ភ្នំពេញៈ នេះ​ជា​ឱកាស​ល្អ​សម្រាប់​ក្រុម​សិល្បករ-ការិនី ទាំងចាស់​ទាំងក្មេង​គ្រប់​ទម្រង់​ដែល​ត្រូវការ​មធ្យោបាយ​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ ដែល​ជួយ​ផ្តល់​ទៅលើ​គម្រោង បង្កើត​ស្នាដៃ​សិល្បៈ​ថ្មីៗ គម្រោង​សហគមន៍ និង​ការងារ​ស្រាវជ្រាវ​ក្នុង​វិស័យ​សិល្បៈ និង​វប្បធម៌​ខណៈ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ ចាប់ផ្តើម​ប្រកាស​ទទួល​ពាក្យ​ស្នើសុំ​មូលនិធិ​ខ្នាតតូច «​ដាំដុះ​» លើក​ទី​ ៣ ឆ្នាំ​នេះ​ហើយ​។

លោក ឥន្ទ សម៉ាណាក់ ជា​អ្នកសម្របសម្រួល​កម្មវិធី​អភិវឌ្ឍន៍​សិល្បៈ​នៃ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​បង្ហើប​ឲ្យ​ដឹង​ពី​ដំណើរការ​នៃ​គម្រោង​ស្នើសុំ​មូលនិធិ​ខ្នាតតូច «​ដាំដុះ​» លើក​ទី​ ៣ ឆ្នាំ​ ២០១៩ ​នេះ​ថា​៖ «​ចាប់ពី​ពាក់កណ្តាល​ខែ​សីហា​នេះ​ទៅ យើង​នឹង​បើក​ទទួល​ពាក្យ​ស្នើសុំ​មូលនិធិ​ខ្នាតតូច «​ដាំដុះ​» សម្រាប់​គម្រោង​របស់​សិល្បករ-ការិនី​។ មូលនិធិ​នេះ​ចាប់​ទទួល​ពាក្យ​ស្នើសុំ​គឺ​ចាប់​ពី​ថ្ងៃទី​ ១៥ ខែ​សីហា​ដល់ ថ្ងៃទី​ ៣០ ខែ​តុលា ហើយ​បេក្ខជន​ជយលាភី​នៃ​សំណើ​នីមួយៗ​នឹង​ប្រកាស​នៅ​ដើម​ខែ​ធ្នូ​ខាង​មុខ​នេះ​»​។

ការបង្កើត​ស្នាដៃ​ពិព័រណ៍កាលពី​ឆ្នាំ​ ២០១៨ ​កន្លងមក​។ រូបថត អង្គការ​សិល្បៈ​ខ្មែរ​អមតៈ

លោក ឥន្ទ សម៉ាណាក់ ក៏​បញ្ជាក់​ឲ្យ​ដឹង​ពី​ការបែងចែក​មូលនិធិ​ខ្នាតតូច «​ដាំ​ដុះ​» ជា​ ២ ​ផ្សេង​គ្នា​ផងដែរ​ថា​៖ «​មូលនិធិ​នេះ​ចែក​ជា​ ២ ​ប្រភេទ​គឺ​មូលនិធិ​សម្រាប់​គម្រោង និង​មូលនិធិ​ចល័ត​។ ចំពោះ​មូលនិធិ​សម្រាប់​គម្រោង​គឺ​សម្រាប់​កិច្ចការ​សិល្បៈ​ច្នៃប្រឌិត​នានា គម្រោង​សិល្បៈ​សហគមន៍​គម្រោង​ស្រាវជ្រាវ​អំពី​សិល្បៈ និង​វប្បធម៌​នៅ​កម្ពុជា​ដែល​បងប្អូន​សិល្បករ-ការិនី។ ចំពោះ​ការ​ស្នើសុំ​ប្រាក់​ឧបត្ថម្ភ​ពី​អង្គការ​យើង​ គឺ​​ចន្លោះ​ពីខែសីហា នេះ​ទៅ​ដល់​ខែ​តុលា​។

ឯ​មូលនិធិ​ចល័ត​ប្រើ​សម្រាប់​ការចូលរួម​កម្មវិធី​ទាក់ទង​នឹង​សិល្បៈ និង​វប្បធម៌ ដូចជា​សិក្ខាសាលា សន្និសីទ ការធ្វើ​និវាសនដ្ឋាន វគ្គបណ្តុះបណ្តាល និង​ជា​បេសកកម្ម​ស្រាវជ្រាវ​ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ក្រៅ​ប្រទេស​ដែល​ស្ថិត​នៅក្នុង​តំបន់​អាស៊ី​»​។

អ្នករបាំ ពេជ្រ សុភាវី ក៏​ធ្លាប់​ទទួល​មូលនិធិ​ចល័ត​ដាំដុះ​។ អង្គការ CLA

នាពេល​កន្លង​មក​នេះ​ជាអាទិ៍​ឃើញ​មាន​សិល្បករ-ការិនីជាច្រើន​​​រូប​ ដែល​ធ្លាប់​ទទួល​បាន​នូវ​មូលនិធិ​ខ្នាតតូច «​ដាំដុះ​» ​ពី​អង្គការ​សិល្បៈ​ខ្មែរ​អតមៈ​ ដោយ​ក្នុង​នោះ​មាន​អ្នក​គ្រូរបាំ​ឈ្មោះ ពេជ្រ សុភាវី ដែល​បាន​ទទួល​មូលនិធិ​ចល័ត​ដាំដុះ​ក្នុង​ឆ្នាំ​ ២០១៩ ដើម្បី​ទៅ​ចូលរួម​កម្មវិធី SEA Choreolab 2019 ជា​ផ្នែក​គម្រោង​និវេសនដ្ឋានរបស់​ Rimbun Dhan ​កាលពី​ថ្ងៃទី​ ៥ ដល់​ទី​ ១៤ ខែ​កក្កដា​ ​ឆ្នាំ​ ២០១៩ ដែលបាន​​ធ្វើ​នៅ​ប្រទេស​ម៉ាឡេស៊ី និង​វិចិត្រករ​ស្រីកញ្ញា សៅ ស្រីម៉ៅ ដែល​បាន​ទទួល​មូលនិធិ​គម្រោង​កាលពី​ឆ្នាំ​ ២០១៨ កន្លង​មក​​។

សម្រាប់​ព័ត៌មាន​លម្អិត​ពី​មូលនិធិ​ដាំដុះ​នេះ​គឺ​អាច​ទាក់ទង​តាម​អ៊ីមែល​: grants@cambodianlivingarts.org ឬ​តាម​ទូរស័ព្ទ ០១០ ៩៤១ ២២៤៕