ពោធិ៍សាត់: ពេលជនបរទេសម្នាក់មកតាមភរិយាដែលបម្រើការជាអ្នកស្ម័គ្រឲ្យអង្គការ JICA ជប៉ុនក្នុងឆ្នាំ ២០១៤ លោកក៏បម្រើការងារស្ម័គ្រចិត្ដជាមួយអង្គការក្នុងស្រុកផងដែរ។ ថ្ងៃមួយពេលលោកកំពុងសង់ផ្ទះជូនពលរដ្ឋក្រីក្រម្នាក់ លោកសម្គាល់ឃើញកុមារជាច្រើនចោមរោមមើលរូបលោក និងក្រុមការងារដែលថាជាបារាំងក្នុងក្រសែភ្នែកយ៉ាងចម្លែករបស់ពួកគេ។
នាល្ងាចថ្ងៃដដែលពួកគេក៏ជិះកង់ចម្ងាយ ៥ គីឡូម៉ែត្រទៅភូមិឋាននោះដោយនាំយកឧបករណ៍បញ្ចាំងភាពយន្ដ (Projector) និងកុំព្យូទ័រយួរដៃដែលមានកុមារប្រមាណ ៥០ នាក់អង្គុយមើលកុន។ ពេលនោះពួកគេជួបការលំបាក ទាំងបញ្ហាអត់ភ្លើងអគ្គិសនី ឧបករណ៍បញ្ចាំងភាពយន្ដត្រូវការពេលរាត្រីទើបអាចទស្សនាច្បាស់ល្អ ហើយស្ថានភាពផ្លូវលំលំបាក និងងងឹតថែមទៀត។
មិនយូរប៉ុន្មានពួកគេសម្រេចចិត្ដទុករ៉ឺម៉កម៉ូតូមួយបំពាក់ទូរទស្សន៍ ៤០ អ៊ីញ ១ គ្រឿងដែលអាចទស្សនាបាននាពេលថ្ងៃ ហើយក្រុមការងារស្ម័គ្រចិត្ដមិនចាំបាច់ជិះកង់យប់ព្រលប់ទៀតទេ។
លោក Adrian Paschkow ជនជាតិអូស្ដ្រាលីដែលធ្លាប់ជាវិស្វករអគ្គិសនីក្នុងក្រុមហ៊ុនអាល្លឺម៉ង់ធំមួយបម្រើការនៅអូស្ដ្រាលីរយៈ ១១ ឆ្នាំមុនពេលមករស់នៅឥណ្ឌូនេស៊ី ៣ ឆ្នាំរួចបន្ដមកដល់កម្ពុជាជាមួយភរិយាឈ្មោះ ម៉ាយូ បាននិយាយថា៖ «គម្រោង Tuk-Tuk Theater (TTT) សម្រាប់ផ្ដល់ការកម្សាន្ដបែបអប់រំដល់កុមារជនបទ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពួកគេក្នុងការសិក្សា ។ រ៉ឺម៉កនេះមានតួនាទីជារោងកុនចល័ត បំណងផ្ដល់ស្នាមញញឹមដាក់លើផ្ទៃមុខកុមាររស់នៅក្នុងតំបន់ជនបទនានានៃខេត្ដពោធិ៍សាត់»។
លោក Adrian ដែលជាស្ថាបនិកគម្រោង (TTT) ម្នាក់បានបន្ដថា៖ «សព្វថ្ងៃនេះគម្រោងរ៉ឺម៉ករបស់យើងបានចុះទៅ ៥ ភូមិរៀងរាល់ ២ សប្ដាហ៍សម្រាប់ផ្ដល់ការអប់រំព្រមទាំងលេងល្បែង និងទស្សនាភាពយន្ដអប់រំក្រៅប្រព័ន្ធ»។
លោកបានឲ្យដឹងទៀតថា៖ «នេះជាការចាប់ផ្ដើមរបស់យើង។ យើងគ្មានបំណងបន្ដក្រោយភរិយាខ្ញុំបញ្ចប់ការងារស្ម័គ្រចិត្ដ ២ ឆ្នាំនោះទេ។ តែយើងស្រឡាញ់ប្រទេសនេះ និងនាំគ្នាគិតថាយើងត្រូវមានកិច្ចការច្រើនទៀតនៅទីនេះ។ ដូច្នេះនៅឆ្នាំ ២០១៦ យើងបានសម្រេចនៅបន្ដ ហើយក្នុងឆ្នាំ ២០១៧ យើងបានចុះបញ្ជីជាអង្គការក្រៅរដ្ឋាភិបាលក្រោមឈ្មោះថា Tuk-Tuk for Children»។
កុមារជនបទត្រូវធ្វើការតាំងពីក្មេងខ្ចី និងខកខានការលេងល្បែងកម្សាន្ដអប់រំ។ រោងកុនចល័តមានតួនាទីផ្សារភ្ជាប់កុមារជាមួយសកម្មភាពកម្សាន្ដនានា ដោយបង្កើតស្នាមញញឹម និងជំរុញក្ដីស្រមៃដល់ពួកគេ។
ពេលពួកគេទាំងពីរសម្រេចចិត្ដស្នាក់នៅបន្ដ ពួកគេចាប់ផ្ដើមបង្កើតគម្រោងមួយទៀតឈ្មោះ «បណ្ណាល័យចល័ត» ក្នុងឆ្នាំ ២០១៧ និងបន្ដពង្រីកទៅដល់លោកគ្រូ អ្នកគ្រូ និងជួយសិស្សជនបទក្នុងខេត្ដពោធិ៍សាត់តាមរយៈធនធាននានាលើអនឡាញដែលដាក់ឲ្យប្រើប្រាស់សម្រាប់ពលរដ្ឋខ្មែរគ្រប់រូបដោយឥតគិតថ្លៃ ។
នាយកប្រតិបត្ដិអង្គការ Tuk-Tuk for Children បាននិយាយថា៖ «សាលារៀនភាគច្រើនអត់មានបណ្ណាល័យ ដូច្នេះយើងសម្រេចចិត្ដបង្កើតបណ្ណាល័យចល័តដែលរៀងរាល់ ២ ខែយើងចុះទៅតាមសាលានានាដោយផ្លាស់ប្ដូរសៀវភៅអាន និងសម្ភារលេងថ្មីឲ្យពួកគេ ។ តាមមធ្យោបាយនេះលោកគ្រូអ្នកគ្រូអាចមានប្រធានបទថ្មីៗសម្រាប់បង្រៀនសិស្ស ខណៈយើងព្យាយាមផ្គត់ផ្គង់សម្ភារឲ្យទាន់តម្រូវការ។ យើងក៏បានបើកសិក្ខាសាលាបណ្ដុះបណ្ដាលគ្រូពីវិធីប្រើប្រាស់សម្ភារថ្មីៗស្របទៅតាមកម្មវិធីសាលារដ្ឋផងដែរ»។
ពេលមានបទពិសោធផ្ទាល់នៅតាមមូលដ្ឋានយូរក្រែល អង្គការមួយនេះសម្គាល់ឃើញថាកុមារភាគច្រើនដែលចូលរួមក្នុងគម្រោងសុទ្ធតែជាកុមារមានអាយុរៀនថ្នាក់មត្តេយ្យ។ បច្ចុប្បន្នបណ្ណាល័យចល័តប្រតិបត្ដិការតាមសាលាមត្តេយ្យរដ្ឋ ៨ កន្លែងចំនួន ១៥ ថ្នាក់ចាប់ពីម៉ោង ៧ ដល់ ១០:៣០ ព្រឹក ខណៈរោងកុនចល័តប្រតិបត្ដិការ ៥ ភូមិ។
លោក Adrian Paschkow ដែលមានបំណងសហការជាមួយនឹងក្រសួងអប់រំបន្ថែមទៀត បាននិយាយថា៖ «យើងក៏បានផ្ដល់វគ្គសិក្សាក្រៅប្រព័ន្ធមួយចំនួនទៀតដូចជា ភូមិវិទ្យា អនាម័យ យោគៈ និងសកម្មភាពផ្សេងៗដែលជួយជំរុញប្រាជ្ញា និងរាងកាយមាំមួន។ យើងរំពឹងថាតាមរយៈការលើកទឹកចិត្ដនេះយើងអាចជំរុញឲ្យពួកគេចេះចោទសួរ ចាប់អារម្មណ៍ការសិក្សា និងពុះពារបំពេញក្ដីស្រមៃក្នុងឆាកជីវិត» ។
Tuk-Tuk for Children បានជួលបុគ្គលក្នុងស្រុកដែលដើរតួនាទីជាអ្នកបកប្រែ រួមជាមួយជនបរទេសស្ម័គ្រជួយកុមារក្នុងសហគមន៍ផងដែរ។ លោក Adrian ក៏បានកោតសរសើរចំពោះការជ្រោមជ្រែង និងបង្ហាត់បង្រៀនសិស្សតាមសៀវភៅ និងសម្ភារពីអង្គការ ហើយថាគម្រោងរបស់លោកនឹងមិនជោគជ័យនោះទេ បើគ្មានការគាំទ្រពីពួកគេ ។
ដោយសារសៀវភៅ និងសម្ភារសិក្សាមានតម្លៃខ្ពស់នៅលើទីផ្សារ លោកចាប់ផ្ដើមទទួលការបរិច្ចាគពីសប្បុរសនានាជុំវិញពិភពលោក និងជួយបកប្រែជាភាសាខ្មែរថែមទៀត ។
លោកនិយាយថា៖ «យើងសម្គាល់ឃើញថាសៀវភៅជាភាសាខ្មែរមិនសូវសម្បូរ និងមិនស្របតាមកម្មវិធីសិក្សារដ្ឋទៀត។ ដូច្នេះយើងបានជួលជាងគំរូគូររូបចងក្រងសៀវភៅស្របតាមកម្មវិធីសិក្សា។ យើងក៏បានបង្កើតមេរៀនលើ You Tube សម្រាប់គ្រូអាចប្រើប្រាស់បានផងដែរ» ។
លោកបានបញ្ជាក់ថា៖ «យើងនឹងធានាថាសៀវភៅរបស់យើងគឺមិនគិតថ្លៃសម្រាប់គ្រូក្នុងការដោនឡូត និងបោះពុម្ពសម្រាប់ការបង្រៀននៅទូទាំងប្រទេស។ យើងនឹងបំពាក់អ៊ីនធឺណិត Wi-Fi តាមសាលាមត្តេយ្យចំនួន ៨ សម្រាប់ទស្សនាវីដេអូ និងសៀវភៅរបស់យើង។ យើងក៏មានគម្រោងកសាងបណ្ណាល័យឌីជីថល និងខិតខំជួយតាមសាលាដទៃក្នុងប្រទេសកម្ពុជាទាំងអស់»។
សម្រាប់អ្នកមានបំណងចង់ជួយអង្គការ Tuk-Tuk for Children អាចចូលទៅកាន់វេបសាយ https://tuktuk4children.org ឬលេខទូរស័ព្ទ ០៦៩ ៦៧៩ ៣៧៣ ៕