ក្រុងសៀមរាបៈ ឆ្លងកាត់​បទពិសោធ​នៃ​សកម្មភាព​ជួយ​សង់​ផ្ទះ​ឈើ​ដំបូល​ប្រក់​ស័ង្កសី ជញ្ជាំង​ក្តារ ទំហំ ៤ ​ម៉ែត្រ​គុណ ៥ ​ម៉ែត្រ កម្ពស់ ២ ​ម៉ែត្រ ជិត ៥ ឆ្នាំ​ដែល​បាន​ចំនួន ២៥៥ គ្រួសារ​ហើយ បើ​គិត​មក​ដល់​ត្រឹម​ថ្ងៃទី​ ២០ ខែ​ មីនា ឆ្នាំ​ ២០១៩ ម្សិលមិញ​នេះ ហើយ​អង្គការ​ស្ម័គ្រចិត្ត​កសាង​កម្ពុជា​ក៏​មាន​គម្រោង​បណ្តុះបណ្តាល​ជំនាញ​ជាង​គ្រឿងសង្ហារិម​ទៅ​ដល់​ពលរដ្ឋ​ក្រីក្រ​ផង​ដែរ សម្រាប់​ឆ្នាំ​ ២០២០ ​ខាង​មុខ​។

នេះ​បើ​យោង​តាម​លោក ម៉ាង ស៊ិន ជា​ស្ថាបនិក និង​នាយក​អង្គការ​ស្ម័គ្រចិត្ត​កសាង​កម្ពុជា​មាន​វ័យ ៤៣ ឆ្នាំ​ធ្លាប់​មាន​បទពិសោធ​ជា​ជាង​ធ្វើ​ផ្ទះ​ជាង ២០ ​ឆ្នាំ​នៅ​ជំនាន់​បាន​ប្រាក់កម្រៃ​តម្លៃ​ពលកម្ម​ត្រឹមតែ ៥ ០០០ ​រៀល​ក្នុង ១ ​ថ្ងៃ​មាន​ស្រុក​កំណើត​នៅ​ស្រុក​កោះធំ ខេត្ត​កណ្តាល និង​បច្ចុប្បន្ន​កំពុង​រស់នៅ​ក្នុង​ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប​ពេល​អង្គការ​លោក​កំពុង​តែ​សង់​ផ្ទះ​ថ្មី​ទី​ ២៥៥ កាល​ថ្ងៃទី​ ២០ ខែ ​មីនា ឆ្នាំ​ ២០១៩ ដែល​មាន​ចម្ងាយ ៤៥ ​គីឡូម៉ែត្រ​ពី​ក្រុង​សៀមរាប​។

សកម្មភាព​ជនបរទេស​ក្នុង​ពេល​កំពុង​ជួយ​សាងសង់​ផ្ទះ​ឈើ​ជូន​ពលរដ្ឋ​ក្រីក្រ​នៅ​ខេត្ត​សៀមរាប​។ រូបថត VBC

អង្គការ​ស្ម័គ្រចិត្ត​កសាង​កម្ពុជា (VBC) ដែល​មាន​​ទីតាំង​ស្ថិត​នៅ​ភូមិ​ក្រពើ ឃុំ​បល្ល័ង្ក ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប​បាន​បង្កើត​ឡើង​តាំងពី​ថ្ងៃទី​ ១៧ ខែ ​មីនា ឆ្នាំ​ ២០១៤ ​មក​ដោយ​បាន​ចុះ​បញ្ចី​ពី​ក្រសួង​មហាផ្ទៃ​ដែល​មាន​គោលដៅ​ធំ​គឺ​ជួយ​កសាង​ផ្ទះ​ឈើ​ដំបូល​ប្រក់​ស័ង្កសី ជញ្ជាំង​ក្តារ​ទំហំ ៤ ​ម៉ែត្រ​គុណ ៥ ​ម៉ែត្រ កម្ពស់ ២ ​ម៉ែត្រ​សង់​បន្ទប់ទឹក​អនាម័យ អណ្តូង​ទឹកស្អាត និង​ជួយ​ជួសជុល​ផ្ទះ​ពលរដ្ឋ​ក្រីក្រ​ដែល​មាន​ភាព​ទ្រុឌទ្រោម​ខ្លាំង​ទៀត​ផង​។

លោក ម៉ាង ស៊ិន បង្ហើប​ឲ្យ​ដឹង​ថា​៖ «​គិត​ត្រឹម​សប្តាហ៍​នេះ [​ថ្ងៃទី​ ២០ ខែ​មីនា ឆ្នាំ​ ២០១៩] យើង​បាន​សង់​ផ្ទះ​ពលរដ្ឋ​បាន​ចំនួន ២៥៥ ​ខ្នង (​ឬ​ ២៥៥ គ្រួសារ​) ដែល​ផ្ទះ​ ១ ​ខ្នង​មាន​ទំហំ ៤ ​ម៉ែត្រ គុណ ៥​ ម៉ែត្រ កម្ពស់ ២ ​ម៉ែត្រ ប្រក់​ស័ង្កសី ជញ្ជាំង​ក្តារ ក្រាល​ថ្ម​ស៊ីម៉ងត៍ និង​សង់​បន្ទប់​ទឹកបាន ២០៣ ជីក​អណ្តូង​បាន ១២០ និង​ជួយ​ជួសជុល​បាន​ជាង ១០០ ខ្នង​ផង​ដែរ​។

ទេសចរ​បរទេស​ម្នាក់​កំពុង​តែ​ផ្ចង់​អារឈើ​បន្ទះ​ដើម្បី​យក​ធ្វើ​ជញ្ជាំង​។ រូបថត VBC

ផ្ទះ​ ១ ​ខ្នង​យើង​សង់​ត្រឹម​ពេល​ ១​ ​ព្រឹក​ប៉ុណ្ណោះ ដោយសារ​មនុស្ស​ជាច្រើន​ចូលរួម​ជួយ​ក្រោយពី​មាន​ការរៀបចំ​វត្ថុធាតុដើម​រួចរាល់​អស់​មក​។ ផ្ទះ ១ ​ខ្នង​តម្លៃ ៣ ០០០ ​ដុល្លារ ខណៈ​ប្រាក់​ទាំង​នេះ​គឺ​បាន​មកពី​ភ្ញៀវ​បរទេស​ដែល​បាន​មក​ទស្សនា​តំបន់​ប្រាសាទ​អង្គរ​គឺ​ពួកគាត់​សហការ​គ្នា​ជា​ក្រុម​មក​ជួយ​សង់ផ្ទះ​ពេល​ព្រឹក​ជាមួយ​អង្គការ​យើង លុះ​ដល់​ពេល​រសៀល​ទើប​ពួកគេ​ទៅ​ដើរ​កម្សាន្ត​តាម​គោលដៅ​រៀងៗ​ខ្លួន ឬ​ជា​ប្រាក់​បាន​ពី​ស្ថាប័ន​សាលារៀន​ណាមួយ​ផ្តល់​»​។

ក្រៅពី​ខេត្ត​សៀមរាប​អង្គការ​ស្ម័គ្រចិត្ត​កសាង​កម្ពុជា (VBC) ក៏​បាន​ទៅ​ជួយ​សង់ផ្ទះ​នៅ​ខេត្ត​ផ្សេងៗ​ដែរ​ដូចជា​កាលពី​ឆ្នាំ​ ២០១៦ ជួយ​កសាង​ផ្ទះ​នៅ​ខេត្ត​កំពង់ធំ ២ ​ខ្នង និង​បាត់ដំបង ២ ​ខ្នង ខណៈ​ការជួយ​ក៏​មាន​លក្ខខណ្ឌ​គោរព​ទៅ​តាម​គោលការណ៍​របស់​អង្គការ​បាន​កំណត់​ដែរ​។

សកម្មភាព​បង្រៀន​សិស្ស​នៅ​មជ្ឈមណ្ឌល​ភាសា​អង្គការ​ស្ម័គ្រចិត្ត​កសាង​កម្ពុជា​។ រូបថត VBC

ស្ថាបនិក និង​នាយក​អង្គការ​រូប​នេះ​បញ្ជាក់​ថា​៖ «​លក្ខខណ្ឌ​ជួយ​គឺ​ពួកគាត់​ត្រូវតែ​ជា​ពលរដ្ឋ​ក្រីក្រ​ពិតប្រាកដ​ដែល​ខិតខំ​ប្រកបរបរ​ចិញ្ចឹមជីវិត​អស់​លទ្ធភាព​តែ​នៅ​មិន​ធូរធារ ហើយ​ក៏​មិនមែន​ពលរដ្ឋ​ក្រីក្រ​ព្រោះ​តែ​ខ្ជិលច្រអូស ឬ​មិន​ខំប្រឹង​រកស៊ី​បែរ​ជា​លេងល្បែង​ស៊ីសង ឬ​សេព​គ្រឿងញៀន​ជាដើម​។ យើង​ក៏​ចុះ​ទៅ​ស៊ើប​ឲ្យ​ដឹង​មុន​ជាមួយ​នឹង​មេភូមិ មេឃុំ តាម​តំបន់​មូលដ្ឋាន​ជាក់ស្តែង​សិន​ទើប​សម្រេច​ជ្រើសរើស​គ្រួសារ​ជា​អាទិភាព​។ ក្រោយ​ពី​ជួយ​សង់ផ្ទះ​នោះ​ហើយ​ប្រមាណ ៦ ខែ​ក្រោយ​ក៏​ត្រូវ​ចុះ​ទៅ​តាមដាន​ពី​សកម្មភាព​រស់នៅ​របស់​ពួកគាត់​ផង​ដែរ ដើម្បី​បាន​ដឹង និង​ទទួល​បាន​ព័ត៌មាន​ច្បាស់​ស្តី​អំពី​បច្ចុប្បន្នភាព​នៃ​ក្រុម​គ្រួសារ​ពួកគាត់​បន្ត​ដែរ​»​។

ក្រៅពី​ជួយ​សង់ផ្ទះ បន្ទប់ទឹក អណ្តូង​ទឹកស្អាត​ដល់​ពលរដ្ឋ​ក្រីក្រ​នោះ អង្គការ​ស្ម័គ្រចិត្ត​កសាង​កម្ពុជា​ក៏​មាន​បើក​មជ្ឈមណ្ឌល​ភាសា​អង្គការ​ស្ម័គ្រចិត្ត​កសាង​កម្ពុជា បង្រៀន​ភាសា​អង់គ្លេស​ច្រើន​កម្រិត និង​ផ្នែក​កុំព្យូទ័រ និង​មាន​ផែនការ​ថ្មី​សម្រាប់​ឆ្នាំ​ ២០២០ ​ទៀត​ផង​។

លោក ម៉ាង ស៊ិន បន្ថែម​ថា​៖ «​កាលពី​ឆ្នាំ​ ២០១៨ កន្លង​មក​យើង​បាន​បើក​មជ្ឈមណ្ឌល​ភាសា​អង្គការ​ស្ម័គ្រចិត្ត​កសាង​កម្ពុជា​ជួយ​បង្រៀន​ភាសា​អង់គ្លេស និង​មូលដ្ឋាន​កុំព្យូទ័រ​ដល់​សិស្សានុសិស្ស​ជា​កូនចៅ​ពលរដ្ឋ ក្រីក្រ​ក្នុង​សហគមន៍​ឥត​គិតថ្លៃ​ផង​ដែរ​។ ឆ្នាំ​ ២០២០ អង្គការ​ក៏​ចង់​មាន​ដៃគូ​សហការ​ផ្តល់​មូលនិធិ​ដូរ​ទម្រង់​នៃ​ការសង់​ផ្ទះ​ឲ្យ​ខុស​ពី​មុន និង​គ្រោង​បន្ថែម​ជំនាញ​ជាង​ធ្វើ​គ្រឿងសង្ហារិម​តុ និង​ទូ កាត់ដេរ និង​ជំនាញ Soft Skill ដែរ​។ យល់​ថា​ជំនាញ​ទាំងនេះ​អាច​ជួយ​ឲ្យ​ពលរដ្ឋ​រៀន​ចេះ ហើយ​យក​ទៅ​ប្រកបរបរ​ចិញ្ចឹមជីវិត​បាន និង​មាន​ទីផ្សារការងារ​ល្អ​ប្រសើរ​»៕