ភ្នំពេញ៖ ប្រសិន​បើ​អ្នក​ជា​ពលរដ្ឋ​ខ្មែរ​ ឬ​អ្នក​កាន់​ទិដ្ឋាការ K-Visa ​កំពុង​​ស្នាក់នៅ​ប្រទេស កម្ពុជា និង​មាន​​​បទពិសោធ​ការងារ​យ៉ាង​តិច ៥ ឆ្នាំ នៅ​ក្នុង​វិស័យ​សិល្បៈ​វប្បធម៌ ​ហើយ​ចង់​មាន​​ពេល​​​​គ្រប់គ្រាន់​ ធ្វើ​ការ​ឆ្លុះ​បញ្ចាំង​ពី​​ការងារ​ខ្លួន ​តាមរយៈ​​ឧទាហរណ៍​​ជាក់​ស្ដែង​អ្នក​​គួរ​តែ​ដាក់​ពាក្យ​​​​​កម្មវិធី «អាហារូបករណ៍​ទស្សនៈ​វប្បធម៌​ប្រចាំ​ឆ្នាំ ២០២០» របស់​​អង្គការ​​សិល្បៈ​ខ្មែរ​​អមតៈ (CLA)​។

អាហារូបករណ៍​ទស្សនៈ​វប្បធម៌ គឺ​ជា​កម្មវិធី​មួយ​បង្កើត​ឡើង​សម្រាប់​អ្នក​កំពុង​​បម្រើ​ការងារ​​ក្នុង​​​វិស័យ​សិល្បៈ​ និង​​​វប្បធម៌​នៅ​ប្រទេស​ កម្ពុជា​ ដែល​មាន​​បទពិសោធ​ច្រើន​ឆ្នាំ​ក្នុង​វិស័យ​នេះ​ រួម​មាន​ទាំង​​​សិល្បករ​ គ្រូ​សិល្បៈ​ អ្នក​​រៀបចំ​សិល្បៈ ឬ​អ្នក​ស្រាវជ្រាវ​សិល្បៈ​វប្បធម៌​ និង​ជា​អ្នក​ដែល​មាន​ភាព​​​សកម្ម​នៅ​ក្នុង​​ការ​ផ្តួច​​ផ្តើម​គំនិត​ថ្មី ឬ​​ដឹកនាំ​គម្រោង​នៅ​តាម​សហគមន៍​ ឬ​កំពុង​តែ​​ប្រតិបត្តិការ​នៅ​​ក្នុង​ស្ថាប័ន​​អង្គការ​​​ណា​​មួយ។​

បើ​តាម​លោក គាត សុគីម បុគ្គលិក​​ផ្នែក​ទំនាក់ទំនង​ព័ត៌មាន​នៃ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​បាន​ឲ្យ​ដឹង​ថា៖ «​​គោល​​បំណង គឺ​​បង្ក​លទ្ធភាព​ និង​​​អភិវឌ្ឍ​​​ធនធាន​ ដែល​មាន​សក្តានុពល​​ផ្សេងៗ​​​​ក្នុង​វិស័យ​សិល្បៈ​វប្បធម៌​។ កម្មវិធី​នេះ​​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ការ​​ផ្តល់​ឱកាស​ទៅ​ដល់​សិក្ខាកាម​​ក្នុង​​ការ​ឆ្លុះ​បញ្ចាំង​​ពី​ការងារ​ជាក់​ស្តែង​​​របស់​​ខ្លួន​តាមរយៈ​ឧទាហរណ៍​ ​​ជាក់​​ស្តែង​ និង​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​ការងារ​​​ប្រចាំ​ថ្ងៃ​ ដើម្បី​​ឈ្វេងយល់​ពី​ការងារ​របស់​ពួក​គេ​។ កម្មវិធី​នេះ​មិន​បាន​​ប្រាប់​​ដោយ​ត្រង់ៗ​ថា សិក្ខា​កាម​ត្រូវ​​ធ្វើ​អ្វី​នោះ​ទេ​ ផ្តល់​ជា​ទិដ្ឋភាព​ការងារ​ក្នុង​​ជ្រុង​ខុសៗ​គ្នា និង​បទពិសោធ​នានា​​ ដែល​សិក្ខាកាម​អាច​ជ្រើសរើស​យក​​​គំនិត​​ គំរូ ឧទាហរណ៍​ និង​វិធីសាស្រ្ត​ការងារ​តម្រូវ​តាម​បរិបទ​ការងារ​​របស់​ខ្លួន។

ការ​បើក​កម្ម​វិធី​អាហារូបករណ៍​សិល្បៈ​អមតៈ​អាន ឆនផុន កន្លងមក​។ រូបថត សហ​ការី

លោក​បាន​​បន្ត​ថា៖ «នេះ​ជា​ការ​ផ្តល់​ឱកាស និង​ពេល​វេលា​គ្រប់គ្រាន់​សម្រាប់​សិក្ខាកាម​ធ្វើ​ការ​ឆ្លុះ​បញ្ចាំង​បែប​​​ស៊ីជម្រៅ​ និង​វិភាគ​ទៅ​លើ​ការងារ​ខ្លួន​​ក្នុង​វិស័យ​​សិល្បៈ​ វប្បធម៌​នេះ គឺ​ដើម្បី​រក្សា​គុណ​តម្លៃ​ស្នាដៃ​សិល្បៈ តើ​សិល្បករ​គួរ​ធ្វើ​យ៉ាងណា​ ដើម្បី​រក្សា​និរន្តរភាព​ទីផ្សារ​។ ជា​​​​ធម្មតា​​អ្នក​គ្រប់គ្រង​ និង​រៀបចំ​កម្មវិធី​​​ ក៏​មាន​តួនាទី​បង្កើត​ទីតាំង​សិល្បៈ ដើម្បី​ទស្សនិកជន​​ទទួល​​​​​បាន​​​បទពិសោធ៍​ពី​កម្មវិធី​សិល្បៈ​ទាំង​នោះ»។

កម្មវិធី​អាហារូបករណ៍​ទស្សនៈ​វប្បធម៌​នេះ ​មាន​ ៤ ផ្នែក ខណៈ​ផ្នែក​ទី ​១ ជា​​សិក្ខាសាលា​​ទស្សនៈ​វប្បធម៌​​មាន​​រយៈពេល​ ១ ​ឆ្នាំ​ ដោយ​ត្រូវ​ចែក​ជា​ ៤ ​លើក គឺ​លើក​ទី​ ​១ នៅ​សៀមរាប​ ថ្ងៃទី ​៦-៩​ ខែ​ឧសភា ឆ្នាំ ​២០២០ លើក​ទី ២ ​នៅ​​បាត់ដំបង​​​ ​ថ្ងៃទី ​១៦-១៩ ខែ ​កក្កដា ឆ្នាំ ​២០២០ លើក​ទី​​ ​៣ នៅ​ភ្នំពេញ​​ថ្ងៃទី ​៩-១២​ ខែ ​កញ្ញា​ ឆ្នាំ​ ២០២០ ​និង​លើក​ទី​​ ​៤ នៅ​កំពត​ថ្ងៃទី ​១៧-២០ ខែ ធ្នូ ឆ្នាំ ​២០២០។ ផ្នែក​ទី ២ កម្មវិធី​ទស្សនកិច្ច​វប្បធម៌​មហា​​តំបន់​ទន្លេ​មេគង្គ គឺ​ជា​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស ​មីយ៉ាន់ម៉ា នា​ថ្ងៃទី ​៣-១០ ខែ ​តុលា ឆ្នាំ ​២០២០។ ផ្នែក​​​ទី ៣ គម្រោង​ជា​ក្រុម​ ដោយ​សិក្ខាកាម​ត្រូវ​​ដឹកនាំ​គម្រោង​មួយ​រួម​គ្នា​ ដែល​ធ្វើ​នៅ​ចន្លោះ​ខែ​មករា ដល់​ខែ​​មីនា ឆ្នាំ ​២០២១​។​ ផ្នែក​ទី ​៤ ការ​ឆ្លុះ​បញ្ចាំង​ សិក្ខាកាម​ម្នាក់ៗ​ ត្រូវ​សរសេរ​ និង​ធ្វើ​បទ​បង្ហាញ​ការ​ឆ្លុះ​បញ្ចាំង​ខ្លី​មួយ​ពី​ប្រធានបទ​អ្នក​ជ្រើសរើស​ក្នុង​ពេល​​ចូលរួម​ក្នុង​កម្មវិធី​ធ្វើ​នៅ​ខែ​មីនា​ ឆ្នាំ ​២០២១​។​ ការ​ឈប់​ទទួល​ពាក្យ​ត្រឹម​ថ្ងៃ​​ទី ​៣ ខែ ​មេសា ឆ្នាំ ​២០២០ ឬ​ធ្វើ​ការ​ទំនាក់ទំនង​តាម​អ៊ីមែល ​info@cambodianlivingarts.org និង​ទូរស័ព្ទ ​០៧០ ៥៩៦ ០៧៦៕​