ភ្នំពេញ៖ អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) បាន​ប្រកាស​ផ្ដល់​ហិរញ្ញប្បទាន​ឆ្នាំ​ទី ២ បំណង​អភិវឌ្ឍ​ទេពកោសល្យ​ក្រោម​គម្រោង​ពាន​រង្វាន់​ការ​បណ្ដុះបណ្ដាល​សិល្បៈ​ខ្មែរ​៖ ការ​បង្កើត​គំនិត​ច្នៃ​ប្រឌិត​ រចនាប័ទ្ម​ និង​ទេពកោសល្យ​ (Cata:list)។

សិល្បករ​វ័យ​ក្មេង​ ៥ នាក់ ដែល​រួម​ទាំង​អ្នក​រាំ​ហ៊ីបហប​ និង​គ្រូ​បង្រៀន​តន្ដ្រី​​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ទទួល​ហិរញ្ញប្បទាន​ ៣ ០០០ ដុល្លារ​ម្នាក់​។

អង្គការ​មូលនិធិ​កុមារ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា៖ «​ពួក​គេ​ត្រូវ​បាន​ជ្រើសរើស​ដោយ​ផ្អែក​លើ​តម្រូវ​ការ និង​អ្នក​ដែល​ទទួល​ប្រយោជន៍​ច្រើន​ពី​ពាន​រង្វាន់​នេះ​។ បេក្ខភាព​ប្រកួត​ប្រជែង​ត្រូវ​បាន​ស្វាគមន៍​ជា​សាធារណៈ​នៅ​កម្ពុជា​»។

Cata:list ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​​ជួយ​ដំណើរ​ការ​កម្មវិធី​សម្រាប់​ស្នាដៃ​សិល្បៈ​ និង​សកម្មភាព​ផ្ដួច​ផ្ដើម​ដែល​ផ្ដោត​លើ​ការ​អប់រំ​វប្បធម៌ និង​សិល្បៈ​ ក៏​ដូចជា​ការ​អភិវឌ្ឍ​សិល្បៈ​។

អ្នកស្រី​ ម៉ែន ធីតា អ្នក​សម្រប​សម្រួល​ផ្នែក​សិល្បៈ​នៃ​អង្គការ CCF បាន​ឲ្យ​ដឹង​ថា​៖ «​បទ​បង្ហាញ​អំឡុង​ពេល​សិក្ខាសាលា​ដែល​ផ្ដល់​ដោយ​ SHE Investments ដល់​អ្នក​សិល្បៈ​វ័យ​ក្មេង​ ដែល​នឹង​បង្កើន​ភាព​ល្បីល្បាញ​ក្នុង​វិស័យ​សិល្បៈ​ ខ្ញុំ​ពិត​ជា​រីករាយ​ជំនួស​ពួក​គេ​ចំពោះ​ការ​បណ្ដុះបណ្ដាល​នេះ​ដើម្បី​លើក​ស្ទួយ​សិល្បៈ​ខ្មែរ​»។

ឆ្នាំ​នេះ CCF ក៏​ចាប់​ដៃ​គូ​ជាមួយ​សហគ្រាស​សង្គម SHE Investments ដែល​គាំទ្រ​ដល់​សហគ្រិន​ស្ដ្រី​ក្នុង​ប្រទេស ​កម្ពុជា​។

អ្នកស្រី ហួត ស្រីល័ក្ខ នាយិកា​កម្មវិធី​ SHE Investments បាន​ថ្លែង​​ថា៖ «យើង​រីករាយ​​ដែល​បាន​ឃើញ​ស្នាម​ញញឹម​លើ​ផ្ទៃ​មុខ​ពួក​គេ។ ពួក​គេ​បាន​ពុះពារ​គ្រប់​ឧបសគ្គ​ក្នុង​អាជីព​ការងារ​ ដែល​មិន​ព្រម​បោះ​បង់​​ដាច់​ខាត​»។

អ្នក​សិល្បៈ​នីមួយៗ​ត្រូវ​បាន​ផ្ដល់​សិក្ខាសាលា​រយៈពេល ៣ ខែ ​ដោយ​ផ្ដោត​លើ​ការ​អភិវឌ្ឍ​ជំនួញ​ ដូចជា​ការ​បណ្ដុះបណ្ដាល​​ទីផ្សារ និង​ហិរញ្ញវត្ថុ​។

សិល្បករ​វ័យ​ក្មេង ៥នាក់​ទទួល​ហិរញ្ញប្បទានម្នាក់ ៣ ០០០ ដុល្លារ​​។ រូបថត សហ​ការី

លោក គាត សុគីមជា ​អ្នក​ទទួល​រង្វាន់​​​ម្នាក់ គឺជា​គ្រូ​បង្រៀន​តន្ដ្រី​ និង​ជា​ស្ថាបនិក​ Friends'' Music School ក្នុង​ទីក្រុង។ ក្ដីសុបិន​របស់​លោក​​ត្រូវ​បាន​សរសេរ​ក្នុង​សៀវភៅ​កម្រាស់ ៥០០ ទំព័រ ​ស្ដីពី​ឧបករណ៍​តន្ដ្រី​ទ្រអ៊ូ​។

លោក​រំពឹង​ថា សៀវភៅ​នេះ​នឹង​ក្លាយ​ជា​ធនធាន​សំខាន់​សម្រាប់​អ្នក​និយម​វិស័យ​តន្ដ្រី​បុរាណ​ ក៏​ដូចជា​អ្នក​លេង​តន្ដ្រី​ដែល​ចង់​សម្ដែង​នៅ​ក្នុង​រោង​មហោស្រព​។

លោក​បាន​និយាយ​ថា​៖ «​ខ្ញុំ​ពិត​ជា​រីករាយ​ ដែល​ខ្ញុំ​ត្រូវ​បាន​ជ្រើសរើស​។ សុបិន​របស់​ខ្ញុំ​ដើម្បី​លើក​ស្ទួយ​សិល្បៈ​បុរាណ​ខ្មែរ​ដោយ​ការ​បោះ​ពុម្ព​សៀវភៅ​តន្ដ្រី​អាច​នឹង​ក្លាយ​ជា​ការ​ពិត​។ ខ្ញុំ​សូម​អរគុណ​ដល់​អង្គការ CCF ចំពោះ​ការ​ផ្ដល់​ឱកាស​នេះ​ដល់​ខ្ញុំ​»។

អ្នក​ទទួល​រង្វាន់​ម្នាក់​ទៀត លោក រ៉េន បូលី ជា​អ្នក​ចម្រៀង និង​អ្នក​និពន្ធ ដែល​ប្រើ​ឈ្មោះ​ «​ប៊េន លី​» មាន​បំណង​ថត​ចម្រៀង​ និង​បញ្ចូល​ក្នុង​ស្ទូឌីយោ​ទំនើប​។

លោក​គ្រោង​ជួល​ផលិតករ​វីដេអូ​តន្ដ្រី​ ​ដើម្បី​ផលិត​វីដេអូ​ចម្រៀង​របស់​ខ្លួន​។ អាល់ប៊ុម​របស់​លោក A Wretched Timeline (EP) នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​អ៊ីនស្ដាក្រាម​។

លោក បូលី បាន​និយាយ​ថា ហិរញ្ញប្បទាន​បាន​ជួយ​បង្កើន​ដើម​ទុន​សម្រាប់​បំពេញ​មហិច្ឆតា​របស់​លោក​។ លោក​ក៏​ បាន​ស្នើ​សុំ ​SHE Investments ចំពោះ​ការ​គាំទ្រ​គម្រោង​របស់​ខ្លួន​ផង​ដែរ​។

លោក​បាន​ឲ្យ​ដឹង​ថា​៖ «​សិក្ខាសាលា​​បាន​បង្ហាញ​​ថា មាន​រឿង​រ៉ាវ​ជា​ច្រើន​ដែល​​ខ្ញុំ​ត្រូវ​រៀន និង​ត្រូវ​ដឹង​ ជាពិសេស​ផ្នែក​អាជីវកម្ម​។ មុន​នេះ ខ្ញុំ​ផ្ដោត​ចម្បង​លើ​សិល្បៈ តែ​សិក្ខាសាលា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ឃើញ​ជ្រុង​ផ្សេងៗ​ទៀត​។ វា​បាន​ជួយ​ខ្ញុំ​បង្កើន​ផែន​អាជីវកម្ម​ដើម្បី​សម្រេច​គោល​បំណង​»។

លោក សុខ សុភ័ក្ត ហៅ​ប៉ូលូ ដែល​ទើប​ត្រឡប់​មក​ពី​ប្រឡង​។​ រូបថត សហការី

កញ្ញា ឈីវ ឆេងហៀង ជា​អ្នក​ចម្រៀង និង​អ្នក​និពន្ធ​ ជា​អ្នក​ទទួល​ពាន​ដ៏​មាន​សំណាង​ម្នាក់ ដែល​មាន​ដំណើរ​ឆ្ពោះ​ទៅ​ភាព​ជោគជ័យ​នៃ​អាជីព​ និង​បាន​ចែក​រំលែក​តន្ដ្រី​ជាមួយ​ទស្សនិកជន​ដ៏​ច្រើន​សន្ធឹក​នៅ​កម្ពុជា​។

ម្ចាស់​រង្វាន់ ២ នាក់​ទៀត គឺ ឡន ជីវ័ន ហៅ​ថា G1 និង​ក្រុម​តន្ដ្រី «​ដូច​ឆ្កែ»។ G1 ត្រៀម​បើក​វេបសាយ​ ក៏​ដូចជា​អភិវឌ្ឍ​គម្រោង​ទីផ្សារ​ផ្សព្វផ្សាយ​​គំនូរ​របស់​ខ្លួន​​។ លោក​និយាយ​ថា​ លោក​​ចាប់​ផ្ដើម​អាជីព​សិល្បៈ​ដោយ​ការ​គូរ​រូប​លើ​ភក់​ក្រាំង​ ដោយសារ​គ្រួសារ​អត់​មាន​លទ្ធភាព​ទិញ​សម្ភារ​គំនូរ​ត្រឹមត្រូវ​។ ក្រុម «ដូចឆ្កែ» ជា​ក្រុម​តន្ដ្រី​រ៉ុក​ ដែល​មាន​ប្រភព​ចេញ​មក​ពី​ក្មេង​អតីត​តំបន់​សំរាម​ស្ទឹង​មាន​ជ័យ​។

Cata:list គឺ​ជា​កម្មវិធី​ផ្ដល់​ហិរញ្ញប្បទាន​បែប​ប្រកួត​ប្រជែង ដែល​ផ្ដល់​អ្នក​ឈ្នះ​រង្វាន់​នេះ​ប្រចាំ​ឆ្នាំ​ម្នាក់ ៣ ០០០ ដុល្លារ ​ដើម្បី​ទ្រទ្រង់​គម្រោង​របស់​ខ្លួន​។

CCF បាន​ឲ្យ​ដឹង​ថា​៖ «​យើង​ជឿ​ថា នេះ​ជា​ថរិកា​សម​ល្មម​សម្រាប់​គម្រោង​សិល្បៈ​តូចៗ​ ដែល​នឹង​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​នៅ​កម្ពុជា​សម្រាប់​រយៈពេល​​ ១ ឆ្នាំ​។ គម្រោង​ដែល​ដាក់​ស្នើ​ឡើង​ត្រូវ​អនុវត្ដ​ចាប់​ពី​ថ្ងៃទី ១ ខែ​កញ្ញា ​ឆ្នាំ​មុន និង​បញ្ចប់​នៅ​ខែ​សីហា​ ឆ្នាំ​នេះ​»​។

អង្គការ​មូលនិធិ​កុមារ​កម្ពុជា បង្កើត​ឡើង​ដោយ​នាយក​​ភាពយន្ដ​ជនជាតិ​ស្កុត​-អូស្ដ្រាលី លោក ស្កុត នីសុន ដែល​​បាន​ចំណាយ ​១ ​ទសវត្សរ៍​ធ្វើ​ជា​ប្រធាន​សហប្រតិបត្ដិការ​ភាពយន្ដ​ហូលីវូដ 20th Century Fox International។

ឆ្នាំ​ក្រោយ​ពេល​ទស្សនកិច្ច​កន្លែង​ចាក់​សំរាម​ស្ទឹង​មាន​ជ័យ​ក្នុង​ឆ្នាំ ​២០០៣ លោក ស្កុត នីសុន បាន​សម្រេច​​ចិត្ដ​​មក​បង្កើត​អង្គការ​នៅ​កម្ពុជា​។ លោក​បាន​និយាយ​ពេល​បើក​សម្ពោធ ​The Neeson-Cripps Academy (NCA) ថា​៖ «​យុវជន​កម្ពុជា​ក្នុង​សហគមន៍​ភាគ​ច្រើន​ជា​ពលរដ្ឋ​ក្រីក្រ និង​ស្រេក​ឃ្លាន​ការ​សិក្សា​។ យើង​បាន​ផ្ដល់​ឲ្យ​ពួក​គេ​នូវ​សម្ភារ​សិក្សា​ដ៏​ចាំបាច់​ ដូច្នេះ ពួក​គេ​នឹង​ទទួល​បាន​ការ​​អប់រំ​ត្រឹមត្រូវ និង​គុណភាព​ខ្ពស់​។

អង្គការ​មូលនិធិ​កុមារ​កម្ពុជា ​គឺ​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ដែល​មាន​គោលការណ៍​លើក​កម្ពស់​ការ​អភិវឌ្ឍ​សហគមន៍​អតីត​កន្លែង​ចាក់​សំរាម​ស្ទឹង​មាន​ជ័យ​ឲ្យ​ងើប​ផុត​ពី​ភាព​ក្រីក្រ​ និង​ផ្ដល់​ក្ដី​សង្ឃឹម​ថ្មី​ ក៏​ដូចជា​លទ្ធភាព​ទទួល​បាន​ការ​អប់រំ​ដ៏​ប្រសើរ៕