ភ្នំពេញៈ បេក្ខជន​អាទិភាព​ជា​ស្ត្រី ជនពិការ ជនជាតិភាគតិច ឬ​អ្នក​មកពី​សហគមន៍​សំឡេង​តិច​នឹង​ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​ដាក់​ស្នើសុំ​អាហារូបករណ៍​សិល្បៈ​អមតៈអាន ចនផន ឆ្នាំ​ ២០២១ ដើម្បី​បន្ត​អាជីព​ការងារ​របស់ខ្លួន​នៅក្នុង​វិស័យ​សិល្បៈ​។

កម្មវិធី​អាហារូបករណ៍​នេះ​ជួយ​ដល់​សិស្សានុសិស្ស ឬ​និស្សិត អភិវឌ្ឍ​ជំនាញ​ភាពជា​អ្នកដឹកនាំ ការគ្រប់គ្រង​ហិរញ្ញវត្ថុ ការរៀបចំ​ផែនការ​អាជីព​ការងារ និង​ផ្តល់ជូន​នូវ​កញ្ចប់​ថវិកា ដើម្បី​ចំណាយ​លើ​ថ្លៃ​ចូលរួម​វគ្គ​បណ្តុះបណ្តាល និង​ចំណាយ​ផ្សេងៗ​ទៀតផង ដែល​មាន​រយៈពេល​តិច ឬ​ច្រើន​ឆ្នាំ​អាស្រ័យ​ទៅ​លើ​ការស្នើសុំ​លើ​មុខជំនាញ​របស់​បេក្ខជន​។

បើតាម​លោក គាត សុគីម បុគ្គលិក​ផ្នែក​ទំនាក់ទំនង​ព័ត៌មាន​នៃ​អង្គការ​សិល្បៈ​ខ្មែរអមតៈ​បាន​ឲ្យ​ដឹង​ត្រួសៗ​ថា​៖ «​អាហារូបករណ៍​នេះ​នឹង​ផ្តល់ជូន​សិស្សសិល្បៈ និង​សិល្បករ​វ័យក្មេង​ដែល​បង្ហាញ​ពី​ទេពកោសល្យ និង​ជំរុញ​ទឹកចិត្ត​ដើម្បី​ការអភិវឌ្ឍ​ជំនាញ​សិល្បៈ ដែល​អាទិភាព​ត្រូវបាន​ប្រគល់ជូន​បេក្ខជន​ដែល​ពុំ​សូវ​ទទួលបាន​ឱកាស​នេះ​។ យើង​បានផ្តល់​អាហារូបករណ៍​ដល់​បេក្ខជន​ប្រហែល ១១០ រូប​ហើយ​ចាប់តាំងពី​កម្មវិធី​អាហារូបករណ៍​នេះ បាន​ចាប់ផ្តើម​មក​។ កាលពី​ឆ្នាំមុន​បេក្ខជន ១០ រូប​បាន​ទទួល​អាហារូបករណ៍​សិល្បៈ​អមតៈអានចន ផន ហើយ​ពួកគេ​ទទួលបាន​ការគាំទ្រ​លើ​ការសិក្សា​ទាំង​ក្នុង និង​ក្រៅ​ជំនាញ​សិល្បៈ​។ ឥឡូវ​យើង​កំពុង​បើកទទួល​ពាក្យ​អាហារូបករណ៍​ឆ្នាំ​ ២០២១ ដោយ​ការទទួល​ពាក្យស្នើសុំ​អាហារូបករណ៍​ចាប់ផ្តើម​ពី​ខែ​មីនា​រហូតដល់​ថ្ងៃទី ៣១ ខែ​ឧសភា ឆ្នាំ​ ២០២០ ហើយ​យើង​ក៏មាន​ចំនួន ១០ កន្លែង​ទៀតផង​ដែរ​។ បន្ទាប់ពី​ឆ្លងកាត់​ដំណាក់កាល ជ្រើសរើស សិស្ស​ដែល​ទទួលបាន​អាហារូបករណ៍ ខណៈ​លទ្ធផល​នឹង​ប្រកាស​នៅពេល​ក្រោយ​ទៀត​»​។

សិល្បករ បុរាណ ៣ ​រូប​ក្នុងចំណោម​និស្សិត​អាហារូបករណ៍​ ១០ ​រូប​ឆ្នាំ​ ២០១៨​។ ភ្នំពេញ​ប៉ុស្តិ៍

លោក គាត សុគីម បន្តថា​៖ «​កន្លងមក​កម្មវិធី​ផ្តល់​អាហារូបករណ៍​នេះ យើង​មាន ២ កញ្ចប់​ (​កញ្ចប់​តូច និង​កញ្ចប់​ធំ​) សម្រាប់​ផ្តល់​ការឧបត្ថម្ភ​ថវិកា​ដល់​សិស្ស​។ តែ​ពេលនេះ​យើង​សម្រេច​ផ្តល់ជូន​ជា​កញ្ចប់​ធំ​តែមួយ​- (​តម្លៃ ១២០០ ដុល្លារ​) សម្រាប់​សិស្ស​ជាប់​អាហារូបករណ៍​សិល្បៈ​អតមៈ អាន ចនផន នៅ​ឆ្នាំ​ ២០២១ នេះ​។ ចំពោះ​ការផ្តល់ជូន​វិញ​អាចមាន​តិច​ឆ្នាំ ឬ​ច្រើន​ឆ្នាំ​អាស្រ័យ​ការស្នើសុំ​របស់​បេក្ខជន​គឺ​អាច​មាន​រយៈពេល​ ១ ឆ្នាំ ឬ ២ ឆ្នាំ ឬ​អាច​សម្រាប់​ការសិក្សា​ជា​កម្រិត​បរិញ្ញបត្រ (៤ ​ឆ្នាំ​) ​ក៏មាន​។ ចំណែកឯ​បេក្ខជន​ដាក់ពាក្យ​រួច​នោះ​ខាង​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​នឹង​មាន​ក្រុម​គណៈកម្មការ​វាយតម្លៃ ដើម្បី​ធ្វើការ​ជម្រុះ និង​ចម្រាញ់​យក​សិស្ស​អាហារូបករណ៍​មាន ៣ ដំណាក់កាល​ផងដែរ ទើប​ឈាន​ដល់​ការសម្រេច​ចុងក្រោយ​ចំនួន ១០ នាក់​»​។

ការទទួល​ពាក្យស្នើសុំ​អាហារូបករណ៍​សិល្បៈ​អមតៈ អាន ចនផន ឆ្នាំ​ ២០២១ ចាប់​ទទួល​ពាក្យ​ហើយ​សម្រាប់​សិល្បករ សិស្ស ឬ​និស្សិត​សិល្បៈ និង​អ្នក​បម្រើការ​ក្នុង​វិស័យសិល្បៈ​។ សូមកុំ​ខកខាន​ឱកាស​ទទួលបាន​អាហារូបករណ៍​នេះ ដើម្បី​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​ទាំង​ក្នុង និង​ក្រៅ​ជំនាញ​សិល្បៈ​។ សូម​ទាក់ទង​មកកាន់​ក្រុមការងារ​របស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​តាមរយៈ​លេខ​ទូរស័ព្ទ 010 941 224 ពី​ថ្ងៃ​ចន្ទ-សុក្រ (៨ ព្រឹក​ ៥.៣០ ​ល្ងាច​) ខណៈ​សម្រាប់​ព័ត៌មាន និង​ពាក្យស្នើសុំ​ដែល​បាន​បំពេញ​រួចរាល់​នោះ​សូម​ផ្ញើ​ទៅកាន់ sormanak@cambodianlivingarts.org៕