ភ្នំពេញ៖ នៅពេលដែលលោក ហ្គ្រេក ក្រាហ្វ (Greig Craft) បានធ្វើដំណើរមកដល់ប្រទេសវៀតណាម កាលពីឆ្នាំ ១៩៨៩ លោកបានសង្កេតឃើញបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ប្រឈមដោយប្រជាជនលើយានជំនិះមីដេរដាសតាមដងវិថីរៀងរាល់ថ្ងៃ។
ក្ដីបារម្ភនេះបានធ្វើឱ្យលោកសម្រេចចិត្តបង្កើតអង្គការបង្ការរបួសអាស៊ី (Asia Injury Prevention or AIP) នេះឡើងកាលពីឆ្នាំ ១៩៩៩។
អង្គការបានចាប់ដៃគូសហការក្នុងស្រុក និងផ្ដើមប្រតិបត្តិការនៅកម្ពុជាក្នុងឆ្នាំ ២០០៦ ហើយបានចុះបញ្ជីដោយក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិសម្រាប់ទីស្នាក់ការនៅកម្ពុជាក្នុងឆ្នាំ ២០១១។
លោក អ៊ីម ពិសិដ្ឋ ជាប្រធានគ្រប់គ្រងកម្មវិធីក្នុងអង្គការបានឱ្យដឹងថាមុនមានទីស្នាក់ការអង្គការបានសហការជាមួយដៃគូជាច្រើន ដើម្បីអនុវត្តការងារមួយចំនួនឱ្យអង្គការរបស់ខ្លួន។
ប្រធានគ្រប់គ្រងដែលផ្ដើមបម្រើការងារនៅអង្គការ AIP តាំងពីចុងឆ្នាំ ២០១១ មកបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «តាំងពីឆ្នាំ ២០០៦ គឺគោលការណ៍ចម្បងរបស់យើងមានទស្សនៈមួយក្នុងការបង្កើនការកែលម្អច្បាប់ចរាចរណ៍»។
ដោយធ្វើការជាមួយដៃគូពាក់ព័ន្ធដូចជារដ្ឋាភិបាលអង្គការសង្គមស៊ីវិល អង្គការ AIP បានបង្កើតជាគោលនយោបាយសុវត្ថិភាពផ្សេងៗហើយក៏ចុះទៅអប់រំផ្សព្វផ្សាយការផ្ដល់ជាមួកសុវត្ថិភាព និងសម្ភារអប់រំមួយចំនួនទៀតទៅដល់សហគមន៍ណា ដែលអង្គការបានចុះទៅដល់ផ្ទាល់។
កន្លងមកអង្គការ AIP បានសហការជាមួយនគរបាល និងក្រុមយុវជនគំរូចុះទៅធ្វើការអប់រំផ្សព្វផ្សាយតាមសហគមន៍នៅតាមខេត្ត សាលាសាកលវិទ្យាល័យ រោងចក្រ និងតាមបណ្ដោយផ្លូវជាតិមួយចំនួនដូចជាផ្លូវជាតិលេខ ៤ លេខ ៦ និងលេខ ១ ផងដែរ។
ប្រធានគ្រប់គ្រងកម្មវិធីអង្គការរូបនេះ បានឱ្យដឹងពីកត្តាដែលនាំឱ្យបង្កគ្រោះថ្នាក់នៅកម្ពុជាយ៉ាងដូច្នេះថា៖ «យោងទៅតាមទិន្នន័យរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍កាលពីឆ្នាំ ២០១៩ កត្តាដែលរួមចំណែកនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍នោះ គឺកត្តាមនុស្ស កត្តាយានយន្ត កត្តាផ្លូវថ្នល់ និងកត្តាអាកាសធាតុ ប៉ុន្តែកត្តាសំខាន់បំផុតនោះ គឺកត្តាមនុស្ស»។
លោក ពិសិដ្ឋ បានរៀបរាប់លម្អិតថា៖ «ក្នុងនោះមានការបើកបរហួសល្បឿនកំណត់ ៣៨% ការមិនគោរពសិទ្ធិអាទិភាព ២៣% ការបើកមិនប្រកាន់ស្ដាំមាន ១៣% ការវ៉ាជែងដោយឥរិយាបថមិនត្រឹមត្រូវ ៩% ការបត់ឆ្វេងបត់ស្ដាំ ៩% និងគ្រឿងស្រវឹង ៥% ហើយកត្តាយានយន្ត ២% និងងងុយដេកមានតែ ១% ទេ»។
ស្ថិតិកន្លងមកឃើញថា ទី១ កសិករងាយនឹងប្រឈមមុខគ្រោះថ្នាក់ជាងគេ ព្រោះពួកគាត់មិនសូវបានយល់ដឹងពីច្បាប់ចរាចរណ៍។ ទី២ គឺកម្មកររោងចក្រ ដែលត្រូវធ្វើដំណើរដោយរថយន្តដឹកកម្មករមិនសូវមានសុវត្ថិភាព រួមទាំងទីតាំងភាគច្រើននៅជិតផ្លូវមមាញឹក និងទី៣ គឺសិស្ស-និស្សិត ក៏ប្រឈមមុខខ្លាំងដែរ។
ចំពោះកម្មកររោងចក្រ អង្គការទើបតែធ្វើការផ្សព្វផ្សាយបានប្រហែល ២០ ម៉ឺននាក់ នៅរោងចក្រកាត់ដេរ និងរោងចក្រស្បែកជើង ខណៈគោលដៅរបស់អង្គការ គឺបញ្ជ្រាបឱ្យបានរហូតដល់ ៧០ ម៉ឺននាក់។
លោក ពិសិដ្ឋ បានលើកពីផលវិបាកផងដែរថា៖ «បើទោះជាពេលខ្លះអង្គការមានផលលំបាកតិចតួចដែរត្រង់ពេលចុះទៅជួបពួកគាត់ ពួកគាត់បែរជាមិនបានចូលរួម ដោយសារខ្លះចំពេលម៉ោងការងារ ឯចាស់ៗគាត់មានការភ្លេចភ្លាំងច្រើន»។
អង្គការនៅតែព្យាយាមរកយុទ្ធសាស្រ្តយ៉ាងណាឱ្យបានចុះទៅជួបក្រុមប្រជាជនប្រឈមនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ផ្ទាល់ ដូចជាការទៅដល់ទីប្រជុំជន ដើម្បីផ្សព្វផ្សាយ។
លោកលើកពីភាពវិជ្ជមានថា៖ «យើងក៏បានកសាងជាគោលនយោបាយឱ្យគាត់ធ្វើដំណើរប្រើមួកសុវត្ថិភាព និងបើអាចកែសម្រួលឡានឱ្យមានសុវត្ថិភាពជាងហ្នឹងរឹតតែល្អ ដោយឱ្យពួកគាត់មានកន្លែងអង្គុយត្រឹមត្រូវ ឡានមានដំបូល មានអីបិទបាំងបានល្អប្រសើរផងដែរ»។
លោក ពិសិដ្ឋ បានបន្តទៀតថា៖ «ពួកយើងក៏កំពុងគិតចង់ដាក់ស្លាកសញ្ញាសុវត្ថិភាព បដាដូចជាបន្ថយល្បឿនផ្សេងៗនៅជុំវិញរោងចក្រសម្រាប់ឱ្យពួកគាត់មានការប្រុងប្រយ័ត្នជាពិសេស»។
លោកសូមអំពាវនាវឱ្យប្រជាជនបន្តគោរពច្បាប់ចរាចរណ៍ និងចេះយោគយល់អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក។
លោកបានលើកឡើងថា៖ «ឃើញថាប្រជាជនគាត់មានការអត់ទោសច្រើនពេលដែលមានប៉ះពាល់តិចតួច តែយើងមិនពេញចិត្តប៉ុណ្ណឹងទេ យើងចង់ឱ្យពួកគាត់ប្រកាន់ខ្ជាប់នូវច្បាប់ហើយរួបរួមគ្នា»។
លោកបានទទូចថា៖ «សូមគោរពសិទិ្ធអាទិភាពគ្នា ជិះនៅក្នុងល្បឿនកំណត់ បញ្ចៀសការហូបគ្រឿងស្រវឹងហើយបើកបរ។ មួយទៀតនោះការជិះបញ្រ្ចាស់ក៏គួរតែចៀសវាង ស៊ូខាតពេលប៉ុន្មាននាទី ប្រសើរជាងយើងមានគ្រោះថ្នាក់»៕