ភ្នំពេញ៖ ខុស​ពី​កីឡា​ទូទៅ ដែល​មើល​ឃើញ​​កីឡាករ-កីឡាការិនី​​នៅ​លើ​​ទីលាន​អាច​ប្រដេញ​ដណ្ដើម​បាល់​គ្នា​ រួម​ទាំង​ការ​ទាញ ឱប និង​ឈូស​ជើង​ កីឡា​បាល់​ទាត់​ច្នៃ​ប្រឌិត​ថ្មី​នេះ តម្រូវ​ឲ្យ​អ្នក​នៅ​លើ​ទីលាន​ពាក់​ម៉ាស់ រក្សា​គម្លាត​យ៉ាង​តិច ២ ម៉ែត្រ​ពី​គ្នា ​ទោះ​​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​ និង​​មិន​អាច​គ្រប់គ្រង​បាល់​ម្ដង​លើស​ពី ៥ វិនាទី​ជា​ដើម​។

ក្រុម​គ្រូ​បង្វឹក​បាល់​ទាត់​របស់​អង្គការ​ផ្កាយ​សមុទ្រ​ Indochina Starfish Foundation (ISF) ជា​អង្គការ​សប្បុរស​កម្ពុជា​ដែល​ប្រើប្រាស់​ការ​អប់រំ និង​កីឡា​ជា​យាន​ផ្លាស់​​ប្ដូរ​ជីវិត​កុមារ បាន​បង្កើត​លក្ខខណ្ឌ​ល្បែង​ថ្មី​ ជា​វិធី​បង្ហាញ​ពួក​គេ​នូវ​របៀប​លេង​បាល់​បែប​ថ្មី​ប្រកប​ដោយ​សុវត្ថិភាព​ ក៏​ដូចជា​ក្រើន​រំឭក​ពលរដ្ឋ​ខ្មែរ​ពី​គោល​ការណ៍​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល និង​សង្គម​ផង​ដែរ​។

យោង​តាម​ការ​ផ្សព្វផ្សាយ​វីដេអូ​របស់​អង្គការ ISF បាន​ឲ្យ​ដឹង​ថា​៖ «យើង​ចង់​ឲ្យ​កីឡា​នេះ​មាន​សុវត្ថិភាព​សម្រាប់​ក្មេងៗ​នៅ​តាម​ដង​ផ្លូវ​។ ដូច្នេះ យើង​ត្រូវ​មាន​វិន័យ​ថ្មី​ ដូចជា ការ​វាស់​កម្ដៅ លាង​ដៃ​មុន និង​ក្រោយ​ពេល​លេង ពាក់​ម៉ាស់ ដែល​អាច​សម្រាក​ដក​ដង្ហើម​ទៅ​តាម​ការ​ស្នើសុំ​របស់​កីឡាករ គម្លាត​ពី​គ្នា ២ ម៉ែត្រ ជាមួយ​ការ​បែង​ចែក​តំបន់​របស់​កីឡាករ​នីមួយៗ និង​រត់​ពី​ចំហៀង (ស្រដៀង​នឹង​ការ​លេង​បាល់​ទាត់​មនុស្ស​ឈើ​) គ្មាន​ការ​ដណ្ដើម​បាល់​គ្នា គ្មាន​ការ​អបអរ​ជា​ក្រុម​នៅ​ពេល​ស៊ុត​ចូល អ្នក​ធ្វើ​ខុស​វិន័យ​ ត្រូវ​ឲ្យ​នៅ​តំបន់​ដាច់​ដោយ​ឡែក»។

ដោយសារ​សាលា​រៀន​ត្រូវ​បិទ​ទ្វារ កុមារ​ និង​មនុស្ស​ធំ​ខ្លះ​ដែល​មាន​ពេល​ទំនេរ​ច្រើន នាំ​គ្នា​លេង​បាល់​ទាត់​នៅ​តាម​ដង​ផ្លូវ ក៏​ដូចជា​សួន​ច្បារ​នានា​ ដោយ​មិន​ប្រកាន់​ខ្ជាប់​នូវ​វិធានការ​ការពារ​ខ្លួន​ឡើយ​។

កញ្ញា ជួប វិច្ឆិកា ជា​នាយក​ប្រចាំ​ប្រទេស​របស់​អង្គការ​ផ្កាយ​សមុទ្រ បាន​និយាយ​ថា​៖ «​កុមារ​កម្ពុជា​កំពុង​ស្ថិត​ក្នុង​គ្រា​លំបាក​។ សាលា​រៀន​ទាំង​អស់​ត្រូវ​បាន​បិទ​ដើម្បី​រក្សា​សុវត្ថិភាព​សិស្ស​ តែ​ដោយសារ​ឪពុក​ម្ដាយ​ភាគ​ច្រើន​ត្រូវ​ទៅ​បំពេញ​ការងារ​ ដែល​កុមារ​ត្រូវ​ចេះ​មើល​ថែ​ខ្លួន​ឯង​ ឬ​ចេញ​ទៅ​លេង​បាល់​ទាត់​តាម​ផ្លូវ​»។

កីឡាករ​ត្រូវបានវាស់កម្ដៅ លាង​ដៃ និងពាក់ម៉ាស់​មុនពេលចូល​លេង​​​។ រូបថត សហ​ការី

ដើម្បី​សុវត្ថិភាព ប្រធាន​គ្រប់គ្រង​កម្មវិធី​បាល់​ទាត់ លោក យិន សាមឌី បាន​បំផុស​គំនិត​ស្នូល​ឡើង​ រួច​អភិវឌ្ឍ​បទ​បញ្ជា​ផ្ទៃ​ក្នុង​ជាមួយ​គ្រូ​បង្វឹក​តាម​សហគមន៍​របស់​អង្គការ​។ គោលការណ៍​រក្សា​គម្លាត​សុវត្ថិភាព​ដែល​ទទួល​ស្គាល់​ដោយ​អន្ដរជាតិ​ ត្រូវបាន​យក​មក​ប្រើ​ក្នុង​បទ​បញ្ជា​ផ្ទៃ​ក្នុង​បាល់​ទាត់​ថ្មី​នេះ​ រួម​ទាំង​ការ​ពាក់​ម៉ាស់ និង​បម្រាម​ចូល​កៀក​គ្នា​ក្រោម ២ ម៉ែត្រ​។

វា​ជា​បទបញ្ជា​ផ្ទៃ​ក្នុង​ថ្មី​សន្លាង​ ដែល​កីឡាករ​នីមួយ​ៗ​ត្រូវ​បាន​គូស​បរិវេណ​កំណត់​ ជា​បែប​ផែន​លេង​ពី​ម្ខាង​ទៅ​ម្ខាង ជា​ជាង​ការ​រត់​ប្រដេញ​ទៅ​ចុះ​ឡើង​។ អ្នក​ល្មើស​វិន័យ​នឹង​ត្រូវ​​​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ ១ នាទី​។

នៅ​ខែ​ឧសភា ក្រុម​គ្រូ​បង្វឹក​នៃ​អង្គការ​បាន​ប្រមូល​ផ្ដុំ​គ្នា និង​សម្រេច​ចិត្ដ​សាកល្បង​បទបញ្ជា​ផ្ទៃ​ក្នុង​ល្បែង​ថ្មី​។ អង្គការ​បាន​ស្នើ​ឲ្យ​សិស្ស​ដែល​ស្រឡាញ់​បាល់​ទាត់​ដាក់​​សាកល្បង​លេង​​បាល់​ទាត់​រក្សា​គម្លាត​សុវត្ថិភាព​ថ្មី។ ក្រោយ​ពី​សម្រប​ខ្លួន​​​មួយ​​រយៈ​​ កុមារ​ចាប់​ផ្ដើម​ចូល​ចិត្ដ​ល្បែង​​ថ្មី​នេះ​។

កុមារា វឌ្ឍនៈ អាយុ ១៣ ឆ្នាំ បាន​និយាយ​ថា​៖ «​ខ្ញុំ​ចូល​ចិត្ដ​បាល់​ទាត់​ណាស់ ហើយ​ខ្ញុំ​ក៏​ពេញ​ចិត្ដ​ល្បែង​កីឡា​ប្រភេទ​នេះ​ណាស់​ដែរ ពី​ព្រោះ​វា​បាន​បង្រៀន​ខ្ញុំ​ពី​ការ​ធ្វើ​ការ​ជា​ក្រុម​។ ខ្ញុំ​រីករាយ​ណាស់​ដែល​ខ្ញុំ​អាច​លេង​បាល់​ទាត់​ដោយ​មាន​សុវត្ថិភាព​ជាង​មុន​»។

កញ្ញា​ ជួប វិច្ឆិកា បន្ដ​ថា​៖ «​ខណៈ​នេះ កម្ពុជា​មិន​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ ​១៩ ច្រើន​នោះ​ទេ តែ​រាជ​រដ្ឋាភិបាល​​បាន​ប្រកាស​ថា ពលរដ្ឋ​ត្រូវ​ចេះ​ការពារ​ខ្លួន​ចំពោះ​រលក​ទី២​។ យើង​រំពឹង​ថា កុមារ​​បាន​មើល​ឃើញ​វីដេអូ​នេះ និង​បាន​សម្រេច​ចិត្ដ​ប្រកាន់​យក​នូវ​វិធានការ​សុវត្ថិភាព​។ យើង​កំពុង​តែ​រៀបចំ​ដាក់​ឲ្យ​ដំណើរការ​ជាមួយ​ដៃគូ​របស់​យើង​»។

វីដេអូ​ផ្សព្វផ្សាយ​ ដែល​​បង្ហោះ​កាល​ពី​ខែ​ឧសភា​ និង​រំលេច​នូវ​ល្បែង​បាល់​ទាត់​រក្សា​គម្លាត​សុវត្ថិភាព​ដំបូង​បំផុត​ ទទួល​បាន​ប្រជាប្រិយភាព​​យ៉ាង​ឆាប់​រហ័ស​ ដោយ​មាន​ចំនួន​​អ្នក​ទស្សនា​ជាង ១៦ ម៉ឺន​ដង​នៅ​​កម្ពុជា។

យោង​តាម​របាយការណ៍​របស់​អង្គការ​ ISF បាន​ឲ្យ​ដឹង​ថា វីដេអូ​នេះ​ត្រូវ​បាន​ចែក​រំលែក​នៅ​ទូទាំង​ពិភព​លោក​ ពី​សហរដ្ឋ​អាមេរិក​ ទៅ​ដល់​ប្រទេស​លិចតិនស្ដាញ ព្រម​ទាំង​ទទួល​បាន​ការ​កោត​សរសើរ​ពី​សហព័ន្ធ​កីឡា​បាល់​ទាត់​អាស៊ី​ថា​ជា​គម្រោង​មួយ​ប្រកប​​ដោយ​ «​ភាព​ច្នៃ​ប្រឌិត​»។

នៅលើទីលានបាល់ទាត់​ គ្រប់គ្នាតម្រូវ​ឲ្យរក្សាគម្លាតពីគ្នា ២ ម៉ែត្រ​​​​។ រូបថត សហ​ការី

លោក Christopher Lantigua ជា​គ្រូ​បង្វឹក​បាល់​ទាត់​ម្នាក់​នៅ​ក្រុង​ញូវយ៉ក ដែល​បាន​ឃើញ​វីដេអូ​ផ្សព្វផ្សាយ​នេះ បាន​សរសេរ​ថា​៖ «​នេះ​ជា​ថាមពល​នៃ​ភាព​ច្នៃ​ប្រឌិត​ ការ​តាំង​ចិត្ដ និង​ចេញ​ពី​សេចក្ដី​ស្រឡាញ់​សុទ្ធសាធ​ ដោយសារ​ភាព​ចលាចល និង​​អស់​សង្ឃឹម​បាន​បង្កើត​ជា​ភាព​ស្រស់​បំព្រង​ដែល​ចាំបាច់​សម្រាប់​សុវត្ថិភាព​សហគមន៍​»។

អង្គការ​ក្នុង​ស្រុក​មួយ​នេះ​ទទួល​បាន​​​​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​បណ្ដា​ប្រទេស​នៅ​ អាមេរិក និង​អឺរ៉ុប ហើយ​អង្គការ​​ក៏​បាន​ធ្វើ​ការ​ជាមួយ​អង្គការ​នៅ​​ឥណ្ឌា​អំពី​ការ​កែ​សម្រួល​ល្បែង​នេះ​ឲ្យ​ត្រូវ​នឹង​បរិបទ​ក្នុង​ប្រទេស​ឥណ្ឌា។

យោង​តាម​របាយ​ការណ៍​របស់​អង្គការ ISF បាន​បង្ហាញ​ថា៖ «យ៉ាង​ណាមិញ អង្គការ​ផ្ដោត​សំខាន់​លើ​ការ​ដាក់​ឲ្យ​ដំណើរការ​កម្មវិធី​ជាមួយ​អង្គការ​ក្នុង​ស្រុក​នានា​ ដោយ​ចាប់​ផ្ដើម​​ពី​ដៃគូ​ផ្ទាល់​ក្នុង​គម្រោង​កម្មវិធី​បាល់​ទាត់​ Football Programme របស់​ខ្លួន​ដែល​ទទួល​បាន​ពាន​រង្វាន់​»។

អង្គការ​នឹង​បើក​វគ្គ​បណ្ដុះ​បណ្ដាល​ពី​ចម្ងាយ​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​ ដែល​មាន​បំណង​ចង់​កែ​សម្រួល​ល្បែង​កីឡា​នេះ​ និង​​អាច​ជួប​ពិភាក្សា​​តទល់​សម្រាប់​អង្គការ​នៅ​ភ្នំពេញ​។

វីដេអូ​ផ្សព្វផ្សាយ​អំពី​បាល់ទាត់​រក្សា​គម្លាត​សុវត្ថិភាព​មាន​នៅ​ទំព័រ​ហ្វេសប៊ុក​ @isf.cambodia។ ព័ត៌មា​បន្ថែម​មាន​នៅ​វេបសាយ​របស់​អង្គការ​ https:​//isfcambodia.org/៕