ក្រុងបាត់ដំបង: អង្គុយ​លើ​កម្រាល​ឥដ្ឋ​នៃ​ថ្នាក់រៀន​ដែល​ក្ដារខៀន​ស្ថិត​នៅ​ក្បែរ​ព្រះពុទ្ធ​បដិមា​ ១ ​អង្គ យុវសិស្ស ប៉ែន សិលា បាន​ផ្ដើម​សូត្រធម៌​នាំមុខ រួច​បន្ទរ​ដោយ​សំឡេង​មិត្ដ​រួម​ថ្នាក់ មុន​ពេល​ចាប់ផ្ដើម​មេរៀន​។ ការសូត្រ​ធម៌​នេះ​មាន​រយៈពេល​ប្រមាណ ១០ នាទី​រៀង​រាល់​ពេល​ចូល និង​ចេញ​ពី​រៀន​។

ប៉ែន សិលា សិក្សា​ភាសា​អង់គ្លេស និង​ចិន​នៅ​អង្គការ​ពុទ្ធសាសនា​ដើម្បី​ការអប់រំ​នៃ​កម្ពុជា (​ព.អ.ក​) ជិត​ ១ ​ឆ្នាំ និង​សាលារៀន​រដ្ឋ​ថ្នាក់​ទី ៨ អាយុ ១៨ ឆ្នាំ​បាន​និយាយ​ថា​៖ «​ខ្ញុំ​មិន​ធុញទ្រាន់​ក្នុង​ការសិក្សា​ព្រះធម៌​ឡើយ ។ ការសូត្រ​ព្រះធម៌​មាន​សូរសៀង​ពីរោះ និង​ជ្រះថ្លា​ចិត្ដ ។ ខ្ញុំ​ចេះ​សូត្រ​កិរិយា និង​ធម៌​សារ៉ាផាញ់​»​។

មជ្ឈមណ្ឌល​ដែល សិលា និង​មិត្ដ​រួម​ថ្នាក់​ប្រមាណ ១០០ នាក់​ទៀត​មក​រៀន​រៀងរាល់​ថ្ងៃ​គឺជា​អង្គការ​មួយ​ដែល​បើក​ដំណើរការ​ដោយ​ព្រះសង្ឃ បំណង​ដើម្បី​លើកកម្ពស់​សីលធម៌​សង្គម និង​សុខុមាលភាព​សង្គម​លើ​យុវជន​អ្នក​ទោស ជនចាស់ជរា និង​ក្មេង​កំព្រា​។

យុវសិស្ស​នៅ ព.អ.ក កត់ត្រា​មេរៀន​ព្រះធម៌​នៅ​លើ​ក្ដារខៀន ។ ហុង មិនា

ព្រះភិក្ខុ ធម្មសេនា ហាក់ សៀងហៃ ហៅ រាហុល គឺជា​ស្ថាបនិក​អង្គការ ព.អ.ក ដែល​បង្កើត​ឡើង​កាលពី​ខែ​កក្កដា ឆ្នាំ​ ២០១២ មាន​សង្ឃដីកា​​ថា​៖ «​យើង​ផ្ដោតលើ​គោលបំណង​សំខាន់​ចំនួន ២ គឺ​លើក​កម្ពស់​សីលធម៌​សង្គម​ដែល​ជា​ការអប់រំ​ទាំង​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ និង​លើកស្ទួយ​សុខុមាលភាព​សង្គម តាមរយៈ​សកម្មភាព​មនុស្សធម៌​» ។

ព្រះអង្គ​ចាប់ផ្ដើម​សាង​ផ្នួស​តាំងពី​អាយុ ១១ ឆ្នាំ​នៅ​ស្រុកកំណើត​នៃ​ខេត្ដ​កំពង់ធំ​ក្នុង​ឆ្នាំ ១៩៩៦ ហើយ​ក្នុង​ឆ្នាំ​ ១៩៩៩ ព្រះអង្គ​បាន​និមន្ដ​មក​កាន់​ខេត្ដ​បាត់ដំបង បំណង​សិក្សា​នៅ​សាលា​ពុទ្ធិក​រហូត​ដល់​ចប់​មធ្យមសិក្សា​។ ព្រះអង្គ​ជាប់​អាហារូបករណ៍​ទៅ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​ប្រទេស​មីយ៉ាន់ម៉ា ៣ ឆ្នាំ​ក្នុង​ឆ្នាំ​ ២០០៦ និង​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​ស្រីលង្ការ​ក្នុង​ឆ្នាំ​ ២០១០​។ ឆ្នាំ​ ២០១២ ព្រះភិក្ខុ​អង្គ​នេះ​បាន​ផ្ដួចផ្ដើម​បង្កើត​អង្គការ​ដោយ​ផ្ដោតលើ​កម្មវិធី​អប់រំ​ចំនួន ៥​។

ព្រះអង្គ​មាន​សង្ឃដីកា​ថា​៖ «​យើង​មាន​គម្រោង​ច្រើន​ទាំង​រយៈពេល​ខ្លី និង​រយៈពេល​វែង​។ តែ​គម្រោង​និរន្ដរភាព​ដែល​យើង​បាន​និង​កំពុង​ធ្វើ​រាល់​ថ្ងៃនេះ​មាន​ចំនួន​ ៥ ​គឺ​គម្រោង​កម្មវិធី​អប់រំ​យុវជន គម្រោង​អប់រំ​ទណ្ឌិត គម្រោង​ផ្សព្វផ្សាយ​ព្រះធម៌ គម្រោង​ជួយ​ជន​ចាស់ជរា និង​ជនក្រីក្រ និង​គម្រោង​ជួយ​កុមារកំព្រា​»​។

អង្គការ​បាន​សហការ​ជាមួយ​សាលារដ្ឋ​ចំនួន ២ ដូចជា​សាលាបឋមសិក្សា​វត្ដ​កំផែង និង​អនុវិទ្យាល័យ​វត្ដគរ​។ ក្រុម​ព្រះសង្ឃ​ស្ម័គ្រចិត្ដ​បង្រៀន​ផ្នែក​សីលធម៌ សុជីវធម៌ គុណធម៌ ប្រពៃណី និង​ទំនៀមទម្លាប់​។

ការប្រណិប័តន៍​ព្រះធម៌​របស់​ពុទ្ធបរិស័ទ​នៅ​សួនច្បារ​អគារ ព.អ.ក។ហុង មិនា

ព្រះតេជព្រះគុណ សៀងហៃ ព្រះជន្ម ៣៤ ​វស្សា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​យើង​ក៏​មាន​កម្មវិធី​ចុះ​អប់រំ​យុវជន​តាម​សាលារៀន​នានា​។ ប៉ុន្ដែ​វា​ជា​លក្ខណៈ​មិន​ទៀងទាត់​ទៅ​តាម​កម្មវិធី​រយៈពេល​ខ្លី និង​ម្ដង​កាល​។ យើង​ចុះ​អប់រំ​តាម​លក្ខណៈ​ជា​សិក្ខាសាលា​បែប​នេះ​ស្ទើរតែ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ទាំង​ថ្នាក់ឧត្ដម និង​ថ្នាក់​មធ្យម​។ យើង​ពន្យល់​ពី​ការដឹងគុណ​ឪពុក ម្ដាយ និង​ណែនាំ​កែប្រែ​អត្ដចរិត​» ។

អ្នកទទួល​បាន​ការអប់រំ​តាមរយៈ​គម្រោង​នេះ​មាន​ចំនួន​រាប់ម៉ឺន​នាក់​។ ជាក់ស្ដែង​មាន​ការបោះពុម្ព​សៀវភៅ​សរសេរ ២ ម៉ឺន​ក្បាល ហើយ​អង្គការ​យក​វា​មក​ប្រើ​ក្នុង​សិក្ខាសាលា​។ អ៊ីចឹង​ ១ ​ឆ្នាំ​ធ្វើ​យ៉ាងម៉េច​ចែក​ឲ្យ​អស់​សៀវភៅ ២ ម៉ឺន​ក្បាល ជាពិសេស​សិស្ស​នៅ​តាម​បណ្ដា​សាលា​ក្រីក្រ​។ អង្គការ ព.អ.ក មិន​ត្រឹម​តែ​ផ្ដល់​ការអប់រំ​ផ្នែក​ស្មារតី​ផង និង​សម្ភារ​សិក្សា​ផង​ដែរ​ទេ​។

កិច្ចការ​ជោគជ័យ​ដ៏គួរ​ឲ្យ​កត់សម្គាល់​របស់​អង្គការ ព.អ.ក ចំណោម​កម្មវិធី​ទាំង ៥ គឺ​ការអប់រំ​ទណ្ឌិត​នៅក្នុង​ពន្ធនាគារ​ខេត្ដ​បាត់ដំបង​ដែល​ការបង្រៀន​ត្រូវ​បាន​ពង្រីក​ពី​ការបង្រៀន​ត្រឹមតែ​ទណ្ឌិត​ប្រុស​ដល់​ទណ្ឌិត​ស្រី និង​បន្ថែម​ម៉ោង​ទៀត​។

ព្រះភិក្ខុ បាន​បន្ដ​ថា​៖ «​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ​ការអប់រំ​ផ្លូវចិត្ដ​ដល់​ទណ្ឌិត​បាន​បង្ហាញ​ពី​លទ្ធផល​ល្អ​ដោយ​ពួកគេ​មាន​ការកែប្រែ​តាមរយៈ​ការធ្វើ​សមាធិ ចេះ​សូត្រធម៌ សង្រួមចិត្ដ​ឲ្យ​យល់​ដឹង​ពី​ការរស់នៅ​ក្នុង​សង្គម និង​មេរៀន​អំពី​មង្គល ៣៨ ប្រការ​គឺ​ការមិន​សេពគប់​បុគ្គល​ពាល និង​សេពគប់​បណ្ឌិត​អ៊ីចឹង​។ ការអប់រំ​ក៏​ផ្ដោតលើ​មាគ៌ា​ជីវិត​។ ពេល​ពួកគាត់​ចេញ​មក​វិញ ពួកគាត់​រស់នៅ​ក្នុង​សង្គម​ដោយ​មិន​ប្រព្រឹត្ដ​ឆ្គាំឆ្គង​អ្វី​តទៅ​ទៀត​។

សកម្មភាព​សិក្សា​ភាសាបរទេស និង​ព្រះធម៌​របស់​យុវសិស្ស​។ហុង មិនា

ព្រះតេជព្រះគុណ​ដែល​បើក​ទូលាយ​​ដល់​ពុទ្ធបរិស័ទ និង​មហាជន​មក​សិក្សា​ស្វែងយល់​ពី​ព្រះធម៌​នៅ​អង្គការ​ផ្ទាល់​បាន​បន្ថែម​ថា​៖ «​អាត្មា​វាយតម្លៃ​ទូទៅ​ថា ពួកគាត់​មាន​ការផ្លាស់ប្ដូរ​ច្រើនណាស់​។ អ្នកទោស​ទាំងអស់​ហ្នឹង ពួកគាត់​បាន​កែប្រែ​ពី​ចំណុច​អវិជ្ជមាន​មក​វិជ្ជមាន​ច្រើន​។ ជាក់ស្ដែង​អ្នកគ្រប់គ្រង​នៅ​ពន្ធនាគារ​មើលឃើញ​ពី​ការផ្លាស់ប្ដូរ​ឥរិយាបថ​របស់​អ្នកទោស​។ អ៊ីចឹង​ពី​មុន​គេ​ឲ្យ​បង្រៀន​តែ​អ្នកទោស​ប្រុសៗ​ទេ តែ​ឥឡូវ​គេ​ឲ្យ​បង្រៀន​អ្នកទោស​ស្រីៗ និង​បន្ថែម​ម៉ោង​បង្រៀន​ទៀត​។ ពេល​ពួកគាត់​ចេញ​ពី​ពន្ធនាគារ​ពួកគាត់​តែងតែ​មកជួប​ក្រុម​ការងារ​អាត្មា​ដោយ​ការថ្វាយបង្គំ និង​ថ្លែងអំណរគុណ​ចំពោះ​ការបង្ហាត់បង្រៀន​សីលធម៌​សង្គម​»​។

ក្រៅពី​កិច្ចការ​អប់រំ​យុវជន​នូវ​ចំណេះដឹង​ភាសាបរទេស និង​ទណ្ឌិត​នូវ​សីលធម៌ គុណធម៌​សង្គម អង្គការ ព.អ.ក ក៏​បាន​ជួយ​ដល់​ជន​ចាស់ជរា​គ្មាន​ទីពឹង​នូវ​ការសាងសង់​ផ្ទះសម្បែង សម្ភារ​ប្រើប្រាស់ និង​ប្រាក់ឧបត្ថម្ភ​ប្រចាំ​ខែ​ព្រម​​ទាំង​ការផ្សព្វផ្សាយ​ព្រះធម៌​របស់​ព្រះសម្មាសម្ពុទ្ធ​តាមរយៈ​ប៉ុស្ដិ៍​វិទ្យុ និង​ទូរទស្សន៍​ផងដែរ​។

ទោះ​ជា​យ៉ាងណា​ព្រះតេជព្រះគុណ​គង់​នៅ​វត្ដ​កំផែង​អង្គ​នេះ​ក៏​បាន​ជួប​នូវ​ការលំបាក​ពេល​ដំណើរការ​ផ្សព្វផ្សាយ និង​បង្រៀន​តាម​សាលារៀន​ដោយសារ​អាជ្ញាធរ​ដែល​ផ្ដល់​ការអនុញ្ញាត​បារម្ភ​ថា ព្រះអង្គ​ប្រើ​វេទិកា​នោះ​ជាការ​ឃោសនា​គោលនយោបាយ​គណបក្ស​ណា​មួយ ។

ព្រះអង្គ​មាន​សង្ឃដីកា​ថា​៖ «​ឥឡូវនេះ​ក្រោយពី​ការបរិយាយ និង​ការអប់រំ​របស់​ព្រះសង្ឃ​កន្លង​មក​សិស្សានុសិស្ស​ចេះ​យល់​ពី​គុណតម្លៃ​នៃ​ការអប់រំ យល់ដឹង​ពី​គុណគ្រូ គុណ​ឪពុកម្ដាយ​។ ពួកគេ​មើលឃើញ​ពី​អត្ដចរិត​របស់​សិស្ស​មាន​ការផ្លាស់ប្ដូរ អ៊ីចឹង​ពួកគេ​តែងតែ​និមន្ដ​ព្រះសង្ឃ​ផ្ដល់​ការអប់រំ​បន្ថែម​ទៀត​»​។

ព្រះសង្ឃ សៀង ហៃ បាន​ឲ្យ​ដឹង​ថា​អង្គការ ព.អ.ក ទទួល​មូលនិធិ​ភាគច្រើន​លើសលប់​ពី​ប្រជាជន​កម្ពុជា ជាពិសេស​ពុទ្ធបរិស័ទ​ទាំង​ក្នុង និង​ក្រៅ​ស្រុក​។

អង្គការ​ពុទ្ធសាសនា​ដើម្បី​ការអប់រំ​នៃ​កម្ពុជា​មាន​ទីតាំង​នៅ​ភូមិ​កំពង់សីមា សង្កាត់​វត្ដគរ ខេត្ត​បាត់ដំបង​ចម្ងាយ​ប្រមាណ ៣ គីឡូម៉ែត្រ​លើ​ផ្លូវ​ទៅ​កាន់​ប្រាសាទ​បាណន់​។

សម្រាប់​ព័ត៌មាន​លម្អិត​សុំចូល​ទៅ​កាន់​ហ្វេសប៊ុក @bec.organization ឬ ទាក់ទង​តាមរយៈ​លេខ​ទូរស័ព្ទ ០១៧ ៤៤ ៦២ ៦៣៕

វីដេអូ៖