ការបំពុល​នេះ ពីព្រោះ​ក្របី គោ ឬ​ឆ្កែ​ដែល​ងាប់​ដោយ​ការបំពុល​នោះ​ទៅ​ងាប់​ក្នុង​ព្រៃ ទុក​ស្អុយ ហើយ​ត្មាត​មក​ស៊ី ងាប់​ត្មាត​តែ​ម្ដង​»​។

អង្គការ​ជីវិត​សត្វ​ស្លាប​អន្ដរជាតិ (BirdLife International) មាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស​ដែល​បំពេញ​ការងារ​នៅ ១២០ ​ប្រទេស​ជុំវិញ​ពិភពលោក​។ នៅ​ក្នុង​ប្រទេស​ជាច្រើន BirdLife ជ្រើសរើស​អង្គការ​ជា​ដៃគូ​ទាំង​ជាតិ និង​អន្ដរជាតិ​។

ការចូល​មក​ដល់​កម្ពុជា​តាំងពី​ពាក់កណ្ដាល​ឆ្នាំ​ ១៩៩៦ ដោយ​ផ្ដោត​លើ​កិច្ចការ​ស្រាវជ្រាវ​។ ក្នុង​ឆ្នាំ​ ២០០៤ BirdLife សម្រេច​បើក​ការិយាល័យ​ខ្លួន​ជា​ផ្លូវការ​និង​ចុះ MoU ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។ ពេល​នេះ BirdLife បាន​ធ្វើ​ការងារ​ជាច្រើន​ទៅ​លើ​កិច្ចការ​អភិរក្ស​សត្វ​ស្លាប​ក៏​ដូចជា ធនធាន​ធម្មជាតិ​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក ប៊ួ វរសក្ស ឲ្យ​ដឹង​ថា​៖ «​យើង​ជ្រើសរើស​ទីតាំង​គម្រោង​ចំនួន ៤ ក្នុង​ចំណោម ៤០ កន្លែង​ដែល​ទាមទារ​ការជួយ​បន្ទាន់​ដូចជា នៅ​លំផាត់ សៀមប៉ាង បឹង​ព្រែកល្ពៅ និង​អន្លង់ព្រីង ដោយ​ផ្ដើម​តាំងពី​ឆ្នាំ​ ២០០៤»​។

លោក ប៊ួ វរសក្ស នាយក​កម្មវិធី​របស់​អង្គការ​ជីវិត​សត្វ​ស្លាប​អន្ដរជាតិ​ប្រចាំ​នៅ​កម្ពុជា​។ រូបថត Yousos Apdoulrashim

អង្គុយ​ក្នុង​បន្ទប់​ការិយាល័យ​តាំង​រូបភាព​សត្វ​ស្លាប និង​បណ្ណ​សរសើរ​ពី​ស្នាដៃ​អភិរក្ស​របស់​អង្គការ លោក​ វរសក្ស បាន​បន្ដ​ថា​៖ «​យើង​បាន​ធ្វើការ​អភិរក្ស​សត្វ​ស្លាប​ជិត​ផុត​ពូជ​មួយ​ចំនួន ហើយ​ក្នុង​ចំណោម​សត្វ​ស្លាប​ដែល​ត្រូវ​បាន​រកឃើញ​នៅ​កម្ពុជា​យ៉ាង​តិច ៦០០ ប្រភេទ​មាន​ប្រភេទ​សត្វ​ស្លាប​ផុត​ពូជ​ជិត​ផុត​ពូជ​បំផុត ជិត​ផុត​ពូជ និង​កំពុង​រងគ្រោះ​។ ចំណោម ៦០០ ប្រភេទ​យើង​មាន​ពី ៧ ទៅ ៨ ប្រភេទ​ដែល​ជិត​ផុត​ពូជ​បំផុត​ហើយ​ក្នុង​នោះ​មាន​សត្វ​ត្មាត​ទាំង ៣ ប្រភេទ (​ត្មាតភ្លើង ត្មាតត្នោត និង​ត្មាតផេះ​) ត្រយង​ទាំង​ ២ ​ប្រភេទ (​ត្រយង​យក្ស និង​​ត្រយង​ចង្កំកស​) សត្វ​ខ្សឹប និង​សត្វ​ចាបព្រៃ​វែង​»​។

BirdLife កំពុង​តែ​ធ្វើ​ការងារ​អភិរក្ស​សត្វ​ស្លាប​ជិត​ផុត​ពូជ​បំផុត​ទាំងនោះ​ជាពិសេស សត្វ​ត្មាត និង​ត្រយង កំពុង​មាន​វត្ដមាន​នៅ​តំបន់​ព្រៃ​ល្បោះ​ខាង​លិច​នៃ​ស្រុក​សៀមប៉ាង ខេត្ដ​ស្ទឹងត្រែង​ក៏​ដូចជា​ក្នុង​ស្រុក​លំផាត់​នៃ​ដែនជម្រក​សត្វព្រៃ​លំផាត់​ក្នុង​ខេត្ដ​រតនគិរី និង​មណ្ឌលគិរី​ដែល​វា​មាន​ប្រភេទ​សត្វ​ទាំង ៥ ​ប្រភេទ​នេះ​ផង​ដែរ​។

លោក​លើក​ឡើង​ថា​៖ «​ចំពោះ​ត្រយង​យក្ស​ជា​និមិត្តសញ្ញា​បក្សី​តំណាង​ជាតិ​កម្ពុ​ជាមួយ​ផង​ដែរ​តាម​ទិន្នន័យ ពួកវា​មាន​តែ ២៥០ ​ក្បាល​ទេ​នៅក្នុង​ពិភពលោក ហើយ ៩០ ​ភាគរយ​មាន​នៅក្នុង​ប្រទេស​កម្ពុជា​។ អ៊ីចឹង​បើ​ពួកវា​ផុត​ពូជ​ពី​ក្នុង​ប្រទេស​កម្ពុជា​យើង​ក៏​នឹង​ផុត​ពូជ​នៅក្នុង​ពិភពលោក​ទាំងមូល​។ ដោយឡែក​ត្រយង​ចង្កំ​កស​ក៏​ដូចគ្នា​ដែរ​ទិន្នន័យ​មាន​តែ​ជាង​ ១ ​ពាន់​ក្បាល​ក្នុង​ពិភពលោក ហើយ ៨៥ ​ភាគរយ​មាន​នៅ​កម្ពុជា​។ ដូច្នេះ​បើ​វា​អស់​ពី​កម្ពុជា​ពិភពលោក​ពិបាក​ស្ដារ​ណាស់ ដោយ​វា​មាន​ខ្លះ​ដែរ​នៅ​ឡាវ និង​ឥណ្ឌូនេស៊ី​តែ​វា​មាន​ក្នុង​កម្រិត​តិចតួច​ប៉ុណ្ណោះ​»​។

យោង​តាម​ការ​ជំរឿន​សត្វ​ត្មាត​ឆ្នាំ​ ២០១៨ សត្វ​ត្មាត​សរុប​នៅ​កម្ពុជា​មាន​តែ​ ១៤០ ​ក្បាល​ជា​សត្វ​ងាយ​រងគ្រោះ​បំផុត​ពី​ការបំពុល​របស់​ព្រាន​។ ដោយ​ត្មាត​គឺជា​អម្បូរ​សត្វ​ដែល​រកស៊ី​ជា​ហ្វូង បើ​ទាំង ១៤០ ​ក្បាល​ចុះ​ទៅ​ស៊ី​គោ​ត្រូវ​ថ្នាំពុល​ពួកវា​អាច​ងាប់​ផុត​ពូជ​មួយ​រំពេច​តែម្ដង​។ ករណី​បំពុល​នេះ​គឺ​ធ្ងន់ធ្ងរ​ណាស់​។

ពិភពលោក​បាន​ធ្វើ​អភិរក្ស​រួម​គ្នា​រួចហើយ​ចំពោះ​សត្វ​ចាប​ព្រៃវែង ដែល​ជិត​ផុត​ពូជ​ដែរ​នេះ​។ ចាបព្រៃ​វែង ពង​កូន​នៅ​ស៊ីបេរី ប្រទេស​រុស្ស៊ី ហើយ​ក្រោយពី​ពង​កូន​រួច ពួកវា​ហើរ​ឆ្លងកាត់​ចិន ខ្មែរ ថៃ ភូមា ទើប​វា​ត្រឡប់​ទៅ​កាន់​តំបន់​ស៊ី​បេរី​វិញ​។

លោក វរសក្ស ប្រាប់​ថា​៖ «​យើង​មាន​យន្ដការ​សហការ​គ្នា​ក្នុង​កម្រិត​អន្ដរជាតិ​រួចហើយ​ដៃគូ​អភិរក្ស ផ្លូវ​ហោះហើរ​របស់​សត្វ​ស្លាប​ទាំងនេះ​។ ដូច្នេះ​យើង​ត្រូវ​អភិរក្ស​រួម​គ្នា​»​។

ក្រុម​អភិរក្ស​តាមដាន​ពី​ដំណើរ​របស់​សត្វ​ស្លាប​នៅ​តំបន់​អភិរក្ស​។ រូបថត សហការី

សត្វ​ក្រៀល​ស្ថិត​ក្នុង​ការអភិរក្ស​បន្ទាន់

សត្វ​ក្រៀល​នៅ​លើ​ពិភពលោក​មាន ២ ម៉ឺន​ក្បាល​ហើយ​នៅ​ស្រុក​ខ្មែរ​មាន ៩០០ ​ក្បាល​ដោយ​ហោះហើរ​រវាង​តែ​ ២ ​ប្រទេស​ប៉ុណ្ណោះ គឺ​កម្ពុជា និង​វៀតណាម​។ អ៊ីចឹង​វា​ទាមទារ​ការអភិរក្ស​ក្នុង​ទីតាំង​ ២ ​នៃ​តំបន់​ដីសើម​សណ្ដ​ទន្លេ​មេគង្គ​ក្រោម​គឺ បឹង​ព្រែក​ល្ពៅ​ក្នុង​ស្រុក​បុរី​ជលសា​ និង​ស្រុក​កោះអណ្ដែត ខេត្ដ​តាកែវ​ក៏​ដូចជា​នៅ​អន្លង់​ព្រីង​ ស្រុក​កំពង់ត្រាច ខេត្ដ​កំពត​។

នៅ​ថៃ​សត្វ​ក្រៀល​បាន​ផុត​ពូជ​ទៅ​ប៉ុន្មាន​ឆ្នាំ​ហើយ ហើយ​ឥឡូវ​នេះ​ថៃ​កំពុង​ស្ដារឡើងវិញ​។ កម្ពុជា​នៅ​មាន​ក្រៀល​រស់​តាម​ធម្មជាតិ​ធម្មតា​។

សត្វ​ផុត​ពូជ​ពី​កម្ពុជា

លោក វរសក្ស ថា​៖ «​យើង​ដឹង​ថា​គោព្រៃ​បាត់​ផុត​ពូជ​ទៅ​ហើយ សត្វ​ខ្លា (​បើ​មាន ក៏​មាន​តិចតួច​បំផុត​) ដែល​ឈាន​ទៅ​ផុត​ពូជ​។ រដ្ឋាភិបាល សហការ​ជាមួយ​អង្គការ WWF កំពុង​ស្ដារ​ឡើង​វិញ​នៅ​ដែនជម្រក​សត្វព្រៃ​ស្រែ​ពក ខេត្ដ​មណ្ឌលគិរី​។ ចំពោះ​សត្វ​ស្លាប​ដូចជា White-eyed river martin បាន​ផុត​ពូជ​ពី​កម្ពុជា​ដែល​ពួកវា​ធ្លាប់​បង្ហាញ​វត្ដមាន​នៅ​តាម​ដងស្ទឹង​ស្រែអំបិល​»​។

សកម្មភាព​អភិរក្ស

អង្គការ​ក៏​ធ្វើការ​ជាមួយ​សហគមន៍​តាមរយៈ​ការអប់រំ​យល់​ពី​សារៈសំខាន់​នៃ​ធនធាន​ធម្មជាតិ សត្វ​សំខាន់ៗ​ដែល​ផ្ដល់​អត្ថប្រយោជន៍​ចំពោះ​កូនចៅ​ជំនាន់​ក្រោយ​។

លោក​និយាយ​ថា​៖ «​យើង​ស្រាវជ្រាវ​ពី​តម្រូវការ​ពួកគាត់ និង​ណែនាំ​សកម្មភាព​ដែល​ជួយ​បង្កើន​ជីវភាព​ពួកគាត់​។ ឧទាហរណ៍ ដូចជា ស្រូវ​ត្រយង​នៅ​អតីត​តំបន់​សៀមប៉ាង​ខាង​លិច​ដែល​ឥឡូវ​ក្លាយ​ជា​តំបន់​ដែន​ជម្រក​សៀមប៉ាង​ខាងលិច​។ សហគមន៍​អាច​លក់​ស្រូវ​ត្រយង​លើស​ពី​តម្លៃ​ទីផ្សារ​រហូត​ដល់ ២០ ​ភាគរយ​»​។

នៅ​តំបន់​អភិរក្ស​លំផាត់ អង្គការ​ជួយ​បង្កើត​តំបន់​ការពារ​ធម្មជាតិ​លើ​ទីតាំង​ផ្ទៃដី ៣ ០០០ ​ហិកតា ហើយ​នៅ​អន្លង់ព្រីង​ដោយ​សហការ​ជាមួយ​ដៃគូ Wildfowl & Wetlands Trust (WWT) ​បង្កើត​សហគមន៍​ទេសចរណ៍​ដែល​អាច​លក់​សំបុត្រ ១០ ដុល្លារ​ក្នុង​ម្នាក់​សម្រាប់​ការ​ទស្សនា​ក្រៀល​ជាមួយ​ចំណូល ៥០ ​ភាគរយ​សម្រាប់​សហគមន៍ និង ៥០ ​ភាគរយ​សម្រាប់​កិច្ចការ​អភិរក្ស​។

លោក​ថា​៖ «​យើង​ធ្វើការ​កសាង​សមត្ថភាព​ទាំង​មន្ដ្រី​រដ្ឋាភិបាល​ក៏​ដូចជា​មន្ដ្រី​ជា​ជនជាតិ​កម្ពុជា​ដើម្បី​ឲ្យ​ពួកគាត់​អាច​ជំនួយ​កិច្ចការ​ជនបរទេស​ទៅ​ថ្ងៃ​ក្រោយ​។ យើង​តែង​ផ្ដល់​ការបណ្ដុះបណ្ដាល​ដល់​ឆ្មាំ និង​មន្ដ្រី​រដ្ឋាភិបាល​ដល់​មូលដ្ឋាន​។ ដោយឡែក​យើង​បាន​ជ្រើសរើស​បុគ្គលិក​ជា​ជនជាតិ​ខ្មែរ​ជំនួស​បរទេស​ផងដែរ​»​។

សត្វ​ត្រយង​ចង្កំ​កស​ជា​ប្រភេទ​សត្វ​ស្លាប​ជិត​ផុត​ពូជ​បំផុត​ក្នុង​ពិភពលោក​។ រូបថត សហការី

ការលំបាក​នៃ​ការអភិរក្ស​របស់​អង្គការ

លោក​ថា​៖ «​ជា​ការពិត​បុគ្គលិក​យើង​កំពុង​ប្រឈម​មិន​ខុសពី WCS និង WWF ឆ្មាំ​នៅ​កែវ​សិលា​នាពេល​ថ្មីៗ ត្រូវ​គេ​បាញ់សម្លាប់​នៅ​ព្រៃ​ស្រែពក មាន​ការបាញ់​ឆ្មាំ​ឲ្យ​របួស​។ យើង​ជួប​​នូវ​ស្ថានភាព​ប្រហាក់​ប្រហែល​គ្នា​ដែរ​។ មន្ដ្រី​ឈរជើង​នៅ​ទីតាំង​ធ្វើការ ពួកគាត់​ប្រឈម​នឹង​ហានិភ័យ​ដោយ​មាន​ការតដៃ​ពី​ជនល្មើស​ដូច​គ្នា​»​។

យោង​តាម​លោក វរសក្ស ២០ ​ឆ្នាំ​ដែល​ប្រទេស​កាន់តែ​អភិវឌ្ឍ​រីកចម្រើន ហើយ​ម្ចាស់​ជំនួយ​មួយ​ចំនួន​ក៏បាន​បង្វែរ​ថវិកា​របស់​ពួកគេ​ទៅ​ប្រទេស​ផ្សេង​។

វា​ទាមទារ​ឲ្យ​ស្វែងរក​យុទ្ធសាស្ដ្រ​ថ្មី​ដើម្បី​ស្វែងរក​ថវិកា​បន្ដ​កិច្ចការ​អភិរក្ស ពីព្រោះ​ទស្សនវិស័យ​របស់ BirdLife គឺ​ចង់​អភិរក្ស​លើ​ទីតាំង​រយៈពេល​យូរអង្វែង​។

កូន​ត្រយង​យក្ស​ក្នុង​សម្បុក​នៃ​តំបន់​អភិរក្ស​នៅ​កម្ពុជា​។ រូបថត សហការី

ភាពជោគជ័យ​បេសកកម្ម​របស់​អង្គការ

បទពិសោធ​ការងារ​ជាង ១០ ​ឆ្នាំ​ទីតាំង​ចំនួន ៥ ​កន្លែង អង្គការ​តស៊ូ​មតិ​ឲ្យ​ក្លាយ​ជា​តំបន់​ការពារ ដូចជា តំបន់​សៀមប៉ាង​ខាង​លិច​ផ្ទៃដី​ជាង ១០ ម៉ឺន​ហិកតា តំបន់​ទន្លេមេគង្គ​ក្រោម អន្លង់​ព្រីង បឹង​ព្រែកល្ពៅ ក្លាយ​ជា​តំបន់​ការពារ​ទេសភាព ព្រែក​ទាល់​លើ​ដង​ទន្លេសាប​ត្រូវ​បាន​ទទួលស្គាល់​ជា​អន្ដរជាតិ​ថា ជា​តំបន់​រ៉ាម​សា និង​ស្ទឹងសែន​ថ្មីៗ​នេះ​ក្លាយ​ជា​តំបន់​រាមសា​ដែល​អន្ដរជាតិ​ត្រូវការ​អភិរក្ស​។

លោក ប៊ួ វរសក្ស ឲ្យ​ដឹងថា​៖ «​យើង​ឃើញ​មាន​ការចូលរួម​ពី​សហគមន៍​ជាច្រើន​ដោយ​សហការ​ជាមួយ​យើង​ដូចជា​នៅ​លំផាត់ យើង​បង្កើត​សហគមន៍ ២ លើ​ផ្ទៃ ៧ ០០០ ហិកតា​ធ្វើការ​ការពារ​ព្រៃឈើ​ដោយ​ខ្លួនឯង​។ ចំណែក​នៅ​សៀមប៉ាង ពួកគាត់​មាន​កិច្ចសហការ​ល្អ​ដោយ​ការបង្កបង្កើន​ផល​ស្រូវ​ត្រយង ដោយ​មាន​ប្រជាជន ២០០ ​គ្រួសារ​សហការ​ជាមួយ​កម្មវិធី​ស្រូវ​ត្រយង​នេះ​។ ប្រជាជន​ជាច្រើន​នឹង​ចូលរួម​គម្រោង​នេះ​បន្ដ​ទៀត​»​។

ដោយ​មើល​ឃើញ​ពី​បញ្ហា​ប្រឈម​គឺ​ការបំពុល ជាពិសេស​សត្វ​ត្មាត​ស្ថិត​ក្នុង​ចំនួន​ដ៏គួរ​ឲ្យ​បារម្ភ​លោក វរសក្ស សំណូមពរ​ដល់​ប្រជាជន​ឈប់​ហូប​សត្វព្រៃ ពីព្រោះ​សត្វព្រៃ​លក់​ទាំង​នោះ​អាច​បាន​ដោយសារ​បំពុល​ដែល​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទទួលទាន​។

លោក​បន្ដ​ថា​៖ «​សូម​សំណូមពរ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ មេត្ដា​ជួយ​អនុវត្ដ​តាម​តួនាទី​រៀងៗ​ខ្លួន​ដើម្បី​ទប់ស្កាត់​ការ​បរបាញ់ ការបំផ្លាញ​ដល់​ទីជម្រក​សត្វព្រៃ​។ មិន​សង្ឃឹម​ថា​សត្វព្រៃ​មាន​ការកើនឡើង តែ​សុំ​រក្សា​ចំនួន​សត្វ​ជិត​ផុត​ពូជ​ឲ្យ​នៅ​ស្ថិតស្ថេរ​»៕

វីដេអូ៖