ភ្នំពេញៈ នេះ​គឺជា​ការបើក​ទូលាយ​សាធារណៈ​ជា​លើកដំបូង​ដែល​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ ប្រកាស​ផ្តល់​មូលនិធិ​ឧបត្ថម្ភ​ទៅដល់​សិល្បករ​ជា​លក្ខណៈ​ទោល និង​ជា​ក្រុម ដើម្បី​ជួយ​សម្រួល​ក្នុងការ​បង្កើត​ស្នាដៃ​សិល្បៈ​ថ្មី ឬ​ត្រៀម​បង្កើត​ស្នាដៃ​ថ្មី​មាន​កញ្ចប់​ចំនួន​ចាប់ពី ១ ០០០ ដុល្លារ រហូតដល់ ៣ ០០០ ដុល្លារ​។

សម្រាប់​មូលនិធិ​ឧបត្ថម្ភ​ដល់​សិល្បករ​នេះ​ជា​ស្នាដៃ​បង្កើត​ថ្មី​ទម្រង់​សិល្បៈ​ទស្សនីយភាព (​របាំ ល្ខោន និង​តន្ត្រី​ដើម​) កំពុងតែ​អភិវឌ្ឍ ហើយ​ត្រូវការ​បញ្ចប់ ឬ​ជា​ស្នាដៃ​ត្រៀម​បង្កើត​ថ្មី ខណៈ​បេក្ខជន​ត្រូវមាន​អាយុ​យ៉ាងច្រើន ៣៥ ឆ្នាំ ស្នាដៃ​មាន​ខ្លឹមសារ​ត្រូវ​ទៅនឹង​គោល​គំនិត​នៃ​កម្មវិធី​រដូវ​វប្បធម៌ ហើយ​មាន​រយៈពេល​សម្តែង​ពី ៤០ នាទី ទៅ ១ ​ម៉ោង​។

បើតាម​កញ្ញា យ៉ុង សុខខន ជា​ប្រធាន​កម្មវិធី​អភិវឌ្ឍ​សិល្បៈ​នៃ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​បាន​ឲ្យ​ដឹងថា​៖ «​ចំពោះ​ស្នាដៃ​បង្កើត ឬ​ការត្រៀម​បង្កើត​ស្នាដៃ​របស់​សិល្បករ​នោះ​គឺ​ត្រូវតែ​មាន​ទម្រង់​សិល្បៈ​បែប​ទស្សនីយភាព និង​បង្កើត​ហើយ​មានគុណ​តម្លៃ​ដល់​វប្បធម៌ សង្គមជាតិ​ខ្មែរ​យើង​។ យើង​មានការ​ផ្តល់​ជា​កញ្ចប់​មូលនិធិ​ឧបត្ថម្ភ​ទៅដល់​សិល្បករ​ជា​លក្ខណៈ​ទោល ឬ​ក្រុម​មាន​សមាជិក​យ៉ាងច្រើន​ត្រឹម​ចំនួន ៨ នាក់ ហើយ​ការផ្តល់ជូន​នេះ យើង​មាន​តែ ២ ​កន្លែង​តែប៉ុណ្ណោះ​សម្រាប់​បេក្ខជន ការឈប់​ទទួល​ពាក្យ​ពី​បេក្ខជន​ជា​សិល្បករ​មាន​ស្នាដៃ​បង្កើត​ថ្មី​នឹង​ចប់​ត្រឹម​ថ្ងៃទី ៣១ ខែមីនា ឆ្នាំ​ ២០២០ នេះ​។ ម្យ៉ាងវិញទៀត​ក្រុម​សិល្បករ​ជយលាភី​នោះ​ក៏​ត្រូវមាន​ពេលវេលា​ចូលរួម​កម្មវិធី​រដូវ​វប្បធម៌​លើក​ទី​ ២ ដែល​មាន​រយៈពេល ៣ ​ខែ​នឹង​ចាប់​ផ្តើមធ្វើ​នៅ​ខែមិថុនា​ដល់​ខែសីហា ឆ្នាំ​ ២០២០ ខាងមុខ​ហើយ​»​។

កញ្ញា យ៉ុង សុខខន ក៏បាន​បញ្ជាក់​ពី​ការកំណត់​ចំនួន​សមាជិក​ក្រុម និង​កន្លែង​ផ្តល់ជូន​នេះដែរ​ថា​៖ «​សម្រាប់​ការកំណត់​ចំនួន​សមាជិក​ក្រុម​របស់​សិល្បករ មិន​ឲ្យ​មាន​សមាជិក​ច្រើន​លើសពី ៨ ​រូប​ក៏​ព្រោះតែ​យើង​មានការ​កំណត់​នៃ​កញ្ចប់​ថវិកា​នេះ ហើយ​ក៏មាន​ក្តីបារម្ភ​ដែរ សម្រាប់​ក្រុម​ដែលមាន​គ្នាច្រើន​លើសពី​ចំនួន​កំណត់​នេះ​អាច​ប៉ះពាល់​ដល់​គុណភាព​នៃ​ការបង្កើត​ស្នាដៃ​ថ្មី​របស់​ពួកគាត់​ទៀតផង​»​។

សម្រាប់​ព័ត៌មាន​បន្ថែម​បញ្ជាក់ជូន​នៅក្នុង​ខិត្តប័ណ្ណ និង​តំណភ្ជាប់​នៃ​ការដាក់​ពាក្យ​របស់​បេក្ខជន​ដែល​ចង់​ដាក់ពាក្យ​ទទួល​មូលនិធិ​ឧបត្ថម្ភ​ពី​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​អាច​ទំនាក់ទំនង​បាន​តាម​ទូរស័ព្ទ ០១៧ ៥៥៧ ២៨៥ ឬ​អាច​តាមរយៈ​សារ​អេឡិចត្រូនិក sokhorn@cambodinalivingarts.org ៕

រូបតំណាងៈ ​ក្រុមការងារ​អង្គការ CLA ធ្វើ​បទបង្ហាញ​ពី​ទម្រង់​សិល្បៈ​ទស្សនីយភាព​។ រូបថត សហការី