ភ្នំពេញ៖ ទើប​តែ​​​សហការ​ជាមួយ​សាលា​រដ្ឋ​ចំនួន ៥ និង​សាលា​ឯកជន ២ នៅ​ខណ្ឌ​ចំការមន ដង្កោ និង​ស្ទឹងមានជ័យ​នៃ​រាជធានី​ភ្នំពេញ​ ​​អង្គការ​សេរីភាព​កម្ពុជា​អូស្ដ្រាលី ដែល​មាន​បេសកកម្ម​ទប់​ស្កាត់​អំពើ​ជួញ​ដូរ​ និង​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​ក្មេង​ស្រី​បាន​និង​កំពុង​ផ្ដោត​ការ​​យក​ចិត្ដ​ទុក​ដាក់​លើ​យុវតី​ និង​ក្រុម​គ្រួសារ​​ពួក​គេ​ជាមួយ​​កម្មវិធី «​ឆ្លើយ​តប​បន្ទាន់​» តាមរយៈ​ការ​ផ្ដល់​កញ្ចប់​ជំនួយ​បន្ទាន់​ ជា​ស្បៀង​អាហារ និង​សម្ភារ​វេជ្ជសាស្ដ្រ​អំឡុង​ពេល​រោគ​រាត​ត្បាត​។

អ្នកស្រី Julie Dowse ស្ថាបនិក​ អង្គការ​សេរីភាព​កម្ពុជា​អូស្ដ្រាលី​បាន​និយាយ​ថា​៖ «​អ្វី​ដែល​ផ្ដើម​ពី​កិច្ច​ខិតខំ​ប្រឹង​ជាង ៤០ ថ្ងៃ​មុន បាន​ប្រែ​ក្លាយ​ជា​​ប្រតិបត្ដិការ​សង្គ្រោះ​យុវតី​ពី​អំពើ​ជួញដូរ ភាព​អត់​ឃ្លាន និង​កត្ដា​ហានិភ័យ​ផ្សេងៗ​។ កញ្ចប់​ជំនួយ​ រួមមាន សម្ភារ​​អនាម័យ​បញ្ចៀស​ការ​ឆ្លង​ជំងឺ​កូវីដ ​១៩ ព័ត៌មាន​អំពី​គន្លឹះ​សុវត្ថិភាព​ និង​ស្បៀង​អាហារ​មូលដ្ឋាន​»។

អ្នកស្រី​បាន​លើក​ឡើង​ថា អ្នក​ម្ដាយ​​កូន​ម្នាក់​ ដែល​ទទួល​សេវាកម្ម​ពី​អង្គការ ​បាន​បាត់​បង់​ប្រាក់​ចំណូល​មួយ​ផ្នែក​ធំ​ដោយ​លែង​បាន​លក់​ដូរ​អំឡុង​ពេល​នេះ​។ កញ្ចប់​ជំនួយ​បាន​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​លើ​គ្រឿង​​ទេស​ ដើម្បី​យក​មក​បង់​ថ្លៃ​ជួល​ផ្ទះ វិក្កយបត្រ​អគ្គិសនី និង​ទឹក​។

និស្សិត​ម្នាក់​ទៀត​ ដែល​ធ្វើ​ការងារ​ជា​គ្រូ​បង្រៀន​ក្រៅ​ម៉ោង​ ដើម្បី​យក​លុយ​រៀន​​បន្ដ​ ត្រូវ​រ៉ាប់រង​បន្ទុក​ដ៏​ធ្ងន់​ដោយ​ម្ដាយ​របស់​នាង​មាន​បញ្ហា​ជំងឺ​ក្រលៀន​ និង​តម្រូវ​ឲ្យ​មាន​ការ​ប្រើប្រាស់​ឱសថ​រៀងរាល់​ថ្ងៃ​។ ដោយសារ​វិបត្ដិ​កូវីដ​ សាលា​រៀន​ត្រូវ​បិទ​ទ្វារ​ ធ្វើ​ឲ្យ​នាង​​បាត់បង់​​ចំណូល។

អ្នកស្រី Julie ក៏​ជា​នាយិកា​កម្មវិធី​អន្ដរជាតិ​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្ដិ៍​ ថា៖ «​បុគ្គលិក​របស់​យើង​កំពុង​ធ្វើ​ការងារ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ក្រុម​គ្រួសារ​មួយ​នេះ​ និង​ជួយ​នាំ​ម្ដាយ​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​»។

កម្មវិធី​ «​ឆ្លើយ​តប​បន្ទាន់​» គឺ​ជា​គម្រោង​មួយ​របស់​អង្គការ​​សេរីភាព​កម្ពុជា​​អូស្ដ្រាលី ដែល​បំពេញ​ការងារ​ទប់ស្កាត់​អំពើ​ជួញ​ដូរ​ និង​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​លើ​ក្មេង​ស្រី​ជំទង់​ (អាយុ​​ពី ១២ ទៅ ២៥ ឆ្នាំ​) មុន​ពេល​ហេតុការណ៍​កើត​ឡើង​។

ថវិកា​ ៤៩ដុល្លារ អាច​ជួយ​ផ្គត់ផ្គង់​ស្បៀង១គ្រួសារ​រយៈពេល​១ខែ​​។ រូបថត សហ​ការី

អ្នកស្រី Julie រួម​ជាមួយ​ស្វាមី Geoff Dowse បាន​បង្កើត​អង្គការ​នេះ​​ឡើង​ ខណៈ​ពួក​គេ​រស់នៅ​ និង​ធ្វើ​ការ​​នៅ​ក្រុង​ភ្នំពេញ​។ ត្រឡប់​មក​ពី​ទីក្រុង​ស៊ីដនី អ្នកស្រី Julie បាន​ចំណាយ​ពេល ៤ ឆ្នាំ​នៅ​កម្ពុជា​កសាង​ក្រុម​កម្ពុជា​អូស្ដ្រាលី (AusCam''s National Team) មុន​ពេល​វិល​ទៅ កាន់​អូស្ដ្រាលី​ ដើម្បី​កៀរគរ រៃ​អង្គាស​ប្រាក់ និង​អភិវឌ្ឍ​ដៃគូ​យុទ្ធសាស្ដ្រ​បង្កើត​ជា​អង្គការ​ក្នុង​ឆ្នាំ ​២០១២​។

អង្គការ​សេរីភាព​កម្ពុជា​អូស្ដ្រាលី ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​បំពេញ​តម្រូវ​ការ​​ផ្ទះ​អន្ដរកាល​ឲ្យ​ក្មេង​ស្រី​​ជ្រក​កោន​ ក្រោយ​ពេល​ត្រូវ​បាន​សង្គ្រោះ​។

អ្នកស្រី​បាន​ឲ្យ​ដឹង​ថា​៖ «​កិច្ចការ​នេះ​ ​គឺ​ជា​ជំហាន​បន្ទាប់​ តែ​អ្វី​ដែល​សំខាន់​យើង​ផ្ដោត​ចម្បង​លើ​ការ​អប់រំ បំណិន​ជីវិត និង​ការ​បណ្ដុះ​បណ្ដាល​ ដើម្បី​កសាង​សមត្ថភាព​ឲ្យ​ពួក​គេ​វិល​ទៅ​កាន់​សហគមន៍​វិញ​»។

កម្មវិធី​ចំនួន ២ ដែល​បាន​និង​កំពុង​អនុវត្ដ​ក្រោម​បេសកកម្ម​របស់​អង្គការ គឺ​ SHINE ផ្ដោត​លើ​ការ​ជួយ​ក្មេង​ស្រី​ឲ្យ​បាន​ចូល​រៀន និង SHE ផ្ដល់​តម្លៃ​ដល់​​ក្មេង​ស្រី​តាមរយៈ​ការ​បណ្ដុះបណ្ដាល​ជំនាញ​ដឹក​នាំ​ជាដើម។

អំឡុង​ពេល​រោគ​រាត​ត្បាត កុមារ​ជា​ជន​ងាយ​រងគ្រោះ​ពី​ការ​បិទ​ទ្វារ​សាលា​ ខណៈ​សេវាកម្ម​នានា​ទាក់ទង​​​ការ​អប់រំ​ត្រូវ​បាន​កាត់​ផ្ដាច់​ រួម​នឹង​ការ​អន្ដរាគមន៍​ផ្សេង​ៗ​សម្រាប់​អ្នក​អាច​ប្រឈម​ហានិភ័យ​។

ជាមួយ​កញ្ចប់​ជំនួយ​ក្នុង​គ្រា​លំបាក​នេះ ខ្សែ​ទូរស័ព្ទ​ហតឡាញ​មួយ​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​ ហើយ​ក្មេង​ស្រី​រាប់​រយ​នាក់​បាន​ទទួល​ប្រាក់​បញ្ចូល​ទូរស័ព្ទ​ស្រួល​ទាក់ទង​គ្រប់​ពេល​វេលា​ទៅ​កាន់​បុគ្គលិក​សង្គម​ ដែល​ផ្ដល់​កិច្ច​អន្ដរាគមន៍​ភ្លាមៗ​ចំពោះ​ក្រុម​គ្រួសារ​​ប្រឈម​គ្រោះ​ថ្នាក់​បំផុត​។

អ្នកស្រី Julie បាន​ឲ្យ​ដឹង​ថា​៖ «យើង​​ដាក់​ឲ្យ​ដំណើរការ​ខ្សែ​ទូរស័ព្ទ​ ០១១ ៤៤៤ ០៨០ សម្រាប់​ផ្ដល់​កិច្ច​អន្ដរាគមន៍​ចំពោះ​វិបត្ដិ​ផ្សេងៗ​ និង​ចែក​​​ស្បៀង​​ សម្ភារ​សុខភាព និង​សុវត្ថិភាព​ដល់​ពួក​គេ​​។ អ្នក​ខល​ទូរស័ព្ទ​ដំបូង​របស់​យើង ​​គឺ​ជា​​អ្នក​ម្ដាយ​មាន​​កូនស្រី​អាយុ ១៥ ឆ្នាំ និង​កូន​តូច​ម្នាក់ ដែល​បាន​រត់​គេច​ពី​ផ្ទះ​ ពេល​ប្ដី​ទី ២ របស់​ខ្លួន​ព្យាយាម​បំពាន​ផ្លូវ​ភេទ​​លើ​កូន​ស្រី​ ខណៈ​ខ្លួន​ទៅ​ធ្វើ​ការ​»។

ក្មេង​ស្រី​​ ១៦៥ នាក់​ ​ទទួ​ល​​​​អាហារូបករណ៍​ និង​ការ​​គាំទ្រ​ផ្នែក​​ចិត្ដ​សង្គម។ រូបថត សហ​ការី

អ្នកស្រី​ពន្យល់​ថា ការ​ពិត​ក្មេង​ស្រី​នោះ​មិន​បាន​ចូល​រៀន​ និង​ត្រូវ​បាន​ទុក​​នៅ​ផ្ទះ​ជាមួយ​ឪពុក​ចុង​។ ក្នុង​ស្ថានភាព​នេះ ក្មេង​ស្រី​ងាយ​នឹង​ទទួល​នូវ​អំពើ​រំលោភ​បំពាន និង​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​ ខណៈ​បុគ្គល​អាច​ជា​ជន​ល្មើស​យក​នាង​ទៅ​លក់​។

ស្ថាបនិក​រូប​នេះ​បាន​បន្ថែម​ថា​៖ «បច្ចុប្បន្ន យើង​មាន​ក្មេង​ស្រី​ចុះ​ឈ្មោះ​ទទួល​អាហារូបករណ៍​ ១៦៥ នាក់​ ដែល​ទទួល​បាន​ការ​​គាំទ្រ​ផ្នែក​​ផ្លូវ​ចិត្ដ​សង្គម និង​សម្ភារ​សិក្សា​។ កាល​ពី​ឆ្នាំ​មុន អង្គការ​ក៏​បាន​ឧបត្ថម្ភ​ក្មេង​ស្រី​ជាង ៧០០ នាក់ ​ជាមួយ​កម្មវិធី​អប់រំ បំណិន​ជីវិត ការ​ប្រឹក្សា​អាជីព​ការងារ ក្លិប​ស្ដ្រី និង​ជំនួយ​ផ្សេង​ៗ​»។

មិន​ខុស​ពី​អាជីវកម្ម​ដទៃ ចំណូល និង​​ប្រាក់​បរិច្ចាគ​មក​កាន់​អង្គការ​សេរីភាព​កម្ពុជា​អូស្ត្រាលី​ ​រង​ប៉ះពាល់​យ៉ាង​ខ្លាំង​ដោយសារ​តែ​កូវីដ ​១៩​។

អ្នកស្រី​ស្ថាបនិក​បាន​ពន្យល់​ថា​៖ «យើង​ចង់​ឲ្យ​ម្ចាស់​ជំនួយ​គិត​គូរ​ពី​ការ​ជួយ​យើង​កសាង​ចីរភាព​សេដ្ឋកិច្ច​ ដើម្បី​ធានា​ថា កម្មវិធី​របស់​យើង​អាច​បន្ដ​ដំណើរ​យ៉ាង​រលូន​ពេល​អ្វីៗ​វិល​ទៅ​កាន់​សភាព​ដើម​។ ជំនួយ​ហិរញ្ញវត្ថុ​របស់​លោក​អ្នក​ពិត​ជា​សំខាន់​ចំពោះ​កិច្ចការ​នេះ និង​កសាង​កម្ពុជា​កាន់​តែ​រឹងមាំ ​ក្រោយ​បញ្ចប់​កូវីដ ​១៩​។ ទឹក​ប្រាក់ ៤៩ ដុល្លារ ​អាច​ជួយ​ផ្គត់ផ្គង់​ស្បៀង ​១ ​គ្រួសារ​​​រយៈពេល ១ ​ខែ​»។

ព័ត៌មាន​លម្អិត និង​ការ​បរិច្ចាគ​ សុំ​ចូល​ទៅ​កាន់​វេបសាយ​អង្គការ​​ ​https://www.auscamfreedomproject.org/ ឬលេខ​ទំនាក់ទំនង​ hotline ០១១ ៤៤៤ ០៨០៕