ភ្នំពេញ៖ ដោយមានគោលបំណងចង់បង្ហាញពីសក្ដានុពល ភាពជាអ្នកដឹកនាំរបស់ក្មេងស្រី និងចង់ឆ្លុះបញ្ចាំងពីបញ្ហាយេនឌ័រ អង្គការភ្លែនអន្តរជាតិ សហការជាមួយស្ថានទូតស៊ុយអែតប្រចាំប្រទេស កម្ពុជា បានរៀបចំកម្មវិធី «ក្មេងស្រីកាន់តួនាទីជំនួស Girls Takeover» ដែលជាការលើកស្ទួយតម្លៃក្មេងស្រីនៅតំបន់ដាច់ស្រយាល ដែលប្រារព្ធធ្វើជារៀងរាល់ឆ្នាំនៅថ្ងៃទី ១១ ខែ តុលា។
កម្មវិធីនេះ គឺជាចលនាសកលមួយ ដែលអំពាវនាវឲ្យមានការផ្តាស់ប្តូរក្នុងសង្គម និងនយោបាយសំដៅលុបបំបាត់ឧបសគ្គនានា ការរើសអើង និងភាពលម្អៀង ដែលនៅតែរាំងស្ទះដល់វឌ្ឍនភាពរបស់ក្មេងស្រី។ ចលនានេះ ក្មេងស្រីទទួលបានឱកាសនានាដែលគេមិនសូវបានឃើញ ឬស្តាប់ឮ ហើយបង្ហាញយ៉ាងច្បាស់ថា ពួកគេមានសិទ្ធិយកក្តីស្រមៃខ្លួន ដោយមិនមានភាពភ័យខ្លាចអ្វីឡើយ។
ដោយឡែកនៅក្នុងឆ្នាំ ២០១៩ នេះ ដែលជាការប្រារព្ធធ្វើលើកទី ៤ អង្គការភ្លែនអន្តរជាតិ សហការជាមួយនឹងស្ថានទូតស៊ុយអែតប្រចាំនៅប្រទេស កម្ពុជា ទទួលបានការចូលរួមពីក្មេងស្រីម្នាក់ឈ្មោះ ស្រីភា មានវ័យ ១៥ ឆ្នាំ ដែលមកពីខេត្តស្ទឹងត្រែង ដោយបានផ្តល់ឱកាសឲ្យគាត់ដើរតួនាទីជាឯកអគ្គរាជទូតស៊ុយអែតប្រចាំប្រទេស កម្ពុជា នាថ្ងៃប្រារព្ធ (ទិវាក្មេងស្រីអន្តរជាតិ-International Day of the Girl Child)។
យុវតី ស្រីភា បានសម្តែងអារម្មណ៍ខ្លួនថា៖ «នៅសហគមន៍ខ្ញុំ ក្មេងស្រីៗប្រឈមនឹងបញ្ហាជាច្រើនដូចជា ការរៀបការវ័យក្មេង បោះបង់ការសិក្សា ផ្នត់គំនិតយេនឌ័រអវិជ្ជមាន និងកង្វះបុគ្គលិកគំរូដល់ក្មេងស្រី។ រៀបការវ័យក្មេង គឺជាបញ្ហាធ្ងន់ធ្ងរជាងគេ ដែលខ្ញុំចង់ដោះស្រាយ»។
ស្រីភា បន្តថា៖ «កម្មវិធីក្មេងស្រីកាន់តួនាទីជំនួសនេះ ផ្តល់ឱកាសឲ្យនាងខ្ញុំបានពិភាក្សាពីបញ្ហាការរៀបការវ័យក្មេង ជាមួយស្ថានទូតស៊ុយអែត។ ខ្ញុំចង់ដឹងពីវិធានការនានាក្នុងការបញ្ឈប់ការរៀបការវ័យក្មេង ដើម្បីឲ្យក្មេងស្រីអាចសម្រេចសក្តានុពលរបស់ខ្លួនបានពេញលេញ»។
លោក សាមូអែល ហ៊ូទីហ្គ ភារធារីនៃស្ថានទូតស៊ុយអែតប្រចាំប្រទេស កម្ពុជា មានប្រសាសន៍ថា៖ «កាន់តួនាទីជំនួសរបស់ ស្រីភា នៅក្នុងកម្មវិធីប្រារព្ធនៅស្ថានទូត គឺជាឱកាសមួយឆ្លុះបញ្ចាំងពីសិទ្ធិរបស់ក្មេងស្រី និងជាផ្នែកមួយនៃគោលនយោបាយការបរទេសស្តីពី ស្រ្តីនិយមនៅស៊ុយអែត និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ។ កម្មវិធីនេះ ស្រីភា អាចលើកពីបញ្ហារបស់ក្មេងស្រីក្នុងសហគមន៍ខ្លួន ដើម្បីធានាថា តម្រូវការ និងសិទ្ធិរបស់ពួកគេមិនត្រូវបានគេមើលរំលងបាន។ ពេលក្មេងៗទទួលឱកាសស្មើភាពក្នុងជីវិតដូចអ្នកដទៃនោះ គេនឹងអាចផ្លាស់ប្តូរជីវិត និងសហគមន៍ខ្លួន និងចូលរួមបង្កើតពិភពមួយ ដែលកាន់តែមានភាពល្អប្រសើរគ្រប់ៗរូប»។
លោកស្រី គ្វីននេត វ៉ង ជានាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា ថ្លែងថា៖ «ក្មេងស្រីទូទាំងពិភពលោក កំពុងប្រឈមឧបសគ្គធំៗច្រើនក្នុងការអភិវឌ្ឍខ្លួន និងសម្រេចក្តីស្រមៃខ្លួន។ ជារឿយៗ ក្មេងស្រីគ្មានអំណាចទៅលើការសម្រេចចិត្ត ឬជាជម្រើសរបស់ខ្លួននោះឡើយ»៕