ភ្នំពេញ៖ ដោយសារមើលឃើញពីសក្ដានុពលក្នុងវិស័យសិល្បៈ ហើយអាចជួយទៅដល់អ្នកចូលចិត្តវិស័យតែងនិពន្ធកុន ឬល្ខោនទទួលបានប្រយោជន៍បន្ថែមសម្រាប់ជំនាញនេះ អង្គការសិល្បៈខ្មែរអមតៈ (CLA) នឹងបើកវគ្គខ្លី បង្រៀនផ្នែកតែងនិពន្ធល្ខោន ចាប់ផ្ដើមពីថ្ងៃទី ១៧-២២ ខែ កុម្ភៈ ឆ្នាំ ២០២០ នៅការិយាល័យសិល្បៈខ្មែរអមតៈ នៅក្នុងរាជធានីភ្នំពេញ ដែលបង្រៀនដោយគ្រូជាជនបរទេស អតីតស្ថាបនិករបស់ Ex-Theatre Asia។
បើតាមលោក គាត សុគីម អ្នកកាន់គម្រោងវគ្គខ្លីតែងនិពន្ធល្ខោននេះ និងជាបុគ្គលិកផ្នែកទំនាក់ទំនងព័ត៌មាននៃអង្គការសិល្បៈខ្មែរអមតៈ បង្ហើបឲ្យដឹងពីគោលបំណងនៃការរៀបចំបើកវគ្គខ្លីបង្រៀនល្ខោននេះថា៖ «ក្រោយពីទទួលបានផលគួរឲ្យកត់សម្គាល់លើផ្នែកល្ខោននិយាយ កាលពីឆ្នាំមុន [ឆ្នាំ ២០១៩] ជាលើកដំបូងមកនោះ ទើបយើងសម្រេចចិត្តបើកវគ្គខ្លីផ្នែកល្ខោននេះជួយលើកស្ទួយធនធានមនុស្សផ្នែកល្ខោនរបស់ខ្មែរ។ ការរៀនវគ្គនេះ យើងនឹងចាប់រៀននៅថ្ងៃទី ១៧ ខែកុម្ភៈ ដល់ថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០២០ ខណៈទទួលពាក្យបេក្ខជនចូលរៀនឈប់ត្រឹមថ្ងៃទី ២ ខែ កុម្ភៈ ឆ្នាំ ២០២០។ ម្យ៉ាងទៀតវគ្គនេះ នឹងជួបជាមួយគ្រូជាតិឥណ្ឌា ដែលបច្ចុប្បន្នលោករស់នៅកោះតៃវ៉ាន់ និងអតីតជាស្ថាបនិករបស់ Ex-Theatre Asia រៀនជាភាសាអង់គ្លេស និងមានការប្រែសម្រួលជាភាសាខ្មែរផងដែរ»។
ការបើកវគ្គខ្លីនេះ ក៏ជាការលើកទឹកចិត្តអ្នកនិពន្ធជំនាន់ក្រោយ និងផ្សព្វផ្សាយពីទម្រង់ល្ខោននិយាយឲ្យមហាជនគ្រប់ស្រទាប់ កាន់តែជ្រាបច្បាស់ពីវិស័យសិល្បៈមួយនេះ ដោយអង្គការសិល្បៈខ្មែរអមតៈ ខិតខំបន្តការយកចិត្តទុកដាក់បន្ថែម ខណៈទទួលយកសិក្ខាកាមសិក្សាត្រឹមតែចំនួន ៨ កន្លែង (រូប) ប៉ុណ្ណោះ។
លោក គាត សុគីម ក៏បញ្ជាក់ពីលក្ខខណ្ឌកំណត់យកចំនួននៃវគ្គតែងនិពន្ធល្ខោនលើកនេះថា៖ «ព្រោះតែមានគ្រូតែម្នាក់ ទើបយើងកំណត់យកចំនួនត្រឹម ៨ កន្លែង ហើយយើងក៏មានលក្ខខណ្ឌខ្លះៗដែរ ក្នុងការទទួលយកបេក្ខជនចូលរៀននោះ ដូចជាបទពិសោធផ្នែកនិពន្ធរឿងនានា មិនថារឿងប្រលោមលោក ឬការតែងរឿងផ្សេងៗ និងការចំណាយពេលសិក្សាពេញម៉ោងចំនួន ១ សប្តាហ៍ នៃវគ្គនេះមិនអាចអវត្តមានបានឡើយ»។
ទោះបីជាសិល្បៈល្ខោននិយាយ មិនសូវមានអ្នកនិយមចូលចិត្តរៀនមែនក្តី តែវាមានពហុតម្លៃសម្រាប់អ្នកចូលចិត្តវិស័យសិល្បៈផ្នែកតែងនិពន្ធ ដឹកនាំការសម្តែង ឬថតកុនផងដែរ ដោយសារអាចជាទុនដើម្បីជួយដល់ការអភិវឌ្ឍក្នុងផ្នែកនេះតែម្តង។
លោក គាត សុគីម ក៏បញ្ជាក់ដែរថា៖ «ជាការពិតទៅ! សម្រាប់អ្នកបានឆ្លងកាត់ការសិក្សាវគ្គខ្លីផ្នែកល្ខោននេះ នឹងទទួលបានផលច្រើន មិនថាពួកគេជាអ្នកនិពន្ធ អ្នកដឹកនាំការសម្តែង ឬអ្នកសម្តែងទេ។ ប្រសិនជាអ្នកនិពន្ធ ពួកគេនឹងអាចទទួលបានបច្ចេកទេស និងចំណេះដឹងបន្ថែមទៅលើផ្នែកនិពន្ធ ពីគ្រូបរទេស មានឈ្មោះល្បីលើឆាកអន្តរជាតិ។ ហើយប្រសិនជាតារាសម្តែងវិញនោះ គឺពួកគេនឹងមានទុនច្រើនសម្រាប់សម្តែងកុនជាមិនខាន ព្រោះការសម្តែងល្ខោនមិនសូវខុសគ្នាពីសម្តែងកុនប៉ុន្មានទេ។ លើសពីនេះ ការតែងនិពន្ធល្ខោននេះ ទៀតសោតនៅស្រុកខ្មែរយើងដូចជាមិនមានសាលាបណ្តុះបណ្តាលច្បាស់លាស់នៅឡើយទេ»។
សម្រាប់ព័ត៌មានលម្អិតនៃការចុះឈ្មោះរៀនវគ្គខ្លីតែងនិពន្ធល្ខោននេះ អាចទាក់ទងតាមលេខ 086 895 556/023 986 032 ឬតាមសារអេឡិចត្រូនិក chandaly@cambodianlivingarts.org ខណៈកន្លែងចូលរៀនមានកំណត់៕