ភ្នំពេញ៖ ដោយសារ​​ទម្រង់​ល្ខោន​និយាយ​សឹង​តែ​លែង​សូវ​ឃើញ​មាន​សម្តែង​នៅ​​លើ​ឆាក​សិល្បៈ​​​ហើយ​នោះ ទើប​​អង្គការ​ សិល្បៈ​​​​ខ្មែរ​អមតៈ​ បាន​ប្រកាស​​​ជ្រើសរើស​សំណេរ​អត្ថបទ​រឿង​ សម្រាប់​​ដំឡើង​ជា​ល្ខោន​ ដែល​​ជា​​​គោល​បំណង​ចង់​លើក​ទឹក​​ចិត្ត​​អ្នក​និពន្ធ​​​ជំនាន់​ក្រោយ និង​ផ្សព្វផ្សាយ​​​ឲ្យ​មហាជន​គ្រប់​​ស្រទាប់​កាន់​តែ​​​​ជ្រាប​ច្បាស់​​ពី​វិស័យ​​សិល្បៈ​មួយ​​​នេះ។​

ប្រសិន​បើ​លោក​អ្នក​ជា​អ្នក​និពន្ធ ឬ​ជា​អ្នក​មាន​បំណង​ ចង់​បង្ហាញ​អំពី​សាច់​រឿង​របស់​ខ្លួន​​តាមរយៈ​ល្ខោន​នោះ នេះ​គឺ​ជា​​​ឱកាស​​ល្អ​បាន​មក​ដល់​ហើយ ដោយ​​គ្រាន់​តែ​លោក​អ្នក​រួសរាន់​​​ដាក់​ស្នើសុំ​ស្នាដៃ​និពន្ធ​ថ្មី​របស់​លោក​អ្នក​ជា​សាច់​រឿង​ពេញ​​​​ក្រោម​ប្រធានបទ «ការ​បង្ហាញ​​​អត្តសញ្ញាណ៖ ពួក​គេ ​និង​​ពួក​យើង»​។ ចំពោះ​អត្ថបទ ដែល​​ត្រូវ​បាន​ជ្រើសរើស​ នឹង​​ទទួល​​ប្រាក់​រង្វាន់​​ឧបត្ថម្ភ​ចំនួន ៤០០ ដុល្លារ​ ហើយ​ក៏​​​ត្រូវ​បាន​យក​​​ទៅ​បង្ហាញ​​ជា​ល្ខោន​អាន (staged reading) នៅ​​ក្នុង​​រដូវ​​​វប្បធម៌​ ដែល​រៀបចំ​ដោយ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​។

តួសម្តែង​ល្ខោន​រឿង​ ពេល​ហាត់សម​កាលពី​ឆ្នាំ ២០១៩​។ រូប សហ​ការី

តាម​សេចក្តី​ប្រកាស​​ព័ត៌មាន​​​​នៃ​គេហទំព័រ​អង្គការ​សិល្បៈ​​ខ្មែរ​អមតៈ បាន​ឲ្យ​ដឹង​ពី​លក្ខខណ្ឌ​នៃ​ការ​ស្នើ​សុំ​ដាក់​សំណេរ​អត្ថបទ​ល្ខោន​រឿង​នេះ​​​ថា​៖ «ការ​ជ្រើសរើស​អត្ថបទ​រឿង​​សម្រាប់​ដំឡើង​ជា​ល្ខោនរឿង។ ​សំណេរ​នោះ​ ​គឺ​ត្រូវ​ជា​អត្ថបទ​រឿង​ដែល​​​សរសេរ​ថ្មី មិន​ធ្លាប់​ដំឡើង​ការ​សម្តែង​​​ពី​​មុន​មក​ ហើយ​សាច់​រឿង​ទាក់ទង​នឹង​ការ​បង្ហាញ​ពី​ «​អត្តសញ្ញាណ​៖​ ពួក​គេ និង​ពួក​​យើង» ​យ៉ាង​​ច្រើន​មាន​ ២០ ទំព័រ និង​មាន​តួអង្គ​សម្តែង​យ៉ាង​​​ច្រើន​ត្រឹម​ចំនួន​​​ ៥ នាក់​។ ​​​​បេក្ខជន​ម្ចាស់​សំណេរ​ នឹង​​​ត្រូវ​ជ្រើស​រើស​​ចន្លោះ​ពី​ ២ ទៅ​ ៤ នាក់​ ខណៈ​ល្ខោន​នៃ​អត្ថបទ​​រឿង​ នឹង​ត្រូវ​ដាក់​សម្តែង​​នៅ​ក្នុង​​​កម្មវិធី​រដូវ​វប្បធម៌​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​​នៅ​​ខែ​តុលា និង​ខែ​វិច្ឆិកា ឆ្នាំ ​២០២០​ នៅ​រាជធានី​ភ្នំពេញ។

ចំណែក​ឯ​​បេក្ខជន​​ជយលាភី​ នឹង​​ទទួល​បាន​ប្រាក់​លើក​ទឹក​ចិត្ត​​ចំនួន​ ៤០០ ដុល្លារ តែ​សម្រាប់​​អ្នក​ដែល​ធ្លាប់​ទទួល​ឱកាស​នេះ​ពី​មុន​មក ក៏​មិន​អាច​​ដាក់​ពាក្យ​បាន​នោះ​ទេ។ ​ឯ​កាល​បរិច្ឆេទ​​​ផុត​កំណត់​​នៃ​ការ​ទទួល​ពាក្យ​​សំណេរ​ល្ខោន​រឿង​នេះ​នឹង​ត្រូវ​បន្ត​រហូត​ដល់​ថ្ងៃទី ​២៤ ខែ​មិថុនា ឆ្នាំ ​២០២០»។

សម្រាប់​ការ​​ដាក់​ពាក្យ​​ស្នើ​សុំ​អត្ថបទ​​និពន្ធ​ថ្មី​របស់​លោក​អ្នក វិញ​អាច​ដាក់​តាមរយៈ​ www.cambodianlivingarts.org/wp-content/uploads​/​2020​/04/application_-for-new-writing_final.docx​ ឬ​ធ្វើ​ការ​ទាក់ទង​តាមរយៈ​សារ​អេឡិចត្រូនិក​ មាន​ឈ្មោះ​ថា chandaly@cambodianlivingarts.org​ និង​អាច​ទាក់ទង​បាន​តាមរយៈ​​លេខ​​ទូរស័ព្ទ​​ ០៨៦ ៨៩៥ ​៥៥៦​៕