ភ្នំពេញ: ក្នុង​បំណង​គាំទ្រ​សិល្បៈ និង​វប្បធម៌​នៅកម្ពុជា អង្គការ​មូនិធិ​កុមារ​កម្ពុជា ស៊ីស៊ីអេហ្វ​ (CCF) បាន​ប្រកាស​បើកទទួល​ពាក្យ​សុំ​ហិរញ្ញប្បទាន​បណ្ដុះ​​គ្រាប់ពូជ CATA:LIST ឆ្នាំ​ ២០២០ ជា​លើក​ទីប៣ សម្រាប់គាំទ្រ​ដល់​សិល្បៈ និង​អ្នក​សម្ដែង​ខ្មែរ។

​ការ​បើកទទួល​ពាក្យ​សុំ​ហិរញ្ញប្បទាន​បណ្ដុះ​​គ្រាប់ពូជ​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃទី ១ ខែ ​ធ្នូ ឆ្នាំ​ ២០២០ ដោយ​ផ្ដល់​ហិរញ្ញ​ប្បទាន​រហូត​ដល់ ៣ ០០០ ដុល្លារ សម្រាប់ ៥ គម្រោង ក្នុង​គោលដៅ​​គាំទ្រ​​ដល់​គម្រោង​​ច្នៃ​ប្រឌិត ដែល​បង្កើត​ដោយកូន​ខ្មែរ និង​ជួយ​ដល់​ការ​អភិវឌ្ឍ​ទេព​កោសល្យ​របស់​សិល្បករ​ខ្មែរ។

កម្មិវធី​ហិរញ្ញប្បទាន​បណ្ដុះ​​គ្រាប់ពូជ​ ស៊ីស៊ីអេហ្វ​ CATA:LIST ឆ្នាំ​ ២០២០ អាច​ប្រព្រឹត្ត​ទៅ​បាន​ដោយសារ​មាន​ជំនួយ​ថវិការ​មក​ពី​ការ​រៃអង្គាស​របស់​ឯកអគ្គរដ្ឋទូត​សិង្ហបុរី​ប្រចាំ​នៅ​កម្ពុជា លោក ម៉ៃឃើល តាន់ (Michael Tan) និង​លោកស្រី ស្ទែឡា ទោ (Stella Toh) ប្រធាន​កម្មវិធី​ស្ទ្រីតអាត++ ដែល​ជា​មហោស្រព​សិល្បៈ​រយៈពេល​ ២ សប្ដាហ៍ ដើម្បី​ប្រារព្ធ​ខួប ៥៥ ឆ្នាំ​ នៃ​ទំនាក់ទំនងការទូត​ កម្ពុជា និង​សិង្ហបុរី។

ការ​​​ផ្ដល់​ហិរញ្ញ​ប្បទាន​​​​ដែល​ដំណើរការ​រហូត​ដល់​ឆ្នាំទី៣ ត្រូវ​បាន​​លោក ស្កុត នីសិន ស្ថាបនិក និង​នាយក​​ប្រតិបត្តិ​នៃ​អង្គការ​មូលនិធិ​កុមារ​រ​កម្ពុជា​ ដែល​ធ្វើ​ឲ្យ​​មហាជន​កោតសរសើរ​​ពី​ទឹកចិត្ត​សប្បុរសធម៌ បោះបង់ចោល​អាជីព​ខ្ពង់ខ្ពង់​នៅហូលីវូដ មក​ជួយ​កុមា​រកម្ពុជា លោក ស្កុត នីសិន បាន​បន្ត​ទៀត​ថា៖ «ខ្ញុំ​សូម​ថ្លែង​អំណរគុណ​​ដល់​លោក ឯកអគ្គរដ្ឋទូត​សិង្ហបុរី​ប្រចាំ​នៅ​កម្ពុជា លោក ម៉ៃឃើល តាន់ សម្រាប់​ការ​គាំទ្រ​សិល្បៈ និង​ជ្រើសរើស​អង្គការ​មូលនិធិ​កុមារ​កម្ពុជា ជា​អង្គការ ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ»។

គ្រូ​បង្រៀន​ឧបករណ៍​តន្ត្រី និង​ស្ថាបនិក​សាលា​តន្ត្រី​មិត្តភាព​ គាត សុគីម (ឆ្វេង) ដែល​បាន​ទទួល​ហិរញ្ញប្បទាន​បណ្ដុះគ្រាប់ពូជ​កាលពី ២០១៩។ រូបថត សហការី

ដើម្បី​បន្ត​ស្មារតី​នៃ​កិច្ច​សហការ​នេះ កម្មវិធី​ហិរញ្ញប្បទាន​បណ្ដុះ​គ្រាប់ពូជ​ ស៊ីស៊ីអេហ្វ​ លើកទី៣​ នេះ នឹង​ផ្ដល់​ហិរញ្ញប្បទាន​ទៅ​គម្រោង​អភិវឌ្ឍ​សិល្បៈ​ណា ដែល​នឹង​បាន​រួម​បញ្ចូល​​កិច្ចសហប្រតិបត្តិការ និង​ភាព​ជា​ដៃគូ​ជាមួយ​បុគ្គលិក សិស្ស និស្សិត ឫសហគមន៍​របស់​ស៊ីស៊ីអេហ្វ។

អង្គការ​មូលនិធិ​កម្ពុជា មានគោលដៅ​ក្នុងការ​ដើរ​តួនាទី​ជា​អ្នក​សម្រប​សម្រួល​លើក​ទឹក​ចិត្ត​ដល់​គម្រោង​ច្នៃ​ប្រឌិត និង​ធានា​ឲ្យ​បាន​ថា សហគមន៍​សិល្បៈ​នៅ​កម្ពុជា អាច​ទទួល​បាន​ឱកាស​ស្វែង​រក​ធនធាន និង​ទស្សនិកជន។

លោក នីកគី វើត ប្រធាន​គ្រប់គ្រង​ហិរញ្ញប្បទាន​នៃ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា បាន​លើក​ឡើង​ថា៖ «គោលដៅ​របស់​យើង​ជាមួយ​ហិរញ្ញ​ប្បទាន​សម្រាប់​គម្រោង​តូចៗ​ទាំង​នេះ គឺ​ដើម្បី​ជំរុញ​ការ​អនុវត្ត​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​របស់​សិល្បករ​ខ្មែរ​វ័យ​ក្មេង ដែល​ជា​ធម្មតា ពួកគេ​មិន​បាន​ទទួល​មូលនិធិ ឬ​អ្នក​ដែល​រង​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ក្នុង​កំឡុង​ពេល​មាន​ជំងឺ​រាតត្បាត​កូវីដ ១៩។ យើង​ចង់​បន្ថែម​ពី​សិល្បករ​ទាំង​នេះ ហើយ​សង្ឃឹម​ថា យើង​អាច​ជួយ​ពួកគេ​ឲ្យ​ក្លាយជា​សិល្បករ​អាជីព»។

បេក្ខជន​ដែល​មាន​សិទ្ធិ​ទទួល​​បាន​ជំនួយ​នឹង​ធ្វើ​ការ​នៅ​ក្នុង​​វិស័យ​សិល្បៈ​នានា​ដូចជា ស្ថាបត្យកម្ម គំនូរ ជីវចល សិល្បៈឌីជីថល កា​រ​រចនា និង​ម៉ូដ ខ្សែ​ភាពយន្ត តន្ត្រី របាំ និង​ល្ខោន សេដ្ឋកិច្ច​ច្នៃ​ប្រឌិត ជំនាញ​ផ្នែក​វប្បធម៌​នានា អក្សរសាស្ត្រ សិល្បៈ​ចក្ខុ និង ការ​រួម​បញ្ចូល​គ្នា​នៃទម្រង់សិល្បៈនានា។

ចាប់តាំង​ពី​ឆ្នាំ ២០១៨ ​មក កម្មវិធី​​ហិរញ្ញប្បទាន​បណ្ដុះ​​គ្រាប់ពូជ CATA:LIST បាន​គាំទ្រ​ដល់​សិល្បករ​ខ្មែរ​វ័យ​ក្មេង​ជា​ច្រើន​រូប ដោយ​បាន​ផ្ដល់​ថវិកា​រហូត​ដល់​ជាង ៣ ម៉ឺន​ដុល្លារ​អាមេរិក​ នៅទូទាំង​ប្រទេស​កម្ពុជា។

អ្នកចម្រៀង និង​អ្នក​និពន្ធ​លោក​ រែន បូលី ដែល​បាន​ទទួល​ហិរញ្ញប្បទាន​ឆ្នាំ ២០១៩។ រូបថត សហការី

ក្នុង​ឆ្នាំ ២០១៩ ហិរញ្ញប្បទាន​ត្រូវបាន​ប្រគល់ជូន​ អ្នកចម្រៀង និង​​និពន្ធ រែន បូលី អ្នកចម្រៀង និង​​និពន្ធ ជីវ ឈេង​ហ៊ាង សិល្បករ​គំនូរ លន ជីវ័ន្ត​ រហស្សនាម G1 គ្រូ​បង្រៀន​ឧបករណ៍​តន្ត្រី និង​ស្ថាបនិក​សាលា​តន្ត្រី​មិត្តភាព​ គាត សុគីម និង​ក្រុម​តន្ត្រី Death Metal ដូច​ឆ្កែ។

និយាយ​ពីការ​ផ្លាស់ប្ដូរ​​ដែល​បាន​មក​ពី​ហិរញ្ញប្បទាន​ឆ្នាំ ២០១៩ របស់លោក រែន បូលី មាន​​ឲ្យដឹង​ថា៖ «ហិរញ្ញប្បទាន​បណ្ដុះ​គ្រាប់ពូជ​របស់ស៊ីស៊ីអេហ្វ ផ្ដល់​ឲ្យ​ខ្ញុំ​នូវ​ជំនួញ​ហិរញ្ញវត្ថុ​ដែល​ខ្ញុំ​ត្រូវ​ការ។ ហិរញ្ញប្បទាន​​នេះ ធ្វើ​ឲ្យ​ខ្ញុំ​មានអារម្មណ៍​ថា ខ្ញុំ​មាន​ទំនួល​ខុស​ត្រូវ​ធំ​មួយ​ដែល​ខ្ញុំ​ចាំបាច់​ត្រូវ​ធ្វើ ហើយ​ខ្ញុំ​ត្រូវ​តែ​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព ពីព្រោះ​ខ្ញុំ​មានអារម្មណ៍​ថា មាន​មនុស្ស​ម្នាក់​ដែល​ជឿជាក់​ និង​ទុក​ចិត្ត​លើ​ខ្ញុំ ដោយសារ​ហេតុផល​នេះ​ហើយ ទើប​ខ្ញុំ​មិន​ចង់​ធ្វើ​ឲ្យ​ពួក​គាត់​ខក​ចិត្ត»។

បេក្ខភាព​ទទួល​​ហិរញ្ញប្បទាន​ឆ្នាំ ២០១៩ រូបនេះ​បាន​បន្ត​ទៀត​ថា៖ «ខ្ញុំ​តែង​តែ​មានគោដៅ ដែល​ខ្ញុំ​ចង់ធ្វើ និង​ចែក​រំលែក​ទៅ​ដល់​មនុស្ស​ជុំ​វិញ​ពិភពលោក។ ការ​ទទួល​បាន​ហិរញ្ញប្បទាន​នេះ មាន​តម្លៃ​​ខ្លាំង​ណាស់​សម្រាប់ខ្ញុំ។ បើ​គិត​អំពី​អ្វី​ដែល​ខ្ញុំ​ធ្វើបាន​ជាមួយ​នឹង​ហិរញ្ញប្បទាន​ដែល​ខ្ញុំ​ទទួល​បាន​នេះ គឺហួស​ពី​ការ​គិត​របស់ខ្ញុំ»។

ព័ត៌មាន​បន្ថែម​ពី​ដំណើរការ​ដាក់ពាក្យសុំ​សម្រាប់​ឆ្នាំ ២០២០ អាច​ស្វែង​រក​បាន​តាមរយៈ​វេបសាយ https://www.cambodianchildrensfund.org/catalist-grants