សៀមរាប៖ អ្នក​ខ្លះ​ប្រហែល​ជា​មាន​អារម្មណ៍​ធុញ​ថប់ ស្ដ្រេស ឯកា ឬ​ថែម​ទាំង​ក្រេវ​ក្រោធ ពេល​ពួក​គេ​ត្រូវ​បាន​បង្គាប់​ឲ្យ​ស្នាក់​នៅ​តែ​ក្នុង​ផ្ទះ​។ ប៉ុន្ដែ​ចូរ​ស្រមៃ​ថា ពេល​ក្រោក​ពី​ដំណេក​មក​មិន​​ដឹង​ថា ថ្ងៃ​នេះ​ខ្លួន​មិន​មាន​​អ្វី​ហូប​នោះ​។ នេះ​គឺ​ជា​រឿង​ពិត​សម្រាប់​មនុស្ស​ជា​ច្រើន​នៅ​ជុំវិញ​ពិភព​លោក​ ជា​ពិសេស​អ្នក​មាន​ពិការ​ភាព​ដែល​ត្រូវ​ផ្គត់ផ្គង់​គ្រួសារ​។

អ្នក​មាន​ពិការភាព​ដែល​រស់នៅ​​​ក្នុង​ខេត្ដ​សៀមរាប​មួយ​ចំនួន​​បាន​ប្រកប​របរ​ផលិត​នូវ​ផលិតផល​សិប្បកម្ម ​ដើម្បី​ចិញ្ចឹម​ជីវិត​ដោយ​ការ​លក់​ផលិត​ផល​ទាំង​​នោះ​នៅ​ហាង​លក់​រាយ​មួយ​នៅ​សៀមរាប​។

ដោយសារ​តែ​វិស័យ​ទេសចរណ៍ និង​វាយ​នភណ្ឌ ដែល​ជា​ឧស្សាហកម្ម​ធំ​បំផុត​នៅ​កម្ពុជា​បាន​ទទួល​រង​នូវ​វិបត្ដិ​ធ្ងន់ធ្ងរ​ពី​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ ​១៩ មិន​ខុស​ពី​ជំនួញ​ទេសចរណ៍​ដទៃ​ក្នុង​លោក ហាង​លក់​ផលិតផល​​ជន​ពិការ​នៅ​សៀមរាប​នេះ​ក៏​ត្រូវ​​បិទ​ទ្វារ ដែល​បន្សល់​ទុក​ឲ្យ​ពួក​គេ​គ្មាន​ចំណូល​អ្វី​សោះ​។

ហាង​លក់​រាយ​​ដំណើរការ​ដោយ​សហគ្រាស​តូច​មួយ​ របស់​អង្គការ​សប្បុរសធម៌​ក្នុង​ខេត្ដ​សៀមរាប​ Genevieve''s Fair Trade Village (GFTV) កំពុង​​តែ​ខិតខំ​ប្រឹង​យ៉ាង​ត្រដាប​ត្រដួស​ ក្នុង​ការ​ជួយ​អ្នក​មាន​ពិការភាព​ និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​ដើរ​ឆ្លង​កាត់​ពេល​វេលា​ដ៏​លំបាក​នេះ​។

ប៉ុន្មាន​សប្ដាហ៍​មុន GFTV ចាប់​ផ្ដើម​ដំណើរការ​កម្មវិធី Foodbank និង​បង្កើត​យុទ្ធនាការ​ប្រមូល​មូលនិធិ «ចាំតិច! អ្នក​​មិន​ឯកា​ទេ​» ដើម្បី​ទ្រទ្រង់​អ្នក​មាន​ពិការភាព​នៅ​សៀមរាប​។

អ្នកស្រី ជេននី ផាកឃ័រ ជា​​អ្នក​សម្រប​សម្រួល​ផ្នែក​ទីផ្សារ​ស្ម័គ្រ​ចិត្ដ​របស់ GFTV បាន​និយាយ​ថា​៖ «​គោលដៅ​របស់​ពួក​គេ ​គឺ​ជួយ​ទ្រទ្រង់​ក្រុម​គ្រួសារ​អ្នក​មាន​ពិការភាព​​រហូត​ដល់​ពួក​គេ​អាច​វិល​ទៅ​ប្រកបរបរ​ដូច​មុន​វិញ​ និង​បន្ដ​ប្រតិបត្ដិការ​ជា​សហគ្រាស​សង្គម​។ ដូច្នេះ ក្រុម​​គ្រួសារ​ទាំង​នោះ​មាន​ដើម​ទុន​ខ្លះៗ​ពេល​អ្វីៗ​បាន​ប្រសើរ​ឡើង​វិញ​»។

​ចម្លាក់​ស្នាដៃ​សិប្បករ​មាន​ពិការភាព​លក់​នៅ​ហាង​ GFTV សៀមរាប។ រូបថត សហ​ការី

ធនាគារ​ស្បៀង​ ឬ Foodbank បង្កើត​ឡើង​ដោយ​អ្នកស្រី ឆូយ ណារ៉េត ជា​នាយិកា​ GFTV និង​ដឹកនាំ​ដោយ​ស្ដ្រី​ម្នាក់​ទៀត​ឈ្មោះ ផល្លា យ៉ៃ ជាមួយ​អ្នក​ស្ម័គ្រ​ចិត្ដ​ជនជាតិ​បរទេស ៤ នាក់​ទៀត​។ វា​ជា​កម្មវិធី​បង្កើត​ឡើង​ដំបូង​សម្រាប់​ផ្ដល់​ស្បៀង​ឲ្យ​សិប្បករ​ និង​ក្រុម​គ្រួសារ​ពួក​គេ​អំឡុង​ពេល​​គ្មាន​ប្រាក់​ចំណូល​ពី​ការ​បិទ​ទ្វារ​ហាង​នេះ​។

អ្នកស្រី ជេននី ផាកឃ័រ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​ថ្មីៗ​នេះ​ ក្រុម​ការងារ​ធនាគារ​ស្បៀង​បាន​ចុះ​​ចែក​​កញ្ចប់​ស្បៀង​ដល់​ ២៨ គ្រួសារ ដែល​ជា​អ្នក​មាន​ពិការភាព​​រស់នៅ​ជុំវិញ​ខេត្ដ​សៀមរាប​ ហើយ​ពួក​គេ​ក៏​បាន​ចែក​ស៊ុត ១ ៤០០ គ្រាប់ ​ដល់​អង្គការ ABCs and Rice ដល់​ ៧០ គ្រួសារ​ផង​ដែរ​»។

កញ្ចប់​ក្រុម​គ្រួសារ​របស់ GFTV បាន​ផ្ដល់​ស្បៀង​អាហារ​មូលដ្ឋាន​​ដល់​គ្រួសារ​ដែល​មាន​សមាជិក​ពិការភាព​យ៉ាង​តិច​ម្នាក់​ក្នុង ​១ ខែ​។

គ្រួសារ​ដែល​ទទួល​កញ្ចប់​ស្បៀង​ ត្រូវ​មាន​សមាជិក​ពិការភាព​យ៉ាង​តិច​ម្នាក់​ ហើយ​ពួក​​គេ​ជា​សិប្បករ​ពិការភាព​ ដែល​លក់​ផលិតផល​របស់​ខ្លួន​នៅ​ហាង​ GFTV ក្រុម​គ្រួសារ​ដែល​រស់នៅ​កសិដ្ឋាន​ Full Belly Farm នៅ​ជាយ​ក្រុង​​ និង​ក្រុម​អ្នក​បើក​​រ៉ឺម៉ក​ចំនួន ១០ នាក់​។

អ្នកស្រី ជេននី បាន​ឲ្យ​ដឹង​ថា​៖ «​ហាង​របស់​យើង​ក៏​ជួយ​ ៦ គ្រួសារ ​ក្រោម​គម្រោង Full Belly Farm ដែល​ពួក​គេ​ធ្លាប់​ជា​គ្រួសារ​គ្មាន​ជម្រក ហើយ​យ៉ាង​​តិច​មាន​សមាជិក​ម្នាក់​ជា​ជន​ពិការ​»។

ផលិតផល​ជា​ច្រើន​ចាប់​ពី​ស្នាដៃ​សិល្បៈ គ្រឿង​តុបតែង​កាយ កាបូប និង​កន្ដ្រក ខ្សែដៃ ចម្លាក់ សម្លៀក​បំពាក់ ទុយោ​បឺត អាហារ គ្រឿង​អលង្ការ សម្ភារ​ពី​ក្រដាស និង​តម្បាញ​ ត្រូវ​បាន​ដាក់​លក់​នៅ​ហាង​ GFTV។

ភ្ញៀវ​ក៏​អាច​ចូលរួម​សិក្ខាសាលា​ដែល​រៀន​ពី​សិប្បករ​ក្នុង​​ស្រុក​ចំពោះ​ការ​ច្នៃ​ផលិត​សម្ភារ​ក្រដា​ស សៀវភៅ​សរសេរ ឬ​គ្រឿង​អលង្ការ​នានា​។

អ្នកស្រី ណារ៉េត ជាមួយ​ភ្ញៀវ​​មាន​បំណងចង់រៀន​ផលិត​សម្ភារ​ប្រើ​ប្រាស់​។ រូបថត សហ​ការី

អ្នកស្រី ជេននី បាន​បន្ដ​ថា​៖ «​នៅ GFTV យើង​បាន​ដឹង​ច្បាស់​អំពី​ផល​ប៉ះពាល់​ដែល​យើង​ជា​មនុស្ស​ធ្វើ​លើ​បរិស្ថាន​ ហើយ​សម្ភារ​ជា​ច្រើន​ដែល​ផលិត​​ឡើង​ដោយ​សិប្បករ​យើង ​គឺ​បាន​មក​ពី​ការ​ប្រើ​ប្រាស់​ឡើង​វិញ​»។

អ្នកស្រី​លើក​ឡើង​ថា​៖ «​បច្ចុប្បន្ន​នេះ យើង​មិន​ទាន់​ដំណើរ​ការ​ហាង​អនឡាញ​ដែល​សម្រាប់​​ដាក់​លក់​ផលិតផល​សិប្បកម្ម​របស់​​អ្នក​មាន​ពិការភាព​ឡើយ​»។

ពេល​នេះ GFTV កំពុង​ដំណើរការ​រៀបចំ​ និង​បង្កើត​ផ្សារ​​អនឡាញ ​ដើម្បី​ស្វែង​រក​ចំណូល​​ខ្លះ​ៗ​។ ប៉ុន្ដែ​វា​ត្រូវ​ការ​ថវិកា ក៏​ដូចជា​ពេលវេលា និង​ការ​ខិតខំ​ ស្រប​ពេល​អង្គការ​ជន​ពិការ​មួយ​នេះ​ត្រូវ​ការ​ជំនួយ​​ជា​ចាំបាច់​។

អ្នក​សម្រប​សម្រួល​ផ្នែក​ទីផ្សារ​ស្ម័គ្រ​ចិត្ដ​រូប​នេះ បាន​និយាយ​ថា​៖ «​ពួក​គេ​ត្រូវ​ការ​មូលនិធិ​ដើម្បី​ជួយ​ទ្រទ្រង់​ក្រុម​គ្រួសារ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា​។ រួម​គ្នា​ក្នុង​នាម​ជា​សហគមន៍​សកល​លោក​ យើង​អាច​ជួយ​ពួក​គេ​រង់ចាំ​ និង​ប្រាប់​ពួក​គេ​ថា ពួក​គេ​មិន​ឯកោ​ឡើយ​»។

អ្នកស្រី ជេននី បាន​ឲ្យ​ដឹង​ថា ការ​បរិច្ចាគ​តាមរយៈ​យុទ្ធនាការ GoFundMe និង​ការ​រៃ​អង្គាស​ប្រាក់​អនឡាញ​ផ្សេង​ៗ​ទៀត​ក្នុង​​រយៈ​ពេល​ខ្លី​នឹង​ផ្ដោត​លើ​វិស័យ​ចំនួន​ ៣​។

អ្នកស្រី​អះអាង​ថា​៖ «​អាទិភាព​​ដំបូង ​គឺ​ទ្រទ្រង់​អ្នក​មាន​ពិការភាព​ដែល​ត្រូវ​ការ​ជំនួយ​ចាំបាច់​។ មួយ​វិញ​ទៀត ពួក​គេ​ជួយ​ដល់​ភាព​រស់​រាន​នៃ​អង្គការ GFTV ជា​សហគ្រាស​សង្គម​។ ចុង​ក្រោយ ពួក​គេ​ជួយ​រ៉ាប់រង​ក្នុង​ការ​បង្កើត​ហាង​តាម​អនឡាញ​។ ដូច្នេះ សិប្បករ​អាច​បន្ដ​លក់​ផលិតផល​របស់​ខ្លួន​នូវ​រយៈ​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​ទៀត​»។

អ្នកស្រី​និយាយ​ថា អង្គការ​សុខភាព​ពិភព​លោក​បាន​រាយការណ៍​ថា ផល​ប៉ះពាល់​កូវីដ-១៩ កាន់​តែ​ជះ​ឥទ្ធិពល​ខ្លាំង​លើ​​អ្នក​មាន​ពិការភាព​ ការ​រស់​រាន​របស់​ជន​មាន​ពិការភាព​ពិត​ជា​សំខាន់​។

អ្នកស្រី​បញ្ជាក់​ថា​៖ «​ដើម្បី​ធានា​ថា GFTV នៅ​មាន​ថវិកា​សម្រាប់​ទិញ​ស្បៀង​អាហារ និង​សម្ភារ​ប្រើប្រាស់​ចាំបាច់​ផ្សេងៗ​ទៀត​តាមរយៈ​ទឹក​ប្រាក់​មូលនិធិ ដែល​នឹង​ត្រូវ​វេរ​ទៅ​កាន់​គណនេយ្យ​ GFTV»។

អ្នកស្រី​បន្ថែម​ថា​៖ «​មិន​ថា ជា​ការ​រួម​ចំណែក​តិច​ក្ដី ឬ​ច្រើន​ក្ដី​ ការ​បរិច្ចាគ​របស់​អស់​លោក​អ្នក​នឹង​ជួយ​ឲ្យ​ប្រសើរ​ឡើង​។ សម្រាប់​ព័ត៌មាន​លម្អិត​ចំពោះ​ការ​បរិច្ចាគ​ សូម​ចូល​ទៅ​កាន់​វេបសាយ​ www.gftv-sr.org/covid-19»។

អង្គការ​ស្ថិត​នៅ​ផ្លូវ​សែន​សុខ Genevieve''s Fair Trade Village (GFTV) ក្រុង​សៀមរាប ពេល​នេះ​បិទ​ទ្វារ​ដោយសារ​​ការ​រាត​ត្បាត​នៃ​វីរុស​។ សម្រាប់​ព័ត៌មាន​បន្ថែម សុំ​ចូល​ទៅ​កាន់​ហ្វេសប៊ុក ឬ​ទាក់ទង​ ០៧០ ៤៩៩ ៧០៩៕